កុំបែរទៅមើល«អ្វីនៅខាងក្រោយ»
«អ្នកណាដែលចាប់កាន់នង្គ័ល តែបែរទៅមើលអ្វីនៅខាងក្រោយ អ្នកនោះមិនសមនឹងរាជាណាចក្រ របស់ព្រះឡើយ»។—លូក. ៩:៦២
តើអ្នកនៅចាំឬទេ?
ហេតុអ្វីយើងគួរ«នឹកចាំពីប្រពន្ធរបស់ឡុត»?
តើយើងមិនគួរគិតច្រើនពេកអំពីចំណុចបីយ៉ាងអ្វី?
តើយើងអាចដើរឲ្យទាន់អង្គការរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១. តើលោកយេស៊ូបានព្រមានអ្វី? ហើយតើមានសំណួរអ្វីចោទឡើង?
«ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត»។ (លូក. ១៧:៣២) ការព្រមានដែលលោកយេស៊ូគ្រិស្តបានប្រាប់ជិត២.០០០ឆ្នាំមុននោះ ឥឡូវគឺសំខាន់ជាងពេលមុនៗទៅទៀត។ ប៉ុន្តែ តើលោកយេស៊ូចង់មានន័យយ៉ាងណា? អ្នកស្ដាប់ដែលជាជនជាតិយូដាមិនត្រូវការឲ្យលោកយេស៊ូពន្យល់ពួកគេថែមទៀតនោះទេ ពីព្រោះពួកគេដឹងអំពីអ្វីដែលបានកើតឡើងចំពោះប្រពន្ធរបស់ឡុតរួចហើយ។ ពេលប្រពន្ធឡុតកំពុងរត់ចេញពីក្រុងសូដុមជាមួយនឹងក្រុមគ្រួសារ នាងមិនបានស្ដាប់បង្គាប់ព្រះទេដោយបែរទៅមើលក្រោយ ហើយក៏ក្លាយទៅជាបង្គោលអំបិល។—សូមអាន លោកុប្បត្តិ ១៩:១៧, ២៦
២. ហេតុអ្វីប្រពន្ធរបស់ឡុតបែរទៅមើលក្រោយ? តើការមិនស្ដាប់បង្គាប់ព្រះធ្វើឲ្យនាងបាត់បង់អ្វី?
២ ហេតុអ្វីបានជាប្រពន្ធឡុតបែរទៅមើលក្រោយ? តើនាងចង់ដឹងថាមានអ្វីកើតឡើងចំពោះក្រុងនោះឬ? តើនាងបែរទៅមើលក្រោយដោយសារនាងមិនជឿឬក៏ខ្វះជំនឿឬ? ឬមួយក៏នាងបែរទៅមើលដោយស្ដាយអ្វីៗទាំងអស់ដែលនាងបានទុកចោលនៅទីក្រុងសូដុមនោះវិញ? (លូក ១៧:៣១) មិនថានាងបែរទៅមើលក្រោយដោយសារមូលហេតុអ្វីក៏ដោយ ការមិនស្ដាប់បង្គាប់ព្រះបានធ្វើឲ្យនាងបាត់បង់ជីវិត។ សូមគិតអំពីករណីនេះ! នាងបានស្លាប់នៅថ្ងៃតែមួយនឹងមនុស្សអាក្រក់ក្នុងទីក្រុងសូដុមនិងកូម៉ូរ៉ា។ គ្មានអ្វីចម្លែកទេដែលលោកយេស៊ូមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត»!
៣. តើលោកយេស៊ូបានបញ្ជាក់យ៉ាងណាថាយើងមិនគួរមើលក្រោយក្នុងន័យធៀប?
៣ ដូចគ្នាដែរ នៅសព្វថ្ងៃនេះ ជាការសំខាន់ណាស់ដែលយើងមិនបែរទៅមើលក្រោយក្នុងន័យធៀប។ លោកយេស៊ូបានបញ្ជាក់ចំណុចនេះ ពេលលោកតបទៅបុរសម្នាក់ដែលបានសុំលោកទៅលាក្រុមគ្រួសាររបស់គាត់ មុនគាត់ក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលចាប់កាន់នង្គ័ល តែបែរទៅមើលអ្វីនៅខាងក្រោយ អ្នកនោះមិនសមនឹងរាជាណាចក្ររបស់ព្រះឡើយ»។ (លូក. ៩:៦២) តើសម្ដីរបស់លោកយេស៊ូខ្លាំងពេកឬក៏មិនចេះយោគយល់ឬ? មិនមែនទេ! លោកដឹងថាសំណូមពររបស់បុរសនោះគ្រាន់តែជាលេសមួយដើម្បីគាត់អាចរួចពីការបំពេញភារកិច្ចជាអ្នកកាន់តាមលោកប៉ុណ្ណោះ។ លោកយេស៊ូបានបញ្ជាក់ថាការបង្អែបង្អង់បែបនេះក្នុងការបំពេញភារកិច្ចចំពោះព្រះ គឺជាការមើល«អ្វីនៅខាងក្រោយ»។ ពេលមនុស្សម្នាក់កំពុងភ្ជួរស្រែដោយប្រើនង្គ័ល គាត់អាចងាកទៅមើលក្រោយ ឬក៏គាត់អាចទម្លាក់នង្គ័លនោះចោល ហើយបែរទៅមើលក្រោយតែម្ដង។ ក្នុងករណីទាំងពីរនេះ គាត់បានឲ្យអ្វីមួយមកបង្វែរអារម្មណ៍របស់គាត់ពីកិច្ចការដែលគាត់កំពុងធ្វើ ហើយគាត់នឹងមិនអាចបំពេញកិច្ចការនោះបានត្រឹមត្រូវទេ។
៤. តើយើងត្រូវតែប្រមូលអារម្មណ៍ទៅលើអ្វី?
