«កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
«គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»។—យ៉ូហាន ៧:៣០
១. តើកត្ដាពីរណាដែលបានមានអានុភាពលើកិច្ចការរបស់ព្រះយេស៊ូនោះ?
ព្រះយេស៊ូគ្រីស្ទបានប្រាប់ពួកសាវ័កទ្រង់ថា៖ «កូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) ទ្រង់បានមានបន្ទូលទៅអភិបាលលោកប៉ុនទាសពីឡាត់ថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) ព្រះយេស៊ូបានជ្រាបយ៉ាងច្បាស់នូវមូលហេតុដែលទ្រង់ត្រូវសោយទិវង្គត និងកិច្ចការអ្វីដែលទ្រង់ត្រូវតែធ្វើមុននឹងទ្រង់សោយទិវង្គតទៅ។ ទ្រង់ក៏បានជ្រាបនូវពេលវេលាដែលទ្រង់មានទាំងប៉ុន្មានចំពោះការបំពេញនូវកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចបំរើរបស់ទ្រង់លើផែនដីនេះជាព្រះមេស្ស៊ី នឹងមានតែបីឆ្នាំកន្លះប៉ុណ្ណោះ។ នេះបានចាប់ផ្ដើមពេលដែលទ្រង់ទទួលបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់ (ក្នុងឆ្នាំ២៩ ស.យ.) ដែលជាការផ្ដើមអាទិត្យទី៧០ជានិមិត្តរូបដែលបានទាយប្រាប់នោះ ហើយនឹងត្រូវចប់ ពេលដែលទ្រង់សោយទិវង្គតលើបង្គោលឈើទារុណកម្មក្នុងពាក់កណ្ដាលសប្ដាហ៍នោះ (ក្នុងឆ្នាំ៣៣ ស.យ.)។ (ដានីយ៉ែល ៩:២៤-២៧; ម៉ាថាយ ៣:១៦, ១៧; ២០:១៧-១៩) ដូច្នេះហើយ កត្ដាពីរដែលច្រើនតែមានអានុភាពលើកិច្ចការទាំងមូលរបស់ព្រះយេស៊ូនៅលើផែនដីនេះគឺ: គោលបំណងនៃការយាងមករបស់ទ្រង់ និងការយល់ដឹងយ៉ាងច្បាស់អំពីពេលកំណត់។
២. តើសៀវភៅដំណឹងល្អពណ៌នាយ៉ាងណាអំពីព្រះយេស៊ូគ្រីស្ទ ហើយតើទ្រង់បង្ហាញនូវការជ្រាបអំពីកិច្ចការរបស់ទ្រង់យ៉ាងដូចម្ដេច?
២ ដំណើររឿងក្នុងសៀវភៅដំណឹងល្អ ពណ៌នាព្រះយេស៊ូគ្រីស្ទជាបុរសដែលមានសកម្មភាព ដែលបានធ្វើដំណើរទូទាំងស្រុកប៉ាឡេស្ទីន ប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះ និងបានធ្វើកិច្ចការជាច្រើនយ៉ាងខ្លាំងក្លា។ ក្នុងកំឡុងផ្នែកដើមនៃកិច្ចបំរើដ៏សកម្មរបស់ព្រះយេស៊ូ នោះបានចែងអំពីទ្រង់ថា៖ «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»ទេ។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានមានបន្ទូលដូចនេះថា៖ «កំណត់អញមិនទាន់សំរេចនៅឡើយ»។ ជិតទីបញ្ចប់នៃកិច្ចបំរើរបស់ទ្រង់ នោះទ្រង់បានប្រើឃ្លានេះដែលថា៖ «កំណត់ . . . បានមកដល់ហើយ»។ (យ៉ូហាន ៧:៨, ៣០; ១២:២៣) ដោយព្រះយេស៊ូជ្រាបអំពីម៉ោង ឬពេលវេលាសម្រេចកិច្ចការដែលបានត្រូវប្រទានឲ្យទ្រង់ ដែលរួមបញ្ចូលការសោយទិវង្គតជាយញ្ញបូជា ក៏ច្បាស់ជាមានឥទ្ធិពលលើអ្វីដែលទ្រង់បានមានបន្ទូលនិងបានធ្វើនោះដែរ។ ការយល់នូវរបៀបដែលនេះបានមានឥទ្ធិពលលើទ្រង់ អាចផ្ដល់ឲ្យយើងនូវការយល់ធ្លុះអំពីបុគ្គលិកលក្ខណៈ និងលំនាំនៃគំនិតរបស់ទ្រង់ ជួយយើងឲ្យ«ដើរតាមលំអានដាននៃទ្រង់»កាន់តែខ្លាំងឡើងទៀត។—ពេត្រុសទី១ ២:២១
ការតាំងចិត្តធ្វើតាមបំណងព្រះហឫទ័យព្រះ
៣, ៤. (ក) តើមានអ្វីកើតឡើងនៅឯពិធីរៀបអាពាហ៍ពិពាហ៍ក្នុងភូមិកាណា? (ខ) ហេតុអ្វីក៏បុត្រារបស់ព្រះ ជំទាស់នឹងការឲ្យយោបល់របស់ម៉ារា ដែលទ្រង់គួរធ្វើអ្វីមួយនឹងការខ្វះខាតស្រាទំពាំងបាយជូរ ហើយតើយើងអាចរៀនអ្វីពីនេះ?
