ចូរឲ្យមានជំនឿដូចជំនឿរបស់អ័ប្រាហាំ
«ពួកអ្នកដែលមានសេចក្ដីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ»។—កាឡាទី ៣:៧
១. តើតាមរបៀបណាដែលអាប់រ៉ាមបានស៊ូទ្រាំនឹងការសាកល្បងថ្មីនៅស្រុកកាណាន?
លោកអាប់រ៉ាមបានលះចោលជីវភាពមួយដ៏សុខស្រួលនៅទីក្រុងអ៊ើរ ដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ការពិបាកដែលគាត់បានពិសោធន៍ ក្នុងកំឡុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីនោះ គ្រាន់តែជាដើមចមនៃការសាកល្បងនូវជំនឿ ដែលគាត់បានប្រឈមមុខនៅស្រុកអេស៊ីព្ទតែប៉ុណ្ណោះ។ កំណត់ហេតុក្នុងព្រះគម្ពីរចែងថា៖ «នៅស្រុកនោះកើតមានអំណត់អត់»។ អាប់រ៉ាមអាចក្រៀមក្រំក្នុងចិត្តមែន ដោយសារកាលៈទេសៈរបស់ខ្លួន! ផ្ទុយទៅវិញ គាត់បានចាត់វិធានការដែលមានប្រយោជន៍ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការខាងរាងកាយរបស់គ្រួសារគាត់។ «អាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់»។ អ្នកស្រុកអេស៊ីព្ទច្បាស់ជានឹងចាប់អារម្មណ៍ ទៅលើក្រុមគ្រួសារដ៏ធំរបស់អាប់រ៉ាមហើយ។ តើព្រះយេហូវ៉ានឹងប្រព្រឹត្តតាមសេចក្ដីសន្យារបស់ទ្រង់ដោយការពារអាប់រ៉ាមពីគ្រោះថ្នាក់ឬទេ?—លោកុប្បត្តិ ១២:១០; និក្ខមនំ ១៦:២, ៣
២, ៣. (ក) ហេតុអ្វីបានជាអាប់រ៉ាមមិនឲ្យគេដឹងថា ភរិយាគាត់ជាអ្នកណា? (ខ) តើអាប់រ៉ាមបានតបឆ្លើយយ៉ាងណាចំពោះភរិយារបស់គាត់ក្នុងកាលៈទេសៈនេះ?
២ លោកុប្បត្តិ ១២:១១-១៣ ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយចែងថា៖ «ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយ ជាភរិយាថា៖ ‹មើល៍! បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ ហេតុនេះពេលជនជាតិអេស៊ីបឃើញអូន គេមុខជាពោលថា៖ «នាងនេះជាប្រពន្ធរបស់គាត់!» គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនអោយនៅរស់។ ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីអោយគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ›»។ ទោះជាសារ៉ាយមានអាយុជាង៦៥ឆ្នាំហើយក៏ដោយ គាត់នៅតែមានរូបឆោមស្អាតដដែល។ នោះបានបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អាប់រ៉ាម។a (លោកុប្បត្តិ ១២:៤, ៥; ១៧:១៧) អ្វីដ៏សំខាន់ជាងនោះទៅទៀតគឺថា រឿងដែលជាប់ទាក់ទងនឹងគោលបំណងរបស់ព្រះយេហូវ៉ា ក៏ត្រូវប្រថុយដែរ ដ្បិតទ្រង់បានមានបន្ទូលថា តាមរយៈពូជរបស់អាប់រ៉ាម គ្រប់ទាំងសាសន៍នៅផែនដីនឹងទទួលពរ។ (លោកុប្បត្តិ ១២:២, ៣, ៧) គឺសំខាន់ណាស់ដែលអាប់រ៉ាមបន្តរស់ ដោយសារគាត់មិនទាន់មានកូនចៅនៅឡើយនោះ។
៣ អាប់រ៉ាមបាននិយាយជាមួយភរិយារបស់គាត់អំពីផែនការមួយ ដែលគេបានឯកភាពពីមុនមកគឺថា សារ៉ាយនឹងនិយាយថា គាត់ជាប្អូនស្រីរបស់អាប់រ៉ាម។ សូមកត់សម្គាល់ថា ថ្វីដ្បិតគាត់មានអំណាចជាមេគ្រួសារក៏ដោយ គាត់មិនបានប្រើឋានៈរបស់គាត់ដើម្បីត្រួតត្រាយ៉ាងសាហាវទេ ប៉ុន្តែគាត់បានសូមឲ្យភរិយារបស់គាត់ជួយ និងគាំទ្រគាត់វិញ។ (លោកុប្បត្តិ ១២:១១-១៣; ២០:១៣) ក្នុងរឿងនេះ អាប់រ៉ាមជាគំរូដ៏ល្អសំរាប់ស្វាមីទាំងឡាយចំពោះការប្រើអំណាចជាមេគ្រួសារ។ និងដោយសារសារ៉ាយបានចុះចូល នោះគាត់ជាគំរូដ៏ល្អសំរាប់ភរិយាទាំងឡាយនៅសព្វថ្ងៃនេះដែរ។—អេភេសូរ ៥:២៣-២៨; កូល៉ុស ៤:៦
៤. សព្វថ្ងៃនេះ តើអ្នកបំរើស្មោះត្រង់របស់ព្រះត្រូវប្រព្រឹត្តយ៉ាងណា ពេលមានរឿងពាក់ព័ន្ធនឹងជីវិតស្លាប់រស់របស់បងប្អូនយើង?
៤ សារ៉ាយអាចនិយាយថាគាត់ជាប្អូនស្រីរបស់អាប់រ៉ាម ដោយសារពួកគេពិតជាបងប្អូនឪពុកជាមួយគ្នា។ (លោកុប្បត្តិ ២០:១២) ម្យ៉ាងទៀត អាប់រ៉ាមមិនចាំបាច់វិភាគពត៌មានដល់អ្នកណា ដែលគ្មានសិទ្ធិទទួលនោះឡើយ។ (ម៉ាថាយ ៧:៦) នៅសម័យយើងនេះ អ្នកបំរើដ៏ស្មោះត្រង់របស់ព្រះធ្វើតាមបង្គាប់ក្នុងព្រះគម្ពីរ ដែលឲ្យនិយាយពិតត្រង់។ (ហេព្រើរ ១៣:១៨) ជាឧទាហរណ៍ ពួកគេនឹងមិននិយាយភូតភរនៅក្នុងតុលាការទេ ពេលគេបានសន្យាថា នឹងនិយាយការពិតនោះ។ ក៏ប៉ុន្តែ ពេលប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតខាងរូបកាយឬក៏ខាងវិញ្ញាណរបស់បងប្អូនយើង ដូចជាក្នុងគ្រាដែលមានការបៀតបៀនឬក៏ចលាចលស៊ីវិល នោះពួកគេធ្វើតាមឱវាទរបស់ព្រះយេស៊ូដែលថា ឲ្យយើងធ្វើដូចជា៖ «អ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប»។—ម៉ាថាយ ១០:១៦; សូមមើលទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទំព័រ១៨ វគ្គ១៩
៥. ហេតុអ្វីបានជាសារ៉ាយសុខចិត្តធ្វើតាមសំណូមពររបស់អាប់រ៉ាម?
