សៀវភៅយ៉ូហាន
៧ បន្ទាប់ពីការទាំងនេះ លោកយេស៊ូនៅក្នុងស្រុកកាលីឡេតទៅទៀត ព្រោះលោកមិនចង់ទៅតំបន់យូឌាឡើយ ដោយសារជនជាតិយូដាកំពុងរកឱកាសដើម្បីសម្លាប់លោក។+ ២ ក៏ប៉ុន្តែ នៅពេលនោះគឺជិតដល់បុណ្យរោង*+ហើយ ជាបុណ្យរបស់ជនជាតិយូដា។ ៣ ដូច្នេះ ប្អូនប្រុសៗរបស់លោក+បាននិយាយទៅកាន់លោកថា៖ «សូមចេញពីទីនេះទៅតំបន់យូឌា ដើម្បីឲ្យពួកអ្នកកាន់តាមរបស់បងក៏អាចឃើញការដែលបងធ្វើដែរ។ ៤ ព្រោះគ្មានអ្នកណាធ្វើអ្វីដោយសម្ងាត់ទេ ប្រសិនបើអ្នកនោះចង់ឲ្យគេស្គាល់ខ្លួនជាសាធារណៈ។ បើបងធ្វើការទាំងនេះ សូមបង្ហាញខ្លួនឲ្យពិភពលោកទាំងមូលឃើញ»។ ៥ តាមពិត ប្អូនប្រុសៗរបស់លោកមិនបង្ហាញជំនឿលើលោកឡើយ។+ ៦ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ+ តែសម្រាប់ប្អូនៗវិញ ពេលណាក៏ជាពេលល្អដែរ។ ៧ ពិភពលោកគ្មានហេតុស្អប់ប្អូនៗទេ តែចំណែកខ្ញុំវិញ គេស្អប់ខ្ញុំ ពីព្រោះខ្ញុំបញ្ជាក់ថាការប្រព្រឹត្តរបស់គេគឺទុច្ចរិត។+ ៨ សូមប្អូនៗឡើងទៅបុណ្យនោះចុះ។ ខ្ញុំមិនទាន់ឡើងទៅបុណ្យនោះទេ ពីព្រោះពេលកំណត់របស់ខ្ញុំមិនទាន់មកដល់នៅឡើយ»។+ ៩ ដូច្នេះ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនេះទៅកាន់ពួកគេ លោកក៏នៅស្រុកកាលីឡេតទៅទៀត។
១០ ប៉ុន្តែ ក្រោយពីប្អូនៗរបស់លោកបានឡើងទៅបុណ្យនោះហើយ លោកក៏បានឡើងទៅដែរ មិនមែនដោយបង្ហាញខ្លួនជាសាធារណៈទេ តែដោយសម្ងាត់វិញ។ ១១ នៅបុណ្យនោះ ជនជាតិយូដាចាប់ផ្ដើមរកមើលលោក ហើយនិយាយគ្នាថា៖ «តើបុរសនោះនៅឯណា?»។ ១២ បណ្ដាជនចេះតែខ្សឹបខ្សៀវអំពីលោក។ អ្នកខ្លះបាននិយាយថា៖ «បុរសនោះជាមនុស្សល្អ»។ អ្នកខ្លះទៀតបាននិយាយថា៖ «បុរសនោះមិនមែនល្អទេ គាត់បំភាន់បណ្ដាជន»។+ ១៣ ប៉ុន្តែ គ្មានអ្នកណាហ៊ាននិយាយជាចំហអំពីលោកទេ ពីព្រោះពួកគេខ្លាចជនជាតិយូដា។+
១៤ លុះដល់ពាក់កណ្ដាលបុណ្យនោះ លោកយេស៊ូបានឡើងទៅក្នុងវិហារ រួចចាប់ផ្ដើមបង្រៀន។ ១៥ ជនជាតិយូដាក៏ភ្ញាក់ផ្អើល ហើយនិយាយថា៖ «បុរសនេះមិនដែលរៀននៅសាលាសាសនាទេ+ ចុះហេតុអ្វីបានជាគាត់មានចំណេះដឹងអំពីគម្ពីរច្រើនយ៉ាងនេះ?»។+ ១៦ លោកយេស៊ូតបទៅពួកគេថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក។+ ១៧ ប្រសិនបើអ្នកណាចង់ធ្វើតាមបំណងប្រាថ្នារបស់លោក អ្នកនោះនឹងដឹងថានេះជាសេចក្ដីបង្រៀនមកពីព្រះ+ ឬក៏ជាសេចក្ដីបង្រៀនដែលខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។ ១៨ អ្នកណាដែលនិយាយចេញពីគំនិតខ្លួន អ្នកនោះចង់ឲ្យគេលើកតម្កើងខ្លួនហើយ។ ប៉ុន្តែ អ្នកណាដែលចង់ឲ្យគេលើកតម្កើងអ្នកដែលបានចាត់ខ្លួនឲ្យមក+ គឺអ្នកនោះហើយដែលពិតត្រង់ ហើយគ្មានភាពមិនសុចរិតនៅក្នុងខ្លួនគាត់ឡើយ។ ១៩ ម៉ូសេបានឲ្យច្បាប់ដល់អ្នករាល់គ្នា+ មែនទេ? ប៉ុន្តែ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្វើតាមច្បាប់នោះសោះ។ ហេតុអ្វីអ្នករាល់គ្នាកំពុងរកសម្លាប់ខ្ញុំ?»