សៀវភៅសាំយូអែលទី២
២៤ ជាថ្មីម្ដងទៀត ព្រះយេហូវ៉ាមានកំហឹងយ៉ាងខ្លាំងចំពោះជនជាតិអ៊ីស្រាអែល+ ពេលបុគ្គលម្នាក់ប្រាប់ដាវីឌថា៖ «ចូរទៅរាប់ចំនួនបណ្ដាជន+អ៊ីស្រាអែលនិងបណ្ដាជនយូដា»។+ ២ ដូច្នេះ ស្ដេចនិយាយទៅយ៉ូអាប់+ជាមេទ័ពថា៖ «សូមទៅរាប់ចំនួនបណ្ដាជន*នៃកុលសម្ព័ន្ធទាំងអស់ក្នុងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា+ ព្រោះខ្ញុំចង់ដឹងចំនួនបណ្ដាជន»។ ៣ ប៉ុន្តែ យ៉ូអាប់និយាយទៅស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់លោកម្ចាស់បង្កើនចំនួនបណ្ដាជន១០០ដង ហើយសូមឲ្យស្ដេចជាម្ចាស់ឃើញការកើនឡើងនោះផងចុះ។ តែខ្ញុំសុំសួរស្ដេចជាម្ចាស់ថា ហេតុអ្វីលោកចង់ដឹងចំនួនដូច្នេះ?»។
៤ ប៉ុន្តែ ទោះជាយ៉ូអាប់និងពួកមេទ័ពនិយាយយ៉ាងណាក៏ដោយ ក៏ស្ដេចមិនព្រមស្ដាប់ពួកគេដែរ។ ដូច្នេះ ពួកគេក៏នាំគ្នាចេញទៅរាប់ចំនួនបណ្ដាជនអ៊ីស្រាអែល។+ ៥ ពួកគេឆ្លងទន្លេយ៉ូដាន់ ហើយបោះជំរំនៅខាងត្បូង*ក្រុងអារ៉ូអ៊ើរ+ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ រួចពួកគេធ្វើដំណើរឆ្ពោះទៅតំបន់របស់កុលសម្ព័ន្ធកាដ និងក្រុងយ៉ាសឺ។+ ៦ បន្ទាប់មក ពួកគេទៅស្រុកគីលាត+និងស្រុកថាធីមហ៊ុដស៊ី រួចបន្តទៅដាន់យ៉ាននិងតំបន់ស៊ីដូន។+ ៧ ក្រោយមក ពួកគេធ្វើដំណើរទៅបន្ទាយក្រុងទីរ៉ុស+ និងក្រុងទាំងអស់របស់ជនជាតិហេវី+និងជនជាតិកាណាន ហើយចុងក្រោយពួកគេទៅក្រុងបៀរសេបា+ក្នុងតំបន់ណេកេប+ដែលជាទឹកដីយូដា។ ៨ ក្រោយពីពួកគេធ្វើដំណើរពាសពេញស្រុកទាំងនោះអស់ចំនួន៩ខែ២០ថ្ងៃហើយ ពួកគេក៏ត្រឡប់មកក្រុងយេរូសាឡិមវិញ។ ៩ យ៉ូអាប់បានប្រាប់ស្ដេចអំពីចំនួនបណ្ដាជន។ ពួកអ៊ីស្រាអែលដែលអាចចេញច្បាំងបាន មានចំនួន៨០០.០០០នាក់ និងបុរសយូដាមានចំនួន៥០០.០០០នាក់។+
១០ ប៉ុន្តែ ក្រោយពីដាវីឌបានឲ្យគេរាប់ចំនួនបណ្ដាជនហើយ គាត់មានការស្ដាយក្រោយជាខ្លាំង។+ គាត់និយាយទៅព្រះយេហូវ៉ាថា៖ «ខ្ញុំខុសធ្ងន់ណាស់+ដែលបានធ្វើបែបនេះ សូមព្រះយេហូវ៉ាមេត្តាអភ័យទោសឲ្យខ្ញុំជាអ្នកបម្រើលោកផង+ ព្រោះខ្ញុំបានប្រព្រឹត្តដោយមិនគិតពិចារណាសោះ»។+ ១១ កាលដែលដាវីឌក្រោកពីដំណេកនៅពេលព្រឹក នោះព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់កាដ+ដែលជាអ្នកប្រកាសទំនាយ និងជាអ្នកដែលទទួលការបើកបង្ហាញពីព្រះដើម្បីជួយណែនាំដាវីឌថា៖ ១២ «ចូរទៅប្រាប់ដាវីឌថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំឲ្យជម្រើសបីដល់អ្នក។ ចូរជ្រើសយកមួយ ហើយខ្ញុំនឹងដាក់ទោសអ្នកតាមជម្រើសនោះ»›»។+ ១៣ ដូច្នេះ កាដបានចូលទៅជួបដាវីឌ ហើយប្រាប់ថា៖ «តើអ្នកចង់ឲ្យស្រុកកើតមានការអត់ឃ្លានអស់៧ឆ្នាំ+ ឬអ្នកចង់រត់គេចពីសត្រូវដែលដេញសម្លាប់អស់៣ខែ+ ឬមួយក៏ចង់ឲ្យមានរោគរាតត្បាតក្នុងស្រុកអស់៣ថ្ងៃ?+ សូមអ្នកពិចារណាឲ្យបានដិតដល់ ហើយប្រាប់ខ្ញុំជម្រើសមួយ ដើម្បីខ្ញុំអាចជម្រាបព្រះដែលបានចាត់ខ្ញុំឲ្យមក»។ ១៤ ដាវីឌនិយាយទៅកាដថា៖ «ខ្ញុំពិបាកជ្រើសរើសខ្លាំងណាស់។ សូមឲ្យយើងធ្លាក់ទៅក្នុងដៃរបស់ព្រះយេហូវ៉ាចុះ+ ព្រោះលោកមានសេចក្ដីមេត្តាករុណាដ៏ធំធេង+ តែសូមកុំឲ្យយើងធ្លាក់ទៅក្នុងដៃរបស់មនុស្សឡើយ»។+
