អែសរ៉ា
៧ លុះក្រោយមក ក្នុងរាជ្យអើថាស៊ើកសេស+ជាស្ដេចស្រុកពើស៊ី មានបុរសម្នាក់ឈ្មោះអែសរ៉ា*+ គាត់ជាកូនសេរ៉ាយ៉ា។ សេរ៉ាយ៉ា+ជាកូនអាសារៀ។ អាសារៀជាកូនហ៊ីលគីយ៉ា។+ ២ ហ៊ីលគីយ៉ាជាកូនសាលូម។ សាលូមជាកូនសេដុក។ សេដុកជាកូនអាហាយថូប។ ៣ អាហាយថូបជាកូនអាម៉ារៀ។ អាម៉ារៀជាកូនអាសារៀ។+ អាសារៀជាកូនមេរ៉ាយ៉ុត។ ៤ មេរ៉ាយ៉ុតជាកូនសេរ៉ាហ៊ា។ សេរ៉ាហ៊ាជាកូនអើសាយ។ អើសាយជាកូនបូកកាយ។ ៥ បូកកាយជាកូនអាប៊ីស៊ូអា។ អាប៊ីស៊ូអាជាកូនភីនេហាស។+ ភីនេហាសជាកូនអេលាសារ។+ អេលាសារជាកូនអេរ៉ុន+និងជាសង្ឃនាយក។ ៦ អែសរ៉ានេះហើយ ដែលបានធ្វើដំណើរចេញពីស្រុកបាប៊ីឡូន។ គាត់ជាអ្នកចម្លងឯកសារ ហើយមានជំនាញ*ខាងច្បាប់ម៉ូសេ+ ជាច្បាប់ដែលព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានផ្ដល់ឲ្យ។ រីឯអ្វីៗទាំងអស់ដែលអែសរ៉ាបានស្នើសុំ ស្ដេចបានឲ្យគាត់គ្រប់យ៉ាង ព្រោះព្រះយេហូវ៉ាជាព្រះរបស់គាត់បានជួយគាត់។
៧ នៅឆ្នាំទី៧នៃរាជ្យអើថាស៊ើកសេស ជនជាតិអ៊ីស្រាអែលមួយចំនួន ពួកសង្ឃ ពួកលេវី+ ពួកអ្នកចម្រៀង+ ពួកអ្នកយាមទ្វារ+ និងពួកអ្នកបម្រើនៅវិហារព្រះ+ ពួកគេបានធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម។ ៨ នៅខែទី៥ ក្នុងឆ្នាំដដែលនោះ អែសរ៉ាបានធ្វើដំណើរមកដល់ក្រុងយេរូសាឡិម។ ៩ នៅថ្ងៃទី១ ខែទី១ គាត់បានធ្វើដំណើរចាកចេញពីស្រុកបាប៊ីឡូន ហើយថ្ងៃទី១ ខែទី៥ គាត់បានមកដល់ក្រុងយេរូសាឡិម ព្រោះព្រះរបស់គាត់បាននៅជាមួយនឹងគាត់។+ ១០ អែសរ៉ាបានត្រៀមចិត្ត*ដើម្បីរៀនច្បាប់របស់ព្រះយេហូវ៉ា ហើយធ្វើតាមច្បាប់នោះ+ ព្រមទាំងបង្រៀនច្បាប់និងការវិនិច្ឆ័យរបស់ព្រះនៅស្រុកអ៊ីស្រាអែល។+
១១ ស្ដេចអើថាស៊ើកសេសបានសរសេរសំបុត្រមួយឲ្យដល់អែសរ៉ាជាសង្ឃ ជាអ្នកចម្លងឯកសារ ហើយជាអ្នកជំនាញខាងច្បាប់និងបញ្ញត្តិរបស់ព្រះយេហូវ៉ាដែលលោកឲ្យដល់ជនជាតិអ៊ីស្រាអែល។ សំបុត្រនោះមានសេចក្ដីដូចតទៅ៖
១២ *«ខ្ញុំអើថាស៊ើកសេស+ជាស្ដេចលើអស់ទាំងស្ដេច ជូនចំពោះអែសរ៉ាជាសង្ឃ ជាអ្នកចម្លង*ច្បាប់របស់ព្រះនៃស្ថានសួគ៌ សូមឲ្យអ្នកប្រកបដោយសេចក្ដីសុខសាន្ត។ ឥឡូវ ១៣ ខ្ញុំចេញបញ្ជាថា អ្នកណាក៏ដោយដែលស្ម័គ្រចិត្តត្រឡប់ទៅក្រុងយេរូសាឡិមជាមួយនឹងអ្នកវិញ ចូរឲ្យពួកគេទៅចុះ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅក្នុងរាជាណាចក្រខ្ញុំ រួមទាំងពួកសង្ឃនិងពួកលេវី។+ ១៤ ខ្ញុំនិងទីប្រឹក្សា៧នាក់ ចាត់អ្នកឲ្យទៅក្រុងយេរូសាឡិមនិងស្រុកយូដាដោយនាំយកច្បាប់របស់ព្រះនៃអ្នកទៅជាមួយ ហើយអ្នកត្រូវពិនិត្យមើលថាតើបណ្ដាជននៅទីនោះកំពុងធ្វើតាមច្បាប់ព្រះឬយ៉ាងណា។ ១៥ ចូរអ្នកនាំយកមាសប្រាក់ ដែលខ្ញុំនិងទីប្រឹក្សាខ្ញុំ បានជូនដោយស្ម័គ្រពីចិត្តដល់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលអាស្រ័យនៅក្រុងយេរូសាឡិម។ ១៦ ចំណែកឯមាសប្រាក់ដែលអ្នកបានទទួលពីបណ្ដាខេត្តក្នុងស្រុកបាប៊ីឡូន ព្រមទាំងអំណោយដែលបណ្ដាជននិងពួកសង្ឃបានឲ្យដោយស្ម័គ្រពីចិត្តសម្រាប់វិហារព្រះដែលនៅក្រុងយេរូសាឡិមនោះ ចូរអ្នកយកទៅជាមួយផងដែរ។+ ១៧ អ្នកត្រូវយកប្រាក់ទាំងនេះទៅទិញគោឈ្មោល+ ចៀមឈ្មោល+ និងកូនចៀម+ជាប្រញាប់ ព្រមទាំងទិញស្រូវ+និងស្រាសម្រាប់ជូនជាគ្រឿងបូជា+ជាមួយនឹងសត្វទាំងនេះ ហើយអ្នកត្រូវជូនគ្រឿងបូជាទាំងនេះនៅលើទីបូជានៃវិហាររបស់ព្រះនៅក្រុងយេរូសាឡិម។
