អេសាយ
៤៩ ឱកោះទាំងឡាយអើយ! ចូរស្ដាប់ខ្ញុំ!
ឱប្រជាជាតិដែលនៅឆ្ងាយអើយ!+ ចូរផ្ទៀងត្រចៀកស្ដាប់ខ្ញុំចុះ!
មុនខ្ញុំកើតមក ព្រះយេហូវ៉ាបានហៅឈ្មោះខ្ញុំហើយ។+
តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយនៅឡើយ លោកបានលើកឈ្មោះខ្ញុំ។
២ លោកបានធ្វើឲ្យមាត់ខ្ញុំដូចជាដាវមុតស្រួច
ហើយបានគ្របបាំងខ្ញុំដោយស្រមោលដៃលោក។+
លោកបានធ្វើឲ្យខ្ញុំដូចជាព្រួញដែលភ្លឺរលោង
ហើយបានលាក់ខ្ញុំក្នុងបំពង់ព្រួញរបស់លោក។
៣ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ «ឱអ៊ីស្រាអែលអើយ! អ្នកហើយជាអ្នកបម្រើរបស់ខ្ញុំ+
ខ្ញុំនឹងបង្ហាញសិរីរុងរឿងរបស់ខ្ញុំតាមរយៈអ្នក»។+
៤ ប៉ុន្តែ ខ្ញុំនិយាយថា៖ «ខ្ញុំខំព្យាយាម តែបែរជាឥតប្រយោជន៍។
ខ្ញុំខាតបង់កម្លាំងនឹងអ្វីដែលអសារឥតការ។
ប៉ុន្តែ ព្រះយេហូវ៉ានឹងផ្ដល់យុត្តិធម៌ឲ្យខ្ញុំ លោកនឹងផ្ដល់រង្វាន់ដល់ខ្ញុំ»។+
៥ ឥឡូវព្រះយេហូវ៉ាជាព្រះដែលបានសូនខ្ញុំពីក្នុងផ្ទៃម្ដាយដើម្បីទុកជាអ្នកបម្រើលោក
លោកបានមានប្រសាសន៍ឲ្យខ្ញុំនាំយ៉ាកុបត្រឡប់មករកលោកវិញ
ដើម្បីឲ្យអ៊ីស្រាអែលអាចមូលគ្នាមកឯលោក។+
ក្នុងទស្សនៈព្រះយេហូវ៉ា ខ្ញុំនឹងត្រូវលើកតម្កើង
ហើយព្រះនៃខ្ញុំនឹងផ្ដល់កម្លាំងដល់ខ្ញុំ។
៦ លោកមានប្រសាសន៍បន្តថា៖ «ខ្ញុំមិនគ្រាន់តែឲ្យអ្នកធ្វើជាអ្នកបម្រើខ្ញុំ
ដើម្បីដាស់កុលសម្ព័ន្ធទាំងប៉ុន្មានដែលចេញពីយ៉ាកុបឲ្យក្រោកឡើងប៉ុណ្ណោះទេ
ហើយក៏មិនគ្រាន់តែដើម្បីនាំពួកអ៊ីស្រាអែលដែលបានត្រូវការពារឲ្យត្រឡប់មកវិញនោះដែរ
តែខ្ញុំនឹងឲ្យអ្នកធ្វើជាពន្លឺបំភ្លឺប្រជាជាតិនានាទៀតផង+
ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់ខ្ញុំបានផ្សាយទៅដល់ចុងផែនដី»។+
៧ ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធនិងជាអ្នកលោះអ៊ីស្រាអែល+ បានមានប្រសាសន៍ទៅកាន់បុគ្គលដែលបណ្ដាជនមើលងាយនិងស្អប់ខ្ពើម+ គឺទៅកាន់អ្នកបម្រើនៃពួកអ្នកគ្រប់គ្រងទាំងឡាយ។ លោកមានប្រសាសន៍ដូចតទៅ៖
«បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង
ឯពួកអ្នកដឹកនាំនឹងឱនខ្លួនចុះ ដោយសារតែព្រះយេហូវ៉ា ជាព្រះដ៏ស្មោះត្រង់+
គឺព្រោះតែព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក»។+
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «នៅគ្រាដែលខ្ញុំពេញចិត្តខ្ញុំបានតបឆ្លើយទៅអ្នក។+ នៅថ្ងៃសង្គ្រោះ ខ្ញុំបានជួយអ្នក។+
ខ្ញុំបន្តការពារអ្នក ដើម្បីយកអ្នកទុកជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងបណ្ដាជន+ដើម្បីស្ដារស្រុកនេះឡើងវិញ
ដើម្បីប្រគល់ទឹកដីដែលបានត្រូវបោះបង់ចោលដល់ពួកគេទុកជាមត៌ក+
៩ ដើម្បីប្រាប់ទៅពួកអ្នកទោសថា៖ ‹ចូរចេញមក!›+
និងប្រាប់ទៅពួកអ្នកដែលស្ថិតក្នុងទីងងឹតថា៖+ ‹ចូរបង្ហាញខ្លួនមក!›។
នៅតាមផ្លូវ ពួកគេនឹងបានអាហារបរិភោគ
នៅសងខាងផ្លូវ*ទាំងប៉ុន្មាន នឹងមានវាលស្មៅខៀវខ្ចី។
១០ ពួកគេនឹងមិនស្រេកឬឃ្លានទេ+
ហើយចំហាយក្ដៅពីពន្លឺថ្ងៃក៏មិនធ្វើទុក្ខដល់ពួកគេដែរ+
ព្រោះព្រះដែលបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេ លោកនឹងនាំផ្លូវពួកគេ+
គឺលោកនឹងនាំពួកគេទៅតាមផ្លូវដែលមានទឹកផុស។+
១១ ខ្ញុំនឹងពង្រាបភ្នំនានារបស់ខ្ញុំឲ្យទៅជាផ្លូវ
ហើយលើកផ្លូវធំៗរបស់ខ្ញុំឲ្យខ្ពស់ឡើង។+
១២ មើល! ពួកអ្នកទាំងនោះកំពុងមកពីកន្លែងឆ្ងាយ+
មើលហ្ន៎! ពួកគេមកពីភាគខាងជើងនិងពីភាគខាងលិច
ហើយពួកគេមកពីស្រុកស៊ីនីម»។+
១៣ ឱមេឃអើយ! ចូរបន្លឺសំឡេងដោយអំណរ។ ឱផែនដីអើយ! ចូរអរសប្បាយឡើង។+
ចូរឲ្យភ្នំទាំងឡាយស្រែកហ៊ោដោយរីករាយ។+
ព្រោះព្រះយេហូវ៉ាបានសម្រាលទុក្ខរាស្ត្ររបស់លោកហើយ+
គឺលោកបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកអ្នកដែលកំពុងរងទុក្ខ។+
១៤ ប៉ុន្តែ ស៊ីយ៉ូនចេះតែនិយាយថា៖ «ព្រះយេហូវ៉ាបានបោះបង់ចោលខ្ញុំហើយ+ គឺព្រះយេហូវ៉ាបានភ្លេចខ្ញុំហើយ»។+
១៥ តើម្ដាយអាចភ្លេចកូនដែលនាងបំបៅឬទេ?
តើនាងគ្មានចិត្តមេត្តាចំពោះកូនដែលកើតពីផ្ទៃនាងបានឬ?
