សៀវភៅម៉ាកុស
១៤ ពីរថ្ងៃបន្ទាប់មក+ គឺជាបុណ្យរំលង+និងបុណ្យនំប៉័ងឥតដំបែ។+ ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ កំពុងរិះរកកលល្បិច ដើម្បីចាប់លោកយកទៅសម្លាប់។+ ២ ប៉ុន្តែ ពួកគេបាននិយាយគ្នាថា៖ «កុំធ្វើអ្វីដល់គាត់ក្នុងអំឡុងពេលបុណ្យ ក្រែងលោនាំឲ្យបណ្ដាជនកើតចលាចល»។
៣ ពេលលោកនៅភូមិបេថានីកំពុងអង្គុយ*ពិសាអាហារក្នុងផ្ទះរបស់ស៊ីម៉ូនដែលមានជំងឺឃ្លង់ នោះមានស្ត្រីម្នាក់មកទាំងយកដបថ្មកែវមួយដែលមានប្រេងក្រអូប គឺប្រេងណាត*សុទ្ធ ដែលមានតម្លៃថ្លៃណាស់។ នាងបានបំបែកមាត់ដបនោះ រួចក៏ចាក់ប្រេងលើក្បាលលោកយេស៊ូ។+ ៤ ឃើញដូច្នេះ អ្នកខ្លះក៏ទើសចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអ្វីបង្ខាតប្រេងក្រអូបចោលដូច្នេះ? ៥ ព្រោះប្រេងក្រអូបនេះអាចលក់បានប្រាក់ជាង៣០០ឌីណារី* ហើយអាចចែកឲ្យអ្នកក្របាន!»។ ដូច្នេះ ពួកគាត់ខឹង*នាងយ៉ាងខ្លាំង។ ៦ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំរំខាននាង។ ហេតុអ្វីអ្នករាល់គ្នារករឿងនាងដូច្នេះ? នាងបានធ្វើអំពើល្អចំពោះខ្ញុំ។+ ៧ អ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយ+ ហើយពេលណាដែលអ្នកចង់ធ្វើល្អចំពោះពួកគេ អ្នកអាចធ្វើបាន។ ប៉ុន្តែ អ្នករាល់គ្នានឹងមិនមានខ្ញុំនៅជាមួយរហូតទេ។+ ៨ នាងបានធ្វើអស់ពីសមត្ថភាពនាងហើយ។ នាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុន ដោយសារសពរបស់ខ្ញុំនឹងត្រូវយកទៅបញ្ចុះ។+ ៩ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅគ្រប់កន្លែងក្នុងពិភពលោក ដែលដំណឹងល្អនេះត្រូវផ្សព្វផ្សាយ+ អ្វីដែលស្ត្រីនេះបានធ្វើក៏នឹងត្រូវរៀបរាប់ដែរ ដើម្បីរំលឹកអំពីនាង»។+
១០ រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមសាវ័កទាំង១២នាក់បានទៅជួបពួកសង្ឃនាយក ដើម្បីបញ្ជូន*លោកទៅឲ្យពួកគេ។+ ១១ ពេលដែលពួកសង្ឃនាយកឮអំពីរឿងនោះ ពួកគេត្រេកអរ ហើយសន្យាឲ្យប្រាក់ដល់គាត់។+ ដូច្នេះ យូដាសចាប់ផ្ដើមរកឱកាសដើម្បីក្បត់លោក។
១២ នៅថ្ងៃដំបូងនៃបុណ្យនំប៉័ងឥតដំបែ+ ពួកគេមានទម្លាប់បូជាសត្វសម្រាប់បុណ្យរំលង។+ ពួកអ្នកកាន់តាមលោកសួរថា៖ «តើលោកចង់ឲ្យយើងទៅរៀបចំអាហារបុណ្យរំលងឲ្យលោកពិសានៅកន្លែងណា?»។+ ១៣ ដូច្នេះ លោកចាត់អ្នកកាន់តាមពីរនាក់ឲ្យទៅ ដោយប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង ហើយអ្នកនឹងជួបបុរសម្នាក់ដែលកំពុងលីក្អមទឹក។ ចូរទៅតាមគាត់។+ ១៤ បើគាត់ចូលក្នុងផ្ទះណា អ្នកចូលក្នុងផ្ទះនោះដែរទៅ រួចប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំពិសាអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១៥ គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះមានប្រដាប់ប្រដាសព្វគ្រប់អស់ហើយ។ ចូររៀបចំអាហារបុណ្យរំលងសម្រាប់យើងនៅទីនោះ»។ ១៦ ដូច្នេះ អ្នកកាន់តាមបានចេញទៅ ហើយពេលដែលចូលទៅក្នុងក្រុង ពួកគាត់ឃើញថាអ្វីៗគឺដូចលោកមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
