សូមធ្វើសេចក្ដីប្រកាសជាសាធារណៈចំពោះសេចក្ដីសង្គ្រោះ
«ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ»។—រ៉ូម ១០:១៣
១. ជាច្រើនសតវត្សមក តើការព្រមានអ្វីដែលបានប្រកាសប្រាប់?
ប្រវត្ដិសាស្ត្រព្រះគម្ពីររៀបរាប់អំពី‹ថ្ងៃនៃព្រះយេហូវ៉ា›ខ្លះៗ។ ទឹកជំនន់នៃសម័យលោកណូអេ សេចក្ដីហិនវិនាសនៃក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា និងការបំផ្លាញនៃក្រុងយេរូសាឡិមក្នុងឆ្នាំ ៦០៧ម.ស.យ. និងឆ្នាំ ៧០ស.យ. ជាថ្ងៃនៃព្រះយេហូវ៉ាដែលធំអស្ចារ្យហើយគួរឲ្យស្ញែងខ្លាច។ នេះជាថ្ងៃនៃការកំណត់ដាក់ទោសលើអស់អ្នកដែលបានបះបោរប្រឆាំងព្រះយេហូវ៉ា។ (ម៉ាឡាគី ៤:៥; លូកា ២១:២២) ក្នុងកំឡុងសម័យទាំងនោះ មនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារអំពើកំណាចរបស់គេ។ ប៉ុន្តែ មានមនុស្សខ្លះបានរួចរស់ជីវិត។ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានការប្រកាសប្រាប់ពួកមនុស្សអាក្រក់ អំពីសេចក្ដីហិនវិនាសដែលនឹងមកដល់ ហើយផ្ដល់ឱកាសដល់មនុស្សដែលមានចិត្តទៀងត្រង់ ដើម្បីឲ្យរកសេចក្ដីសង្គ្រោះ។
២, ៣. (ក) តើការព្រមាននៃទំនាយអ្វីដែលបានដកស្រង់នៅបុណ្យភិន្ដាកុស? (ខ) តាំងពីបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ស.យ. តើអ្វីដែលត្រូវការក្នុងការអំពាវនាដល់ព្រះនាមព្រះយេហូវ៉ា?
២ សេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមក្នុងឆ្នាំ ៧០ស.យ. ជាឧទាហរណ៍ដ៏អស្ចារ្យអំពីរឿងនេះ។ ក្នុងការទាយប្រាប់អំពីព្រឹត្ដិការណ៍នោះជិត៩០០ឆ្នាំមុន ព្យាការីយ៉ូអែលបានសរសេរថា៖ «អញនឹងសំដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង ព្រះអាទិត្យនឹងប្រែទៅជាងងឹតហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់»។ តើមនុស្សម្នាក់អាចរួចរស់ជីវិតពីគ្រាដ៏រន្ធត់យ៉ាងដូចម្ដេចបាន? ដោយបណ្ដាលពីព្រះ យ៉ូអែលបានសរសេរថា៖ «នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច ដ្បិតនៅភ្នំស៊ីយ៉ូន ហើយនៅក្រុងយេរូសាឡិម នោះនឹងមានសេចក្ដីសង្គ្រោះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលទុក ហើយក្នុងពួកមនុស្សដែលសល់នៅ នឹងមានអ្នកខ្លះដែលព្រះយេហូវ៉ាទ្រង់នឹងហៅផង»។—យ៉ូអែល ២:៣០-៣២
៣ នៅបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ស.យ. សាវ័កពេត្រុសបាននិយាយដល់បណ្ដាជននៃសាសន៍យូដានិងពួកចូលសាសនាយូដាក្នុងក្រុងយេរូសាឡិម ហើយបានសម្រង់ទំនាយរបស់យ៉ូអែល ដោយបង្ហាញថា ពួកអ្នកស្ដាប់របស់លោក អាចទន្ទឹងចាំការសម្រេចក្នុងសម័យរបស់គេ៖ «អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់ នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»។ (កិច្ចការ ២:១៦-២១) ពួកបណ្ដាជនដែលស្ដាប់ពេត្រុស គឺនៅក្រោមក្រិត្យវិន័យម៉ូសេ ដូច្នេះហើយគេស្គាល់ព្រះនាមព្រះយេហូវ៉ា។ ពេត្រុសបានពន្យល់ថា ពីនេះតទៅ ការអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា នឹងទាក់ទងអ្វីថែមទៀត។ យ៉ាងប្រសើរណាស់ នេះគឺរួមបញ្ចូលការធ្វើបុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូ ដែលបានសោយទិវង្គត ហើយក្រោយមកបានប្រោសឲ្យរស់ឡើងវិញជាព្រះជន្មអមតៈលើស្ថានសួគ៌។—កិច្ចការ ២:៣៧, ៣៨
៤. តើអ្វីជាសារដែលពួកគ្រីស្ទានប្រកាសជាសាធារណៈ?
