ដំណើរចាកចេញ
៦ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «អ្នកនឹងឃើញអ្វីដែលខ្ញុំនឹងធ្វើដល់ផារ៉ូ។+ ខ្ញុំនឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំដើម្បីបង្ខំគាត់ឲ្យដោះលែងរាស្ត្ររបស់ខ្ញុំ។ ក្រោយពីបានឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំហើយ គាត់នឹងបណ្ដេញរាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីបជាមិនខាន»។+
២ បន្ទាប់មក ព្រះបានប្រាប់ម៉ូសេថា៖ «ខ្ញុំជាយេហូវ៉ា។ ៣ ខ្ញុំបានលេចមកជួបអាប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយពួកគេស្គាល់ខ្ញុំជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+ ប៉ុន្តែ ស្ដីអំពីនាមរបស់ខ្ញុំជាយេហូវ៉ា+ ខ្ញុំមិនបានបើកបង្ហាញឲ្យពួកគេស្គាល់យ៉ាងពេញលេញទេ។+ ៤ បន្ថែមទៅទៀត ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ដើម្បីប្រគល់ស្រុកកាណានឲ្យដល់ពួកគេទុកជាមត៌ក គឺជាស្រុកដែលពួកគេធ្លាប់រស់នៅជាជនបរទេស។+ ៥ ឥឡូវ ខ្ញុំបានឮការស្រែកថ្ងូររបស់ជនជាតិអ៊ីស្រាអែល ដែលត្រូវពួកអេហ្ស៊ីបបង្ខំឲ្យធ្វើការដូចជាខ្ញុំបម្រើ ហើយខ្ញុំបាននឹកឃើញនូវកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
៦ «ដូច្នេះ ចូរទៅប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ខ្ញុំជាយេហូវ៉ា ខ្ញុំនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីការគាបសង្កត់របស់ពួកអេហ្ស៊ីប ហើយខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីភាពជាខ្ញុំបម្រើ។+ ខ្ញុំនឹងវិនិច្ឆ័យជនជាតិអេហ្ស៊ីប ហើយដាក់ទោសពួកគេយ៉ាងធ្ងន់ រួចខ្ញុំនឹងនាំអ្នករាល់គ្នាចាកចេញដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។+ ៧ ខ្ញុំនឹងយកអ្នករាល់គ្នាធ្វើជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា ជាព្រះដែលបានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីបន្ទុកដ៏ធ្ងន់ដែលពួកអេហ្ស៊ីបដាក់លើអ្នករាល់គ្នា។ ៨ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុកដែលខ្ញុំបានស្បថថានឹងប្រគល់ឲ្យដល់អាប្រាហាំ អ៊ីសាក និងយ៉ាកុប។ ខ្ញុំនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាមត៌ក។+ ខ្ញុំនេះហើយជាយេហូវ៉ា›»។+
៩ ក្រោយមក ម៉ូសេបាននាំប្រសាសន៍នេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពួកគេមិនបានស្ដាប់គាត់ទេ ដោយសារពួកគេបានធ្លាក់ទឹកចិត្ត និងដោយសារការងារធ្ងន់ៗ។+
១០ ក្រោយនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ១១ «ចូរទៅប្រាប់ផារ៉ូជាស្ដេចស្រុកអេហ្ស៊ីបថាគាត់ត្រូវអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនេះ»។ ១២ ប៉ុន្តែ ម៉ូសេបានតបទៅព្រះយេហូវ៉ាថា៖ «សូម្បីតែកូនចៅអ៊ីស្រាអែលមិនព្រមស្ដាប់ខ្ញុំទៅហើយ+ ចុះទម្រាំដល់ផារ៉ូ តើគាត់នឹងព្រមស្ដាប់ខ្ញុំជាមនុស្សដែលមិនពូកែសម្ដីម្ដេចនឹងបានទៅ?»។+ ១៣ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនម្ដងទៀតនូវអ្វីដែលពួកគាត់ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលនិងផារ៉ូ ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។