៥ តើសារ៉ាយបានតបយ៉ាងណា នឹងសំណូមពររបស់អាប់រ៉ាម? សាវ័កពេត្រុសបានពណ៌នាពីស្ត្រីបែបនេះ ជាអ្នកដែល«សង្ឃឹមដល់ព្រះ»។ ហេតុនោះហើយបានជាសារ៉ាយអាចយល់ពីរឿងខាងវិញ្ញាណ ដែលពាក់ព័ន្ធនឹងរឿងនោះ។ ម្យ៉ាងទៀត គាត់ស្រឡាញ់និងគោរពស្វាមីរបស់គាត់ណាស់។ ដូច្នេះ សារ៉ាយបានជ្រើសរើស«ចុះចូលចំពោះប្ដី»ហើយលាក់ការពិត កុំឲ្យគេដឹងថាគាត់មានស្វាមីហើយ។ (ពេត្រុសទី១ ៣:៥) ពិតមែនហើយ ការធ្វើអ៊ីចឹងបានបើកឲ្យគាត់អាចមានគ្រោះថ្នាក់ផងដែរ។ «កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ»។—លោកុប្បត្តិ ១២:១៤, ១៥
សេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា
៦, ៧. តើអាប់រ៉ាមនិងសារ៉ាយបានស្ថិតក្នុងកាលៈទេសៈអ្វីដែលនាំឲ្យឈឺចាប់? ប៉ុន្តែ តើព្រះយេហូវ៉ាបានសង្គ្រោះសារ៉ាយយ៉ាងដូចម្ដេច?
៦ នោះប្រាកដជាធ្វើឲ្យអាប់រ៉ាមនិងសារ៉ាយឈឺចាប់ណាស់ហ្ន៎! មើលទៅមុខជាសារ៉ាយនឹងត្រូវគេបង្ខូចហើយ។ លើសពីនេះទៅទៀត ដោយព្រោះស្តេចផារ៉ោនមិនដឹងថា សារ៉ាយមានស្វាមីហើយ នោះទ្រង់បានប្រទានអំណោយជាច្រើនក្រៃលែងដល់អាប់រ៉ាម រហូតដល់«គាត់បានហ្វូងចៀម ហ្វូងគោ នឹងលាឈ្មោល លាញី ហើយនឹងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង»។b (លោកុប្បត្តិ ១២:១៦) អាប់រ៉ាមច្បាស់ជាស្អប់អំណោយទាំងនោះខ្លាំងណាស់ហើយមើលទៅ! ថ្វីបើកាលៈទេសៈនោះមើលទៅដូចជាអស់សង្ឃឹមក៏ដោយ ព្រះយេហូវ៉ាមិនបានបោះបង់ចោលអាប់រ៉ាមឡើយ។
៧ «តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន នឹងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម»។ (លោកុប្បត្តិ ១២:១៧) តាមវិធីមួយដែលមិនបានរៀបរាប់ក្នុងខគម្ពីរនោះ ដើមហេតុពិតប្រាកដ ដែលធ្វើឲ្យមាន«សេចក្ដីវេទនា»ទាំងនេះ បានត្រូវបើកសម្ដែងឲ្យផារ៉ោនជ្រាបដឹង។ ទ្រង់បានប្រព្រឹត្តតបភ្លាមៗ៖ «រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា៖ តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថានាងជាប្រពន្ធឯង ម្ដេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ ផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ ហើយគេបញ្ជូនគាត់ ព្រមទាំងប្រពន្ធ នឹងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ»។—លោកុប្បត្តិ ១២:១៨-២០; ទំនុកដំកើង ១០៥:១៤, ១៥
៨. តើព្រះយេហូវ៉ាសន្យាការពារគ្រីស្ទានសព្វថ្ងៃនេះពីអ្វីទៅ?