១៧ លុះពេលល្ងាច លោកបានទៅទីនោះជាមួយនឹងសាវ័កទាំង១២នាក់។+ ១៨ កាលដែលលោកយេស៊ូនិងពួកគាត់កំពុងអង្គុយពិសាអាហារនៅតុ នោះលោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងពិសាជាមួយនឹងខ្ញុំ មានម្នាក់នឹងក្បត់ខ្ញុំ»។+ ១៩ ពួកគាត់ក៏តាំងកើតទុក្ខ រួចសួរលោកម្នាក់ម្ដងៗថា៖ «មិនមែនខ្ញុំទេ មែនទេ?»។ ២០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ក្នុងចំណោម១២នាក់ គឺម្នាក់ដែលកំពុងលូកដៃក្នុងចានជាមួយនឹងខ្ញុំ។+ ២១ ព្រោះកូនមនុស្សនឹងចាកចេញទៅ ដូចអ្វីដែលបានត្រូវសរសេរអំពីលោក។ ប៉ុន្តែ បុរសដែលគេប្រើដើម្បីក្បត់លោក ត្រូវវេទនាណាស់!+ ចំពោះអ្នកនោះ បើគាត់មិនបានកើតមក នោះប្រសើរជាង»។+
២២ ពេលដែលពួកគាត់កំពុងពិសាអាហារ លោកក៏យកនំប៉័ងមួយដុំ ហើយអធិដ្ឋាន រួចកាច់ បន្ទាប់មកឲ្យពួកគាត់ ទាំងពោលថា៖ «ចូរយកចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ»។+ ២៣ ក្រោយនោះ លោកយកស្រាមួយពែង រួចអរគុណព្រះ ហើយឲ្យពួកគាត់។ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាបានពិសាពីពែងនោះ។+ ២៤ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «នេះជាតំណាងឈាមរបស់ខ្ញុំ+ ជា‹ឈាមសម្រាប់កិច្ចព្រមព្រៀង›។+ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។+ ២៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំពិសាស្រាទំពាំងបាយជូរថ្មីក្នុងរាជាណាចក្ររបស់ព្រះ»។ ២៦ រួចមក ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ។+
២៧ លោកយេស៊ូមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «អ្នកទាំងអស់គ្នានឹងជំពប់ដួល* ពីព្រោះបទគម្ពីរចែងថា៖ ‹ខ្ញុំនឹងប្រហារគង្វាល+ ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ›។+ ២៨ ប៉ុន្តែ ក្រោយពីខ្ញុំបានត្រូវប្រោសឲ្យរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ ហើយរង់ចាំអ្នករាល់គ្នានៅទីនោះ»។+ ២៩ ប៉ុន្តែ ពេត្រុសជម្រាបលោកថា៖ «ទោះជាពួកគេទាំងអស់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំនឹងមិនជំពប់ដួលដែរ»។+ ៣០ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងមិនទទួលស្គាល់ខ្ញុំបីដង»។+ ៣១ ប៉ុន្តែ គាត់នៅតែនិយាយបញ្ជាក់ថា៖ «ទោះជាខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនលែងទទួលស្គាល់លោកដែរ»។ ពួកគាត់គ្រប់គ្នាក៏ចាប់ផ្ដើមនិយាយដូចគ្នាដែរ។+
៣២ លុះក្រោយមក លោកនិងពួកគាត់បានទៅដល់កន្លែងមួយហៅថាកេតសេម៉ានី ហើយលោកប្រាប់អ្នកកាន់តាមថា៖ «ពេលខ្ញុំទៅអធិដ្ឋាន សូមអ្នករាល់គ្នាអង្គុយនៅទីនេះសិន»។+ ៣៣ រួចមក លោកយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ+ ហើយលោកក៏តាំងកើតទុក្ខជាខ្លាំង និងពិបាកចិត្តក្រៃលែង។ ៣៤ លោកប្រាប់ពួកគាត់ថា៖ «ខ្ញុំកំពុងកើតទុក្ខ+ស្ទើរស្លាប់។ សូមនៅទីនេះ ហើយចាំយាមចុះ»។+ ៣៥ ក្រោយមក លោកដើរទៅមុខបន្តិច ហើយក្រាបមុខដល់ដី រួចចាប់ផ្ដើមអធិដ្ឋានសូមឲ្យវេលានេះកន្លងផុតពីលោកទៅ ប្រសិនបើអាចធ្វើទៅបាន។ ៣៦ លោកអធិដ្ឋានថា៖ «អប្បា* បិតាអើយ!+ លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែង*នេះចេញពីខ្ញុំ។ ប៉ុន្តែ សូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។+ ៣៧ ក្រោយមក លោកវិលមកវិញ ហើយឃើញពួកគាត់កំពុងដេកលក់។ ដូច្នេះ លោកសួរពេត្រុសថា៖ «ស៊ីម៉ូន! តើអ្នកកំពុងដេកលក់ឬ? តើមិនមានកម្លាំងចាំយាមមួយម៉ោងទេឬ?+ ៣៨ ចូរចាំយាម ហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ។+ ចិត្តប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមគឺខ្សោយណាស់»។+ ៣៩ រួចមក លោកចេញទៅម្ដងទៀត ហើយអធិដ្ឋានដោយពោលពាក្យដូចគ្នា។+ ៤០ បន្ទាប់មក លោកវិលមកវិញ ហើយឃើញពួកគាត់កំពុងដេកលក់ម្ដងទៀត ពីព្រោះងងុយដេកខ្លាំងណាស់។ ពេលនោះ ពួកគាត់មិនដឹងឆ្លើយយ៉ាងណាទៅលោកទេ។ ៤១ លោកវិលមកជាលើកទី៣ ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកយកកម្លាំងនៅពេលដ៏សំខាន់នេះ? ណ្ហើយចុះ! ពេលកំណត់បានមកដល់ហើយ!+ មើល! កូនមនុស្សហៀបនឹងត្រូវបញ្ជូន*ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សប្រព្រឹត្តអំពើខុសឆ្គងហើយ។ ៤២ ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំ មកជិតដល់ហើយ»។+
៤៣ ភ្លាមនោះ កាលដែលលោកកំពុងមានប្រសាសន៍ យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំ បានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+ ៤៤ អ្នកដែលក្បត់លោកបានប្រាប់នូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចូរចាប់គាត់ ហើយនាំទៅដោយប្រុងប្រយ័ត្ន»។ ៤៥ គាត់ដើរតម្រង់ទៅឯលោក ហើយពោលថា៖ «រ៉ាប៊ី!»* រួចថើបលោកដោយថ្នម។ ៤៦ ដូច្នេះ ពួកគេក៏ចាប់លោក។ ៤៧ ប៉ុន្តែ ខណៈនោះមានម្នាក់ក្នុងចំណោមពួកអ្នកដែលកំពុងឈរក្បែរលោក បានដកដាវ រួចកាប់ដាច់ស្លឹកត្រចៀកខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ។+ ៤៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ?+ ៤៩ ខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ+ ហើយបានបង្រៀននៅទីនោះ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។ ប៉ុន្តែ នេះកើតឡើងដើម្បីសម្រេចតាមបទគម្ពីរ»។+
៥០ រួចពួកអ្នកកាន់តាមបានរត់ចោលលោកទាំងអស់គ្នា។+ ៥១ ប៉ុន្តែ យុវជនម្នាក់ដែលមានក្រណាត់សាច់ល្អដណ្ដប់ខ្លួន ចាប់ផ្ដើមដើរតាមក្រោយលោក ហើយពួកគេក៏ចង់ចាប់គាត់ដែរ។ ៥២ ប៉ុន្តែ គាត់ចោលក្រណាត់សាច់ល្អនោះ ហើយគេចចេញទៅដោយគ្មានអ្វីដណ្ដប់។*
