សៀវភៅលូកា
១៧ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ «ហេតុដែលនាំឲ្យជំពប់ដួល នឹងកើតមានជាក់ជាពុំខាន។ ប៉ុន្តែ អ្នកដែលបង្កហេតុទាំងនោះនឹងត្រូវវេទនាណាស់! ២ សម្រាប់អ្នកនោះ គឺប្រសើរជាងបើយកថ្មត្បាល់កិនចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលកណ្ដាលសមុទ្រ ជាជាងអ្នកនោះធ្វើឲ្យអ្នកតូចណាម្នាក់ជំពប់ដួល។+ ៣ កុំភ្លេចខ្លួនឡើយ។ ប្រសិនបើបងប្អូនរបស់អ្នកធ្វើខុស ចូរស្ដីបន្ទោសគាត់+ ហើយបើគាត់ប្រែចិត្ត ចូរអភ័យទោសឲ្យគាត់ចុះ។+ ៤ ទោះជាគាត់ធ្វើខុសចំពោះអ្នក៧ដងក្នុងមួយថ្ងៃក៏ដោយ បើគាត់ត្រឡប់មករកអ្នក៧ដង រួចនិយាយថា៖ ‹ខ្ញុំប្រែចិត្តហើយ› នោះអ្នកត្រូវអភ័យទោសឲ្យគាត់»។+
៥ ពួកសាវ័កសុំលោកម្ចាស់ថា៖ «សូមជួយយើងឲ្យមានជំនឿថែមទៀត»។+ ៦ រួចមក លោកម្ចាស់មានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូស្ដាត* នោះអ្នកនឹងនិយាយទៅកាន់ដើមមននេះថា៖ ‹ចូររលើងគល់ ហើយទៅដុះក្នុងសមុទ្រវិញ!› រួចដើមនេះនឹងស្ដាប់បង្គាប់អ្នក។+
៧ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមានខ្ញុំបម្រើម្នាក់កំពុងភ្ជួរ ឬកំពុងមើលថែរក្សាហ្វូងសត្វ តើអ្នកនោះនឹងប្រាប់ខ្ញុំបម្រើពេលគាត់ត្រឡប់មកពីវាលវិញថា៖ ‹ចូរប្រញាប់មកអង្គុយនៅតុ›ទេ? ៨ ផ្ទុយទៅវិញ អ្នកនោះនឹងនិយាយទៅគាត់ថា៖ ‹ចូររៀបចំអាហារល្ងាចឲ្យខ្ញុំ ហើយពាក់អាវអៀមមកបម្រើខ្ញុំរហូតដល់ខ្ញុំបានបរិភោគនិងផឹកហើយ រួចមកអ្នកអាចបរិភោគនិងផឹកបាន›។ ៩ ម្ចាស់នឹងមិនដឹងគុណខ្ញុំបម្រើទេ ពីព្រោះនោះជាភារកិច្ចដែលខ្ញុំបម្រើត្រូវបំពេញចំពោះម្ចាស់របស់ខ្លួន មែនទេ? ១០ ដូចគ្នាដែរ ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងគ្រាន់តែជាខ្ញុំបម្រើប៉ុណ្ណោះ យើងមិនសមទទួលការសរសើរទេ។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។+
១១ រួចកាលដែលលោកកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម លោកបានដើរកាត់រវាងស្រុកសាម៉ារីនិងស្រុកកាលីឡេ។ ១២ ពេលដែលលោកកំពុងចូលក្នុងភូមិមួយ បុរសកើតឃ្លង់១០នាក់ក្រឡេកទៅឃើញលោក ក៏បានក្រោកឈរពីចម្ងាយ។+ ១៣ ពួកគេបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូ! សូមមេត្តាជួយយើងផង!»។ ១៤ ពេលលោកឃើញពួកគេ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញ»។+ ពេលដែលពួកគេចេញផុតទៅ នោះក៏បានជាស្អាតគ្រប់គ្នា។+ ១៥ លុះឃើញថាខ្លួនជាហើយ មានម្នាក់ក្នុងចំណោមពួកគេវិលមកវិញ ហើយបន្លឺសំឡេងយ៉ាងខ្លាំងសរសើរតម្កើងព្រះ។ ១៦ រួចអ្នកនោះបានក្រាបមុខដល់ដីនៅជិតជើងលោកយេស៊ូ ទាំងអរគុណលោក។ អ្នកនោះជាជនជាតិសាម៉ារី។+ ១៧ លោកយេស៊ូតបថា៖ «មាន១០នាក់ដែលបានត្រូវធ្វើឲ្យជាស្អាត មែនទេ? ចុះតើ៩នាក់ទៀតនៅឯណា? ១៨ តើគ្មានអ្នកណាវិលមកវិញដើម្បីសរសើរតម្កើងព្រះ ក្រៅពីបុរសជនជាតិដទៃម្នាក់នេះទេឬ?»។ ១៩ រួចលោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើង ហើយអញ្ជើញទៅចុះ។ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយ»។+