៨ សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនធានាថា យើងនឹងត្រូវការពារឲ្យរួចពីសេចក្ដីស្លាប់ ឧក្រិដ្ឋកម្ម ទុរភិក្ស ឬក៏មហន្តរាយធម្មជាតិឡើយ។ តែព្រះយេហូវ៉ាសន្យាថា ទ្រង់នឹងការពារយើងពីអ្វីដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ភាពខាងវិញ្ញាណរបស់យើង។ (ទំនុកដំកើង ៩១:១-៤) ទ្រង់ច្រើនតែធ្វើអ៊ីចឹង ដោយប្រទានឲ្យការព្រមានតាមត្រូវពេល តាមរយៈបន្ទូលរបស់ទ្រង់ និង«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ (ម៉ាថាយ ២៤:៤៥) ចុះយ៉ាងណាវិញចំពោះលទ្ធភាពស្លាប់ដោយសារការបៀតបៀន? ទោះជាបុគ្គលខ្លះៗនឹងស្លាប់ក៏ដោយ ព្រះនឹងមិនឲ្យរាស្ត្ររបស់ទ្រង់ទាំងមូលត្រូវបំផ្លាញចោលនោះឡើយ។ (ទំនុកដំកើង ១១៦:១៥) ហើយបើសិនជាអ្នកខ្លះដែលស្មោះត្រង់ត្រូវលេបបំបាត់ដោយសេចក្ដីស្លាប់ នោះយើងអាចជឿជាក់ថា គេនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
ការធ្វើពលិកម្មដើម្បីឲ្យមានសន្ដិភាព
៩. តើអ្វីបញ្ជាក់ថាអាប់រ៉ាមបានផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយពេលគាត់នៅស្រុកកាណាននោះ?
៩ ក្រោយពីទុរភិក្សនៅស្រុកកាណានបានកន្លងផុតទៅ«នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង[ណេកិប ដែលជាតំបន់ស្ងួតសោះកក្រោះខាងត្បូងជួរភ្នំស្រុកយូដា] ព្រមទាំងប្រពន្ធនឹងទ្រព្យសម្បត្ដិទាំងអស់ ហើយឡុតដែរ អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់»។ (លោកុប្បត្តិ ១៣:១, ២) អ្នកដែលរស់នៅតំបន់នោះ នឹងចាត់ទុកគាត់ជាបុរសដែលមានអំណាចនិងឥទ្ធិពលខ្លាំង គឺជាអ្នកធំ។ (លោកុប្បត្តិ ២៣:៦) អាប់រ៉ាមមិនចង់តាំងលំនៅនិងជ្រៀតជ្រែកចូលក្នុងរឿងនយោបាយរបស់សាសន៍កាណានឡើយ។ ផ្ទុយទៅវិញ «គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្ដាលបេត-អែលនឹងអៃយ»។ ដូចគាត់តែងតែធ្វើពីមុននោះ អាប់រ៉ាមបានទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត មិនថាគាត់ទៅកន្លែងណាក៏ដោយ។—លោកុប្បត្តិ ១៣:៣, ៤
១០. តើបញ្ហាអ្វីបានកើតឡើងរវាងអ្នកគង្វាលសត្វរបស់អាប់រ៉ាមនិងរបស់ឡុត? ហើយតើហេតុអ្វីសំខាន់ដែលជំទាស់នោះត្រូវដោះស្រាយយ៉ាងលឿន?
១០ «ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ នឹងត្រសាលជាច្រើនដែរ តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្ដិសន្ធឹកណាស់ ដល់ម្ល៉េះបានជាគេនៅជាមួយគ្នាពុំបាន មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ»។ (លោកុប្បត្តិ ១៣:៥-៧) ទឹកដីនោះគ្មានទឹកឬវាលស្មៅគ្រប់គ្រាន់សំរាប់ហ្វូងសត្វរបស់អាប់រ៉ាមនិងរបស់ឡុតទេ។ ជាលទ្ធផល ការតានតឹងចិត្តនិងការតូចចិត្តបានដុះដាលរវាងអ្នកគង្វាលសត្វ។ ការទាស់ទែងគ្នាបែបនេះ គឺមិនសមសំរាប់អ្នកដែលថ្វាយបង្គំព្រះពិតទេ។ បើសិនជាការឈ្លោះគ្នានោះបន្តទៅមុខទៀត ប្រហែលជានឹងមានការផ្ដាច់ទំនាក់ទំនងគ្នាតែម្ដង។ ដូច្នេះ តើអាប់រ៉ាមនឹងដោះស្រាយបញ្ហានេះតាមរបៀបណា? គាត់បានបីបាច់ថែរក្សាឡុតដូចជាកូនប្រុសរបស់ខ្លួន ក្រោយពីឪពុករបស់ឡុតបានស្លាប់ទៅ។ ដោយសារអាប់រ៉ាមគឺចាស់ជាងឡុត គាត់មានសិទ្ធិយកដីល្អបំផុតសំរាប់ខ្លួនគាត់ មែនទេ?