១៨ «ឯមាសប្រាក់ដែលនៅសល់ អ្នកអាចយកទៅប្រើការតាមដែលអ្នកនិងបងប្អូនអ្នកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមបំណងប្រាថ្នារបស់ព្រះនៃអ្នកចុះ។ ១៩ ចំណែកប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើនៅវិហាររបស់ព្រះនៃអ្នក ដែលគេបានប្រគល់ដល់អ្នក នោះអ្នកត្រូវយកទៅដាក់នៅចំពោះព្រះក្នុងក្រុងយេរូសាឡិមវិញ។+ ២០ រីឯរបស់របរចាំបាច់ឯទៀត ដែលអ្នកត្រូវជូនសម្រាប់វិហាររបស់ព្រះនៃអ្នក ចូរបើកពីឃ្លាំងទ្រព្យរបស់ស្ដេចទៅ។+
២១ «ខ្ញុំជាស្ដេចអើថាស៊ើកសេស បានចេញបញ្ជាដល់មេឃ្លាំងទាំងអស់នៅតំបន់ខាងនាយទន្លេ*ថា បើអែសរ៉ា+ជាអ្នកចម្លងច្បាប់របស់ព្រះនៃស្ថានសួគ៌ ស្នើសុំអ្វីៗក៏ដោយ ចូរបើកឲ្យគាត់ភ្លាម ២២ ទោះជាឲ្យប្រាក់ដល់ទៅ១០០ថាលិន* ស្រូវសាលីដល់ទៅ១០០រង្វាល់* ស្រាដល់ទៅ១០០រង្វាល់*+ និងប្រេងដល់ទៅ១០០រង្វាល់*+ក៏ដោយ។ ចំពោះអំបិលវិញ+ អាចបើកឲ្យដោយគ្មានកំណត់ឡើយ។ ២៣ ចំណែកឯអ្វីៗក៏ដោយដែលព្រះនៃស្ថានសួគ៌បានបង្គាប់ឲ្យធ្វើ ស្ដីអំពីវិហាររបស់លោក ចូរធ្វើដោយចិត្តខ្នះខ្នែងចុះ+ ដើម្បីកុំឲ្យលោកមានសេចក្ដីក្រោធនឹងរាជាណាចក្ររបស់ស្ដេចនិងកូនចៅរបស់គាត់។+ ២៤ បន្ថែមទៅទៀត អ្នករាល់គ្នាមិនត្រូវទារពន្ធ+ឬពន្ធផ្លូវពីពួកសង្ឃ ពួកលេវី អ្នកលេងភ្លេងនិងអ្នកចម្រៀង+ អ្នកយាមទ្វារ អ្នកបម្រើនៅវិហារ+ និងអ្នកធ្វើការនៅវិហាររបស់ព្រះឡើយ។
២៥ «ឯអ្នកវិញ អែសរ៉ា ចូរប្រើប្រាជ្ញាដែលអ្នកបានទទួលពីព្រះ ដើម្បីតែងតាំងពួកមន្ត្រីនិងចៅក្រម ឲ្យវិនិច្ឆ័យបណ្ដាជនទាំងអស់ដែលរស់នៅតំបន់ខាងនាយទន្លេ គឺជាពួកអ្នកដែលស្គាល់ច្បាប់របស់ព្រះនៃអ្នករួចហើយ។ ប៉ុន្តែ ចំពោះអ្នកដែលមិនទាន់ស្គាល់ ចូរអ្នកបង្ហាត់បង្រៀនពួកគេផង។+ ២៦ បើអ្នកណាម្នាក់មិនធ្វើតាមច្បាប់របស់ព្រះនៃអ្នក និងច្បាប់របស់ស្ដេចទេ ចូរកាត់ទោសអ្នកនោះភ្លាមៗ ទោះដល់ប្រហារជីវិត និរទេសពីស្រុក ផាកពិន័យ ឬដាក់គុកក្ដី»។
២៧ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់យើង ទទួលការសរសើរតម្កើង! គឺលោកហើយដែលបានជំរុញចិត្តស្ដេច ដើម្បីឲ្យវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិមបានស្អាតឡើងវិញ។+ ២៨ ព្រះបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ តាមរយៈស្ដេច+និងទីប្រឹក្សា+របស់គាត់ ព្រមទាំងពួកអភិបាលទាំងប៉ុន្មានដែលមានអំណាច។ ដោយសារព្រះយេហូវ៉ាគាំទ្រខ្ញុំ នោះខ្ញុំបានតាំងចិត្តក្លាហាន ហើយប្រមូលអ្នកនាំមុខជនជាតិអ៊ីស្រាអែលមួយចំនួន ឲ្យធ្វើដំណើរមកជាមួយនឹងខ្ញុំដែរ។