៣ ឆ្នាំនោះគឺជាឆ្នាំ២៩ ស.យ.។ គ្រាន់តែបីបួនថ្ងៃកន្លងទៅហើយ នោះព្រះយេស៊ូបានជ្រើសរើសពួកសិស្សដំបូងរបស់ទ្រង់ដោយផ្ទាល់អង្គទ្រង់។ ឥឡូវនេះ ពួកគេទាំងអស់គ្នាបានមកដល់ភូមិកាណា នៅស្រុកកាលីឡេ ដើម្បីចូលរួមពិធីរៀបអាពាហ៍ពិពាហ៍។ មាតារបស់ព្រះយេស៊ូ គឺម៉ារាក៏មានវត្តមាននៅទីនោះដែរ។ គឺមានការខ្វះខាតស្រាទំពាំងបាយជូរ។ ដោយឲ្យយោបល់ថាទ្រង់គួរធ្វើអ្វីមួយ នោះម៉ារាប្រាប់បុត្រានេះថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ»។ ប៉ុន្តែព្រះយេស៊ូតបឆ្លើយថា៖ «មាតាអើយ! តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ?»។—យ៉ូហាន ១:៣៥-៥១; ២:១-៤
៤ ព្រះយេស៊ូតបឆ្លើយថា៖ «មាតាអើយ! តើការនោះអំពល់អ្វីដល់យើង?» នោះគឺជាបែបសំនួរពីបុរាណដែលប្រាប់នូវការជំទាស់នឹងអ្វីដែលបានមានយោបល់មកនោះ។ ហេតុអ្វីក៏ព្រះយេស៊ូជំទាស់នឹងពាក្យសំដីរបស់ម៉ារា? អ៊ីចឹង ឥឡូវព្រះយេស៊ូមានព្រះជន្មាយុ៣០ឆ្នាំហើយ។ គ្រាន់តែបីបួនសប្ដាហ៍មុននេះ ទ្រង់បានទទួលបុណ្យជ្រមុជទឹក បានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ ហើយយ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យ បាននាំឲ្យគេដឹងថាទ្រង់ជា«កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»។ (យ៉ូហាន ១:២៩-៣៤; លូកា ៣:២១-២៣) ឥឡូវនេះ សេចក្ដីបង្គាប់របស់ទ្រង់គឺត្រូវតែមកពីបុគ្គលដែលមានអំណាចគ្រប់គ្រងដ៏ឧត្តម ដែលបានបញ្ជូនទ្រង់មកនោះ។ (កូរិនថូសទី១ ១១:៣) គ្មានបុគ្គលណាម្នាក់ សូម្បីតែសមាជិកក្នុងក្រុមគ្រួសារ ក៏មិនអាចអនុញ្ញាតឲ្យបង្អាក់ដល់កិច្ចការ ដែលព្រះយេស៊ូបានយាងមកធ្វើនោះឡើយ។ ការតាំងចិត្តដើម្បីធ្វើតាមបំណងរបស់ព្រះវរបិតាទ្រង់ គឺសម្ដែងឲ្យឃើញក្នុងការតបឆ្លើយរបស់ព្រះយេស៊ូដល់ម៉ារានោះ! សូមឲ្យយើងមានការតាំងចិត្តដូចនេះ ដើម្បីបំពេញនូវ«កិច្ចទាំងមូល»របស់យើងជូនព្រះ។—សាស្ដា ១២:១៣
៥. តើអព្ភូតហេតុអ្វីដែលព្រះយេស៊ូបានធ្វើនៅឯភូមិកាណា ហើយតើមានឥទ្ធិពលអ្វីលើអ្នកដទៃ?
៥ ការយល់ចំណុចនឹងពាក្យរបស់បុត្រារបស់គាត់ នោះម៉ារាក៏បោះជំហានចេញភ្លាម ហើយបង្គាប់ពួកបាវថា៖ «ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ»។ ហើយព្រះយេស៊ូក៏ដោះស្រាយបញ្ហានោះ។ ទ្រង់បង្គាប់បាវឲ្យចាក់ទឹកពេញដល់មាត់ពាង ហើយទ្រង់ក៏ធ្វើឲ្យទឹកនេះទៅជាស្រាទំពាំងបាយជូរដ៏ល្អបំផុត។ នេះកើតឡើងជាការផ្ដើមនៃព្រះចេស្ដាខាងការធ្វើអព្ភូតហេតុរបស់ព្រះយេស៊ូ ដែលផ្ដល់នូវសញ្ញាថាវិញ្ញាណរបស់ព្រះគឺមានមកលើទ្រង់។ នៅពេលដែលពួកសិស្សថ្មីៗឃើញអព្ភូតហេតុនេះ នោះជំនឿរបស់គេបានត្រូវពង្រឹងឡើង។—យ៉ូហាន ២:៥-១១
ចិត្តឧស្សាហ៍ចំពោះដំណាក់របស់ព្រះយេហូវ៉ា
៦. ហេតុអ្វីក៏ព្រះយេស៊ូមានសេចក្ដីខ្ញាល់ដោយព្រោះមានហេតុចំពោះអ្វី ដែលទ្រង់ទតឃើញនៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម ហើយតើទ្រង់ចាត់វិធានការធ្វើអ្វី?
