ការទទួលរាក់ទាក់គ្រីស្ទានក្នុងលោកីយ៍ដែលបែកខ្ញែក
«ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។—យ៉ូហានទី៣ ៨
១. តើអ្វីជារង្វាន់ដែលចង់បានជាងគេ ដែលព្រះអាទិទេពបានប្រទានឲ្យមនុស្សលោក?
«នៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះ ជាផលពីការនឿយហត់របស់ខ្លួនដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន ដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃ»។ (សាស្ដា ៨:១៥) ដោយពាក្យទាំងនោះ ពួកជំនុំហេព្រើរពីសម័យបុរាណប្រាប់យើងថា ព្រះយេហូវ៉ាមិនគ្រាន់តែចង់ឲ្យមនុស្សមានចិត្តរីករាយនិងសប្បាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានមធ្យោបាយឲ្យពួកគេមានចិត្តបែបនេះផង។ ទូទាំងប្រវត្ដិសាស្ត្រមនុស្សលោក សេចក្ដីប្រាថ្នាដែលមានទូទៅក្នុងចំណោមមនុស្សគ្រប់ទីកន្លែង នោះគឺការចង់បានចិត្តរីករាយនិងពេលវេលាកំសាន្ត។
២. (ក) តើតាមរបៀបណាដែលមនុស្សបានរំលោភលើអ្វីដែលព្រះយេហូវ៉ាមានបំណងសំរាប់ពួកគេ? (ខ) តើមានលទ្ធផលយ៉ាងណា?
២ សព្វថ្ងៃនេះយើងរស់នៅក្នុងសង្គមតម្រេកនិយម ដែលមនុស្សគិតតែពីការស្វែងរកការកំសាន្តនិងការសប្បាយ។ ដូចព្រះគម្ពីរបានទាយមក មនុស្សជាច្រើនបានក្លាយទៅជា«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ (ធីម៉ូថេទី២ ៣:១-៤) ពិតហើយ នេះជាការខុសទាំងស្រុងពីអ្វីដែលព្រះយេហូវ៉ាមានគោលបំណងមក។ នៅពេលដែលការស្វែងរកតែការសប្បាយ ក្លាយទៅជាគោលដៅសំខាន់នោះ ឬនៅពេលដែលការបំពេញសេចក្ដីប្រាថ្នារបស់ខ្លួនក្លាយទៅជាគោលដៅតែមួយនោះ គឺពិតជាគ្មានការស្កប់ស្កល់ចិត្តទេ ហើយ‹ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង›។ (សាស្ដា ១:១៤; ២:១១) ជាលទ្ធផល ពិភពលោកគឺបានពេញទៅដោយមនុស្សដែលនៅតែឯង ដែលមានចិត្តអន្ទះអន្ទែង នាំឲ្យមានបញ្ហាជាច្រើនក្នុងសង្គម។ (សុភាសិត ១៨:១) មនុស្សក្លាយទៅជាសង្ស័យនឹងគ្នា ហើយបានបែកខ្ញែកខាងសាសន៍ ជាតិពន្ធ សង្គម និងខាងសេដ្ឋកិច្ច។
៣. តើតាមរបៀបណាដែលយើងអាចរកឃើញអំណរនិងសេចក្ដីស្កប់ស្កល់ពិត?
៣ តើនឹងមានសភាពប្លែកយ៉ាងណាទៅហ្ន៎ បើសិនជាមនុស្សធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ាក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកដទៃ—ដោយមានចិត្តសប្បុរស សទ្ធា និងចិត្តរាក់ទាក់! ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា កូនសោនៃសុភមង្គលពិត មិនមែនស្រេចទៅលើការខំរកបំពេញសេចក្ដីប្រាថ្នារបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ នេះជាកូនសោ៖ ‹ការឲ្យនឹងបានសុភមង្គលច្រើនជាងការទទួល›។ (កិច្ចការ ២០:៣៥) យើងត្រូវតែមានជ័យជំនះលើឧបសគ្គនិងការទាស់ទែងគ្នា បើយើងចង់ស្វែងរកអំណរនិងការស្កប់ស្កល់ចិត្តពិត។ ហើយយើងត្រូវសម្ដែងការទទួលរាក់ទាក់ដល់ពួកអ្នកដែលបំរើព្រះយេហូវ៉ាជាមួយយើង។ ជាការចាំបាច់ណាស់ ដែលយើងធ្វើតាមឱវាទនេះ៖ «ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ (យ៉ូហានទី៣ ៨) ដោយសម្ដែងការទទួលរាក់ទាក់ដល់មនុស្សដែលសមទទួល ដល់កំរិតដែលកាលៈទេសៈរបស់យើងហុចឲ្យ នោះផ្ដល់ប្រយោជន៍ពីរ—គឺមានប្រយោជន៍ដល់អ្នកឲ្យនិងអ្នកទទួលដែរ។ ដូច្នេះ តើអ្នកណាក្នុងចំណោមមនុស្សដែលសមទទួល ដែលយើងត្រូវ‹ទទួលដោយរាក់ទាក់›នោះ?