១៥ បន្ទាប់មក ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានរោគរាតត្បាត+ក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់។ ហេតុនេះ បណ្ដាជនចំនួន៧០.០០០នាក់បានស្លាប់+ ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា។+ ១៦ ពេលទេវតារបស់ព្រះកំពុងសន្ធឹងដៃហៀបនឹងបំផ្លាញបណ្ដាជនក្នុងក្រុងយេរូសាឡិម ព្រះយេហូវ៉ាក៏មានចិត្តអាណិតអាសូរចំពោះពួកគេ។+ លោកមានប្រសាសន៍ទៅទេវតានោះថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៀតទៅ!»។ នៅពេលនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងនៅជិតទីលានបញ្ជាន់ស្រូវរបស់អារ៉ោណា+ជាជនជាតិយេប៊ូស។+
១៧ ពេលដាវីឌឃើញទេវតាដែលសម្លាប់បណ្ដាជន គាត់និយាយទៅព្រះយេហូវ៉ាថា៖ «គឺខ្ញុំទេជាអ្នកធ្វើខុស។ ខ្ញុំគឺជាអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គង។ ចំណែកបណ្ដាជនទាំងនេះ*+ ពួកគេមិនបានធ្វើខុសទេ។ សូមលោកដាក់ទោសខ្ញុំ និងពូជពង្សរបស់ឪពុកខ្ញុំចុះ»។+
១៨ ដូច្នេះ នៅថ្ងៃនោះកាដបានមកជួបដាវីឌ។ គាត់ប្រាប់ដាវីឌថា៖ «ចូរក្រោកឡើង ហើយទៅដំឡើងទីបូជាមួយជូនព្រះយេហូវ៉ា នៅទីលានបញ្ជាន់ស្រូវរបស់អារ៉ោណាជនជាតិយេប៊ូស»។+ ១៩ ដូច្នេះ ដាវីឌបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈកាដ។ ២០ ពេលអារ៉ោណាក្រឡេកទៅឃើញស្ដេចនិងពួកអ្នកបម្រើស្ដេចកំពុងធ្វើដំណើរឆ្ពោះមករកគាត់ នោះគាត់ប្រញាប់ប្រញាល់ចេញទៅក្រាបគោរពស្ដេចដល់ដី។ ២១ អារ៉ោណាសួរថា៖ «តើស្ដេចជាម្ចាស់មកជួបខ្ញុំជាអ្នកបម្រើលោកមានការអ្វីដែរ?»។ ដាវីឌឆ្លើយថា៖ «ខ្ញុំមកទិញទីលានបញ្ជាន់ស្រូវរបស់អ្នក ដើម្បីសង់ទីបូជាមួយជូនព្រះយេហូវ៉ា។ យ៉ាងនេះ ទុក្ខវេទនារបស់បណ្ដាជននឹងលែងមានទៀត»។+ ២២ ប៉ុន្តែ អារ៉ោណានិយាយទៅដាវីឌថា៖ «ខ្ញុំសូមប្រគល់ទីលាននេះជូនស្ដេចជាម្ចាស់ ហើយសូមលោកធ្វើតាមបំណងចិត្តលោកចុះ។ នេះជាសត្វគោសម្រាប់ធ្វើជាគ្រឿងបូជាដុត និងក្ដារបញ្ជាន់ស្រូវ ព្រមទាំងនឹមគោសម្រាប់ធ្វើជាអុស។ ២៣ ឱស្ដេចខ្ញុំអើយ ខ្ញុំសូមប្រគល់របស់ទាំងអស់នេះជូនស្ដេច»។ រួចអារ៉ោណានិយាយថែមទៀតថា៖ «សូមព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យពរលោក»។
២៤ ប៉ុន្តែ ស្ដេចដាវីឌបានបដិសេធថា៖ «ទេ ខ្ញុំនឹងទិញពីអ្នកពេញតម្លៃ ព្រោះខ្ញុំមិនព្រមជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ដោយមិនចំណាយអ្វីឡើយ»។ ដូច្នេះ ដាវីឌបានទិញទីលានបញ្ជាន់ស្រូវនិងសត្វគោក្នុងតម្លៃប្រាក់៥០ហ្សេគិល។*+ ២៥ បន្ទាប់មក ដាវីឌបានសង់ទីបូជាមួយ+ជូនព្រះយេហូវ៉ានៅទីនោះ ហើយបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពដល់លោក។ រួចព្រះយេហូវ៉ាបានស្ដាប់តាមពាក្យអង្វររបស់ពួកគេ+ ហើយដកទុក្ខវេទនាចេញពីស្រុកអ៊ីស្រាអែល។