៦ មិនយូរប៉ុន្មាននឹងជានិទាឃរដូវនៅឆ្នាំ៣០ ស.យ. ហើយព្រះយេស៊ូព្រមទាំងពួកគូកនទ្រង់កំពុងតែធ្វើដំណើរទៅឯទីក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង។ កាលដែលនៅទីនោះ ពួកសិស្សរបស់ទ្រង់ឃើញមេដឹកនាំរបស់គេធ្វើតាមបែបបទ ដែលប្រហែលជាពួកគេមិនធ្លាប់ឃើញទ្រង់ប្រព្រឹត្តនៅពីមុន។ ពួកពាណិជ្ជករដ៏លោភជាតិយូដា កំពុងតែលក់សត្វនិងសត្វស្លាបនៅខាងក្នុងព្រះវិហារតែម្ដង។ ហើយពួកគេកំពុងតែយកតម្លៃថ្លៃណាស់ពីពួកថ្វាយបង្គំដ៏ស្មោះត្រង់ជាតិយូដា។ ដោយពេញនឹងសេចក្ដីខ្ញាល់ព្រោះមានហេតុ នោះព្រះយេស៊ូក៏ចាត់វិធានការភ្លាម។ ទ្រង់ក៏យកខ្សែធ្វើជារំពាត់ហើយបណ្ដេញពួកអ្នកលក់ចេញពីនោះ។ ដោយចាក់ប្រាក់របស់ពួកអ្នកដូរលុយចេញ នោះទ្រង់ក៏ផ្កាប់តុរបស់គេ។ ទ្រង់បញ្ជាពួកលក់សត្វព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ!»។ នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូឃើញទ្រង់ប្រព្រឹត្តយ៉ាងខ្លាំងបែបនេះ នោះពួកគេចាំអំពីទំនាយអំពីបុត្រារបស់ព្រះដែលថា៖ «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»។ (យ៉ូហាន ២:១៣-១៧; ទំនុកដំកើង ៦៩:៩) ដោយមានចិត្តឧស្សាហ៍យើងក៏ត្រូវតែប្រុងប្រយ័ត្ន មិនឲ្យការទោរទន់ទៅរកលោកីយ៍នេះធ្វើឲ្យខូចដល់ការថ្វាយបង្គំរបស់យើងបានឡើយ។
៧. (ក) តើអ្វីដែលជំរុញឲ្យលោកនីកូដេមទៅលេងព្រះមេស្ស៊ី? (ខ) តើយើងរៀនអ្វីពីការធ្វើបន្ទាល់របស់ព្រះយេស៊ូដល់ស្ត្រីសាសន៍សាម៉ារីនោះ?
៧ កាលដែលនៅក្នុងទីក្រុងយេរូសាឡិម នោះព្រះយេស៊ូធ្វើទីសម្គាល់ដ៏អស្ចារ្យ ហើយមនុស្សជាច្រើនមានជំនឿលើទ្រង់។ សូម្បីតែលោកនីកូដេម ដែលជាសមាជិកម្នាក់ពីក្រុមប្រឹក្សាជាន់ខ្ពស់ឬតុលាការជាន់ខ្ពស់នៃសាសន៍យូដា បានស្ងើចនឹងព្រះយេស៊ូ ហើយបានមកឯទ្រង់នៅពេលយប់ ដើម្បីរៀនឲ្យចេះដឹងច្រើនទៀត។ រួចមក ព្រះយេស៊ូនិងពួកសិស្សទ្រង់បានស្នាក់នៅឯ«ស្រុកយូដា»អស់ប្រហែលជាប្រាំបីខែ ដោយផ្សព្វផ្សាយនិងបង្កើតឲ្យមានសិស្សទៀត។ ប៉ុន្តែ ក្រោយពីយ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកបានត្រូវគេចាប់ដាក់គុក នោះពួកគេក៏ចាកចេញពីស្រុកយូដាទៅឯស្រុកកាលីឡេវិញ។ កាលដែលគេដើរកាត់តំបន់នៃស្រុកសាម៉ារី នោះព្រះយេស៊ូក៏យកឱកាសដើម្បីធ្វើបន្ទាល់ដល់ស្ត្រីសាសន៍សាម៉ារី។ នេះបានរៀបចំផ្លូវសំរាប់ពួកសាសន៍សាម៉ារីជាច្រើននាក់ទៀតឲ្យបានទៅជាពួកអ្នកជឿ។ សូមឲ្យយើងចេះវាងវៃរកឱកាសដើម្បីនិយាយអំពីព្រះរាជាណាចក្ររបស់ព្រះ។—យ៉ូហាន ២:២៣; ៣:១-២២; ៤:១-៤២; ម៉ាកុស ១:១៤
ការបង្រៀនដែលមានទំហំយ៉ាងធំក្នុងស្រុកកាលីឡេ
៨. តើកិច្ចការអ្វីដែលព្រះយេស៊ូចាប់ផ្ដើមធ្វើនៅឯស្រុកកាលីឡេ?
