យេរេមា
១៤ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈយេរេមាស្ដីអំពីគ្រោះរាំងស្ងួតថា៖+
២ ស្រុកយូដាយំកាន់ទុក្ខ+ ហើយខ្លោងទ្វារក្រុងក៏រលំទៅ
គឺដួលទៅដីទាំងទឹកមុខស្រពោន
ហើយក៏មានឮសម្រែកទួញយំរបស់អ្នកក្រុងយេរូសាឡិម។
៣ ពួកចៅហ្វាយឲ្យពួកអ្នកបម្រើខ្លួនទៅដងទឹក
តែពេលពួកគេទៅដល់អណ្ដូង ឃើញថាគ្មានទឹកទេ។
ពួកគេក៏ត្រឡប់មកវិញដោយក្អមទទេ ទាំងខកចិត្ត ហើយខ្មាសជាខ្លាំង
រួចពួកគេយកក្រណាត់មកគ្របក្បាលខ្លួន។
៤ នៅពេលនោះ ដីបានប្រេះបែកក្រហែង ព្រោះគ្មានភ្លៀងសោះ។+
ឯពួកកសិករបានខកចិត្តជាខ្លាំង ហើយយកក្រណាត់មកគ្របក្បាលខ្លួន។
៥ សូម្បីតែក្ដាន់ញីនៅឯវាលក៏ចាកចោលកូនដែលទើបនឹងកើតដែរ ដោយសារតែគ្មានស្មៅ។
៦ លាព្រៃឈរនៅលើទីទួលដែលគ្មានដើមឈើ ហើយពួកវាដង្ហក់ដូចឆ្កែព្រៃ។
ភ្នែកពួកវាស្រវាំងទៅ ព្រោះខំរកមើលចំណី តែគ្មានទេ។+
៧ កំហុសរបស់យើងខ្ញុំបញ្ជាក់ថា យើងខ្ញុំសមនឹងទទួលទោសមែន
ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ! សូមមេត្តាចាត់វិធានការដោយយល់ដល់នាមលោកផង។+
ការប្រព្រឹត្តមិនស្មោះត្រង់របស់យើងខ្ញុំមានច្រើនណាស់+
យើងខ្ញុំបានធ្វើខុសឆ្គងទាស់នឹងលោកហើយ។
៨ ឱក្ដីសង្ឃឹមនៃអ៊ីស្រាអែលអើយ! លោកហើយជាអ្នកសង្គ្រោះយើងខ្ញុំ+ក្នុងគ្រាលំបាក។
ហេតុអ្វីក៏លោកធ្វើដូចជាជនបរទេសដែលនៅក្នុងស្រុកនេះដូច្នេះ?
ម្ដេចក៏លោកប្រៀបដូចជាអ្នកដំណើរដែលមកស្នាក់នៅតែមួយយប់ទៅវិញ?
៩ ហេតុអ្វីក៏លោកប្រៀបដូចជាបុរសម្នាក់ដែលស្រឡាំងកាំង
គឺដូចជាបុរសខ្លាំងក្លាម្នាក់ដែលមិនអាចជួយសង្គ្រោះដូច្នេះ?
ឱព្រះយេហូវ៉ាអើយ! ព្រោះលោកស្ថិតនៅក្នុងចំណោមយើងខ្ញុំ+
ហើយយើងខ្ញុំក៏ជាតំណាងនាមលោកដែរ។+
សូមមេត្តាកុំបោះបង់ចោលយើងខ្ញុំឡើយ។
១០ ព្រះយេហូវ៉ាមានប្រសាសន៍អំពីបណ្ដាជននេះថា៖ «ពួកគេចូលចិត្តដើរសាត់ព្រាត់+ ហើយមិនបានឃាត់ជើងខ្លួនឡើយ។+ ហេតុនេះ ខ្ញុំយេហូវ៉ាមិនពេញចិត្តនឹងពួកគេទេ។+ ឥឡូវខ្ញុំនឹងចាំកំហុសរបស់ពួកគេ ហើយឲ្យពួកគេទទួលខុសត្រូវចំពោះអំពើខុសឆ្គងរបស់ខ្លួន»។+
១១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «កុំអធិដ្ឋានសុំសេចក្ដីល្អឲ្យប្រជាជាតិនេះឡើយ។+ ១២ ពេលពួកគេតមអាហារ ហើយស្រែកអង្វរសុំ ខ្ញុំមិនស្ដាប់ពួកគេជាដាច់ខាត។+ ពេលពួកគេជូនគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវ ខ្ញុំមិនព្រមទទួលទេ។+ ខ្ញុំនឹងបំផ្លាញពួកគេដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត»។+
១៣ ឮដូច្នេះ ខ្ញុំតបថា៖ «វរហើយ! ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! មើល! ពួកអ្នកប្រកាសទំនាយកំពុងប្រាប់បណ្ដាជនថា៖ ‹អ្នករាល់គ្នានឹងមិនឃើញដាវ ឬជួបប្រទះនឹងការអត់ឃ្លានទេ ព្រោះខ្ញុំនឹងឲ្យអ្នកមានសេចក្ដីសុខសាន្តនៅក្នុងស្រុកនេះ›»។+