៥៣ ក្រោយមក ពួកគេនាំលោកយេស៊ូទៅឯសម្ដេចសង្ឃ+ ហើយពួកសង្ឃនាយក ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ទាំងអស់បានជួបជុំគ្នា។+ ៥៤ ប៉ុន្តែ ពេត្រុសបានដើរតាមក្រោយនៅឆ្ងាយល្មមពីលោក រហូតទៅដល់ទីធ្លាផ្ទះរបស់សម្ដេចសង្ឃ រួចគាត់បានអង្គុយអាំងភ្លើងជាមួយនឹងពួកអ្នកបម្រើនៅផ្ទះនោះ។+ ៥៥ ពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល កំពុងរកសាក្សីចោទប្រកាន់លោកយេស៊ូ ដើម្បីមានហេតុប្រហារជីវិតលោក។ ប៉ុន្តែ ពួកគេរកហេតុមិនបានទេ។+ ៥៦ ពិតមែនតែមានសាក្សីក្លែងក្លាយជាច្រើនបានចោទប្រកាន់លោក+ ប៉ុន្តែសម្ដីរបស់ពួកគេមិនស្របគ្នាទេ។ ៥៧ បន្ថែមទៀត ក៏មានអ្នកខ្លះទៀតបានចេញមកធ្វើជាសាក្សីក្លែងក្លាយ ហើយចោទប្រកាន់លោក ដោយពោលថា៖ ៥៨ «យើងធ្លាប់ឮគាត់និយាយថា៖ ‹វិហារនេះដែលបានត្រូវសង់ដោយដៃមនុស្ស ខ្ញុំនឹងរុះចោល ហើយខ្ញុំនឹងសង់មួយទៀតក្នុងបីថ្ងៃ ដែលមិនមែនសង់ដោយដៃមនុស្សទេ›»។+ ៥៩ ប៉ុន្តែ សូម្បីតែពួកគេចោទប្រកាន់លោកអំពីរឿងនេះ ក៏សម្ដីពួកគេមិនស្របគ្នាដែរ។
៦០ បន្ទាប់មក សម្ដេចសង្ឃបានក្រោកឈរក្នុងចំណោមពួកគេ រួចសួរលោកយេស៊ូថា៖ «តើអ្នកមិនព្រមឆ្លើយសោះឬ? តើអ្នកគិតដូចម្ដេចអំពីអ្វីដែលពួកគេកំពុងចោទប្រកាន់អ្នក?»។+ ៦១ ប៉ុន្តែ លោកនៅស្ងៀម ហើយមិនតបឆ្លើយសោះ។+ សម្ដេចសង្ឃសួរលោកម្ដងទៀតថា៖ «តើអ្នកជាគ្រិស្ត ជាបុត្ររបស់ព្រះ*ឬ?»។ ៦២ រួចលោកយេស៊ូឆ្លើយថា៖ «គឺខ្ញុំមែន ហើយអ្នករាល់គ្នានឹងឃើញកូនមនុស្ស+អង្គុយនៅខាងស្ដាំ+នៃឫទ្ធានុភាព* ព្រមទាំងមកជាមួយនឹងពពកនៅលើមេឃ»។+ ៦៣ ឮដូច្នេះ សម្ដេចសង្ឃក៏ហែកសម្លៀកបំពាក់របស់គាត់ ហើយនិយាយថា៖ «តើយើងត្រូវការសាក្សីធ្វើអ្វីទៀត?+ ៦៤ អ្នករាល់គ្នាបានឮអ្នកនេះនិយាយប្រមាថព្រះហើយ។ តើអ្នករាល់គ្នាសម្រេចចិត្តយ៉ាងណា?»។* ពួកគេទាំងអស់គ្នាសម្រេចចិត្តកាត់ទោសលោកថាសមនឹងស្លាប់។+ ៦៥ ពួកគេខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់លោក+ ហើយគ្របមុខលោក ក៏ដាល់លោក រួចនិយាយថា៖ «បើឯងចេះប្រកាសទំនាយមែន តើអ្នកណាបានវាយឯង? ចូរប្រាប់មក!»។ ក្រោយមក មន្ត្រីជំនួយតុលាការបានទះកំផ្លៀងលោក រួចនាំលោកទៅ។+
៦៦ ពេលដែលពេត្រុសនៅខាងក្រោមក្នុងទីធ្លា ស្ត្រីអ្នកបម្រើម្នាក់របស់សម្ដេចសង្ឃបានមក។+ ៦៧ ពេលនាងឃើញពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមុខគាត់ ហើយនិយាយថា៖ «អ្នកក៏ជាគ្នារបស់យេស៊ូនេះ ពីក្រុងណាសារ៉ែតដែរ»។ ៦៨ ប៉ុន្តែ គាត់បានប្រកែកថា៖ «ខ្ញុំមិនស្គាល់គាត់ទេ ហើយក៏មិនយល់អ្វីដែលអ្នកកំពុងនិយាយដែរ»។ រួចគាត់ចេញទៅឯល្វែងក្រៅ។* ៦៩ នៅទីនោះ ពេលស្ត្រីអ្នកបម្រើបានឃើញគាត់ នាងក៏និយាយម្ដងទៀតប្រាប់ពួកអ្នកដែលឈរនៅក្បែរថា៖ «ម្នាក់នេះក៏ជាពួកនោះដែរ»។ ៧០ ពេត្រុសបដិសេធម្ដងទៀត។ មិនយូរក្រោយមក ពួកអ្នកដែលឈរនៅក្បែរនោះក៏និយាយទៅកាន់ពេត្រុសម្ដងទៀតថា៖ «អ្នកច្បាស់ជាពួកនោះដែរ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ»។ ៧១ ប៉ុន្តែ គាត់ចាប់ផ្ដើមដាក់បណ្ដាសាខ្លួនឯង ហើយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសដែលអ្នករាល់គ្នានិយាយនោះទេ!»។ ៧២ រំពេចនោះ មាន់រងាវជាលើកទី២+ ហើយពេត្រុសក៏នឹកឃើញអ្វីដែលលោកយេស៊ូប្រាប់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងមិនទទួលស្គាល់ខ្ញុំបីដង»។+ រួចគាត់រំជួលចិត្តក្រៃលែង ហើយក៏យំ។