២០ កាលពួកផារិស៊ីសួរលោកអំពីពេលដែលរាជាណាចក្ររបស់ព្រះនឹងមកដល់+ នោះលោកតបឆ្លើយថា៖ «រាជាណាចក្ររបស់ព្រះនឹងមិនមកតាមបែបដែលងាយកត់សម្គាល់នោះទេ ២១ ក៏នឹងមិនមានគេថា៖ ‹មើល! នៅទីនេះ!› ឬ‹មើល! នៅទីនោះ!› ពីព្រោះរាជាណាចក្ររបស់ព្រះនៅក្នុងចំណោមអ្នករាល់គ្នាហើយ»។+
២២ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «នឹងមានគ្រាមកដល់ ពេលដែលអ្នករាល់គ្នានឹងមានចិត្តចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស តែអ្នកនឹងមិនបានឃើញឡើយ។ ២៣ នឹងមានមនុស្សប្រាប់អ្នករាល់គ្នាថា៖ ‹មើល! នៅទីនេះ!› ឬ‹មើល! នៅទីនោះ!› តែកុំចេញទៅឬរត់តាមពួកគេឡើយ។+ ២៤ ព្រោះគ្រារបស់កូនមនុស្ស+នឹងដូចផ្លេកបន្ទោរដែលភ្លឺពីកន្លែងមួយទៅកន្លែងមួយទៀត។+ ២៥ ក៏ប៉ុន្តែ ដំបូងលោកត្រូវរងទុក្ខលំបាកជាច្រើន និងត្រូវមនុស្សជំនាន់នេះមិនព្រមទទួលស្គាល់។+ ២៦ ម្យ៉ាងទៀត គ្រារបស់កូនមនុស្សក៏នឹងដូចសម័យណូអេដែរ+ ២៧ គឺមនុស្សនៅសម័យនោះរវល់បរិភោគ រវល់ផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណូអេចូលក្នុងទូកធំ+ រួចទឹកក៏ជន់ឡើងបំផ្លាញពួកគេទាំងអស់គ្នាទៅ។+ ២៨ គ្រានោះក៏នឹងដូចសម័យរបស់ឡុតដែរ+ គឺមនុស្សនៅសម័យនោះរវល់បរិភោគ រវល់ផឹក ទិញលក់ ដាំដុះ និងសាងសង់។ ២៩ ប៉ុន្តែ នៅថ្ងៃដែលឡុតចេញពីក្រុងសូដុម មានភ្លើងនិងស្ពាន់ធ័រធ្លាក់ពីលើមេឃមកបំផ្លាញពួកគេទាំងអស់គ្នាទៅ។+ ៣០ នៅថ្ងៃដែលកូនមនុស្សនឹងបង្ហាញខ្លួន ក៏នឹងដូចគ្នាដែរ។+
៣១ «នៅថ្ងៃនោះ អ្នកណាដែលនៅលើដំបូលផ្ទះ តែមានរបស់របរនៅក្នុងផ្ទះ កុំឲ្យអ្នកនោះចុះទៅយកឡើយ ហើយអ្នកណាដែលនៅស្រែចម្ការ កុំឲ្យអ្នកនោះត្រឡប់ទៅរកអ្វីៗនៅខាងក្រោយឡើយ។ ៣២ ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត។+ ៣៣ អ្នកណាដែលខំរក្សាជីវិត*ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែអ្នកណាដែលបាត់បង់ជីវិត អ្នកនោះនឹងរក្សាជីវិតវិញ។+ ៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្សពីរនាក់ដេកលើគ្រែតែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល។+ ៣៥ នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅនៅត្បាល់តែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។ ៣៦ *—— ៣៧ ដូច្នេះ ពួកអ្នកកាន់តាមសួរលោកថា៖ «លោកម្ចាស់ តើនេះនឹងកើតឡើងនៅកន្លែងណា?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «សាកសពនៅទីណា សត្វឥន្ទ្រីក៏នឹងមកជុំគ្នានៅទីនោះដែរ»។+