៤ តាំងពីបុណ្យភិន្ដាកុសមក ពួកគ្រីស្ទានបានផ្សាយអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ (កូរិនថូសទី១ ១:២៣) គេបានប្រកាសថា មនុស្សអាចយកមកចិញ្ចឹមជាបុត្រខាងវិញ្ញាណនៃព្រះយេហូវ៉ា ហើយក្លាយទៅជាមានចំណែកនៃ«អ៊ីស្រាអែលនៃព្រះ»ថ្មី ជាសាសន៍ខាងវិញ្ញាណ ដែលនឹង‹ប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា›។ (កាឡាទី ៦:១៦; ពេត្រុសទី១ ២:៩) ពួកអ្នកដែលរក្សាការស្មោះត្រង់រហូតដល់ស្លាប់ នឹងទទួលជីវិតអមតៈលើស្ថានសួគ៌ ជាអ្នករួមទទួលមរតកជាមួយព្រះយេស៊ូ ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ទ្រង់។ (ម៉ាថាយ ២៤:១៣; រ៉ូម ៨:១៥, ១៦; កូរិនថូសទី១ ១៥:៥០-៥៤) ម្យ៉ាងវិញទៀត ពួកគ្រីស្ទានទាំងនេះ ត្រូវប្រកាសអំពីថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាចដែលនឹងមកដល់។ ពួកគេត្រូវប្រាប់ពួកសាសន៍យូដា ថានឹងពិសោធសេចក្ដីវេទនាដែលលុបលើព្រឹត្ដិការណ៍ដែលបានកើតឡើងដល់ក្រុងយេរូសាឡិម និងប្រជាជនយូដានៅសម័យនោះ។ ប៉ុន្តែ គឺនឹងមានពួករួចរស់ជីវិត។ តើពួកណា? គឺពួកអ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
«ថ្ងៃជាន់ក្រោយបង្អស់»
៥. តើការសម្រេចនៃទំនាយមួយណា ដែលកើតឡើងសព្វថ្ងៃនេះ?
៥ ក្នុងរបៀបជាច្រើន ស្ថានភាពនៅពេលនោះ គឺបានប្រផ្នូលនូវអ្វីដែលយើងឃើញសព្វថ្ងៃនេះ។ តាំងពីឆ្នាំ១៩១៤ មនុស្សជាតិបានរស់នៅក្នុងគ្រាដ៏ពិសេស ដែលព្រះគម្ពីរបានហៅជា«គ្រាចុងបញ្ចប់»; «គ្រាចុងបញ្ចប់នៃរបបលោកីយ៍»; និង«ថ្ងៃជាន់ក្រោយបង្អស់»។ (ដានីយ៉ែល ១២:១, ៤; ម៉ាថាយ ២៤:៣-៨; ធីម៉ូថេទី២ ៣:១-៥, ១៣) ក្នុងសតវត្សយើងនេះ សង្គ្រាមដ៏សាហាវ អំពើឃោរឃៅដែលទប់មិនបាន និងការខូចខាតនៃសង្គមមនុស្ស និងបរិយាកាស បានផ្ដល់ការសម្រេចដ៏អស្ចារ្យនៃទំនាយព្រះគម្ពីរ។ ទាំងនេះជាសញ្ញានៃទំនាយរបស់ព្រះយេស៊ូ ដោយបង្ហាញថាមនុស្សជាតិនឹងហៀបពិសោធថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យខ្លាចស្ញែងជាចុងបំផុត។ នេះនឹងមានដល់កំរិតខ្ពស់ក្នុងសង្គ្រាមអើម៉ាគេដូន នៃ«សេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។—ម៉ាថាយ ២៤:២១; វិវរណៈ ១៦:១៦
៦. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាបានចាត់វិធានការដើម្បីសង្គ្រោះពួករាបសា? (ខ) នៅកន្លែងណាដែលយើងរកឃើញឱវាទរបស់ប៉ុលនូវរបៀបឲ្យបានសង្គ្រោះ?
