ហាបាគុក
ខ្ញុំនឹងរង់ចាំមើលថាលោកនឹងមានប្រសាសន៍យ៉ាងណាតាមរយៈខ្ញុំ
ហើយខ្ញុំនឹងបន្តគិតអំពីអ្វីដែលខ្ញុំត្រូវឆ្លើយ នៅពេលដែលលោកប្រដៅតម្រង់ខ្ញុំ
២ ក្រោយមក ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំថា៖
«ចូរកត់ទុកអំពីអ្វីដែលអ្នកឃើញក្នុងគំនិត ហើយចារទុកឲ្យច្បាស់នៅលើបន្ទះថ្ម+
៣ ព្រោះអ្វីដែលអ្នកឃើញក្នុងគំនិតនោះ មិនទាន់ដល់គ្រាកំណត់នៅឡើយ
ហើយអ្វីដែលអ្នកឃើញនោះនឹងកើតឡើងយ៉ាងឆាប់ គឺមិនកុហកឡើយ។
ទោះជាមើលទៅដូចជាពន្យារពេលក្ដី ចូរបន្តរង់ចាំដោយចិត្តរំភើបចុះ!+
ព្រោះនឹងមកជាពិត ឥតយឺតឡើយ!
៤ ចូរមើលមនុស្សដែលមានចិត្តក្រអឺតក្រអោង
គាត់គ្មានចិត្តទៀងត្រង់ឡើយ។
ប៉ុន្តែ មនុស្សសុចរិតនឹងរស់ដោយសារសេចក្ដីស្មោះត្រង់*របស់ខ្លួន។+
៥ ស្រាជាគ្រឿងបញ្ឆោតពិតមែន
ហេតុនេះហើយមនុស្សអំណួតនឹងមិនសម្រេចគោលដៅរបស់ខ្លួនទេ។
សេចក្ដីប៉ងប្រាថ្នារបស់គាត់ធំដូចជាផ្នូរ*
គាត់ប្រៀបដូចជាសេចក្ដីស្លាប់ដែលមិនចេះស្កប់ស្កល់ឡើយ។
គាត់ចេះតែប្រមូលប្រជាជាតិទាំងឡាយ
និងបណ្ដាជនទាំងអស់ទុកសម្រាប់ខ្លួន។+
៦ តើពួកអ្នកទាំងនោះនឹងមិនពោលពាក្យជាសុភាសិត ជាប្រស្នានិងជាពាក្យបញ្ឆិតបញ្ឆៀងដល់គាត់ទេឬ?+
ពួកគេនឹងនិយាយថា៖
‹វេទនាដល់អ្នកដែលប្រមូលយកអ្វីដែលមិនមែនជារបស់ខ្លួន
ហើយវេទនាដល់អ្នកដែលធ្វើឲ្យបំណុលរបស់ខ្លួនកាន់តែច្រើនឡើង!
តើដល់កាលណាទៅ?
៧ តើម្ចាស់បំណុលនឹងមិនក្រោកឡើងជាប្រញាប់ទេឬ?
ពួកគេនឹងភ្ញាក់ឡើង ហើយអង្រួនអ្នកយ៉ាងខ្លាំង
ពួកគេនឹងប្លន់យកទ្រព្យរបស់អ្នក។+
នេះកើតឡើងដោយសារអ្នកបានបង្ហូរឈាមមនុស្សជាតិ
ហើយប្រព្រឹត្តអំពើឃោរឃៅនៅផែនដី
គឺប្រព្រឹត្តយ៉ាងសាហាវទៅលើបណ្ដាក្រុងនិងអស់អ្នកដែលរស់នៅទីនោះ។+
៩ វេទនាហើយ! អ្នកដែលរកកម្រៃមិនទៀងត្រង់សម្រាប់ក្រុមគ្រួសារខ្លួន*
ដើម្បីតាំងលំនៅលើទីខ្ពស់ ដើម្បីរួចផុតពីសេចក្ដីវេទនា។
១០ អ្នកបានរៀបគម្រោងការដ៏គួរឲ្យអាម៉ាស់ទាស់នឹងក្រុមគ្រួសារខ្លួន។*
ដោយសារអ្នកកម្ចាត់មនុស្សជាច្រើន នោះអ្នកធ្វើអំពើខុសឆ្គងទាស់នឹងខ្លួនឯងហើយ។+
១១ ព្រោះថ្មពីកំពែងនឹងស្រែកឡើង
ហើយធ្នឹមពីដំបូលនឹងឆ្លើយតបមក។
១២ វេទនាដល់អ្នកដែលសង់ក្រុងដោយការបង្ហូរឈាម
និងវេទនាដល់អ្នកដែលតាំងក្រុងដោយអំពើមិនសុចរិត!