។+ ២០ បណ្ដាជនឆ្លើយថា៖ «អ្នកមានវិញ្ញាណកំណាច*ចូលហើយ។ តើអ្នកណាកំពុងរកសម្លាប់អ្នក?»។ ២១ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានធ្វើអព្ភូតហេតុតែមួយប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ២២ ចូរគិតអំពីរឿងនេះ ម៉ូសេបានឲ្យច្បាប់ដល់អ្នករាល់គ្នាអំពីការកាត់ចុងស្បែក*+ (មិនមានន័យថាច្បាប់នោះមកពីម៉ូសេទេ តែមកពីពួកបុព្វបុរសវិញ)+ ហើយអ្នករាល់គ្នាកាត់ចុងស្បែកឲ្យបុរសម្នាក់នៅថ្ងៃឈប់សម្រាក។ ២៣ ប្រសិនបើបុរសម្នាក់ទទួលការកាត់ចុងស្បែកនៅថ្ងៃឈប់សម្រាក ដើម្បីកុំឲ្យបំពានលើច្បាប់ម៉ូសេ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាក្ដៅចិត្តនឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យបុរសម្នាក់ជាសះស្បើយនៅថ្ងៃឈប់សម្រាក?+ ២៤ ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅ ប៉ុន្តែចូរវិនិច្ឆ័យដោយសេចក្ដីសុចរិតវិញ»។+
២៥ ដូច្នេះ អ្នកក្រុងយេរូសាឡិមខ្លះចាប់ផ្ដើមនិយាយថា៖ «នេះជាបុរសដែលពួកគេកំពុងរកសម្លាប់ មែនទេ?+ ២៦ តែមើល! គាត់កំពុងនិយាយជាសាធារណៈ ហើយពួកគេមិនថាអ្វីសោះឲ្យលោក។ តើនេះដោយសារពួកអ្នកគ្រប់គ្រងដឹងច្បាស់ថាបុរសនេះជាគ្រិស្តឬ? ២៧ ផ្ទុយទៅវិញ យើងដឹងថាបុរសនេះមកពីណា+ តែពេលគ្រិស្តមកដល់ គ្មានអ្នកណាដឹងថាលោកមកពីណាឡើយ»។ ២៨ រួចមក កាលដែលលោកយេស៊ូកំពុងបង្រៀនក្នុងវិហារ លោកបានបន្លឺសំឡេងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ក៏ដឹងថាខ្ញុំមកពីណាដែរ។ ម្យ៉ាងទៀត ខ្ញុំមិនបានមកដោយគំនិតខ្ញុំទេ+ តែមានលោកដែលបានចាត់ខ្ញុំឲ្យមកមែន ហើយអ្នករាល់គ្នាមិនស្គាល់លោកទេ។+ ២៩ ខ្ញុំស្គាល់លោក+ ពីព្រោះខ្ញុំជាតំណាងម្នាក់ដែលមកពីលោក ហើយលោកបានចាត់ខ្ញុំឲ្យមក»។ ៣០ ដូច្នេះ ពួកគេចាប់ផ្ដើមរកចាប់លោក។+ ប៉ុន្តែ គ្មានអ្នកណាអាចធ្វើអ្វីលោកបានទេ ពីព្រោះវេលារបស់លោកមិនទាន់មកដល់នៅឡើយ។+ ៣១ ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សជាច្រើនក្នុងចំណោមបណ្ដាជនចាប់ផ្ដើមជឿលោក+ ហើយពួកគេបាននិយាយថា៖ «ពេលគ្រិស្តមកដល់ លោកនឹងធ្វើសញ្ញាសម្គាល់ជាច្រើន។ តើនេះមិនមែនជាសញ្ញាសម្គាល់ដែលបុរសនេះបានធ្វើទេឬ?»។