១១, ១២. ដោយចិត្តសទ្ធា តើអាប់រ៉ាមបានស្នើឲ្យឡុតធ្វើអ្វី? ហើយហេតុអ្វីបានជាជំរើសរបស់ឡុតមិនប្រកបទៅដោយប្រាជ្ញា?
១១ ក៏ប៉ុន្តែ «អាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញ មានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងទេឬអី? ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្ដាំ ឬបើឯងរើសយកខាងស្ដាំ នោះអញនឹងទៅខាងឆ្វេងវិញ»។ នៅជិតបេត-អែល មានកន្លែងមួយដែលបានហៅជា«ទីដ៏ល្អបំផុតសំរាប់មើលទេសភាពស្រុកប៉ាឡេស្ទីន»។ ប្រហែលជាពីកន្លែងនោះ ដែល«ឡុតក៏ងើបភ្នែកមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង»។—លោកុប្បត្តិ ១៣:៨-១០
១២ ទោះបីព្រះគម្ពីររាប់ទុកឡុតជា«អ្នកសុចរិត»ក៏ដោយ គាត់មិនបានព្រមឲ្យអាប់រ៉ាមជ្រើសមុនក្នុងរឿងនេះទេ ហើយក៏មើលទៅដូចជាគាត់មិនបានសូមយោបល់របស់អាប់រ៉ាមទៀតផង។ (ពេត្រុសទី២ ២:៧) «ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម»។ (លោកុប្បត្តិ ១៣:១១, ១២) ទីក្រុងសូដុំមប្រកបទៅដោយភាពរីកចំរើន ហើយក៏ផ្ដល់ប្រយោជន៍ជាច្រើនខាងទ្រព្យសម្បត្ដិ។ (អេសេគាល ១៦:៤៩, ៥០) ថ្វីបើជំរើសរបស់ឡុតមើលទៅដូចជាល្អផ្នែកទ្រព្យសម្បត្ដិក៏ដោយនោះគឺជាជំរើសមិនល្អផ្នែកវិញ្ញាណវិញ។ ហេតុអ្វី? ពីព្រោះលោកុប្បត្តិ ១៣:១៣ ចែងថា៖ «ពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក»។ ការសម្រេចចិត្តរបស់ឡុតឲ្យរើទៅនៅក្រុងនោះ ជាយថាហេតុ នឹងនាំឲ្យគ្រួសាររបស់គាត់វេទនាជាខ្លាំង។
១៣. តើដូចម្ដេចដែលគំរូរបស់អាប់រ៉ាមអាចជួយគ្រីស្ទានដែលមានទំនាស់អំពីរឿងលុយ?
១៣ ក៏ប៉ុន្តែ អាប់រ៉ាមបានបង្ហាញជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា នៅទីបំផុត ដីនោះនឹងជាកម្មសិទ្ធិរបស់ពូជគាត់ ដូច្នេះគាត់មិនចាំបាច់ឈ្លោះអំពីដីមួយផ្នែកតូចនោះឡើយ។ ដោយចិត្តសទ្ធា គាត់បានធ្វើតាមគោលការណ៍ក្នុងកូរិនថូសទី១ ១០:២៤៖ «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។ នេះគឺជាទីរំឭកដ៏ល្អមួយសំរាប់អ្នកណាដែលប្រហែលជាមានជំទាស់ជាមួយនឹងអ្នកជឿគ្នីគ្នាអំពីរឿងលុយ។ ជាជាងធ្វើតាមឱវាទនៅម៉ាថាយ ១៨:១៥-១៧ អ្នកខ្លះបានអូសទាញបងប្អូនទៅឯតុលាការ។ (កូរិនថូសទី១ ៦:១, ៧) គំរូរបស់អាប់រ៉ាមបង្ហាញថា គឺល្អជាងដែលខ្លួនខាតខាងលុយនិងទ្រព្យ ជាជាងនាំឲ្យមានការតិះដៀលមកដល់ព្រះនាមរបស់ព្រះយេហូវ៉ា ឬក៏បំផ្លាញសន្ដិភាពក្រុមជំនុំគ្រីស្ទាន។—យ៉ាកុប ៣:១៨
១៤. តើអាប់រ៉ាមត្រូវទទួលពរអ្វីដោយសារចិត្តសទ្ធារបស់គាត់?