៨ មុន«កំណត់»នៃការសោយទិវង្គតរបស់ព្រះយេស៊ូ នោះទ្រង់មានកិច្ចការច្រើនណាស់ដែលត្រូវតែធ្វើឲ្យព្រះវរបិតានៅស្ថានសួគ៌។ នៅក្នុងស្រុកកាលីឡេ ព្រះយេស៊ូចាប់ផ្ដើមនូវកិច្ចបំរើដ៏ធំជាងកិច្ចបំរើក្នុងស្រុកយូដានិងទីក្រុងយេរូសាឡិមទៅទៀត។ ទ្រង់យាងទៅ«គ្រប់សព្វក្នុងក្រុងកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ នឹងអស់ទាំងជរាពិការ ក្នុងពួកបណ្ដាជនឲ្យជាផង»។ (ម៉ាថាយ ៤:២៣) ពាក្យរបស់ទ្រង់ដែលនាំឲ្យគេចាប់អារម្មណ៍គឺ៖ «ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ!» បានឮសុសសាយទូទាំងស្រុកនោះ។ (ម៉ាថាយ ៤:១៧) គ្រាន់តែប៉ុន្មានខែក្រោយមក នៅពេលដែលសិស្សពីរនាក់របស់យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក បានមកយករបាយការណ៍ផ្ទាល់អំពីព្រះយេស៊ូ នោះទ្រង់មានបន្ទូលប្រាប់គេថា៖ «ចូរទៅប្រាប់យ៉ូហាន ពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។—លូកា ៧:២២, ២៣
៩. ហេតុអ្វីក៏ហ្វូងមនុស្សទៅឯព្រះគ្រីស្ទយេស៊ូ ហើយតើមេរៀនអ្វីដែលយើងបានរៀនពីនេះ?
៩ ‹នោះមានឮល្បីពីព្រះយេស៊ូសុសសាយទូទៅក្នុងស្រុកនៅជុំវិញ› និងហ្វូងមនុស្សយ៉ាងធំមកឯទ្រង់ ពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ទីក្រុងយេរូសាឡិម ស្រុកយូដា និងកន្លែងឯទៀតនៅខាងនាយទន្លេយ័រដាន់។ (លូកា ៤:១៤, ១៥; ម៉ាថាយ ៤:២៤, ២៥) ពួកគេមកឯទ្រង់មិនគ្រាន់តែដោយសារការធ្វើឲ្យជាឡើងដោយអព្ភូតហេតុរបស់ទ្រង់នោះទេ ក៏ប៉ុន្តែដោយសារការបង្រៀនដ៏អស្ចារ្យរបស់ទ្រង់ផងដែរ។ សាររបស់ទ្រង់គឺជាទីទាក់ទាញចិត្តនិងជាទីលើកទឹកចិត្តទៀតផង។ (ម៉ាថាយ ៥:១–៧:២៧) បន្ទូលរបស់ព្រះយេស៊ូគឺផ្អែមពីរោះនិងគួរឲ្យជាទីគាប់ចិត្ត។ (លូកា ៤:២២) ពួកបណ្ដាជន«ក៏នឹកប្លែក ពីសេចក្ដីដែលទ្រង់បង្រៀន» ដ្បិតទ្រង់មានបន្ទូលពីបទគម្ពីរដូចជាមានអំណាច។ (ម៉ាថាយ ៧:២៨, ២៩; លូកា ៤:៣២) តើអ្នកណាដែលមិនចូលចិត្តនឹងបុរសបែបនេះ? សូមឲ្យយើងចេះបណ្ដុះបណ្ដាលនូវការប៉ិនប្រសប់នៃការបង្រៀន ដើម្បីឲ្យមនុស្សដែលមានចិត្តស្មោះត្រង់ បានមកឯសេចក្ដីពិតដែរ។
១០. ហេតុអ្វីក៏មនុស្សនៅក្នុងភូមិណាសារ៉ែតចង់ធ្វើគុតដល់ព្រះយេស៊ូ ហើយហេតុអ្វីក៏ពួកគេទទួលបរាជ័យ?
១០ ប៉ុន្តែ មិនមែនពួកអ្នកស្ដាប់ទាំងអស់របស់ព្រះយេស៊ូ មានចិត្តព្រមទទួលនោះទេ។ សូម្បីតែនៅទីចាប់ផ្ដើមនៃកិច្ចបំរើរបស់ទ្រង់ ពេលដែលទ្រង់បង្រៀននៅឯសាលាប្រជុំនៅស្រុកកំណើតណាសារ៉ែត ក៏មានការប៉ុនប៉ងរកធ្វើគុតដល់ទ្រង់ដែរ។ ទោះជាមនុស្សក្នុងភូមិមានចិត្តអស្ចារ្យនឹង«ព្រះបន្ទូលដ៏ផ្អែមពីរោះ»របស់ទ្រង់ក៏ដោយ ក៏ពួកគេចង់ឃើញនូវអព្ភូតហេតុដែរ។ ប៉ុន្តែ ជាជាងធ្វើនូវកិច្ចការដ៏ខ្លាំងក្លានៅទីនោះ ព្រះយេស៊ូបានលាតត្រដាងនូវអត្តទត្ថភាពនិងការខ្វះជំនឿរបស់គេវិញ។ ដោយមានកំហឹង នោះអស់អ្នកដែលនៅក្នុងសាលាប្រជុំក៏ក្រោកដេញព្រះយេស៊ូ បណ្ដើរទៅដល់កំពូលភ្នំ ដើម្បីនឹងបោះទំលាក់ទ្រង់ពីក្បាលចុះទៅមុន។ ប៉ុន្តែទ្រង់រត់គេចពីពួកគេចេញបាត់ទៅ។ «កំណត់»នៃការសោយទិវង្គតរបស់ទ្រង់មិនទាន់មកដល់នៅឡើយទេ។—លូកា ៤:១៦-៣០
១១. (ក) ហេតុអ្វីក៏មេដឹកនាំសាសនាខ្លះមកស្ដាប់ព្រះយេស៊ូ? (ខ) ហេតុអ្វីក៏គេចោទប្រកាន់ថាព្រះយេស៊ូបំពានលើថ្ងៃឈប់សំរាក?