៦ កាលដែលថ្ងៃនៃសេចក្ដីហិនវិនាសកាន់តែជិតមកដល់ ព្រះយេហូវ៉ាគឺចាត់វិធានការសំរាប់សេចក្ដីសង្គ្រោះដល់ពួកមនុស្សរាបសា។ ក្នុងកំឡុង«គ្រាចុងបញ្ចប់»នេះ ទ្រង់បានប្រមូលពួកសំណល់នៃអ៊ីស្រាអែលខាងវិញ្ញាណ ហើយបានបែរគំនិតរបស់ពួកអ្នកបំរើទ្រង់នៅលើផែនដី តាំងពីទសវត្សនៃឆ្នាំ១៩៣០មក ឆ្ពោះទៅការប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ជាក្រុមមួយ ពួកនេះ«ជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំ»ដោយនៅរស់។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ តើបុគ្គលម្នាក់ៗអាចធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យគាត់បានរួចរស់ជីវិតដ៏ពិតប្រាកដ? សាវ័កប៉ុលឆ្លើយសំនួរនោះ។ ក្នុងសៀវភៅរ៉ូមជំពូក ១០ លោកបានឲ្យឱវាទដ៏ល្អប្រពៃចំពោះការរួចរស់ជីវិត—ជាឱវាទដែលសំរាប់សម័យរបស់លោក ហើយក៏ទាក់ទងដល់សម័យយើងនេះដែរ។
សេចក្ដីអធិស្ឋានចំពោះការសង្គ្រោះ
៧. (ក) តើអ្វីជាសេចក្ដីសង្ឃឹមដែលបានប្រាប់ក្នុងរ៉ូម ១០:១, ២? (ខ) ហេតុអ្វីក៏ព្រះយេហូវ៉ាមាន«ដំណឹងល្អ»ដ៏ធំទៀតដែលត្រូវប្រកាស?
៧ កាលដែលប៉ុលសរសេរសៀវភៅរ៉ូម ព្រះយេហូវ៉ាបានបដិសេធចោលអ៊ីស្រាអែលជាសាសន៍មួយរួចទៅហើយ។ ប៉ុន្តែ សាវ័កប៉ុលបានបញ្ជាក់ថា៖ «បំណងចិត្តខ្ញុំ នឹងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែលនោះគឺឲ្យគេបានសង្គ្រោះ»។ សេចក្ដីសង្ឃឹមរបស់លោក គឺថាបុគ្គលនិមួយៗនៃជាតិយូដា អាចទទួលចំណេះត្រឹមត្រូវអំពីព្រះហឫទ័យរបស់ព្រះ ដែលអាចឲ្យគេបានសង្គ្រោះ។ (រ៉ូម ១០:១, ២) ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាមានព្រះទ័យចង់សង្គ្រោះអស់អ្នកក្នុងចំណោមមនុស្សជាតិនៃពិភពលោកទាំងមូល ដែលអនុវត្តជំនឿ ដូចបានបង្ហាញមកក្នុងយ៉ូហាន ៣:១៦៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ យញ្ញបូជាលោះរបស់ព្រះយេស៊ូបានបើកផ្លូវសំរាប់សេចក្ដីសង្គ្រោះដ៏ធំអស្ចារ្យ។ ដូចនៅក្នុងសម័យរបស់លោកណូអេ និងថ្ងៃជំនុំជំរះផ្សេងៗទៀត ព្រះយេហូវ៉ាមាន«ដំណឹងល្អ»ដែលបានប្រកាសប្រាប់ដល់ផ្លូវនៃសេចក្ដីសង្គ្រោះ។—ម៉ាកុស ១៣:១០, ១៩, ២០
៨. ក្នុងការកាន់តាមគំរូរបស់ប៉ុល ចំពោះអ្នកណាដែលគ្រីស្ទានបង្ហាញចិត្តល្អដល់នោះ ហើយតាមរបៀបណា?