‹មើលថែរក្សាពួកកំព្រានិងពួកមេម៉ាយ›
៤. តើមានការប្រែប្រួលអ្វីខ្លះក្នុងទម្រង់ការគ្រួសារ ដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាដែរ?
៤ គ្រួសារដែលមាំមួននិងអាពាហ៍ពិពាហ៍ដ៏សប្បាយ គឺកម្រមានណាស់នៅសព្វថ្ងៃនេះ។ ចំនួនការលែងលះគ្នាគឺមានច្រើនឡើង ហើយចំនួនម្ដាយដែលមិនរៀបការ ក៏មានកាន់តែច្រើនឡើងដែរនៅជុំវិញពិភពលោក។ ការនេះបានប្រែប្រួលយ៉ាងខ្លាំងដល់គ្រួសារ។ ជាលទ្ធផល មនុស្សជាច្រើនដែលបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងឆ្នាំថ្មីៗនេះ គឺមកពីគ្រួសារដែលបាក់បែកគ្នា។ គេបានលែងលះគ្នាឬរស់នៅដាច់ពីគូស្វាមីភរិយារបស់គេ ឬរស់នៅក្នុងគ្រួសារដែលមានតែឪពុកឬម្ដាយ។ ថែមទៀតនោះ ដូចជាព្រះយេស៊ូបានទាយមក សេចក្ដីពិតដែលទ្រង់បានបង្រៀន បានធ្វើឲ្យបែកខ្ញែកគ្នាក្នុងគ្រួសារជាច្រើន។—ម៉ាថាយ ១០:៣៤-៣៧; លូកា ១២:៥១-៥៣
៥. តើព្រះយេស៊ូបានមានបន្ទូលអ្វី ដែលអាចជាប្រភពនៃការលើកទឹកចិត្តដល់ពួកអ្នកដែលរស់នៅក្នុងគ្រួសារដែលបែកខ្ញែកពីគ្នា?
៥ យើងមានចិត្តកក់ក្ដៅណាស់ ដោយឃើញពួកថ្មីៗកាន់ជំហរដ៏មាំមួនចំពោះសេចក្ដីពិត ហើយយើងតែងតែសម្រាលទុក្ខគេដោយប្រើពាក្យបន្ទូលដ៏លើកទឹកចិត្តរបស់ព្រះយេស៊ូនេះ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយហើយកូន នឹងស្រែចំការ ព្រមទាំង សេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង»។—ម៉ាកុស ១០:២៩, ៣០
៦. តើយើងអាចទៅជា‹បងប្អូនប្រុសស្រី ម្ដាយនិងកូន› ដល់«ពួកកំព្រានិងពួកមេម៉ាយ» យ៉ាងដូចម្ដេច?
៦ ប៉ុន្តែ តើអ្នកណាជា‹បងប្អូនប្រុសស្រី ម្ដាយនិងកូនទាំងនេះ›? ការគ្រាន់តែឃើញមនុស្សជាច្រើនក្នុងសាលព្រះរាជាណាចក្រ ធម្មតាមានមួយរយនាក់ឬច្រើន ដែលហៅគ្នាឯងជាបងប្អូនប្រុសស្រី នោះមិនធ្វើឲ្យបុគ្គលម្នាក់មានអារម្មណ៍ដោយស្វ័យប្រវត្ដិថា ពួកទាំងនេះជាបងប្អូនប្រុសស្រី ម្ដាយ និងកូនរបស់គាត់នោះឡើយ។ សូមពិចារណាមើលចំណុចនេះ៖ យ៉ាកុបរំឭកយើងថា ដើម្បីឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើង យើងត្រូវតែ‹មើលថែរក្សាពួកកំព្រានិងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយរក្សាខ្លួនយើងមិនឲ្យប្រឡាក់ដោយលោកីយ៍នេះ›។ (យ៉ាកុប ១:២៧) នេះមានសេចក្ដីថា យើងមិនត្រូវឲ្យអាកប្បកិរិយាខាងលោកីយ៍ដូចជាភាពក្រអឺត ការប្រកាន់វណ្ណៈ មកបិទទ្វារនៃចិត្តមេត្ដាធម៌របស់យើងដល់«ពួកកំព្រានិងពួកមេម៉ាយ»នោះឡើយ។ ប៉ុន្តែយើងត្រូវតែជំរុញខ្លួនយើងឲ្យសម្ដែងមិត្តភាពនិងការទទួលរាក់ទាក់ដល់ពួកគេ។
៧. (ក) តើអ្វីជាគោលបំណងពិតនៃការមានចិត្តរាក់ទាក់ដល់«ពួកកំព្រានិងពួកមេម៉ាយ»? (ខ) តើអ្នកណាទៀតដែលអាចចូលរួមសម្ដែងការទទួលរាក់ទាក់គ្រីស្ទានដែរ?