១៤ អាប់រ៉ាមនឹងទទួលពរដោយសារចិត្តសទ្ធារបស់គាត់។ ព្រះបានបន្ទូលប្រកាសថា៖ «អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ»។ ការប្រកាសនេះប្រាកដជាបានលើកទឹកចិត្តអាប់រ៉ាមណាស់ហ្ន៎! ព្រោះគាត់មិនទាន់មានកូនចៅនៅឡើយទេ។ បន្ទាប់មក ព្រះបានបង្គាប់៖ «ចូរឯងក្រោកហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្ដោយនឹងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ»។ (លោកុប្បត្តិ ១៣:១៦, ១៧) អាប់រ៉ាមមិនអាចស្នាក់នៅក្នុងទីក្រុងមួយដ៏សុខស្រួលឡើយ។ គាត់ត្រូវនៅដោយឡែកពីសាសន៍កាណានវិញ។ គ្រីស្ទានសព្វថ្ងៃនេះត្រូវតែទុកខ្លួនដោយឡែកពីលោកីយ៍ផងដែរ។ ពួកគេមិនចាត់ទុកខ្លួនល្អជាងអ្នកឯទៀតទេ ក៏ប៉ុន្តែគេមិនសេពគប់ជិតស្និទ្ធជាមួយនឹងអ្នក ដែលអាចអូសទាញគេឲ្យប្រព្រឹត្តអ្វីខុសនឹងបទគម្ពីរឡើយ។—ពេត្រុសទី១ ៤:៣, ៤
១៥. (ក) តើការធ្វើដំណើររបស់អាប់រ៉ាមប្រហែលជាមានន័យអ្វី? (ខ) តើអាប់រ៉ាមបានទុកគំរូអ្វីសំរាប់ក្រុមគ្រួសារគ្រីស្ទានសព្វថ្ងៃនេះ?
១៥ នៅសម័យព្រះគម្ពីរ មុនដែលមនុស្សម្នាក់យកដីជាកម្មសិទ្ធិរបស់ខ្លួន នោះគាត់មានសិទ្ធិពិនិត្យមើលដីនោះមុនសិន។ ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ប្រហែលជាបានជួយរំឭកអាប់រ៉ាមថា នៅថ្ងៃមួយដីនោះនឹងទៅជារបស់ផងកូនចៅគាត់។ ដោយស្ដាប់បង្គាប់«អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ»។ (លោកុប្បត្តិ ១៣:១៨) ម្ដងទៀត អាប់រ៉ាមបានបង្ហាញថា ការថ្វាយបង្គំមានអាទិភាពបំផុតចំពោះគាត់។ តើការសិក្សាជាក្រុមគ្រួសារ ការអធិស្ឋាន និងការចូលរួមកិច្ចប្រជុំ ជាអាទិភាពក្នុងគ្រួសាររបស់អ្នកឬទេ?
សត្រូវសំរុកចូល
១៦. (ក) តើហេតុអ្វីពាក្យដំបូងនៃលោកុប្បត្តិ ១៤:១ គឺគួរឲ្យខ្លាច? (ខ) ហេតុអ្វីស្តេចបួនអង្គពីទិសខាងកើតនោះបានសំរុកចូលវាយប្រហារអ៊ីចឹង?