៨ ក្នុងការបង្ហាញចិត្តដ៏ល្អរបស់លោក ដល់ពួកយូដានិងពួកសាសន៍ដទៃ ប៉ុលបានប្រកាសផ្សាយក្នុងគ្រប់ឱកាស។ គាត់«ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង»។ គាត់បានប្រាប់ពួកចាស់ទុំក្នុងក្រុងអេភេសូរថា៖ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្ដាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿដល់ព្រះអម្ចាស់យេស៊ូគ្រីស្ទនៃយើងរាល់គ្នា»។ (កិច្ចការ ១៨:៤; ២០:២០, ២១) ស្រដៀងគ្នាដែរ ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះ ចំណាយពេលវេលារបស់គេក្នុងការផ្សាយ មិនគ្រាន់តែដល់មនុស្សក្នុងពិភពគ្រីស្ទសាសនាទេ តែ«រហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៨; ១៨:៥
សារភាព«‹ព្រះបន្ទូល›នៃសេចក្ដីជំនឿ»
៩. (ក) តើជំនឿប្រភេទណាដែលរ៉ូម ១០:៨, ៩ លើកទឹកចិត្តយើងឲ្យមាននោះ? (ខ) ពេលណាហើយរបៀបណាដែលយើងត្រូវសារភាពជំនឿរបស់យើង?
៩ ជំនឿដ៏ស្ថិតស្ថេរគឺត្រូវការចាំបាច់ចំពោះសេចក្ដីសង្គ្រោះ។ ដោយស្រង់ពីចោទិយកថា ៣០:១៤ ប៉ុលបានប្រកាសថា៖ «‹ព្រះបន្ទូល›នៅជិតឯងក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង›; នោះគឺជា‹ព្រះបន្ទូលនៃសេចក្ដីជំនឿដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់»។ (រ៉ូម ១០:៨) កាលដែលយើងផ្សាយ« ‹ព្រះបន្ទូល›នៃសេចក្ដីជំនឿ» នោះគឺកាន់តែជ្រាបជ្រៅឡើងក្នុងចិត្តរបស់យើង។ នេះក៏មានឡើងចំពោះប៉ុលដែរ ហើយពាក្យរបស់គាត់ អាចពង្រឹងការតាំងចិត្តរបស់យើងឲ្យធ្វើដូចគាត់ ក្នុងការចែកចាយជំនឿនោះជាមួយអ្នកដទៃ៖ «បើ‹មាត់អ្នក›នឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបាន សង្គ្រោះពិត»។ (រ៉ូម ១០:៩) សេចក្ដីសារភាពនេះមិនគ្រាន់តែធ្វើឡើងនៅពីមុខអ្នកដទៃក្នុងពិធីជ្រមុជទឹកប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវតែមានជារហូត ជាភស្តុតាងដ៏ខ្នះខ្នែងអំពីលក្ខណៈដ៏សំខាន់ៗនៃសេចក្ដីពិត។ សេចក្ដីពិតបែបនេះគឺសំដៅទៅលើព្រះនាមដ៏មានតម្លៃនៃព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា និងសំដៅទៅលើព្រះមេស្ស៊ីជាស្តេចនិងជាអ្នកលោះ គឺព្រះអម្ចាស់ ព្រះយេស៊ូគ្រីស្ទ ហើយសំដៅលើសេចក្ដីសន្យាដ៏អស្ចារ្យទាំងឡាយនៃព្រះរាជាណាចក្រ។
១០. ស្របតាមរ៉ូម ១០:១០, ១១ តើតាមរបៀបណាដែលយើងដោះស្រាយនឹង«ព្រះបន្ទូលនៃសេចក្ដីជំនឿ»នេះ?
១០ គឺឥតមានសេចក្ដីសង្គ្រោះទេ ចំពោះអ្នកណាដែលមិនព្រមទទួលហើយអនុវត្តលើ«ព្រះបន្ទូល›នៃសេចក្ដីជំនឿ» ព្រោះសាវ័កប៉ុលថ្លែងប្រាប់ទៀតថា៖ «យើងបានសុចរិត ដោយមានចិត្តជឿហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់។ ពីព្រោះគម្ពីរថា៖ ‹អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ› »។ (រ៉ូម ១០:១០,១១) យើងត្រូវតែទទួលចំណេះត្រឹមត្រូវនៃ«ព្រះបន្ទូល›នៃសេចក្ដីជំនឿ»នេះ ហើយបន្តក្នុងការបណ្ដុះវាក្នុងចិត្តរបស់យើង ដើម្បីនឹងជំរុញយើងឲ្យទៅប្រាប់អ្នកដទៃ។ ព្រះយេស៊ូអង្គទ្រង់រំឭកយើងថា៖ «អ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំនៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ»។—ម៉ាកុស ៨:៣៨
១១. តើដំណឹងល្អត្រូវផ្សាយដល់កំរិតណា ហើយហេតុអ្វី?