៧ ការសម្ដែងការទទួលរាក់ទាក់ដល់«ពួកកំព្រានិងពួកមេម៉ាយ» គឺមិនតែងតែទាក់ទងការជួយឧបត្ថម្ភសេចក្ដីខ្វះខាតខាងសម្ភារៈប៉ុណ្ណោះទេ។ គ្រួសារដែលមានតែឪពុកឬម្ដាយ ឬគ្រួសារដែលមានការបែកខ្ញែកខាងសាសនា គឺមិនតែងតែខ្វះខាតខាងប្រាក់កាសនោះទេ។ ប៉ុន្តែ គឺខ្វះខាតខាងការចូលរួមគ្នាដ៏ល្អ បរិយាការក្នុងគ្រួសារ មិត្តភាពជាមួយបុគ្គលដែលមានអាយុផ្សេងៗ ហើយការចែករៀបរាប់ប្រាប់របស់ល្អៗខាងវិញ្ញាណ—នេះហើយជាទិដ្ឋភាពនៃជីវិតដែលមានតម្លៃបំផុត។ ដូច្នេះ សូមចងចាំថាគតិនៃសេចក្ដីស្រឡាញ់និងឯកភាពគឺជាអ្វីដែលសំខាន់ មិនមែនជាពិធីដ៏ឧឡារឹកនោះទេ។ ជាការប្រសើរល្អយ៉ាងណាទៅហ្ន៎ ដែលជួនកាល«ពួកកំព្រានិងពួកមេម៉ាយ» អាចចូលរួមសម្ដែងការទទួលរាក់ទាក់ដល់គ្រីស្ទានគ្នីគ្នាដែរ!—ប្រៀបធៀប ពង្សាវតារក្សត្រទី១ ១៧:៨-១៦
តើមានពួកបរទេសក្នុងចំណោមយើងទេ?
៨. តើមានការប្រែប្រួលអ្វីខ្លះក្នុងក្រុមជំនុំជាច្រើននៃស្មរបន្ទាល់ព្រះយេហូវ៉ា?
៨ យើងរស់នៅក្នុងគ្រាដែលមានមនុស្សជាច្រើនប្ដូរទីលំនៅ។ វិវេចនាសាពត៌មានពិភពលោក ចែងថា៖ «មានមនុស្សជាងមួយម៉ឺនកោដិនាក់នៅជុំវិញពិភពលោក កំពុងតែរស់នៅក្នុងប្រទេសដែលគេពុំមែនជាសញ្ជាតិ ហើយមនុស្សចំនួន២៣លាននាក់ទៀតត្រូវបានបង្ខំឲ្យទៅនៅកន្លែងផ្សេងៗក្នុងប្រទេសរបស់គេ»។ លទ្ធផលនៃការនេះ គឺថាក្នុងកន្លែងជាច្រើន ជាពិសេសក្នុងទីក្រុងធំៗ ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាដែលពីដើមមានតែសាសន៍ឬសញ្ជាតិតែមួយនោះ ឥឡូវនេះគឺមានមនុស្សពីសាសន៍ដទៃជាច្រើន។ ប្រហែលនេះជាការពិតមែនក្នុងកន្លែងរបស់អ្នក។ ប៉ុន្តែ តើតាមរបៀបណាទៅដែលយើងត្រូវចាត់ទុកពួក‹មនុស្សក្រៅ› និង‹ពួកបរទេស› ជារបៀបដែលលោកីយ៍ហៅពួកគេ ដែលមានភាសា ទំនៀមទំលាប់ និងបែបលំនាំរស់នៅខុសពីយើងនោះ?