១៦ «នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំc នឹងធីដាលជាស្តេចកូយីម នោះគេលើកគ្នាទៅច្បាំង»។ ក្នុងភាសាហេព្រើរ ជាភាសាដើមនោះ ពាក្យដំបូងដែលថា(«នៅជំនាន់») បង្កប់អត្ថន័យមួយដ៏គួរឲ្យខ្លាច ទាំងចង្អុលបញ្ជាក់នូវ«រយៈពេលមួយដែលប្រកបទៅដោយសេចក្ដីទុក្ខលំបាក តែចប់ដោយពរវិញ»។ (លោកុប្បត្តិ ១៤:១, ២) សេចក្ដីទុក្ខលំបាកនេះបានចាប់ផ្ដើមពេលស្តេចបួនអង្គ និងទាហានរបស់ទ្រង់បានសំរុកចូលវាយប្រហារយ៉ាងខ្លាំងនូវស្រុកកាណាន។ តើអ្វីជាគោលបំណងរបស់គេ? ដើម្បីបង្ក្រាបការបះបោរប្រឆាំងពីទីក្រុងទាំង៥ ដែលមានទីក្រុងសូដុំម កូម៉ូរ៉ា អាត់ម៉ាសេបោម និងបេឡា។ ដោយបំផ្លាញយ៉ាងស្រួលនូវក្រុមអ្នកតស៊ូ ពួកគេក៏«មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល»។ ឡុតនិងក្រុមគ្រួសាររបស់គាត់នៅជិតនោះ។—លោកុប្បត្តិ ១៤:៣-៧
១៧. ហេតុអ្វីបានជាការចាប់យកឡុតជាឈ្លើយបានសាកល្បងនូវជំនឿរបស់អាប់រ៉ាម?
១៧ ស្តេចស្រុកកាណានបានប្រយុទ្ធតទល់យ៉ាងខ្លាំងដើម្បីទប់ទល់អ្នកឈ្លានពាននោះ តែបានចាញ់យ៉ាងគួរឲ្យអាម៉ាស់មុខ។ «រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្ដិនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម នឹងទ្រព្យសម្បត្ដិរបស់គាត់ នាំទៅជាមួយដែរ»។ ដំណឹងពីព្រឹត្ដិការណ៍ដ៏គួរឲ្យខ្លោចផ្សានោះបានឮមកដល់អាប់រ៉ាម៖ «មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយ»។ (លោកុប្បត្តិ ១៤:៨-១៤) នេះជាអ្វីដែលសាកល្បងជំនឿគាត់យ៉ាងណាទៅហ្ន៎! តើអាប់រ៉ាមនឹងចងគំនុំចំពោះក្មួយរបស់គាត់ ដោយព្រោះគាត់យកដីល្អបំផុតឬ? សូមចាំដែរថា អ្នកឈ្លានពានទាំងនេះមកពីស្រុកកំណើតរបស់អាប់រ៉ាមដែរ គឺជាស្រុកស៊ីណើរ។ ការតយុទ្ធនឹងគេមានន័យថា អស់មួយជីវិតគាត់មិនអាចត្រឡប់ទៅស្រុកកំណើតដែលជាមាតុភូមិរបស់គាត់ឡើយ។ ម្យ៉ាងទៀត តើអាប់រ៉ាមអាចធ្វើអ្វី ដើម្បីតទល់នឹងកងទ័ពមួយដែលសូម្បីតែទាហានទាំងអស់នៅស្រុកកាណានមិនអាចឈ្នះផងនោះ?
១៨, ១៩. (ក) តើដូចម្ដេចដែលអាប់រ៉ាមអាចសង្គ្រោះឡុតបាន? (ខ) តើអ្នកណាទទួលកិត្ដិយសចំពោះជ័យជំនះនេះ?