១១ ដូចបានទាយប្រាប់មកដោយព្យាការីដានីយ៉ែល ក្នុងគ្រាចុងបញ្ចប់នៃសម័យនេះ «ពួកអ្នកដែលមានប្រាជ្ញា» គឺបានគេឃើញភ្លឺ«ដូចជារស្មីនៃផ្ទៃមេឃ» កាលដែលការធ្វើបន្ទាល់នៃព្រះរាជាណាចក្ររីកចំរើនរហូតដល់ចុងផែនដី។ ពួកគេ«ទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត» ហើយចំណេះដ៏ពិត គឺប្រាកដជាមានច្រើនហូរហៀរ ព្រោះព្រះយេហូវ៉ាកំពុងតែបញ្ចាំងពន្លឺលើទំនាយទាំងឡាយ ដែលស្តីអំពីគ្រាចុងបញ្ចប់នៅសម័យនេះ។ (ដានីយ៉ែល ១២:៣, ៤) នេះគឺជាសារនៃសេចក្ដីសង្គ្រោះ ដែលត្រូវការចាំបាច់ចំពោះការរួចរស់ជីវិត នៃពួកអ្នកដែលស្រឡាញ់សេចក្ដីពិតនិងសេចក្ដីសុចរិត។
១២. តើតាមរបៀបណាដែលរ៉ូម ១០:១២ ទាក់ទងនឹងមុខងាររបស់ទេវតាដែលបានរៀបរាប់ក្នុងវិវរណៈ ១៤:៦?
១២ សាវ័កប៉ុលនិយាយបន្តទៀតថា៖ «ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់»។ (រ៉ូម ១០:១២) «ដំណឹងល្អ» ត្រូវតែផ្សាយនៅសព្វថ្ងៃនេះ ដែលមានទំហំដ៏ធំ—ដល់គ្រប់បណ្ដាមនុស្ស រហូតដល់ចុងនៃផែនដី។ ទេវតានៃវិវរណៈ ១៤:៦ បន្តហោះហើរកណ្ដាលមេឃ ប្រគល់ឲ្យយើងនូវ«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ តើនេះនឹងមានប្រយោជន៍ដល់ពួកអ្នកដែលប្រព្រឹត្តតាមដោយយ៉ាងណា?
អំពាវនាវដល់ព្រះនាមយេហូវ៉ា
១៣. (ក) តើបទគម្ពីរប្រចាំឆ្នាំ១៩៩៨ជាអ្វី? (ខ) ហេតុអ្វីក៏បទគម្ពីរប្រចាំឆ្នាំនេះជាសមហេតុផល?
១៣ ដោយស្រង់យ៉ូអែល ២:៣២ ប៉ុលប្រកាសថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ»។ (រ៉ូម ១០:១៣) នេះគឺការសមហេតុផលមែន ដែលពាក្យទាំងនេះជាបទគម្ពីរប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ១៩៩៨! នេះគឺសំខាន់ជាងមុនៗទៅទៀត ក្នុងការបន្តទៅមុខដោយទុកចិត្តលើព្រះយេហូវ៉ា ដោយប្រកាសប្រាប់អំពីព្រះនាមទ្រង់និងគោលបំណងដ៏អស្ចារ្យរបស់ទ្រង់! ដូចក្នុងសតវត្សទីមួយ ក្នុងថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍នេះក៏ដូច្នេះដែរ ការស្រែកប្រកាសនឹងមានជាបន្តថា៖ «ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ»។ (កិច្ចការ ២:៤០) នេះជាសេចក្ដីអញ្ជើញដល់ពួកដែលកោតខ្លាចព្រះទូទាំងពិភពលោក ឲ្យអំពាវនាវដល់ព្រះយេហូវ៉ាដែលផ្ដល់សេចក្ដីសង្គ្រោះ ហើយដល់អស់អ្នកដែលស្ដាប់សេចក្ដីប្រកាសនៃដំណឹងល្អ។—ធីម៉ូថេទី១ ៤:១៦
១៤. លើថ្មដាអ្វីដែលយើងត្រូវអំពាវនាវដល់សេចក្ដីសង្គ្រោះ?