៩. តើយើងអាចមានគ្រោះថ្នាក់ធ្ងន់អ្វី ចំពោះទស្សនៈរបស់យើងអំពី‹ពួកមនុស្សក្រៅ› និង‹មនុស្សបរទេស›ដែលចូលក្នុងក្រុមជំនុំគ្រីស្ទាន?
៩ បើនិយាយឲ្យចំទៅ យើងមិនត្រូវឲ្យការខ្លាចជនបរទេសធ្វើឲ្យយើងមានអារម្មណ៍ថា យើងមានសិទ្ធិរៀនសេចក្ដីពិតច្រើនជាងពួកដែលមកពីប្រទេសចម្លែក ឬដែលមិនគោរពព្រះនោះឡើយ។ ហើយយើងក៏មិនត្រូវមានអារម្មណ៍ថា ពួកអ្នកចំណូលថ្មីនេះរំលោភលើការប្រើសាលព្រះរាជាណាចក្រឬសាលឯទៀតឡើយ។ សាវ័កប៉ុលបានរំឭកពួកគ្រីស្ទានសាសន៍យូដាក្នុងសតវត្សទីមួយ ដែលបានកាន់ទស្សនៈបែបនេះ ថាតាមការពិត គ្មានអ្នកណាសមទទួលជាងអ្នកណាទេ គឺដោយសារតែព្រះគុណដ៏សប្បុរសរបស់ព្រះទេដែលបានបើកឲ្យមនុស្សម្នាក់អាចទទួលសេចក្ដីសង្គ្រោះ។ (រ៉ូម ៣:៩-១២, ២៣, ២៤) យើងគួរតែមានចិត្តរីករាយ ដែលព្រះគុណដ៏សប្បុរសរបស់ព្រះឥឡូវនេះបានទៅដល់មនុស្សជាច្រើន ដែលពីដើមពួកគេមិនមានឱកាសដឹងឮដំណឹងល្អនេះ។ (ធីម៉ូថេទី១ ២:៤) តើតាមរបៀបណាដែលយើងអាចបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេ គឺស្មោះនោះ?
១០. តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងមានចិត្តរាក់ទាក់ពិតដល់‹ពួកបរទេស›ក្នុងចំណោមយើង?
១០ យើងអាចធ្វើតាមឱវាទរបស់ប៉ុលនេះ៖ «ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះយេស៊ូវបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ»។ (រ៉ូម ១៥:៧) ដោយដឹងថាមនុស្សពីប្រទេសក្រៅឬពីប្រវត្ដិផ្សេងតែងតែចាញ់ប្រៀបគេនោះ យើងគួរសម្ដែងសេចក្ដីសប្បុរសនិងការយកចិត្តទុកដាក់ដល់ពួកគេ នៅពេលដែលយើងអាចធ្វើទៅបាន។ យើងត្រូវតែទទួលស្វាគមន៍គេក្នុងចំណោមយើង ដោយប្រព្រឹត្តទៅលើគេ‹ទុកដូចជាកើតនៅស្រុកអ្នក› ហើយ«ត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ»។ (លេវីវិន័យ ១៩:៣៤) នេះប្រហែលជាមិនស្រួលធ្វើទេ ប៉ុន្តែយើងនឹងបានជោគជ័យ បើសិនជាយើងចងចាំឱវាទនេះ៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់ល័ក្ខណ៍ផង»។—រ៉ូម ១២:២
ចូលរួមជាមួយពួកបរិសុទ្ធ
១១, ១២. តើយើងត្រូវយកចិត្តទុកដាក់ដ៏ពិសេសយ៉ាងណា ចំពោះពួកអ្នកបំរើនៃព្រះយេហូវ៉ាក្នុង (ក) អ៊ីស្រាអែលពីសម័យបុរាណ (ខ) ក្នុងសតវត្សទីមួយ?
