ដើមកំណើត
១៣ បន្ទាប់មក អាប់រ៉ាមបាននាំប្រពន្ធ និងឡុត ព្រមទាំងយកអ្វីទាំងអស់ដែលគាត់មាន ចាកចេញពីស្រុកអេហ្ស៊ីបធ្វើដំណើរឆ្ពោះទៅតំបន់ណេកេប+វិញ។ ២ អាប់រ៉ាមមានហ្វូងសត្វនិងមាសប្រាក់ជាច្រើន។+ ៣ កាលដែលគាត់ធ្វើដំណើរពីតំបន់ណេកេបទៅក្រុងបេតអែល គាត់បានរើពីកន្លែងមួយទៅកន្លែងមួយ។ ក្រោយមក គាត់ទៅដល់កន្លែងដែលគាត់បានដំឡើងត្រសាលពីមុន គឺនៅរវាងក្រុងបេតអែលនិងក្រុងអៃ។+ ៤ ពេលមុន គាត់បានសង់ទីបូជាមួយនៅទីនោះ ហើយសរសើរតម្កើងនាមព្រះយេហូវ៉ា។
៥ ចំណែកឡុត កាលដែលគាត់ធ្វើដំណើរជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ និងត្រសាលជាច្រើនដែរ។ ៦ ដោយសារពួកគាត់មានទ្រព្យសម្បត្តិកាន់តែច្រើន នោះទឹកដីដែលពួកគាត់ស្នាក់នៅមិនធំល្មមឲ្យពួកគាត់រស់នៅជាមួយគ្នាទេ។ ៧ ហេតុនេះ ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតបានឈ្លោះប្រកែកគ្នា។ (គ្រានោះ ពួកកាណាននិងពួកពេរិស៊ីតបានរស់នៅលើទឹកដីនោះ)។+ ៨ ដូច្នេះ អាប់រ៉ាមបាននិយាយទៅកាន់ឡុតថា៖+ «សូមកុំឲ្យមានជម្លោះរវាងអ្នកនិងខ្ញុំ ហើយរវាងពួកគង្វាលខ្ញុំនិងពួកគង្វាលអ្នកឡើយ ព្រោះយើងជាសាច់ញាតិនឹងគ្នា។ ៩ អ្នកអាចជ្រើសរើសទៅរស់នៅកន្លែងណាក៏បានក្នុងស្រុកនេះ។ ដូច្នេះ សូមអ្នកបែកចេញពីខ្ញុំចុះ។ បើអ្នកទៅខាងឆ្វេង ខ្ញុំនឹងទៅខាងស្ដាំ តែបើអ្នកទៅខាងស្ដាំ ខ្ញុំនឹងទៅខាងឆ្វេងវិញ»។ ១០ ដូច្នេះ ឡុតបានក្រឡេកមើលជុំវិញ ហើយឃើញថាមានតំបន់ខៀវស្រងាត់ចាប់ពីតំបន់ទន្លេយ៉ូដាន់+រហូតដល់ក្រុងសូអា+ (មុនព្រះយេហូវ៉ាបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា)។ តំបន់នោះស្អាតដូចសួន*របស់ព្រះយេហូវ៉ា+ និងដូចស្រុកអេហ្ស៊ីបដែរ។ ១១ បន្ទាប់មក ឡុតបានជ្រើសរើសតំបន់ទន្លេយ៉ូដាន់ទាំងមូល ហើយក៏ធ្វើដំណើរឆ្ពោះទៅទិសខាងកើត។ យ៉ាងនេះ អាប់រ៉ាមនិងឡុតបានបែកចេញពីគ្នា។ ១២ អាប់រ៉ាមបានរស់នៅក្នុងស្រុកកាណាន តែឡុតបានអាស្រ័យនៅតាមក្រុងក្នុងតំបន់ទន្លេយ៉ូដាន់។+ ក្រោយមក គាត់បានតាំងលំនៅ*នៅក្បែរក្រុងសូដុម។ ១៣ ពួកអ្នកក្រុងសូដុមសុទ្ធតែជាមនុស្សទុច្ចរិត ហើយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ប្រឆាំងនឹងព្រះយេហូវ៉ា។+
១៤ ក្រោយពីឡុតបានចាកចេញពីអាប់រ៉ាម ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អាប់រ៉ាមថា៖ «សូមមើលពីកន្លែងដែលអ្នកអាស្រ័យនៅ ទៅទិសខាងលិច ខាងកើត ខាងជើង និងខាងត្បូងចុះ។ ១៥ ទឹកដីទាំងអស់ដែលអ្នកឃើញនោះ ខ្ញុំនឹងឲ្យដល់អ្នកនិងកូនចៅ*អ្នកទុកជាមត៌កជាដរាបតទៅ។+ ១៦ ខ្ញុំនឹងធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនដូចលម្អងធូលីនៅផែនដី គឺច្រើនដល់ម្ល៉េះបានជាគ្មានអ្នកណាអាចរាប់បានឡើយ។+ ១៧ ចូរធ្វើដំណើរពេញទឹកដីទាំងមូលនេះ ហើយពិនិត្យមើលចុះ ព្រោះខ្ញុំនឹងឲ្យទឹកដីនេះដល់អ្នក»។ ១៨ ដូច្នេះ អាប់រ៉ាមបន្តរស់នៅក្នុងត្រសាល។ ក្រោយមក គាត់បានរើទៅរស់នៅឯហេប្រុន+ នៅកន្លែងមួយដែលមានដើមឈើធំៗ ហៅថាម៉ាមរេ។+ នៅទីនោះ គាត់បានសង់ទីបូជាមួយជូនព្រះយេហូវ៉ា។+