១៤ តើអ្វីនឹងកើតឡើង ពេលដែលថ្ងៃដ៏ធំនៃព្រះយេហូវ៉ាផ្ទុះឡើងលើផែនដីនេះ? មនុស្សជាច្រើននឹងមិនពឹងព្រះយេហូវ៉ាចំពោះសេចក្ដីសង្គ្រោះទេ។ មនុស្សជាតិទូទៅនឹង«អង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ដ្រព្រះអង្គ ដែលគង់លើបល្ល័ង្ក នឹងពីសេចក្ដីក្រោធរបស់កូនចៀមចេញ› »។ (វិវរណៈ ៦:១៥, ១៦) សេចក្ដីសង្ឃឹមរបស់គេនឹងពឹងលើអង្គការដែលដូចភ្នំ និងស្ថាប័ននៃរបបលោកីយ៍នេះ។ ប៉ុន្តែ នឹងប្រសើរយ៉ាងណាទៅហ្ន៎ បើគេទុកចិត្តលើថ្មដាដ៏ឧត្តមបំផុត ព្រះយេហូវ៉ា! (ចោទិយកថា ៣២:៣, ៤) អំពីទ្រង់ ស្តេចដាវីឌមានបន្ទូលថា៖ «ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ»។ ព្រះយេហូវ៉ាជា«ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង»។ (ទំនុកដំកើង ១៨:២; ៩៥:១) ព្រះនាមទ្រង់ជា«ប៉មមាំមួន» គឺ«ប៉ម»មាំមួនតែមួយ ដើម្បីការពារយើងក្នុងកំឡុងវិបត្ដិភ័យដែលនឹងមកដល់។ (សុភាសិត ១៨:១០) ដូច្នេះហើយ ជាការសំខាន់ ក្នុងការបង្រៀនមនុស្សឲ្យបានច្រើន ក្នុងចំណោមមនុស្សលោកជាងប្រាំមួយរកកោដិនាក់ដែលរស់នៅសព្វថ្ងៃនេះ ឲ្យគេអំពាវនាដល់ព្រះនាមយេហូវ៉ា ដោយស្មោះត្រង់និងដោយស្មោះអស់ពីចិត្ត។
១៥. តើរ៉ូម ១០:១៤ បង្ហាញអ្វីចំពោះជំនឿ?
១៥ យ៉ាងសមហេតុផល សាវ័កប៉ុលសួរទៀតថា៖ «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន»? (រ៉ូម ១០:១៤) គឺមានមនុស្សជាច្រើន ដែលមិនបានទទួលជំនួយនៅឡើយឲ្យយក« ‹ព្រះបន្ទូលនៃសេចក្ដីពិត»ជារបស់ផងគេ ដើម្បីអំពាវនាវដល់ព្រះយេហូវ៉ាសំរាប់សេចក្ដីសង្គ្រោះ។ ជំនឿគឺសំខាន់ចាំបាច់ណាស់។ ប៉ុលបានថ្លែងក្នុងសំបុត្រមួយទៀតថា៖ «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ប៉ុន្តែ តើតាមរបៀបណាដែលមនុស្សរាប់លាននាក់អាចជឿលើព្រះបាន? ក្នុងសំបុត្រផ្ញើទៅក្រុងរ៉ូម ប៉ុលសួរថា៖ «ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន»? (រ៉ូម ១០:១៤) តើព្រះយេហូវ៉ាផ្ដល់មធ្យោបាយនេះសំរាប់ឲ្យគេឮទេ? ប្រាកដហើយ គឺមាន! សូមស្ដាប់ពាក្យរបស់ប៉ុលទៀត៖ «ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»?
១៦. ក្នុងរបៀបរៀបចំរបស់ព្រះ ហេតុអ្វីក៏ពួកអ្នកផ្សាយជាអ្វីដ៏សំខាន់ម្ល៉េះ?