ទោះបីនាងភ្លេចក៏ដោយ ក៏ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។+
១៦ មើល! ខ្ញុំបានឆ្លាក់អ្នកនៅលើបាតដៃរបស់ខ្ញុំ។
កំពែងរបស់អ្នកនៅចំពោះមុខខ្ញុំជានិច្ច។
១៧ កូនប្រុសៗរបស់អ្នកប្រញាប់ត្រឡប់មកវិញ។
ឯពួកអ្នកដែលផ្ដួលអ្នកហើយបំផ្លិចបំផ្លាញអ្នក នឹងថយចេញពីអ្នកទៅ។
១៨ ចូរក្រឡេកមើលជុំវិញអ្នក
ពួកគេទាំងអស់កំពុងប្រមូលផ្ដុំគ្នា+ និងកំពុងមកឯអ្នកហើយ។
ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំស្បថដោយនូវនាមខ្ញុំជាព្រះដែលមានជីវិតរស់នៅថា
អ្នកនឹងយកពួកគេមកបំពាក់លើខ្លួនដូចជាពាក់គ្រឿងអលង្ការ
គឺអ្នកនឹងយកពួកគេមកលម្អលើខ្លួនដូចជាកូនក្រមុំតុបតែងខ្លួនរៀបការ។
១៩ ឯស្រុករបស់អ្នកដែលត្រូវបំផ្លាញខ្ទេចខ្ទី និងលំនៅដែលទុកចោលសូន្យស្ងាត់នោះ+ ឥឡូវបែរជាចង្អៀតដោយសារមានមនុស្សរស់នៅកុះករវិញ+
ហើយពួកអ្នកដែលលេបត្របាក់អ្នក+ ពួកគេនឹងនៅឆ្ងាយពីអ្នក។+
២០ នៅគ្រាដែលអ្នកព្រាត់កូន កូនប្រុសៗដែលកើតមកនឹងនិយាយឲ្យអ្នកឮថា៖
‹កន្លែងនេះចង្អៀតពេកសម្រាប់ខ្ញុំ។ សូមរៀបចំទីនេះឲ្យខ្ញុំរស់នៅផង›។+
២១ អ្នកនឹងគិតក្នុងចិត្តថា៖ ‹តើអ្នកណាជាឪពុករបស់កូនទាំងនេះ?
ព្រោះខ្ញុំជាម្ដាយព្រាត់កូននិងជាស្ត្រីអារដែលត្រូវគេនិរទេសយកទៅធ្វើជាឈ្លើយ។
តើអ្នកណាជួយបីបាច់ថែរក្សាកូនទាំងនេះ?+
មើល! ខ្ញុំបានត្រូវទុកចោលឲ្យនៅតែឯង។+ ដូច្នេះ តើកូនទាំងនេះកើតមកពីណា?›»។+
២២ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំនឹងលើកដៃខ្ញុំជាសញ្ញាដល់ប្រជាជាតិនានា
ហើយខ្ញុំនឹងដំឡើងបង្គោលសម្គាល់មួយដល់បណ្ដាជនទាំងឡាយ។+
ពួកគេនឹងបីកូនប្រុសៗរបស់អ្នកយកមក
ព្រមទាំងលើកកូនស្រីៗរបស់អ្នកដាក់លើ កពួកគេ។+
២៣ បណ្ដាស្ដេចនឹងក្លាយទៅជាអ្នកថែរក្សាអ្នក+
ហើយពួកអ្នកដឹកនាំនឹងក្លាយទៅជាអ្នកបីបាច់អ្នកវិញ។
អស់អ្នកដែលសង្ឃឹមលើខ្ញុំនឹងមិនខកចិត្តឡើយ»។+
២៤ តើអ្នកណាអាចរំដោះពួកអ្នកដែលបុរសខ្លាំងពូកែចាប់យកទៅ?
តើនរណាអាចសង្គ្រោះពួកឈ្លើយពីកណ្ដាប់ដៃអ្នកដឹកនាំផ្ដាច់ការបាន?
២៥ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ខ្ញុំនឹងរំដោះពួកឈ្លើយដែលបុរសខ្លាំងពូកែចាប់យកទៅ+
ហើយខ្ញុំក៏នឹងសង្គ្រោះពួកឈ្លើយពីកណ្ដាប់ដៃអ្នកដឹកនាំផ្ដាច់ការបានដែរ។+
ខ្ញុំនឹងប្រឆាំងនឹងពួកអ្នកដែលប្រឆាំងអ្នក+
ហើយខ្ញុំនឹងសង្គ្រោះកូនៗរបស់អ្នក។
២៦ ខ្ញុំនឹងធ្វើឲ្យពួកអ្នកដែលធ្វើបាបអ្នក បរិភោគសាច់ខ្លួនឯង
ហើយធ្វើឲ្យពួកគេស្រវឹងនឹងឈាមខ្លួនឯងដូចជាស្រវឹងស្រាផ្អែម។