ដើមកំណើត
៩ ក្រោយមក ព្រះបានឲ្យពរណូអេនិងកូនប្រុសៗរបស់គាត់ រួចលោកមានប្រសាសន៍ថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ។+ ២ ឯសត្វទាំងប៉ុន្មានដែលនៅផែនដី រួមទាំងសត្វហើរលើអាកាស សត្វលូនវារ និងត្រីក្នុងសមុទ្រ ពួកវានឹងបន្តខ្លាចអ្នករាល់គ្នា ព្រោះខ្ញុំបានប្រគល់ពួកវានៅក្រោមការគ្រប់គ្រងរបស់អ្នករាល់គ្នាហើយ។+ ៣ ចំណែកអ្វីៗទាំងអស់ដែលកម្រើកនិងមានជីវិត អ្នករាល់គ្នាអាចយកមកធ្វើជាអាហារបាន+ ដូចជារុក្ខជាតិខៀវខ្ចីដែលខ្ញុំបានឲ្យជាអាហារដល់អ្នករាល់គ្នាដែរ។+ ៤ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ដែលនៅមានឈាមទេ+ ព្រោះឈាមជាជីវិត។+ ៥ មួយវិញទៀត បើសត្វឬមនុស្សណាសម្លាប់អ្នករាល់គ្នា* ខ្ញុំនឹងទាមទារជីវិតវិញ។ បើសត្វណាសម្លាប់មនុស្ស សត្វនោះនឹងត្រូវស្លាប់។ បើអ្នកណាម្នាក់សម្លាប់មនុស្ស ខ្ញុំនឹងឲ្យអ្នកនោះសងជីវិតវិញ។+ ៦ បើអ្នកណាម្នាក់សម្លាប់*គេ អ្នកនោះនឹងត្រូវគេសម្លាប់វិញ+ ព្រោះព្រះបានបង្កើតមនុស្សឲ្យមានភាពដូចលោក។+ ៧ ចំណែកអ្នករាល់គ្នាវិញ ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានជាបរិបូរពេញផែនដីចុះ»។+
៨ បន្ទាប់មក ព្រះបានមានប្រសាសន៍ទៅកាន់ណូអេនិងកូនប្រុសៗរបស់គាត់ថា៖ ៩ «ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ្នករាល់គ្នា+ និងកូនចៅរបស់អ្នករាល់គ្នា ១០ ព្រមទាំងជាមួយនឹងសត្វទាំងឡាយដែលចេញពីទូកធំជាមួយនឹងអ្នករាល់គ្នាដែរ ទាំងសត្វស្លាប សត្វស្រុក និងសត្វព្រៃ ពោលគឺសត្វទាំងឡាយនៅផែនដី។+ ១១ ខ្ញុំធ្វើកិច្ចព្រមព្រៀងនេះជាមួយនឹងអ្នករាល់គ្នា គឺថា ខ្ញុំនឹងមិនបំផ្លាញជីវិតទាំងឡាយនៅផែនដីដោយទឹកជំនន់ទៀតទេ ហើយខ្ញុំក៏មិនបំផ្លាញផែនដីដោយទឹកជំនន់ទៀតដែរ»។+
១២ ព្រះបានបន្ថែមថា៖ «នេះជាសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងដែលខ្ញុំធ្វើជាមួយនឹងអ្នក ព្រមទាំងជាមួយនឹងសត្វគ្រប់ប្រភេទដែលនៅជាមួយនឹងអ្នកដែរ រហូតតទៅដល់ជំនាន់ក្រោយៗ។ ១៣ ខ្ញុំដាក់ឥន្ទធនូនៅក្នុងពពក ហើយឥន្ទធនូនោះនឹងធ្វើជាសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងរវាងខ្ញុំនិងផែនដី។ ១៤ ពេលណាដែលខ្ញុំប្រមូលពពកឲ្យផ្ដុំគ្នាពីលើផែនដី ពេលនោះឥន្ទធនូនឹងលេចមកក្នុងពពកនោះ។ ១៥ ពេលខ្ញុំឃើញឥន្ទធនូនោះ ខ្ញុំនឹងនឹកឃើញនូវកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងអ្នក ព្រមទាំងជាមួយនឹងសត្វគ្រប់ប្រភេទ ហើយខ្ញុំនឹងមិនធ្វើឲ្យមានទឹកជំនន់បំផ្លាញជីវិតទាំងឡាយទៀតឡើយ។+ ១៦ ពេលឥន្ទធនូលេចមកក្នុងពពក ខ្ញុំនឹងចាំនូវកិច្ចព្រមព្រៀងដែលមានជារៀងរហូត រវាងខ្ញុំនិងជីវិតទាំងឡាយនៅផែនដីនេះ»។
១៧ ព្រះបានមានប្រសាសន៍ទៅកាន់ណូអេម្ដងទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងរវាងខ្ញុំនិងជីវិតទាំងឡាយនៅផែនដី»។+
១៨ កូនប្រុសៗរបស់ណូអេដែលបានចេញពីទូកធំគឺ សិម ហាំ និងយ៉ាផេត។+ ក្រោយមក ហាំបានទៅជាឪពុករបស់កាណាន។+ ១៩ កូនប្រុសណូអេទាំងបីនាក់នេះហើយ ដែលបានទៅជាបុព្វបុរសរបស់មនុស្សជាតិទាំងឡាយទូទាំងផែនដី។+
២០ ក្រោយមក ណូអេចាប់ផ្ដើមភ្ជួររាស់ធ្វើចម្ការ ហើយដាំទំពាំងបាយជូរ។ ២១ ថ្ងៃមួយ ណូអេបានពិសាស្រាទំពាំងបាយជូរ ហើយក៏ស្រវឹង រួចដេកអាក្រាតនៅក្នុងត្រសាលរបស់គាត់។ ២២ ពេលឃើញដូច្នោះ ហាំជាឪពុករបស់កាណាន បានទៅខាងក្រៅប្រាប់បងប្អូនទាំងពីរនាក់របស់គាត់។ ២៣ ដូច្នេះ សិមនិងយ៉ាផេតបានយកអាវវែង កាន់ត្រដាងពីក្រោយស្មា រួចដើរថយក្រោយ ដើម្បីគ្របកេរ្តិ៍ខ្មាសឪពុក។ ពេលពួកគេដើរ ពួកគេបែរមុខចេញដើម្បីកុំឲ្យឃើញកេរ្តិ៍ខ្មាសឪពុក។
២៤ ក្រោយពីណូអេស្វាងស្រា គាត់បានដឹងអំពីអ្វីដែលកូនពៅរបស់គាត់បានធ្វើ ២៥ ដូច្នេះ គាត់បាននិយាយថា៖
«កាណានត្រូវបណ្ដាសាហើយ។+
គាត់នឹងក្លាយទៅជាខ្ញុំបម្រើថោកទាបបំផុតដល់បងប្អូនគាត់»។+
២៦ ណូអេបានបន្ថែមថា៖
«សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់សិមទទួលការសរសើរតម្កើង
ហើយចូរឲ្យកាណានធ្វើជាខ្ញុំបម្រើសិម។+
២៧ សូមព្រះវាតទឹកដីឲ្យយ៉ាផេត
ហើយសូមឲ្យយ៉ាផេតអាស្រ័យនៅក្នុងត្រសាលរបស់សិម។
ចូរឲ្យកាណានធ្វើជាខ្ញុំបម្រើយ៉ាផេតដែរ»។
២៨ ក្រោយពីទឹកជំនន់ ណូអេរស់បាន៣៥០ឆ្នាំទៀត។+ ២៩ អាយុសរុបរបស់ណូអេគឺ៩៥០ឆ្នាំ រួចមកគាត់ក៏ស្លាប់ទៅ។