១៦ ពីសេចក្ដីអធិប្បាយរបស់ប៉ុល គឺច្បាស់ណាស់ ដែលត្រូវការពួកអ្នកផ្សាយ។ ព្រះយេស៊ូបានបង្ហាញថាត្រូវការដូច្នេះមែន «ដរាបដល់បំផុតកល្ប»។ (ម៉ាថាយ ២៤:១៤; ២៨:១៨-២០) ការផ្សាយជាផ្នែកដ៏សំខាន់នៃរបៀបរៀបចំរបស់ព្រះ ដើម្បីជួយមនុស្សឲ្យអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ដើម្បីឲ្យគេបានរួចរស់ជីវិត។ សូម្បីក្នុងពិភពគ្រីស្ទសាសនា មនុស្សភាគច្រើនឥតមានធ្វើអ្វីដើម្បីគោរពដល់ព្រះនាមដ៏មានតម្លៃរបស់ព្រះទេ។ មនុស្សជាច្រើនភាន់ច្រឡំព្រះយេហូវ៉ាជាមួយនឹងបុគ្គលពីរនាក់ទៀត ក្នុងលទ្ធិដ៏មិនអាចពន្យល់បាននៃព្រះត្រីឯកភាព។ ហើយមនុស្សជាច្រើនក៏ធ្លាក់ចូលក្នុងក្រុម ដែលចែងមកនៅទំនុកដំកើង ១៤:១ និង ៥៣:១៖ «មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា៖ ‹គ្មានព្រះទេ› »។ ពួកគេត្រូវការដឹងថាព្រះយេហូវ៉ាជាព្រះដែលមានព្រះជន្មរស់នៅ ហើយគេក៏ត្រូវយល់ អំពីអ្វីៗដែលព្រះនាមទ្រង់មានឋានៈយ៉ាងណា បើគេចង់បានរួចជីវិត ក្នុងសេចក្ដីវេទនាជាខ្លាំងដែលនឹងមកដល់ជាមិនខាននេះ។
‹ជើងដ៏ស្អាតប្រពៃ›នៃពួកអ្នកផ្សាយប្រកាស
១៧. (ក) ហេតុអ្វីក៏សមហេតុផលដែលប៉ុលស្រង់ទំនាយដ៏កសាងឡើងវិញ? (ខ) តើមានអ្វីទាក់ទងនឹងការមាន‹ជើងដ៏ល្អប្រពៃ›?
១៧ សាវ័កប៉ុលមានសំនួរដ៏សំខាន់មួយទៀត៖ «ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា៖ ‹ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពី សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎› »! (រ៉ូម ១០:១៥) នៅទីនេះ ប៉ុលបានដកស្រង់ចេញពីអេសាយ ៥២:៧ ដែលជាផ្នែកនៃទំនាយដ៏កសាងឡើងវិញ ដែលបានទាក់ទងតាំងពីឆ្នាំ១៩១៩។ សព្វថ្ងៃនេះ ម្ដងនេះទៀត ព្រះយេហូវ៉ាបញ្ជូន«អ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ»។ ដោយគោរព «ពួកចាំយាម»ដែលបានចាក់ប្រេងតាំងរបស់ព្រះ និងគូកនរបស់គេ នៅតែច្រៀងយ៉ាងសប្បាយរីករាយ។ (អេសាយ ៥២:៧, ៨) ជើងនៃអស់អ្នកដែលផ្សាយសេចក្ដីសង្គ្រោះសព្វថ្ងៃនេះ ប្រហែលជាអស់កម្លាំង ព្រមទាំងប្រឡាក់ដីផង កាលដែលគេដើរពីផ្ទះមួយទៅផ្ទះមួយ ប៉ុន្តែ គេមានមុខដ៏អរសប្បាយមែន! គេដឹងថា ព្រះយេហូវ៉ាបានបញ្ជាគេឲ្យប្រកាសដំណឹងល្អនៃសេចក្ដីមេត្រី ហើយដើម្បីសម្រាលទុក្ខដល់ពួកកាន់ទុក្ខ ដោយជួយពួកទាំងនេះឲ្យអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ដោយសង្ឃឹមក្នុងសេចក្ដីសង្គ្រោះ។
១៨. តើរ៉ូម ១០:១៦-១៨ ចែងយ៉ាងណាអំពីលទ្ធផលចុងបញ្ចប់នៃការប្រកាសដំណឹងល្អ?