១១ ពួកមេដឹកនាំសាសនា ដូចជាពួកស្ក្រែប ពួកផារីស៊ី ពួកសាឌូស៊ី និងពួកឯទៀត ក៏តែងមានវត្តមាននៅកន្លែងដែលព្រះយេស៊ូផ្សព្វផ្សាយនោះដែរ។ ពួកគេជាច្រើននាក់មានវត្តមាន មិនមែនដើម្បីស្ដាប់ហើយរៀននោះទេ ប៉ុន្តែដើម្បីរកកំហុសនិងដើម្បីខំប្រឹងចាប់ទ្រង់។ (ម៉ាថាយ ១២:៣៨; ១៦:១; លូកា ៥:១៧; ៦:១, ២) ជាឧទាហរណ៍ កាលដែលយាងទៅឯក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលងនៅឆ្នាំ៣១ ស.យ. នោះព្រះយេស៊ូប្រោសឲ្យជាដល់បុរសម្នាក់ ដែលបានឈឺអស់៣៨ឆ្នាំមកហើយ។ ពួកមេដឹកនាំជាតិយូដាបានចោទប្រកាន់ថា ព្រះយេស៊ូបំពានលើថ្ងៃឈប់សំរាក។ ទ្រង់តបឆ្លើយថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ ឥឡូវនេះ ពួកយូដាចោទប្រកាន់ទ្រង់ថាបានប្រមាថនឹងអ្វីដ៏ពិសិដ្ឋ ដោយអះអាងជាបុត្រារបស់ព្រះ ព្រោះបានហៅព្រះជាព្រះវរបិតា។ ពួកគេស្វះស្វែងរកធ្វើគុតដល់ព្រះយេស៊ូ ក៏ប៉ុន្តែទ្រង់និងពួកសិស្សបានចាកចេញពីទីក្រុងយេរូសាឡិមទៅស្រុកកាលីឡេវិញ។ ស្រដៀងគ្នាដែរ យើងប្រកបដោយប្រាជ្ញាបើជៀសវាងនឹងការឈ្លោះដ៏មិនចាំបាច់ណាជាមួយនឹងពួកអ្នកប្រឆាំង ពេលដែលយើងចំណាយកម្លាំងរបស់យើងដល់ការផ្សព្វផ្សាយដំណឹងព្រះរាជាណាចក្រ និងក្នុងកិច្ចការបង្កើតឲ្យមានសិស្សនេះ។—យ៉ូហាន ៥:១-១៨; យ៉ូហាន ៦:១
១២. តើព្រះយេស៊ូបានផ្សព្វផ្សាយក្នុងតំបន់ស្រុកកាលីឡេដល់វិសាលភាពណា?
១២ ព្រះយេស៊ូបានចំណាយពេលភាគច្រើនក្នុងកិច្ចបំរើរបស់ទ្រង់នៅឯស្រុកកាលីឡេ ក្នុងមួយឆ្នាំកន្លះជាបន្ទាប់ ដោយគ្រាន់តែទៅឯក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរបស់សាសន៍យូដាដែលមានបីដងក្នុងមួយឆ្នាំនោះ។ សរុបទៅ ទ្រង់ធ្វើដំណើរផ្សព្វផ្សាយបីដងក្នុងស្រុកកាលីឡេ។ ដំណើរផ្សព្វផ្សាយទីមួយគឺជាមួយសិស្សបួននាក់ថ្មី។ ដំណើរផ្សព្វផ្សាយទីពីរគឺជាមួយពួកសាវ័ក១២នាក់ ហើយដំណើរដ៏លាតសន្ឋឹងមួយទៀតគឺការបញ្ជូនពួកសាវ័កដែលបានហ្វឹកហ្វឺនហើយ។ សេចក្ដីពិតបានផ្ដល់យ៉ាងទូលំទូលាយមែននៅក្នុងស្រុកកាលីឡេនោះ!—ម៉ាថាយ ៤:១៨-២៥; លូកា ៨:១-៣; ៩:១-៦
ការធ្វើបន្ទាល់យ៉ាងក្លាហានក្នុងស្រុកយូដានិងស្រុកបេរា
១៣, ១៤. (ក) តើនៅពេលណាដែលពួកយូដាស្វះស្វែងរកចាប់ព្រះយេស៊ូនោះ? (ខ) ហេតុអ្វីក៏ពួកអាជ្ញាចាប់ព្រះយេស៊ូមិនបាន?