១១ ក្នុងចំណោមពួកអ្នកដែលសមទទួលការយកចិត្តទុកដាក់និងការទទួលរាក់ទាក់របស់យើង គឺពួកគ្រីស្ទានដែលមានគំនិតចាស់ទុំដែលបានខំប្រឹងធ្វើការសំរាប់ប្រយោជន៍ដល់សុខុមាលភាពខាងវិញ្ញាណរបស់យើង។ ព្រះយេហូវ៉ាបានតាំងសំវិធានការពិសេសសំរាប់ពួកសង្ឃនិងពួកលេវីនៃអ៊ីស្រាអែលពីសម័យបុរាណ។ (ជនគណនា ១៨:២៥-២៩) ក្នុងសតវត្សទីមួយ ពួកគ្រីស្ទានត្រូវបានដាស់តឿនឲ្យមើលថែរក្សាពួកអ្នកដែលបានបំរើគេតាមរបៀបដ៏ពិសេស។ ដំណើររឿងនៅយ៉ូហានទី៣ ៥-៨ ផ្ដល់ឲ្យយើងឃើញនូវចំណងនៃសេចក្ដីស្រឡាញ់ដ៏ជិតស្និទ្ធដែលមានក្នុងចំណោមពួកគ្រីស្ទានពីសម័យដើម។
១២ សាវ័កយ៉ូហានដ៏ចំណាស់បានឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សេចក្ដីសប្បុរសនិងការទទួលរាក់ទាក់ ដែលកៃយុសបានសម្ដែងមកលើពួកបងប្អូនធ្វើដំណើរ ដែលបានបញ្ជូនឲ្យទៅក្រុមជំនុំនោះ។ បងប្អូនទាំងនេះ—រួមបញ្ចូលដេមេទ្រាស ប្រហែលជាអ្នកដែលរត់សំបុត្ររបស់យ៉ូហាន ជាមនុស្សចម្លែក ឬមិនដែលស្គាល់ដោយកៃយុសពីមុនមក។ ប៉ុន្តែ ពួកនេះត្រូវបានគេទទួលយ៉ាងរាក់ទាក់ ពីព្រោះ«គេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់»។ យ៉ូហានបាននិយាយដូចនេះថា៖ «ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។—យ៉ូហានទី៣ ១, ៧, ៨
១៣. តើអ្នកណាជាពិសេសក្នុងចំណោមយើងសព្វថ្ងៃនេះ ដែលសមនឹង‹ការទទួលយ៉ាងរាក់ទាក់›?
១៣ សព្វថ្ងៃនេះ នៅក្នុងអង្គការរបស់ព្រះយេហូវ៉ា គឺមានមនុស្សជាច្រើនដែលខំប្រឹងធ្វើការដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់។ ពួកទាំងនេះគឺរួមបញ្ចូលពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ដែលចំណាយពេលវេលានិងកម្លាំងរបស់គេរៀងរាល់អាទិត្យដើម្បីលើកទឹកចិត្តក្រុមជំនុំ ពួកសាសនទូត ដែលចាកចេញពីគ្រួសារនិងមិត្តទាំងឡាយ ដើម្បីទៅផ្សាយនៅប្រទេសផ្សេងៗ ពួកអ្នកដែលបំរើព្រះក្នុងគេហដ្ឋានបេតអែលឬតាមការិយាល័យសាខាដែលស្ម័គ្រចិត្តមកបំរើគាំទ្រកិច្ចការផ្សាយទូទាំងពិភពលោក និងពួកអ្នកត្រួសត្រាយពេញពេលដែលចំណាយពេលវេលានិងកម្លាំងរបស់គេក្នុងកិច្ចបំរើផ្សាយ។ ពួកទាំងនេះខំប្រឹងធ្វើការ មិនមែនចង់បានភាពរុងរឿងផ្ទាល់ខ្លួននោះទេ ប៉ុន្តែដោយសារសេចក្ដីស្រឡាញ់ចំពោះភាតរភាពគ្រីស្ទាននិងចំពោះព្រះយេហូវ៉ា។ ដោយសារភក្ដីភាពដ៏អស់ពីចិត្តរបស់គេ យើងគួរធ្វើតាមពួកគេ ហើយយើងគួរតែទទួលពួកគេដ៏រាក់ទាក់ដែរ។
១៤. (ក) តើតាមរបៀបណាដែលយើងក្លាយទៅជាគ្រីស្ទានដ៏ល្អ នៅពេលដែលយើងសម្ដែងការទទួលរាក់ទាក់ដល់ពួកស្មោះត្រង់? (ខ) ហេតុអ្វីក៏ព្រះយេស៊ូមានបន្ទូលថា នាងម៉ារាបានរើស«ចំណែកយ៉ាងល្អ»?