១៣ មើល! តើមិនមែនព្រះយេហូវ៉ាទេឬដែលបណ្ដាលឲ្យបណ្ដាជនធ្វើការនឿយហត់ ដើម្បីអ្វីដែលនឹងត្រូវវិនាសក្នុងភ្លើងនោះ?
តើមិនមែនព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ទេឬដែលបណ្ដាលឲ្យប្រជាជាតិទាំងឡាយបង់កម្លាំងឥតអំពើនោះ?+
១៤ ព្រោះផែនដីនឹងពេញទៅដោយចំណេះអំពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា
ដូចជាទឹកពេញពាសសមុទ្រដែរ។+
១៥ វេទនាហើយ! អស់អ្នកដែលឲ្យអ្វីមួយដល់មិត្តភក្ដិរបស់ខ្លួនផឹក
ដោយលាយជាមួយកំហឹងនិងសេចក្ដីក្រោធ ដើម្បីធ្វើឲ្យពួកគេស្រវឹង
ក្នុងបំណងមើលកេរ្តិ៍ខ្មាសរបស់ពួកគេ។
១៦ អ្នកនឹងរងការអាប់ឱនយ៉ាងខ្លាំង ជាជាងទទួលកិត្តិយស។
ចូរអ្នកផឹកដែរទៅ រួចលាតត្រដាងឲ្យគេឃើញថាខ្លួនមិនបានកាត់ចុងស្បែក។*
ពែងដែលនៅក្នុងដៃស្ដាំរបស់ព្រះយេហូវ៉ានឹងមកឯអ្នក+
ហើយសេចក្ដីអាម៉ាស់នឹងគ្របលើភាពរុងរឿងរបស់អ្នក។
១៧ ព្រោះអំពើឃោរឃៅដែលបានធ្វើទៅលើតំបន់ភ្នំលីបង់នឹងគ្របដណ្ដប់លើអ្នកវិញ
ហើយការបំផ្លិចបំផ្លាញដែលបំភ័យសត្វព្រៃ នឹងធ្លាក់មកលើអ្នកដែរ។
នេះនឹងកើតឡើងដោយសារអ្នកបានបង្ហូរឈាមមនុស្សជាតិ
ហើយប្រព្រឹត្តអំពើឃោរឃៅនៅផែនដី
គឺប្រព្រឹត្តយ៉ាងសាហាវទៅលើបណ្ដាក្រុងនិងអស់អ្នកដែលរស់នៅទីនោះ។+
១៨ តើរូបចម្លាក់ផ្ដល់ប្រយោជន៍អ្វីដល់អ្នកដែលឆ្លាក់វា?
តើរូបព្រះពីលោហៈនិងគ្រូនៃសេចក្ដីភូតភរ
ផ្ដល់ប្រយោជន៍អ្វីដល់ជាងដែលទុកចិត្តវា?
តើអ្នកសូនធ្វើរូបព្រះដែលមិនចេះនិយាយនិងឥតបានការទាំងនោះ
នឹងបានប្រយោជន៍អ្វីទៅ?+
១៩ វេទនាដល់អស់អ្នកដែលនិយាយទៅដុំឈើថា៖ «ភ្ញាក់ឡើង!»។
វេទនាដល់អ្នកដែលនិយាយទៅដុំថ្មដែលមិនចេះស្រដីថា៖ «ក្រោកឡើង! សូមបង្រៀនយើងមក!»។
២០ ចំណែកព្រះយេហូវ៉ាវិញ លោកនៅក្នុងវិហារបរិសុទ្ធរបស់លោក។+
ឱបណ្ដាជនទាំងឡាយនៅផែនដីអើយ! ចូរនៅស្ងៀមចំពោះលោក›»។+