១៣ ឥឡូវនេះជារដូវស្លឹកឈើជ្រុះនៃឆ្នាំ៣២ ស.យ. និង«កំណត់»របស់ព្រះយេស៊ូ គឺនៅអនាគតនៅឡើយ។ បុណ្យបារាំគឺជិតដល់ហើយ។ ឥឡូវនេះប្អូនៗប្រុសរបស់ព្រះយេស៊ូ បង្ខំប្រាប់ទ្រង់ថា៖ «ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ»។ ពួកគេចង់ឲ្យព្រះយេស៊ូបង្ហាញនូវអំណាចដ៏ជាអព្ភូតហេតុនេះ ដល់អស់អ្នកដែលបានផ្ដុំគ្នានៅឯបុណ្យក្នុងទីក្រុងយេរូសាឡិម។ ប៉ុន្តែ ព្រះយេស៊ូជ្រាបអំពីគ្រោះថ្នាក់។ ដូច្នេះ ទ្រង់មានបន្ទូលប្រាប់ពួកប្អូនៗថា៖ «អញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ»។—យ៉ូហាន ៧:១-៨
១៤ ដោយពន្យារពេលនៅក្នុងស្រុកកាលីឡេមួយរយៈ នោះព្រះយេស៊ូក៏យាងទៅទីក្រុងយេរូសាឡិម«តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ»។ ប្រាកដហើយ ពួកយូដាកំពុងតែរកទ្រង់នៅឯពិធីបុណ្យនេះ ដោយនិយាយថា៖ «តើលោកនៅឯណា?»។ នៅពាក់កណ្ដាលពេលបុណ្យ ព្រះយេស៊ូយាងទៅឯព្រះវិហារ និងចាប់ផ្ដើមបង្រៀនដោយក្លាហាន។ ពួកគេស្វះស្វែងចាប់ទ្រង់ ប្រហែលជាចង់ចាប់ទ្រង់ដាក់គុក ឬក៏ធ្វើគុតដល់ទ្រង់។ ក៏ប៉ុន្តែ ពួកគេឥតបានជោគជ័យទេ ពីព្រោះ‹កំណត់របស់ទ្រង់មិនទាន់មកដល់›។ ឥឡូវនេះ មនុស្សជាច្រើនមានជំនឿលើព្រះយេស៊ូ។ សូម្បីតែពួកអាជ្ញាដែលពួកផារីស៊ីបានបញ្ជូនឲ្យទៅចាប់ទ្រង់ ក៏ត្រឡប់មកវិញដៃទទេដែរ ដោយនិយាយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។—យ៉ូហាន ៧:៩-១៤, ៣០-៤៦
១៥. ហេតុអ្វីក៏ពួកគេចង់យកដុំថ្មគប់ព្រះយេស៊ូអ៊ីចឹង ហើយតើប្រតិបត្ដិការផ្សាយប្រកាសអ្វីដែលព្រះយេស៊ូផ្ដើមធ្វើជាបន្ទាប់នោះ?
១៥ ការប៉ះទង្គិចរវាងព្រះយេស៊ូនិងពួកយូដាដ៏ជាអ្នកប្រឆាំងនៅមានជាបន្ត កាលដែលទ្រង់បង្រៀនអំពីព្រះវរបិតានៅឯព្រះវិហារ ក្នុងកំឡុងបុណ្យនោះ។ នៅថ្ងៃចុងក្រោយនៃបុណ្យនោះ ដោយមានចិត្តក្ដៅក្រហាយនឹងបន្ទូលរបស់ព្រះយេស៊ូអំពីអត្ថិភាពមុនជាមនុស្ស នោះពួកយូដាក៏យកដុំថ្មចង់គប់ទ្រង់។ ក៏ប៉ុន្តែទ្រង់បានពួន ហើយរត់គេចដោយឥតគ្រោះថ្នាក់។ (យ៉ូហាន ៨:១២-៥៩) ដោយចាំនៅខាងក្រៅទីក្រុងយេរូសាឡិម នោះព្រះយេស៊ូចាប់ផ្ដើមនូវការប្រតិបត្ដិការផ្សាយប្រកាសយ៉ាងខ្លាំងនៅក្នុងស្រុកយូដា។ ទ្រង់រើសពួកសិស្ស៧០នាក់ ហើយក្រោយពីបង្គាប់ពួកគេ នោះក៏បញ្ជូនគេពីរនាក់ៗ ដើម្បីទៅផ្សព្វផ្សាយក្នុងតំបន់នោះ។ ពួកគេបានទៅជាមុនដល់គ្រប់កន្លែងនិងទីក្រុង ដែលព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ ប្រុងប្រៀបនឹងទៅនោះ។—លូកា ១០:១-២៤
១៦. តើពីគ្រោះថ្នាក់អ្វីដែលព្រះយេស៊ូរត់គេចនៅពេលដែលមានការឧទ្ទិសថ្វាយខ្លួន ហើយតើទ្រង់រវល់នឹងកិច្ចការអ្វីជាបន្ទាប់មកទៀត?