១៤ រួចមកព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកអ្នកប្រកាសទំនាយទាំងនោះកំពុងប្រកាសពាក្យភូតភរក្នុងនាមខ្ញុំ+ ព្រោះខ្ញុំមិនបាននិយាយទៅកាន់ពួកគេ ឬបង្គាប់ពួកគេទេ ហើយខ្ញុំក៏មិនបានចាត់ពួកគេដែរ។+ ពួកគេកំពុងប្រកាសអំពីអ្វីមិនពិតដែលពួកគេឃើញក្នុងគំនិត និងអំពីទំនាយដែលឥតប្រយោជន៍ គឺជាការបោកប្រាស់ដែលផុសចេញពីចិត្តរបស់ពួកគេប៉ុណ្ណោះ។+ ១៥ ដូច្នេះ ខ្ញុំយេហូវ៉ាមានប្រសាសន៍ទាស់នឹងពួកគេថា៖ ‹ស្ដីអំពីពួកអ្នកប្រកាសទំនាយទាំងនោះ គឺពួកអ្នកដែលខ្ញុំមិនចាត់ឲ្យទៅ ជាពួកអ្នកដែលបាននិយាយថាគ្មានសង្គ្រាមនិងការអត់ឃ្លាន ពួកគេទាំងអស់នឹងវិនាសសូន្យទៅដោយសង្គ្រាមនិងការអត់ឃ្លានមិនខាន។+ ១៦ ឯពួកអ្នកដែលស្ដាប់ពួកអ្នកប្រកាសទំនាយមិនពិតទាំងនោះ នឹងស្លាប់ដោយសារសង្គ្រាមនិងការអត់ឃ្លាន ហើយសពរបស់ពួកគេនឹងត្រូវទុកចោលនៅតាមផ្លូវក្នុងក្រុងយេរូសាឡិម គ្មាននរណាយកពួកគេទៅបញ្ចុះទេ+ រួមទាំងសពប្រពន្ធនិងកូនប្រុសកូនស្រីរបស់ពួកគេផងដែរ។ ព្រោះខ្ញុំនឹងនាំឲ្យមានអន្តរាយធ្លាក់ទៅលើពួកគេ ជាអ្វីដែលពួកគេសមនឹងទទួល›។+
១៧ «អ្នកត្រូវប្រាប់ពួកគេថា៖ ‹ទឹកភ្នែកខ្ញុំហូរមកឥតល្ហែ ទាំងយប់ទាំងថ្ងៃ+
ព្រោះកូនក្រមុំបរិសុទ្ធនៃរាស្ត្ររបស់ខ្ញុំបានត្រូវវាយកម្ទេច+ ហើយរងរបួសជាដំណំ។
១៨ ពេលខ្ញុំទៅមើលនៅឯវាល ខ្ញុំឃើញសពមនុស្សស្លាប់ដោយដាវ។+
ពេលខ្ញុំចូលទៅក្នុងក្រុង ខ្ញុំឃើញមនុស្សឈឺដោយការអត់ឃ្លាន។+
ព្រោះពួកអ្នកប្រកាសទំនាយនិងពួកសង្ឃបានដើរចុះឡើងក្នុងស្រុកដែលពួកគេមិនស្គាល់›»។+
១៩ ឱព្រះអើយ! តើលោកបានបោះបង់ចោលស្រុកយូដាទាំងស្រុងឬ? តើលោកស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ?+
ហេតុអ្វីបានជាលោកវាយយើងខ្ញុំឲ្យរបួសធ្ងន់រហូតដល់មិនអាចជាឡើងវិញដូច្នេះ?+
យើងខ្ញុំសង្ឃឹមថាមានសេចក្ដីសុខសាន្ត តែគ្មានអ្វីល្អកើតឡើងទេ
យើងខ្ញុំសង្ឃឹមថាមានការជាសះស្បើយ តែមានតែការភ័យតក់ស្លុតប៉ុណ្ណោះ។+
២០ ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំទទួលស្គាល់អំពើទុច្ចរិតរបស់ខ្លួន
ព្រមទាំងអំពើរំលងរបស់បុព្វបុរសយើងខ្ញុំដែរ។
ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងលោកហើយ។+
២១ ដោយយល់ដល់នាមរបស់លោក សូមលោកកុំបោះបង់យើងខ្ញុំចោល+
ហើយកុំមើលងាយបល្ល័ង្កដ៏រុងរឿងរបស់លោកឡើយ។
សូមលោកនៅចាំកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងយើងខ្ញុំ ហើយកុំរំលាយកិច្ចព្រមព្រៀងនោះចោលឡើយ។+
២២ តើរូបព្រះឥតបានការទាំងប៉ុន្មានរបស់ប្រជាជាតិនានាអាចធ្វើឲ្យមានភ្លៀងបានទេ?
តើមេឃអាចបង្អុរភ្លៀងដោយឯកឯងបានឬ?
ឱព្រះយេហូវ៉ាអើយ! មានតែលោកប៉ុណ្ណោះដែលអាចធ្វើបាន។+
យើងសង្ឃឹមលើលោកហើយ
ព្រោះមានតែលោកប៉ុណ្ណោះអាចធ្វើការទាំងអស់នេះ។