អេសាយ
២ នេះជាអ្វីដែលអេសាយជាកូនអាម៉ុសបានឃើញក្នុងគំនិត ស្ដីអំពីស្រុកយូដានិងក្រុងយេរូសាឡិម៖+
២ នៅគ្រាចុងក្រោយបង្អស់ ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា
នឹងត្រូវតាំងឡើងយ៉ាងមាំនៅលើភ្នំទាំងអស់+
គឺនឹងត្រូវលើកឡើងឲ្យខ្ពស់ជាងទីទួលទាំងប៉ុន្មានទៅទៀត
ហើយប្រជាជាតិទាំងឡាយនឹងនាំគ្នាឡើងទៅភ្នំនោះ។+
៣ ប្រជាជាតិជាច្រើននឹងនាំគ្នាឡើងទៅហូរហែ ហើយនិយាយថា៖
«ចូរមក យើងនាំគ្នាឡើងទៅលើភ្នំរបស់ព្រះយេហូវ៉ា
គឺទៅឯវិហាររបស់ព្រះនៃយ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក ហើយយើងនឹងដើរតាមផ្លូវទាំងនោះ»។+
ព្រោះក្រមច្បាប់*នឹងចេញពីក្រុងស៊ីយ៉ូន
ហើយបណ្ដាំរបស់ព្រះយេហូវ៉ាក៏នឹងចេញពីក្រុងយេរូសាឡិមដែរ។+
៤ ក្នុងចំណោមប្រជាជាតិទាំងឡាយ លោកនឹងធ្វើការវិនិច្ឆ័យ
ហើយដោះស្រាយអ្វីៗទាំងអស់ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិជាច្រើន។
ពួកគេនឹងយកដាវរបស់ខ្លួន ដំធ្វើជាផាលនង្គ័ល
ហើយយកលំពែង ដំធ្វើជាដង្កាវវិញ។+
ប្រជាជាតិមួយនឹងមិនលើកដាវច្បាំងនឹងប្រជាជាតិមួយទៀតឡើយ
ហើយក៏មិនរៀនធ្វើសង្គ្រាមទៀតដែរ។+
៥ ឱពូជពង្សយ៉ាកុបអើយ! ចូរមក យើងនឹងដើរក្នុងពន្លឺនៃព្រះយេហូវ៉ា។+
៦ លោកបានបោះបង់ចោលពូជពង្សយ៉ាកុបដែលជារាស្ត្ររបស់លោក+
ព្រោះពួកគេធ្វើតាមទំនៀមទម្លាប់ជាច្រើនពីស្រុកខាងកើត
ថែមទាំងប្រើវេទមន្ត+ដូចពួកភីលីស្ទីនទៀតផង
ក្នុងចំណោមពួកគេ មានកូនចៅជនជាតិដទៃជាច្រើន។
៧ ស្រុករបស់ពួកគេពេញទៅដោយមាសនិងប្រាក់
ហើយមានទ្រព្យសម្បត្តិយ៉ាងបរិបូរ ថែមទាំងមានសេះពេញស្រុក
ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។+
៨ ទឹកដីរបស់ពួកគេពេញទៅដោយរូបព្រះឥតបានការ។+
ពួកគេក្រាបគោរពចំពោះស្នាដៃរបស់ខ្លួន គឺចំពោះអ្វីដែលពួកគេបានធ្វើ។
៩ យ៉ាងនោះ មនុស្សបានបន្ទាបបន្ថោកខ្លួន ហើយនឹងត្រូវអាប់ឱន។
គ្មានផ្លូវឲ្យលោកអភ័យទោសឲ្យពួកគេទេ។
១០ ចូរចូលទៅពួនក្នុងរូងភ្នំ ហើយលាក់ខ្លួននៅក្នុងដីចុះ
ដោយសារព្រះយេហូវ៉ាបញ្ចេញកំហឹងដ៏គួរឲ្យស្ញែងខ្លាច និងសិរីរុងរឿងដ៏អស្ចារ្យ។+
១១ មនុស្សក្រអឺតក្រទមនឹងត្រូវបាក់មុខ ហើយមនុស្សអំណួតនឹងត្រូវបន្ទាបចុះ។
នៅថ្ងៃនោះ មានតែព្រះយេហូវ៉ាប៉ុណ្ណោះនឹងត្រូវលើកតម្កើង។
១២ ព្រោះនោះជាថ្ងៃរបស់ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។+
អស់អ្នកណាដែលមានឫកខ្ពស់ និងចិត្តក្រអឺតក្រទមនឹងមិនអាចគេចរួចឡើយ
គឺគ្មានអ្នកណាម្នាក់នឹងរួចខ្លួនបានទេ ទោះជាអ្នកខ្ពង់ខ្ពស់ឬតូចទាបក្ដី+
១៣ ដើមស៊ីដារខ្ពស់ៗនៅភ្នំលីបង់
និងដើមអូកទាំងប៉ុន្មាននៅតំបន់បាសាន ក៏នឹងគេចមិនរួចដែរ។
១៤ អស់ទាំងភ្នំខ្ពស់ត្រដែត ព្រមទាំងទួលខ្ពស់ទាំងឡាយ នឹងគេចមិនផុតឡើយ។
១៥ ប៉មខ្ពស់ទាំងអស់ និងកំពែងរឹងមាំនានា ក៏នឹងមិនធន់នៅដែរ។
១៦ អស់ទាំងសំពៅតើស៊ីស+ និងទូកល្អៗ នឹងគេចមិនរួចឡើយ។
១៧ មនុស្សក្រអឺតក្រទមនឹងត្រូវបាក់មុខ ហើយមនុស្សអួតអាងនឹងត្រូវបន្ទាបចុះ។
នៅថ្ងៃនោះ មានតែព្រះយេហូវ៉ាប៉ុណ្ណោះនឹងត្រូវលើកតម្កើង។
១៨ រូបព្រះឥតបានការ នឹងត្រូវសាបសូន្យទៅ។+
១៩ មនុស្សនឹងចូលទៅពួនក្នុងរូងភ្នំ ហើយលាក់ខ្លួននៅក្នុងរូងដី+
ដោយសារព្រះយេហូវ៉ាបញ្ចេញកំហឹងដ៏គួរឲ្យស្ញែងខ្លាច និងសិរីរុងរឿងដ៏អស្ចារ្យ+
គឺនៅពេលដែលលោកក្រោកឡើងធ្វើឲ្យផែនដីទាំងមូលញ័ររន្ធត់។
២០ នៅថ្ងៃនោះ មនុស្សនឹងយករូបព្រះឥតបានការដែលពួកគេបានធ្វើពីមាសនិងពីប្រាក់ ជារូបព្រះដែលពួកគេទុកសម្រាប់គោរពបូជា បោះទៅឯហ្វូងកណ្ដុរនិងហ្វូងប្រចៀវ+
២១ ហើយចូលទៅពួនក្នុងរអាងថ្ម និងលាក់ខ្លួននៅក្នុងក្រហែងថ្ម
ដោយសារព្រះយេហូវ៉ាបញ្ចេញកំហឹងដ៏គួរឲ្យស្ញែងខ្លាច និងសិរីរុងរឿងដ៏អស្ចារ្យ
គឺនៅពេលដែលលោកក្រោកឡើងធ្វើឲ្យផែនដីទាំងមូលញ័ររន្ធត់។
២២ ដើម្បីប្រយោជន៍ខ្លួន ចូរឈប់ទុកចិត្តមនុស្ស
ដែលអាចផុតដង្ហើមស្លាប់ទៅ។ តើគាត់អាចជួយម្ដេចនឹងបាន?