១៦ នៅក្នុងរដូវត្រជាក់នៃឆ្នាំ៣២ ស.យ. នោះ«កំណត់»របស់ព្រះយេស៊ូគឺកាន់តែជិតដល់ហើយ។ ទ្រង់យាងមកទីក្រុងយេរូសាឡិមដើម្បីធ្វើការឧទ្ទិសថ្វាយខ្លួន។ ពួកយូដានៅតែស្វះស្វែងរកធ្វើគុតដល់ទ្រង់ដដែល។ កាលដែលព្រះយេស៊ូយាងចុះឡើងត្រង់បាំងសាចក្នុងព្រះវិហារ នោះពួកគេបានចោមព័ទ្ធទ្រង់។ ម្ដងនេះទៀត គេបានចោទប្រកាន់ទ្រង់ថាប្រមាថលើអ្វីដ៏ពិសិដ្ឋ ដោយរើសដុំថ្មចោលសម្លាប់ទ្រង់។ ក៏ប៉ុន្តែដូចជាទ្រង់បានធ្វើនៅលើកមុនៗ ព្រះយេស៊ូរត់គេចខ្លួនបាត់ទៅ។ មិនយូរប៉ុន្មាន ទ្រង់ក៏នៅបង្រៀនតាមផ្លូវ ពីទីក្រុងមួយទៅទីក្រុងមួយ ភូមិមួយទៅភូមិមួយនៅក្នុងស្រុកបេរា ដែលឆ្លងទន្លេយ័រដាន់ពីស្រុកយូដា។ ហើយមនុស្សជាច្រើនមានជំនឿលើទ្រង់។ ក៏ប៉ុន្តែសារលិខិតស្តីអំពីឡាសារដ៏ជាមិត្តសំឡាញ់របស់ទ្រង់ ក៏ហៅទ្រង់ឲ្យយាងត្រឡប់ទៅស្រុកយូដាវិញ។—លូកា ១៣:៣៣; យ៉ូហាន ១០:២០-៤២
១៧. (ក) តើសារដ៏បន្ទាន់អ្វីដែលព្រះយេស៊ូបានទទួល ក្នុងពេលផ្សព្វផ្សាយនៅស្រុកបេរា? (ខ) តើអ្វីដែលបង្ហាញថា ព្រះយេស៊ូជ្រាបអំពីគោលបំណងនៃការប្រព្រឹត្តដែលត្រូវតែធ្វើ និងកំណត់ពេលនៃព្រឹត្ដិការណ៍នោះ?
១៧ សារដ៏ជាបន្ទាន់នេះ គឺមកពីម៉ាថានិងម៉ារាដែលជាបងស្រីរបស់ឡាសារ ដែលរស់នៅក្នុងភូមិបេថានីនៃស្រុកយូដា។ អ្នកនាំសារនោះរៀបរាប់ថា៖ «ព្រះអម្ចាស់អើយ! មើល! អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ»។ ព្រះយេស៊ូឆ្លើយថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្ដិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង»។ ដើម្បីនឹងសម្រេចគោលបំណងនេះ ព្រះយេស៊ូបានឈប់នៅកន្លែងដដែលនោះដោយចេតនាអស់ពីរថ្ងៃ។ រួចមក ទ្រង់មានបន្ទូលទៅពួកសិស្សទ្រង់ថា៖ «ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ»។ ពួកគេទូលតបដោយអស្ចារ្យថា៖ «លោកគ្រូ! ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ?»។ ក៏ប៉ុន្តែ ព្រះយេស៊ូក៏ជ្រាបថាសំណល់«នៅពេលថ្ងៃ» ឬពេលវេលាដែលព្រះចាត់ទុកមកសំរាប់កិច្ចបំរើទ្រង់នៅលើផែនដីនេះ គឺជិតអស់ហើយ។ ទ្រង់ជ្រាបយ៉ាងច្បាស់នូវអ្វីដែលទ្រង់ត្រូវតែធ្វើនិងអំពីមូលហេតុទៀតផង។—យ៉ូហាន ១១:១-១០
អព្ភូតហេតុដែលគ្មានអ្នកណាអាចធ្វើព្រងើយកន្តើយ
១៨. នៅពេលដែលព្រះយេស៊ូយាងមកដល់ភូមិបេថានី តើទីនោះមានព្រឹត្ដិការណ៍យ៉ាងណា ហើយមានអ្វីកើតឡើងក្រោយពីទ្រង់យាងមកដល់?
១៨ នៅឯភូមិបេថានី បុគ្គលទីមួយដែលជួបព្រះយេស៊ូគឺនាងម៉ាថា ដោយទូលថា៖ «ព្រះអម្ចាស់អើយ! បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ»។ នាងម៉ារានិងអស់អ្នកដែលបានមកផ្ទះរបស់គេ ក៏ដើរមកទាំងយំទាំងអស់គ្នា។ ព្រះយេស៊ូសួរថា៖ «អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា?»។ ពួកគេទូលឆ្លើយថា៖ «ព្រះអម្ចាស់! សូមយាងទៅទតមើល»។ នៅពេលដែលមកដល់ផ្នូរ ឃើញថាជារអាងភ្នំដែលមានថ្មមួយបិទសន្ធប់។ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មចេញ!»។ ដោយឥតយល់នូវអ្វីដែលព្រះយេស៊ូបម្រុងនឹងធ្វើ នោះនាងម៉ាថាទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ»ហើយ។ ក៏ប៉ុន្តែព្រះយេស៊ូសួរថា៖ «តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី?»។—យ៉ូហាន ១១:១៧-៤០
១៩. ហេតុអ្វីក៏ព្រះយេស៊ូអធិស្ឋាននៅសាធារណៈ មុននឹងប្រោសឡាសារឲ្យរស់ឡើងវិញនោះ?