១៤ នៅពេលដែលយើង‹ទទួលបុគ្គលបែបនេះយ៉ាងរាក់ទាក់›នោះ សាវ័កយ៉ូហានប្រាប់ថា យើង«បានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ ក្នុងន័យមួយយើងក្លាយទៅជាគ្រីស្ទានដ៏ល្អ។ នេះគឺពីព្រោះកិច្ចការគ្រីស្ទានរួមបញ្ចូលការធ្វើល្អដល់អ្នកជឿព្រះដូចយើងដែរ។ (សុភាសិត ៣:២៧, ២៨; យ៉ូហានទី១ ៣:១៨) ហើយក៏មានរង្វាន់ផ្សេងទៀតដែរ។ នៅពេលដែលនាងម៉ារានិងនាងម៉ាថាបានទទួលព្រះយេស៊ូទៅក្នុងផ្ទះរបស់គេ នាងម៉ាថាចង់ធ្វើជាអ្នកទទួលភ្ញៀវដ៏ល្អ ដោយរៀបចំ‹របស់ជាច្រើន›សំរាប់ព្រះយេស៊ូ។ ឯនាងម៉ារាសម្ដែងការទទួលរាក់ទាក់តាមរបៀបផ្សេង។ នាង«បានអង្គុយស្ដាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់» ហើយព្រះយេស៊ូបានសរសើរនាង ដោយព្រោះនាងបាន«រើសចំណែកយ៉ាងល្អ»។ (លូកា ១០:៣៨-៤២) ការសន្ទនានិងការពិភាក្សាជាមួយអស់អ្នកដែលមានការពិសោធជាច្រើនឆ្នាំ គឺជាផ្នែកសំខាន់ក្នុងការចំណាយពេលជាមួយពួកគេ។—រ៉ូម ១:១១, ១២
នៅពិធីដ៏ពិសេស
១៥. តើពិធីដ៏ពិសេសណាខ្លះដែលអាចទៅជាពេលវេលាដ៏សប្បាយសំរាប់ស្មរបន្ទាល់ព្រះយេហូវ៉ា?
១៥ ទោះបីគ្រីស្ទានពិតមិនធ្វើតាមទំនៀមទំលាប់ប្រជាប្រិយ ឬធ្វើតាមពិធីបុណ្យខាងលោកីយ៍នេះក៏ដោយ គឺមានគ្រាខ្លះដែលគេមកជួបជុំគ្នាដើម្បីកំឡាចិត្តគ្នាទៅវិញទៅមក។ ឧទាហរណ៍ ព្រះយេស៊ូបានទៅពិធីបុណ្យអាពាហ៍ពិពាហ៍ក្នុងស្រុកកាណា ហើយបានធ្វើឲ្យមានអំណរក្នុងពិធីនោះ ដោយធ្វើអព្ភូតហេតុលើកដំបូងរបស់ទ្រង់នៅទីនោះ។ (យ៉ូហាន ២:១-១១) យ៉ាងដូច្នេះដែរ នៅសព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាមានពេលវេលាកំសាន្តស្រដៀងគ្នានេះដែរ និងការធ្វើពិធីបុណ្យដ៏ត្រឹមត្រូវផ្សេងៗទៀត ដែលធ្វើឲ្យមានការសប្បាយរីករាយនៅទីនោះ។ ប៉ុន្តែ តើអ្វីទៅជាការត្រឹមត្រូវនោះ?
១៦. តើគោលការណ៍ណែនាំអ្វីដែលយើងមាន ស្តីអំពីចរិយាត្រឹមត្រូវ ចំពោះពិធីដ៏ពិសេសបែបនេះ?
១៦ ពីការរៀនព្រះគម្ពីររបស់យើង យើងរៀនដឹងអ្វីជាចរិយាត្រឹមត្រូវចំពោះគ្រីស្ទាន ហើយយើងធ្វើតាមរឿងនេះជារៀងរាល់ដង។ (រ៉ូម ១៣:១២-១៤; កាឡាទី ៥:១៩-២១; អេភេសូរ ៥:៣-៥) ការមកជួបជុំគ្នា ទោះបីទាក់នឹងការរៀបអាពាហ៍ពិពាហ៍ ឬសំរាប់មូលហេតុណាក៏ដោយ គឺយើងមិនត្រូវបោះបង់ចោលបមាណីយគ្រីស្ទានរបស់យើងឡើយ ឬធ្វើអ្វីមួយដែលយើងមិនគួរធ្វើនោះ។ ហើយយើងក៏មិនបានតម្រូវឲ្យធ្វើតាមទំនៀមទំលាប់ទាំងអស់ក្នុងប្រទេសដែលយើងរស់នៅដែរ។ ទំនៀមទំលាប់ទាំងនេះជាច្រើនគឺមានមូលដ្ឋានលើទំលាប់ខាងសាសនាក្លែងក្លាយឬជំនឿឆ្វេង ហើយខ្លះទៀតទាក់ទងចរិយាដែលមិនត្រឹមត្រូវចំពោះគ្រីស្ទាន។—ពេត្រុសទី១ ៤:៣, ៤
១៧. (ក) តើកត្ដាអ្វីបង្ហាញថា ពិធីរៀបអាពាហ៍ពិពាហ៍ក្នុងស្រុកកាណា ត្រូវបានរៀបចំយ៉ាងល្អហើយបានត្រួតពិនិត្យបានត្រឹមត្រូវនោះ? (ខ) តើអ្វីដែលបញ្ជាក់ថាព្រះយេស៊ូសព្វព្រះហឫទ័យនឹងពិធីនោះ?
