មីកា
៦ សូមស្ដាប់អ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ចុះ។
ចូរក្រោកឡើង ប្រាប់រឿងក្ដីរបស់អ្នកនៅមុខបណ្ដាភ្នំ
ហើយឲ្យទីទួលទាំងឡាយឮសំឡេងអ្នកទៅ។+
២ ឱភ្នំទាំងឡាយ និងគ្រឹះដ៏រឹងមាំនៃផែនដីអើយ!+
ចូរស្ដាប់រឿងក្ដីរបស់ព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ាមានរឿងក្ដីនឹងរាស្ត្ររបស់លោក
គឺលោកមានប្រសាសន៍ទាស់នឹងប្រជាជាតិអ៊ីស្រាអែលដូចតទៅ៖ +
៣ «ឱរាស្ត្រខ្ញុំអើយ! តើខ្ញុំបានធ្វើអ្វីដល់អ្នករាល់គ្នា?
តើខ្ញុំបានធ្វើអ្វីដែលនាំឲ្យអ្នករាល់គ្នាល្វើយយ៉ាងនេះ?+
សូមនិយាយទាស់នឹងខ្ញុំមក។
៤ ព្រោះខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប+
ហើយលោះអ្នករាល់គ្នាពីភាពជាខ្ញុំបម្រើ។+
ខ្ញុំបានចាត់ម៉ូសេ អេរ៉ុន និងមីរៀមឲ្យនាំមុខអ្នករាល់គ្នា។+
៥ ឱរាស្ត្រខ្ញុំអើយ! សូមនឹកចាំអំពីគម្រោងការរបស់បាឡាក់ជាស្ដេចស្រុកម៉ូអាប់+ និងយោបល់របស់បាឡាមជាកូនបេអ័រ។+
សូមនឹកចាំអំពីអ្វីដែលបានកើតឡើងនៅតំបន់ស៊ីទីម+រហូតដល់ក្រុងគីលកាល+
ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីការប្រព្រឹត្តដ៏សុចរិតរបស់ព្រះយេហូវ៉ា»។
៦ ពេលចូលទៅជួបព្រះយេហូវ៉ា តើខ្ញុំត្រូវយកអ្វីទៅជូនលោក?
ពេលក្រាបគោរពព្រះដ៏ខ្ពស់បំផុត តើខ្ញុំត្រូវជូនអ្វី?
ពេលចូលទៅឯលោក តើខ្ញុំត្រូវជូនគ្រឿងបូជាដុតឬ?
គឺត្រូវជូនកូនគោអាយុមួយខួបឬ?+
៧ តើព្រះយេហូវ៉ាពេញចិត្តនឹងចៀមឈ្មោលរាប់ពាន់ក្បាលឬ?
តើលោកគាប់ចិត្តនឹងប្រេងរាប់ម៉ឺនរង្វាល់ឬ?+
តើខ្ញុំត្រូវជូនកូនច្បងរបស់ខ្ញុំសម្រាប់ការបះបោររបស់ខ្ញុំឬ?
តើខ្ញុំត្រូវជូនផលពីរូបកាយខ្ញុំសម្រាប់អំពើខុសឆ្គងរបស់ខ្ញុំឬ?+
៨ ឱមនុស្សអើយ! លោកបានប្រាប់អ្នករាល់គ្នារួចហើយអំពីអ្វីដែលល្អ។
តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នករាល់គ្នា?
គឺលោកគ្រាន់តែចង់ឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយយុត្តិធម៌+ ស្រឡាញ់ភក្ដីភាព+
និងដើរជាមួយព្រះនៃអ្នករាល់គ្នាដោយចិត្តសុភាពប៉ុណ្ណោះ!+
៩ ព្រះយេហូវ៉ាបន្លឺសំឡេងទៅកាន់ក្រុងនោះ
ហើយអស់អ្នកដែលមានប្រាជ្ញាឈ្លាសវៃនឹងកោតខ្លាចនាមលោក។
ចូរយកចិត្តទុកដាក់នឹងរំពាត់ ហើយស្ដាប់អ្នកដែលបានតែងតាំងរំពាត់នោះ។+
១០ តើនៅក្នុងផ្ទះរបស់មនុស្សអាក្រក់នៅតែមានទ្រព្យដែលមកពីអំពើទុច្ចរិត
ហើយនៅតែមានរង្វាល់* មិនត្រឹមត្រូវដែលព្រះស្អប់ខ្ពើមឬ?
១១ តើខ្ញុំអាចមានភាពស្អាតស្អំខាងសីលធម៌បានឬ បើខ្ញុំមានជញ្ជីងមិនត្រឹមត្រូវ
និងមានថង់ពេញទៅដោយកូនជញ្ជីងមិនគ្រប់ទម្ងន់?+
១២ ព្រោះអ្នកមានប្រព្រឹត្តអំពើឃោរឃៅ ហើយអ្នកក្រុងនិយាយកុហក+
មាត់របស់ពួកគេពោលតែពាក្យបោកប្រាស់ប៉ុណ្ណោះ។+
១៣ «ហេតុនេះ ខ្ញុំនឹងវាយអ្នករាល់គ្នាឲ្យរបួស+
ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសទៅដោយសារតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា។
១៤ អ្នករាល់គ្នានឹងបរិភោគ តែមិនបានឆ្អែតទេ
ហើយពោះរបស់អ្នករាល់គ្នានឹងនៅទទេ។+
អ្វីដែលអ្នករាល់គ្នាយកទៅបាន អ្នករាល់គ្នានឹងមិនយកទៅដោយសុវត្ថិភាពឡើយ
ហើយអ្វីដែលអ្នករាល់គ្នាដឹកជញ្ជូនទៅបាន ខ្ញុំនឹងប្រគល់ឲ្យពួកសត្រូវ។
១៥ អ្នករាល់គ្នានឹងសាបព្រោះ តែមិនបានច្រូតទេ។
អ្នករាល់គ្នានឹងជាន់ផ្លែអូលីវ តែមិនបានប្រេងវាប្រើសោះ។
អ្នករាល់គ្នានឹងធ្វើស្រាទំពាំងបាយជូរថ្មី តែមិនបានផឹកស្រានោះឡើយ។+
១៦ ព្រោះអ្នករាល់គ្នាកាន់តាមច្បាប់របស់អំរី ហើយប្រព្រឹត្តតាមពូជពង្សអាហាប់+
គឺអ្នករាល់គ្នាដើរតាមមាគ៌ារបស់ពួកគេ។
ហេតុនេះហើយខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាទៅជាអ្វីដ៏គួរឲ្យតក់ស្លុតដល់ប្រជាជាតិនានា។