ពេត្រុសទី១
៤ ដោយសារគ្រិស្តបានរងទុក្ខពេលដែលលោកជាមនុស្ស+ ចូរអ្នករាល់គ្នាប្រុងប្រៀបខ្លួនដោយមានចិត្តគំនិត*ដូចលោកដែរ ពីព្រោះអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម អ្នកនោះបានលះចោលការខុសឆ្គង+ ២ ដើម្បីរស់នៅធ្វើតាមបំណងប្រាថ្នារបស់ព្រះក្នុងអំឡុងពេលដែលអ្នកនោះនៅមានជីវិត* មិនមែនរស់នៅដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតទេ។+ ៣ ព្រោះវេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ+ ជាវេលាដែលអ្នករាល់គ្នាប្រព្រឹត្តដោយឥតកោតក្រែង* ដោយតណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា និងការគោរពបូជារូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។*+ ៤ ប៉ុន្តែ ពេលដែលអ្នករាល់គ្នាឈប់រត់ទៅននៀលក្នុងភក់ជ្រាំនៃអបាយមុខជាមួយនឹងពួកគេទៀត នោះធ្វើឲ្យពួកគេងឿងឆ្ងល់។ ដូច្នេះ ពួកគេក៏និយាយប្រមាថអ្នករាល់គ្នា។+ ៥ ប៉ុន្តែ មនុស្សទាំងនោះនឹងទទួលខុសត្រូវនៅចំពោះមុខលោកដែលបានប្រុងប្រៀបវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់។+ ៦ តាមពិត នេះជាមូលហេតុដែលដំណឹងល្អក៏បានត្រូវប្រកាសប្រាប់ដល់មនុស្សស្លាប់*ដែរ។+ យ៉ាងនេះ ទោះជាពួកគេបានត្រូវវិនិច្ឆ័យតាមសម្បកក្រៅដោយទស្សនៈរបស់មនុស្សក៏ដោយ តែព្រះចាត់ទុកពួកគេថាជាអ្នកដែលមានជីវិតរស់នៅក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់លោក។
៧ ប៉ុន្តែ ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរដឹងខុសត្រូវជានិច្ច+ ហើយចាំមិនភ្លេចអំពីសារៈសំខាន់នៃការអធិដ្ឋាន។+ ៨ ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង+ ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។+ ៩ ចូរទទួលគ្នាទៅវិញទៅមកយ៉ាងរាក់ទាក់ដោយមិនរអ៊ូរទាំ។+ ១០ ក្នុងនាមជាអ្នកចាត់ចែង*ល្អប្រសើរដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ នោះចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល។+ ១១ ប្រសិនបើអ្នកណានិយាយ អ្នកនោះត្រូវនិយាយអំពីប្រសាសន៍របស់ព្រះ។ បើអ្នកណាបំពេញកិច្ចបម្រើ អ្នកនោះត្រូវបំពេញកិច្ចបម្រើដោយពឹងផ្អែកលើកម្លាំងដែលព្រះផ្ដល់ឲ្យ+ ដើម្បីឲ្យព្រះទទួលការលើកតម្កើងក្នុងគ្រប់ការទាំងអស់+ តាមរយៈលោកយេស៊ូគ្រិស្ត។ សិរីរុងរឿងនិងកម្លាំងខ្លាំងក្លាជារបស់លោកជារៀងរហូតតទៅ។ អាមេន។
១២ បងប្អូនជាទីស្រឡាញ់អើយ កុំភ្ញាក់ផ្អើលអំពីភ្លើងដែលកំពុងឆេះក្នុងចំណោមអ្នករាល់គ្នា+ ហាក់ដូចជាមានអ្វីចម្លែកដែលកំពុងកើតឡើងដល់អ្នករាល់គ្នាឡើយ ព្រោះភ្លើងនោះកំពុងកើតឡើងដើម្បីល្បងលអ្នករាល់គ្នា។ ១៣ ក៏ប៉ុន្តែ ចូរបន្តអរសប្បាយ+ដោយសារអ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាករបស់គ្រិស្ត+ ដើម្បីឲ្យអ្នករាល់គ្នាអាចអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំង ពេលដែលសិរីរុងរឿងរបស់លោកនឹងត្រូវបង្ហាញឲ្យឃើញ។+ ១៤ ប្រសិនបើគេជេរប្រមាថ*អ្នករាល់គ្នាដោយសារនាមរបស់គ្រិស្ត នោះអ្នករាល់គ្នាមានសុភមង្គលហើយ+ ពីព្រោះសិរីរុងរឿងនៃឫទ្ធានុភាព គឺឫទ្ធានុភាពរបស់ព្រះកំពុងសណ្ឋិតលើអ្នករាល់គ្នា។
១៥ ក៏ប៉ុន្តែ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាណាម្នាក់រងទុក្ខទោសដោយសារជ្រៀតជ្រែកក្នុងរឿងអ្នកឯទៀត ដោយសារបានសម្លាប់គេ លួចគេ ឬធ្វើអំពើខុសឆ្គងឡើយ។+ ១៦ ប៉ុន្តែ ប្រសិនបើអ្នកណារងទុក្ខដោយសារជាគ្រិស្តសាសនិក អ្នកនោះមិនត្រូវខ្មាសឡើយ+ តែត្រូវបន្តលើកតម្កើងព្រះដោយរស់នៅជាគ្រិស្តសាសនិក។ ១៧ ព្រោះនេះជាពេលកំណត់ឲ្យការវិនិច្ឆ័យចាប់ផ្ដើមពីរាស្ត្រ*របស់ព្រះ។+ ប្រសិនបើការវិនិច្ឆ័យចាប់ផ្ដើមពីយើងមុនគេ+ តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនធ្វើតាមដំណឹងល្អរបស់ព្រះ?+ ១៨ «ហើយប្រសិនបើមនុស្សសុចរិតត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីទទួលសេចក្ដីសង្គ្រោះ នោះតើអ្នកដែលមិនគោរពកោតខ្លាចព្រះនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងទៅជាយ៉ាងណាវិញ?»។+ ១៩ ដូច្នេះ ចូរឲ្យពួកអ្នកដែលកំពុងរងទុក្ខដោយសារធ្វើតាមបំណងប្រាថ្នារបស់ព្រះ បន្តផ្ញើជីវិត*នឹងព្រះដែលជាអ្នកបង្កើតដ៏ស្មោះត្រង់ កាលដែលពួកគេកំពុងប្រព្រឹត្តការល្អ។+