១៧ ដោយអាន យ៉ូហាន ២:១-១១ មិនពិបាកទេចំពោះយើងក្នុងការឃើញថា នោះជាពិធីដ៏ឧឡារឹកមួយ ហើយមានភ្ញៀវជាច្រើននៅទីនោះ។ ប៉ុន្តែ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ ជាភ្ញៀវដែលគេ‹បានអញ្ជើញ›។ ពួកគេមិនមែនមកដោយឥតបានអញ្ជើញនោះឡើយ ថ្វីបើពួកគេខ្លះជាសាច់ញាតិនៃអ្នកទទួលភ្ញៀវនោះក៏ដោយ។ យើងក៏បានឃើញថា មានអស់អ្នកដែលជា‹អ្នកបំរើ› ព្រមទាំងមាន«អ្នកមង្គលការ» ដែលនឹងឲ្យការណែនាំចំពោះអ្វីដែលអាចប្រើឬត្រូវធ្វើ។ ការទាំងអស់នេះបញ្ជាក់ថា ពិធីនោះត្រូវបានរៀបចំហើយត្រួតពិនិត្យយ៉ាងល្អ។ ដំណើររឿងនេះបានបញ្ចប់ដោយចែងថា ពីអ្វីៗដែលទ្រង់បានធ្វើនៅឯពិធីបុណ្យនោះ ព្រះយេស៊ូបាន«សំដែងសិរីល្អរបស់ទ្រង់»។ តើទ្រង់នឹងធ្វើការនេះនៅពិធីនោះឬ បើពិធីនោះគ្មានសណ្ដាប់ធ្នាប់ត្រឹមត្រូវនោះ? ប្រាកដជាអត់ទេ។
១៨. តើយើងគួរតែពិចារណាអ្វីឲ្យបានដិតដល់ចំពោះការរៀបចំពិធីណាមួយ?
១៨ ដូច្នេះ ចុះយ៉ាងណាវិញចំពោះពិធីពិសេសណាមួយដែលយើងអាចធ្វើនោះ? យើងចង់ចងចាំថា គោលបំណងនៃការទទួលរាក់ទាក់អ្នកដទៃ គឺដើម្បីឲ្យយើងអាច«បានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ ដូច្នេះ គឺមិនគ្រប់គ្រាន់ទេ ដោយហៅពិធីមួយជាការជួបជុំគ្នា«ខាងស្មរបន្ទាល់»នោះ។ យើងអាចសួរសំនួរថា តើនេះនឹងផ្ដល់ភស្តុតាងថាយើងជាអ្នកណា ហើយអ្វីដែលយើងជឿនោះទេ? យើងមិនគួរចាត់ទុកពិធីបែបនោះ ជាឱកាសសំរាប់យកត្រាប់តាមផ្លូវរបស់លោកីយ៍នេះឡើយ ដោយបណ្ដោយខ្លួនក្នុង«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត»។ (យ៉ូហានទី១ ២:១៥, ១៦) ផ្ទុយទៅវិញ គ្រាបែបនេះត្រូវតែសម្ដែងឲ្យឃើញនូវមុខនាទីរបស់យើងជាស្មរបន្ទាល់ព្រះយេហូវ៉ា ហើយយើងត្រូវតែដឹងជាប្រាកដថា អ្វីៗដែលយើងធ្វើនឹងផ្ដល់សិរីល្អនិងកិត្ដិយសដល់ព្រះយេហូវ៉ា។—ម៉ាថាយ ៥:១៦; កូរិនថូសទី១ ១០:៣១-៣៣
‹ចូលប្រព្រឹត្តនឹងគ្នាដោយចិត្តរាក់ទាក់ឥតមានត្អូញត្អែរ›
១៩. ហេតុអ្វីក៏យើងត្រូវ‹ប្រព្រឹត្តនឹងគ្នាដោយចិត្តរាក់ទាក់ឥតឥតត្អូញត្អែរ›?