១៨ ទោះជាមនុស្ស‹ជឿលើអ្វីដែលគេបានឮ› ឬក៏គេមិនចង់ជឿនោះ ពាក្យរបស់ប៉ុលគឺពិតណាស់ ដែលថា៖ «តើគេមិនបានឮទេឬអី បានឮមែន? ‹សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយ៍បំផុត› »។ (រ៉ូម ១០:១៦-១៨) ដូចជា«ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ» ដូចបានបង្ហាញមកដោយសេចក្ដីបង្កើត ដូច្នេះពួកស្មរបន្ទាល់របស់ទ្រង់លើផែនដីនេះ ក៏ត្រូវប្រកាស«ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកដែលសោយសោក»។—ទំនុកដំកើង ១៩:១-៤; អេសាយ ៦១:២
១៩. តើអ្វីជាលទ្ធផលដល់ពួកអ្នកដែល‹អំពាវនាវដល់ព្រះនាមនៃព្រះយេហូវ៉ា›សព្វថ្ងៃនេះ?
១៩ ថ្ងៃនៃព្រះយេហូវ៉ាដ៏ធំហើយដ៏គួរឲ្យស្ញែងខ្លាច កាន់តែជិតមកដល់ហើយ។ «វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្ដា»! (យ៉ូអែល ១:១៥; ២:៣១) យើងសូមអធិស្ឋានឲ្យមនុស្សជាច្រើនទៀតនឹងប្រព្រឹត្តតាមភាពបន្ទាន់នៃដំណឹងល្អនេះ ដោយចូលក្នុងអង្គការរបស់ព្រះយេហូវ៉ា។ (អេសាយ ៦០:៨; ហាបាគុក ២:៣) សូមចងចាំថា ថ្ងៃនៃព្រះយេហូវ៉ាផ្សេងៗទៀត បាននាំឲ្យមានការហិនហោចដល់ពួកមនុស្សអាក្រក់—ក្នុងសម័យរបស់លោកណូអេ ក្នុងសម័យឡុត ហើយក្នុងថ្ងៃនៃអ៊ីស្រាអែលនិងយូដាដ៏ក្បត់ជំនឿ។ ឥឡូវនេះ យើងឈរនៅជិតសេចក្ដីវេទនាដ៏ធំជាងគេបំផុត ពេលដែលខ្យល់គួចរបស់ព្រះយេហូវ៉ានឹងកំទេចអំពើអាក្រក់ចេញពីផែនដីនេះ សំអាតឲ្យផ្លូវសំរាប់សួនមនោរម្យនៃសន្ដិភាពជារៀងរហូតទៅ។ តើអ្នកនឹងនៅក្នុងចំណោមមនុស្សដែលនឹង«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»ដោយស្មោះត្រង់ទេ? ប្រសិនបើមែន នោះសូមឲ្យអរសប្បាយឡើង! អ្នកមានសេចក្ដីសន្យារបស់ព្រះ ថាអ្នកនឹងបានសង្គ្រោះ។—រ៉ូម ១០:១៣
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើរបស់ថ្មីអ្វីដែលបានប្រកាសបន្ទាប់ពីបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ស.យ.?
◻ តើតាមរបៀបណាដែលពួកគ្រីស្ទានត្រូវយកចិត្តទុកដាក់នឹង«ព្រះបន្ទូលនៃសេចក្ដីជំនឿ»?
◻ តើអ្វីជាអត្ថន័យដោយ‹អំពាវនាវដល់ព្រះនាមនៃព្រះយេហូវ៉ា›?
◻ ក្នុងន័យអ្វីដែលពួកនាំសារនៃព្រះរាជាណាចក្រមាន‹ជើងដ៏ល្អប្រពៃ›?
[រូបភាពនៅទំព័រ២៨]
រាស្ត្ររបស់ព្រះគឺកំពុងតែប្រកាសស្នាព្រះហស្តរបស់ទ្រង់ ក្នុងប្រទេសព័ទូរ៉ីកូប្រទេសសេណេហ្គ័ល ប្រទេសប៉េរូ ប្រទេសប៉ាពួញូវហ្គីនី—ត្រូវហើយ ជុំវិញផែនដី