៣២ ពួកផារិស៊ីបានឮបណ្ដាជនកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីលោក រួចពួកសង្ឃនាយកនិងពួកផារិស៊ីក៏ចាត់ពួកអាជ្ញាធរឲ្យទៅចាប់លោក។ ៣៣ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាបន្តិចទៀត មុនខ្ញុំទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។+ ៣៤ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមិនអាចមកបានទេ»។+ ៣៥ ម្ល៉ោះហើយ ជនជាតិយូដាចាប់ផ្ដើមនិយាយគ្នាថា៖ «តើបុរសនេះបម្រុងនឹងទៅកន្លែងណាបានជាគាត់និយាយថា យើងនឹងរកគាត់មិនឃើញឡើយ? តើគាត់បម្រុងនឹងទៅឯជនជាតិយូដាដែលនៅខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិច ហើយបង្រៀនជនជាតិក្រិចដែរឬ? ៣៦ តើមានន័យដូចម្ដេចពេលគាត់និយាយថា៖ ‹អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមិនអាចមកបានទេ›?»។
៣៧ នៅថ្ងៃចុងក្រោយជាថ្ងៃសំខាន់បំផុតនៃបុណ្យនោះ+ លោកយេស៊ូបានក្រោកឈរ ហើយបន្លឺសំឡេងឡើងថា៖ «ប្រសិនបើមានអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ។+ ៣៨ បើអ្នកណាមានជំនឿលើខ្ញុំ នោះ‹ទឹកដែលផ្ដល់ជីវិតនឹងហូរចេញពីក្នុងខ្លួនអ្នកនោះ›ដូចបទគម្ពីរបានចែង»។+ ៣៩ ក៏ប៉ុន្តែ លោកកំពុងមានប្រសាសន៍អំពីឫទ្ធានុភាពរបស់ព្រះដែលអស់អ្នកដែលមានជំនឿលើលោកហៀបនឹងទទួល ព្រោះនៅពេលនោះពួកគេមិនទាន់ទទួលឫទ្ធានុភាពរបស់ព្រះទេ+ ដោយសារលោកយេស៊ូមិនទាន់ទទួលសិរីរុងរឿងនៅឡើយ។+ ៤០ អ្នកខ្លះក្នុងបណ្ដាជនដែលបានឮពាក្យទាំងនេះ ក៏ចាប់ផ្ដើមនិយាយថា៖ «បុរសនេះប្រាកដជាអ្នកប្រកាសទំនាយ»។+ ៤១ អ្នកខ្លះទៀតបាននិយាយថា៖ «បុរសនេះជាគ្រិស្ត»។+ ប៉ុន្តែ អ្នកខ្លះទៀតនិយាយថា៖ «គ្រិស្តមិនមែនចេញមកពីស្រុកកាលីឡេទេ មែនទេ?+ ៤២ តើបទគម្ពីរមិនចែងទេឬថា គ្រិស្តនឹងមកពីកូនចៅរបស់ដាវីឌ+ និងមកពីភូមិបេថ្លេហិម+ ជាភូមិដែលដាវីឌធ្លាប់នៅ?»។+ ៤៣ ដូច្នេះ បណ្ដាជនបានបែកបាក់គ្នាដោយសារលោក។ ៤៤ ប៉ុន្តែ ពួកគេខ្លះចង់ចាប់លោក តែគ្មានអ្នកណាអាចធ្វើអ្វីលោកបានឡើយ។
៤៥ រួចមក ពួកអាជ្ញាធរបានត្រឡប់ទៅឯពួកសង្ឃនាយកនិងពួកផារិស៊ីវិញ ហើយពួកផារិស៊ីបានសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិននាំខ្លួនគាត់មក?»។ ៤៦ ពួកអាជ្ញាធរតបឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។+ ៤៧ ពួកផារិស៊ីនិយាយថា៖ «តើអ្នករាល់គ្នាបានត្រូវបំភាន់ដែរឬ? ៤៨ តើមានអ្នកគ្រប់គ្រងឬផារិស៊ីណាម្នាក់ជឿគាត់ទេ?+ ៤៩ ប៉ុន្តែ អ្នកដែលជឿមានតែបណ្ដាជននេះដែលមិនស្គាល់ច្បាប់ ជាពួកមនុស្សដែលត្រូវបណ្ដាសា»។ ៥០ នីកូដេមដែលបានទៅឯលោកពីមុន និងជាម្នាក់ក្នុងចំណោមពួកផារិស៊ី បាននិយាយទៅកាន់ពួកគេថា៖ ៥១ «ច្បាប់របស់យើងមិនវិនិច្ឆ័យអ្នកណាឡើយ ទាល់តែបានស្ដាប់អ្នកនោះជាមុនសិន ហើយដឹងថាគាត់កំពុងធ្វើអ្វី មែនទេ?»។+ ៥២ ពួកគេតបថា៖ «តើអ្នកមកពីស្រុកកាលីឡេដែរឬ? ចូរពិនិត្យមើលបទគម្ពីរទៅ ហើយអ្នកនឹងឃើញថា គ្មានអ្នកប្រកាសទំនាយណាម្នាក់ចេញមកពីស្រុកកាលីឡេទេ»។*