១៩ ពេលដែលគេយកថ្មចេញពីផ្នូររបស់ឡាសារ នោះព្រះយេស៊ូអធិស្ឋានដោយឮៗ ដើម្បីឲ្យបណ្ដាជនដឹងថា អ្វីដែលទ្រង់នឹងធ្វើ គឺបានសម្រេចតាមរយៈព្រះចេស្ដារបស់ព្រះវិញ។ រួចមក ទ្រង់ក៏បន្លឺវាចាថា៖ «ឡាសារអើយ! ចូរចេញមក!»។ នោះឡាសារក៏ចេញមកទាំងសំពត់ស្នបរុំជាប់នៅជើងដៃផងហើយមានកន្សែងគ្របមុខដែរ។ ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «ចូរស្រាយគាត់ឲ្យទៅចុះ»។—យ៉ូហាន ១១:៤១-៤៤
២០. តើពួកអ្នកដែលឃើញព្រះយេស៊ូប្រោសឡាសារឲ្យរស់ឡើងវិញ បានប្រព្រឹត្តយ៉ាងដូចម្ដេច?
២០ ពេលដែលឃើញនូវអព្ភូតហេតុនេះ ពួកយូដាជាច្រើនដែលបានមកសម្រាលទុក្ខនាងម៉ាថានិងម៉ារា ក៏មានជំនឿលើព្រះយេស៊ូទៅ។ ពួកឯទៀតក៏ទៅប្រាប់ពួកផារីស៊ីនូវអ្វីដែលបានកើតឡើង។ តើគេមានទឹកចិត្តយ៉ាងណា? មួយរំពេចនោះ ពួកគេនិងពួកសង្គ្រាជក៏ប្រមូលក្រុមប្រឹក្សាមកនិយាយជាបន្ទាន់។ ដោយមានការភ័យស្លន់ស្លោ នោះពួកគេទួញសោកថា៖ «តើយើងត្រូវធ្វើដូចម្ដេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់? បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើងផង»។ ប៉ុន្តែសំដេចសង្ឃឈ្មោះកៃផាមានប្រសាសន៍ទៅគេថា៖ «មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្ដាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ»។ ដូច្នេះហើយ ចាប់តាំងពីថ្ងៃនោះមក ពួកគេក៏ពិគ្រោះគ្នានឹងសម្លាប់ទ្រង់ចេញ។—យ៉ូហាន ១១:៤៥-៥៣
២១. តើអព្ភូតហេតុនៃដំណើររស់ឡើងវិញរបស់ឡាសារជាផ្នែកដើមនៃព្រឹត្ដិការណ៍អ្វី?
២១ ដូច្នេះដោយពន្យារពេលទៅភូមិបេថានី នោះព្រះយេស៊ូអាចធ្វើអព្ភូតហេតុ ដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ដោយមានព្រះចេស្ដាពីព្រះ នោះព្រះយេស៊ូប្រោសបុរសនេះដែលបានស្លាប់អស់បួនថ្ងៃហើយនោះឲ្យរស់ឡើងវិញ។ សូម្បីតែក្រុមប្រឹក្សាជាន់ខ្ពស់ដែលមានកិត្យានុភាព ក៏បានត្រូវជំរុញឲ្យកត់សម្គាល់ ហើយកាត់ទោសរកសម្លាប់អ្នកធ្វើអព្ភូតហេតុនេះដែរ! ដូច្នេះហើយ អព្ភូតហេតុនេះ មានបំណងជាការផ្ដើមនូវព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងកិច្ចបំរើរបស់ព្រះយេស៊ូ គឺជាការផ្លាស់ប្ដូរពីកំឡុងពេលនៃ«កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ» ទៅជាគ្រាដែល«កំណត់មកដល់ហើយ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេស៊ូបង្ហាញថាទ្រង់ជ្រាបអំពីកិច្ចការដែលព្រះចាត់មកយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏ព្រះយេស៊ូជំទាស់នឹងយោបល់របស់មាតារបស់ទ្រង់ ស្តីអំពីស្រានោះ?
• តើអ្វីដែលយើងអាចរៀនពីរបៀបដែលព្រះយេស៊ូតែងតែទាក់ទងនឹងពួកអ្នកប្រឆាំងទ្រង់នោះ?
• ហេតុអ្វីក៏ព្រះយេស៊ូពន្យារពេលក្នុងការព្យាបាលជម្ងឺរបស់ឡាសារ?
[រូបភាពនៅទំព័រ២៤]
ព្រះយេស៊ូចំណាយកម្លាំងរបស់ទ្រង់ចំពោះភារកិច្ច ដែលព្រះបានចាត់ឲ្យទ្រង់ធ្វើ