១៩ កាលដែលស្ថានភាពក្នុងលោកីយ៍នេះកាន់តែឱនថយទៅ ហើយមនុស្សកាន់តែបែកខ្ញែកពីគ្នានោះ យើងត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងចំណងស្និទ្ធស្នាលក្នុងចំណោមគ្រីស្ទានពិត។ (កូល៉ុស ៣:១៤) ដើម្បីសម្រេចគោលបំណងនេះ យើងត្រូវតែ«មានសេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ត» ដូចពេត្រុសបានដាស់តឿនយើង។ រួចមក តាមរបៀបដ៏មានប្រយោជន៍ គាត់បានបន្ថែមសេចក្ដីនេះថា៖ ‹ចូរប្រព្រឹត្តនឹងគ្នាដោយចិត្តរាក់ទាក់ឥតមានត្អូញត្អែរឡើយ›។ (ពេត្រុសទី១ ៤:៧-៩) តើយើងសុខចិត្តទៅទទួលរាក់ទាក់បងប្អូនយើង សម្ដែងចិត្តសប្បុរសនិងការជួយគ្នាទេ? ឬក៏តើយើងមានចិត្តត្អូញត្អែរនៅពេលមានឱកាសធ្វើដូច្នេះ? បើដូច្នេះមែន យើងអាចបាត់បង់អំណរដែលយើងអាចមាន ហើយក៏អាចបាត់បង់នូវរង្វាន់នៃសុភមង្គលចំពោះការធ្វើល្អដែរ។—សុភាសិត ៣:២៧; កិច្ចការ ២០:៣៥
២០. តើយើងនឹងមានពរអ្វី បើសិនជាយើងខំប្រព្រឹត្តនឹងគ្នាដោយចិត្តរាក់ទាក់ក្នុងលោកីយ៍ដែលបែកខ្ញែកសព្វថ្ងៃនេះ?
២០ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា មានចិត្តសប្បុរសនិងចិត្តរាក់ទាក់ដល់គ្នាទៅវិញទៅមក នោះនឹងនាំឲ្យមានពរជាច្រើន។ (ម៉ាថាយ ១០:៤០-៤២) ចំពោះបុគ្គលបែបនេះ ព្រះយេហូវ៉ាបានសន្យាថា ទ្រង់នឹង«ធ្វើជាត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត»។ នៅក្រោមត្រសាលរបស់ព្រះយេហូវ៉ា យើងនឹងបានទទួលការការពារនិងការទទួលរាក់ទាក់ពីទ្រង់។ (វិវរណៈ ៧:១៥, ១៦; អេសាយ ២៥:៦) ប្រាកដហើយ នៅខាងមុខ យើងរង់ចាំយ៉ាងរំភើបពីការទទួលសេចក្ដីរាក់ទាក់ពីព្រះយេហូវ៉ាជារៀងរហូត។—ទំនុកដំកើង ២៧:៤; ៦១:៣, ៤
តើអ្នកអាចពន្យល់បានទេ?
◻ តើអ្វីដែលយើងមិនត្រូវភ្លេច បើសិនជាយើងចង់ស្វែងរកអំណរនិងសេចក្ដីស្កប់ស្កល់ពិត?
◻ តើអ្នកណាជា«ពួកកំព្រានិងពួកមេម៉ាយ» ហើយតើតាមរបៀបណាដែលយើងគួរ«មើលថែរក្សា»ពួកគេ?
◻ តើយើងគួរមានទស្សនៈយ៉ាងណា ចំពោះ‹ពួកមនុស្សក្រៅ› និង‹ពួកបរទេស›ក្នុងចំណោមយើង?
◻ តើអ្នកណាដែលសមទទួលការយកចិត្តទុកដាក់ដ៏ពិសេសសព្វថ្ងៃនេះ?
◻ តើតាមរបៀបណាដែលពិធីដ៏ពិសេសត្រូវបង្ហាញឲ្យឃើញគតិដ៏ពិតនៃការទទួលរាក់ទាក់?
[រូបភាពនៅទំព័រ១៤, ១៥]
នៅពេលមានពិធីពិសេស យើងអាចមានចិត្តរាក់ទាក់ដល់ពួកបរទេស ក្មេងដែលគ្មានឪពុក ពួកអ្នកដែលបំរើព្រះពេញពេល ហើយនិងពួកភ្ញៀវឯទៀត