១៤ នេះជាប្រមុខគ្រួសារកូនចៅអ៊ីស្រាអែល ពួកគេមានដូចតទៅ៖ រូបេនជាកូនច្បងរបស់អ៊ីស្រាអែល។+ កូន*របស់គាត់មាន ហាណុក ផាលូ ហេស្រុន និងកាម៉ាយ។+ ពួកគេជាប្រមុខគ្រួសារដែលចេញពីរូបេន។
១៥ កូនរបស់ស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត យ៉ាគីន សូហា និងសេល។ សេលបានកើតពីស្ត្រីជនជាតិកាណាន។+ ពួកគេសុទ្ធតែជាប្រមុខគ្រួសារដែលចេញពីស៊ីម្មាន។
១៦ កូនរបស់លេវី+មាន គើសុន កូហាត និងមេរេរ៉ាយ។+ លេវីរស់បាន១៣៧ឆ្នាំ។ បញ្ជីឈ្មោះកូនចៅលេវីតាមក្រុមគ្រួសាររបស់ពួកគេមានដូចតទៅ៖
១៧ កូនរបស់គើសុនមាន លីបណាយ និងស៊ីមម៉ាយ។ ពួកគេជាប្រមុខគ្រួសារ។+
១៨ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និងអូសៀល។+ កូហាតរស់បាន១៣៣ឆ្នាំ។
១៩ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយ និងមូសាយ។
ពួកគេទាំងអស់ជាប្រមុខគ្រួសារមកពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។+
២០ អាំរ៉ាមបានរៀបការជាមួយនឹងយ៉ុកេបេតជាប្អូនស្រីឪពុកគាត់+ ហើយនាងបានបង្កើតអេរ៉ុននិងម៉ូសេ។+ អាំរ៉ាមរស់បាន១៣៧ឆ្នាំ។
២១ កូនរបស់អ៊ីសហាមាន កូរ៉ា+ នេផេក និងស៊ីកក្រាយ។
២២ កូនរបស់អូសៀលមាន មីសាអែល អេលីសាផាន+ និងស៊ីតរ៉ាយ។
២៣ អេរ៉ុនបានរៀបការជាមួយនឹងអេលីសេបាជាកូនអាមីណាដាប ត្រូវជាប្អូនស្រីណាសូន។+ នាងបានបង្កើតណាដាប អាបាយហ៊ូ អេលាសារ និងអ៊ីតតាម៉ា។+
២៤ កូនរបស់កូរ៉ាមាន អាសស៊ា អេលកាណា និងអាបាយអាសាប។+ ពួកគេជាប្រមុខគ្រួសារដែលមកពីកូរ៉ា។+
២៥ ចំណែកអេលាសារ+ជាកូនអេរ៉ុន គាត់បានរៀបការជាមួយនឹងកូនស្រីម្នាក់របស់ភូធែល។ នាងបានបង្កើតភីនេហាសឲ្យគាត់។+
ពួកគេទាំងអស់ជាប្រមុខគ្រួសារដែលមកពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។+
២៦ គឺអេរ៉ុននិងម៉ូសេនេះហើយដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «ចូរទៅនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពយ៉ាងធំ»។+ ២៧ ពួកអ្នកដែលបានចូលទៅនិយាយជាមួយនឹងផារ៉ូ ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប គឺម៉ូសេនិងអេរ៉ុន។+
២៨ នៅថ្ងៃនោះ ពេលដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនៅស្រុកអេហ្ស៊ីប ២៩ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ខ្ញុំជាយេហូវ៉ា ចូរទៅប្រាប់ផារ៉ូស្ដេចស្រុកអេហ្ស៊ីបអំពីអ្វីៗទាំងអស់ដែលខ្ញុំប្រាប់អ្នក»។ ៣០ ម៉ូសេបានតបទៅព្រះយេហូវ៉ាវិញថា៖ «ខ្ញុំមិនប្រសប់និយាយទេ ផារ៉ូមុខជាមិនស្ដាប់ខ្ញុំឡើយ»។+