ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
១០ បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាក្នុងចិត្ត ក៏អង្វរសុំព្រះឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ។+ ២ ព្រោះខ្ញុំជាសាក្សីបញ្ជាក់ថា ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ+ តែគ្មានចំណេះត្រឹមត្រូវ។ ៣ ព្រោះដោយសារពួកគេមិនស្គាល់សេចក្ដីសុចរិតរបស់ព្រះ+ តែខំប្រឹងបញ្ជាក់ថាខ្លួនជាអ្នកសុចរិត+ នោះពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះទេ។+ ៤ ព្រោះគ្រិស្តជាទីបញ្ចប់នៃច្បាប់*+ ដើម្បីឲ្យអស់អ្នកណាដែលបង្ហាញជំនឿមានសេចក្ដីសុចរិត។+
៥ ព្រោះម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតយុត្តិធម៌នៃច្បាប់ថា៖ «អ្នកណាដែលធ្វើតាមតម្រូវការទាំងនេះ អ្នកនោះនឹងបានជីវិតដោយសារបញ្ញត្តិនិងក្រឹត្យក្រមទាំងនោះ»។+ ៦ ក៏ប៉ុន្តែ ស្ដីអំពីសេចក្ដីសុចរិតដែលមកពីជំនឿ បទគម្ពីរចែងថា៖ «កុំនិយាយក្នុងចិត្ត+ថា៖ ‹តើអ្នកណានឹងឡើងទៅស្ថានសួគ៌?›+ ពោលគឺដើម្បីនាំគ្រិស្តចុះមក ៧ ឬ‹តើអ្នកណានឹងចុះទៅក្នុងទីជ្រៅបំផុត?›+ ពោលគឺដើម្បីនាំគ្រិស្តឡើងពីចំណោមមនុស្សស្លាប់»។ ៨ ប៉ុន្តែ តើបទគម្ពីរចែងយ៉ាងណា? បទគម្ពីរចែងថា៖ «បណ្ដាំនោះនៅជិតអ្នក គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក»+ ពោលគឺ«បណ្ដាំ»ដែលបានត្រូវទទួលដោយសារជំនឿ ជាបណ្ដាំដែលយើងកំពុងផ្សព្វផ្សាយ។ ៩ ប្រសិនបើមាត់របស់អ្នកប្រកាសជាសាធារណៈថាលោកយេស៊ូជាម្ចាស់+ ហើយអ្នកមានជំនឿក្នុងចិត្តថាព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងត្រូវសង្គ្រោះ។ ១០ ព្រោះការមានចិត្តជឿ នាំឲ្យបានសេចក្ដីសុចរិត ប៉ុន្តែតាមរយៈមាត់ដែលប្រកាសជាសាធារណៈអំពីជំនឿនោះ+ នាំឲ្យបានសេចក្ដីសង្គ្រោះ។
១១ ព្រោះបទគម្ពីរចែងថា៖ «អ្នកណាដែលបង្ហាញជំនឿលើលោក អ្នកនោះនឹងមិនខកចិត្តឡើយ»។+ ១២ ព្រោះពួកយូដានិងពួកក្រិចគឺមិនខុសពីគ្នាទេ+ ដោយសារមានម្ចាស់តែមួយលើពួកគេទាំងអស់គ្នា លោកជាអ្នកដែលផ្ដល់អ្វីៗជាបរិបូរ*ដល់អស់អ្នកណាដែលហៅរកលោក។ ១៣ ព្រោះ«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា*នឹងត្រូវសង្គ្រោះ»។+ ១៤ ក៏ប៉ុន្តែ តើពួកគេនឹងហៅរកនាមរបស់លោកយ៉ាងដូចម្ដេច ប្រសិនបើមិនមានជំនឿលើលោក? ហើយតើពួកគេនឹងមានជំនឿលើលោកយ៉ាងដូចម្ដេច ប្រសិនបើមិនបានឮអំពីលោក? ហើយតើពួកគេនឹងឮយ៉ាងដូចម្ដេច ប្រសិនបើគ្មានអ្នកណាផ្សព្វផ្សាយ? ១៥ ហើយតើពួកគេនឹងផ្សព្វផ្សាយយ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនបានត្រូវចាត់ឲ្យទៅ?+ ដូចបទគម្ពីរចែងថា៖ «ជើងរបស់អ្នកដែលប្រកាសដំណឹងល្អអំពីអ្វីដ៏ប្រសើរ គឺស្អាតណាស់ហ្ន៎!»។+
១៦ ទោះជាយ៉ាងនោះក៏ដោយ មិនមែនពួកគេទាំងអស់គ្នាបានធ្វើតាមដំណឹងល្អឡើយ។ ព្រោះអេសាយនិយាយថា៖ «ព្រះយេហូវ៉ា* តើអ្នកណាបានជឿអ្វីដែលឮពីយើង?»។+ ១៧ ដូច្នេះ ក្រោយពីឮបណ្ដាំ ទើបមានជំនឿ+ ហើយគេបានឮបណ្ដាំ ដោយសារមានអ្នកណាម្នាក់និយាយអំពីគ្រិស្ត។ ១៨ ក៏ប៉ុន្តែ ខ្ញុំសូមសួរថា មិនមែនពួកគេមិនបានឮទេ មែនទេ? តាមការពិត«សំឡេងនៃអ្វីទាំងនោះលាន់ឮពេញផែនដី ហើយក៏ផ្សាយដល់គ្រប់ទីអាស្រ័យនៅ»។+ ១៩ ប៉ុន្តែ ខ្ញុំសូមសួរថា មិនមែនអ៊ីស្រាអែលមិនបានយល់ទេ មែនទេ?+ មុនបង្អស់ ម៉ូសេនិយាយថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន តាមរយៈបណ្ដាជនដែលមិនមែនជាប្រជាជាតិមួយ ហើយខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹងក្រៃលែងតាមរយៈប្រជាជាតិល្ងង់ខ្លៅមួយ»។+ ២០ ប៉ុន្តែ អេសាយនិយាយដោយក្លាហានថា៖ «ពួកអ្នកដែលមិនស្វែងរកខ្ញុំ បែរជារកឃើញខ្ញុំ។+ ខ្ញុំបានបង្ហាញខ្លួនដល់ពួកអ្នកដែលមិនបានសួររកខ្ញុំ»។+ ២១ ប៉ុន្តែ គាត់និយាយអំពីអ៊ីស្រាអែលថា៖ «ពេញមួយថ្ងៃ ខ្ញុំបានលាដៃទៅរកបណ្ដាជនមួយដែលមិនស្ដាប់បង្គាប់ ហើយរឹងចចេស»។+