១៨ ម្ដងនេះទៀត អាប់រ៉ាមបានទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ «នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់។ គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស រួចនាំអស់ទាំងទ្រព្យសម្បត្ដិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្ដិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។ (លោកុប្បត្តិ ១៤:១៤-១៦) ដោយបង្ហាញជំនឿមុតមាំទៅលើព្រះយេហូវ៉ា នោះអាប់រ៉ាមបាននាំទាហានដែលមានមួយចំនួនតូចរបស់គាត់ទៅវាយហើយបានឈ្នះ និងសង្គ្រោះឡុតនិងគ្រួសាររបស់គាត់។ ក្រោយនោះ អាប់រ៉ាមបានជួបម៉ិលគីស្សាដែក ដែលជាស្តេចសង្ឃទីក្រុងសាឡិម។ «ម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំប៉័ង នឹងស្រាទំពាំងបាយជូរមកពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌នឹងផែនដី ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃឯងរួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់»។—លោកុប្បត្តិ ១៤:១៨-២០
១៩ ពិតមែនហើយ ជ័យជំនះនោះគឺមានដោយសារព្រះយេហូវ៉ា។ ដោយសារជំនឿរបស់អាប់រ៉ាម គាត់បានពិសោធន៍សេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ាម្ដងទៀត។ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះមិនចូលរួមសង្គ្រាមពិតប្រាកដទេ តែគេប្រឈមមុខការសាកល្បងនិងការពិបាកជាច្រើន។ អត្ថបទជាបន្តបន្ទាប់របស់យើង នឹងបង្ហាញរបៀបដែលគំរូរបស់អាប់រ៉ាមអាចជួយយើងស៊ូទ្រាំនឹងនោះ ដោយជោគជ័យ។
[កំណត់សម្គាល់]
a យោងទៅតាមសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា) «ផែបផាយរ៉ុសមួយពីបុរាណចែងអំពីស្តេចផារ៉ោនមួយអង្គ ដែលបានបញ្ជាឲ្យបុរសប្រដាប់អាវុធចាប់ស្ត្រីស្រស់ស្អាតម្នាក់ និងសម្លាប់ប្ដីរបស់គាត់ចោល»។ ហេតុនេះហើយ ការភិតភ័យរបស់អាប់រ៉ាមគឺសម មិនហួសហេតុទេ។
b នាងហាការ ដែលក្រោយមកបានទៅជាភរិយាចុងរបស់អាប់រ៉ាម ប្រហែលជានៅក្នុងចំណោមបាវស្រីដែលបានត្រូវជូនចំពោះអាប់រ៉ាមពេលនោះ។—លោកុប្បត្តិ ១៦:១
c អ្នកទិតៀនធ្លាប់អះអាងថា ទីក្រុងអេឡាំមិនដែលមានឥទ្ធិពលនៅប្រទេសស្រុកស៊ីណើរឡើយ ហើយថាកំណត់ហេតុអំពីការវាយប្រហារដោយស្តេចកេដូឡោមើរ គឺជារឿងប្រឌិតប៉ុណ្ណោះ។ ដើម្បីមើលភស្តុតាងពីបុរាណវត្ថុវិទ្យាដែលគាំទ្រកំណត់ហេតុក្នុងព្រះគម្ពីរ សូមមើល ទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩ ទំព័រ៤-៧
តើអ្នកបានកត់សម្គាល់ទេ?
• តើដូចម្ដេចដែលទុរភិក្សនៅស្រុកកាណាន បានធ្វើជាទីល្បងលជំនឿអាប់រ៉ាម?
• តើតាមរបៀបណាដែលអាប់រ៉ាមនិងសារ៉ាយ គឺជាគំរូល្អសំរាប់គូស្វាមីភរិយាសព្វថ្ងៃនេះ?
• តើយើងអាចរៀនគោលការណ៍អ្វីខ្លះ ពីរបៀបដែលអាប់រ៉ាមបានដោះស្រាយបញ្ហារវាងអ្នកបំរើរបស់គាត់និងអ្នកបំរើរបស់ឡុតនោះ?
[រូបភាពនៅទំព័រ២៦]
អាប់រ៉ាមបានទុកចិត្តទៅលើព្រះយេហូវ៉ាក្នុងការសង្គ្រោះឡុតជាក្មួយរបស់គាត់