៤ ជាជាងប្រមូលអារម្មណ៍ទៅលើរឿងពីអតីតកាល យើងត្រូវប្រមូលអារម្មណ៍ទៅលើអ្វីៗដែលនៅខាងមុខវិញ។ សុភាសិត ៤:២៥បានសឲ្យឃើញចំណុចនេះយ៉ាងច្បាស់ដោយថា៖ «ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងត្រង់ទៅមុខដែរ»។
៥. តើមានមូលហេតុអ្វីដែលយើងមិនគួរមើលអ្វីៗនៅខាងក្រោយ?
៥ យើងមានមូលហេតុត្រឹមត្រូវដែលយើងមិនគួរបែរទៅមើលក្រោយ។ តើមានមូលហេតុអ្វី? គឺដោយសារគ្រានេះជា«គ្រាចុងក្រោយបង្អស់»។ (២ធី. ៣:១) បន្ដិចទៀត ព្រះមិនគ្រាន់តែបំផ្លាញចោលទីក្រុងពីរដែលមានមនុស្សអាក្រក់ប៉ុណ្ណោះទេ តែលោកនឹងបំផ្លាញចោលរបៀបរបបពិភពលោកនេះទាំងមូល។ តើអ្វីនឹងជួយយើងកុំឲ្យត្រូវបង្វែរអារម្មណ៍ដូចប្រពន្ធឡុត? មុនដំបូង យើងត្រូវដឹងថាមានអ្វីខ្លះនៅពីក្រោយយើងដែលអាចទាក់ទាញយើងឲ្យបែរមើលទៅក្រោយ។ (២កូ. ២:១១) សូមយើងពិចារណាអ្វីៗដែលអាចទាក់ទាញយើងឲ្យបែរទៅមើលក្រោយ និងរបៀបបង្ការកុំឲ្យយើងប្រមូលអារម្មណ៍ទៅលើអ្វីៗទាំងនោះ។
ទស្សនៈដែលថានៅអតីតកាលល្អជាងបច្ចុប្បន្ន
៦. ហេតុអ្វីយើងមិនគួរទុកចិត្តការចងចាំរបស់យើងហួសហេតុពេក?
៦ យើងអាចមានទស្សនៈខុសថាជីវិតនៅអតីតកាលល្អជាងបច្ចុប្បន្ន។ ការចងចាំរបស់យើងអំពីអតីតកាលមិនតែងតែអាចទុកចិត្តបានទេ។ ដោយមិនបានចាប់ភ្លឹក យើងអាចចាប់ផ្ដើមគិតថាកាលពីមុន យើងមិនសូវមានបញ្ហាដូចនៅឥឡូវនេះទេ ហើយពីមុនយើងមានសុភមង្គលច្រើនជាង។ បើនិយាយឲ្យចំទៅ យើងអាចចាប់ផ្ដើមគិតខុសពីការពិតថា កាលពីមុនស្ថានភាពរបស់យើងគឺល្អជាង។ បើយើងចាប់ផ្ដើមគិតខុសបែបនេះ នោះអាចបណ្ដាលឲ្យយើងចង់ឲ្យអ្វីៗត្រឡប់ទៅដូចជានៅអតីតកាលវិញ។ ប៉ុន្តែ គម្ពីរបានព្រមានយើងថា៖ «កុំឲ្យសួរថា៖ ហេតុអ្វីបានជា[«អតីតកាល»]ល្អជាងសម័យសព្វថ្ងៃនេះ? ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ»។ (សាស្ដ. ៧:១០; ព.ថ.) ហេតុអ្វីគំនិតខុសបែបនេះអាចនាំឲ្យយើងមានបញ្ហា?
៧-៩. (ក) តើមានអ្វីកើតឡើងដល់ពួកអ៊ីស្រាអែលនៅស្រុកអេស៊ីប? (ខ) តើពួកគេមានហេតុត្រេកអរដោយសារអ្វីខ្លះ? (គ) តើពួកអ៊ីស្រាអែលចាប់ផ្ដើមត្អូញត្អែរ និងរអ៊ូរទាំអំពីអ្វី?
៧ សូមពិចារណាអំពីអ្វីដែលបានកើតឡើងដល់ពួកអ៊ីស្រាអែលនៅសម័យម៉ូសេ។ ទោះជាពួកអ៊ីស្រាអែលត្រូវគេចាត់ទុកថាជាភ្ញៀវក្នុងស្រុកអេស៊ីបក៏ដោយ តែបន្ទាប់ពីសម័យយ៉ូសែបមក «គេក៏ដាក់ឲ្យមាននាយដំរួតសំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន»។ (និក្ខ. ១:១១) ក្រោយមក ផារ៉ូបានប៉ុនប៉ងសម្លាប់ទារករបស់ពួកអ៊ីស្រាអែលដើម្បីកុំឲ្យចំនួនពួកគេកើនឡើង។ (និក្ខ. ១:១៥, ១៦, ២២) ហេតុនេះហើយ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ»។—និក្ខ. ៣:៧
៨ តើអ្នកអាចស្រមៃឃើញអំណរដែលពួកអ៊ីស្រាអែលមាន ពេលពួកគេចេញពីស្រុកអេស៊ីបដោយមានសេរីភាព ហើយលែងធ្វើជាខ្ញុំបម្រើទៀតឬទេ? តាមរបៀបដ៏អស្ចារ្យ ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវឫទ្ធានុភាពរបស់ព្រះយេហូវ៉ា កាលដែលលោកធ្វើឲ្យមានសេចក្ដីវេទនាទាំង១០មកលើផារ៉ូដែលក្រអឺតក្រទមនិងរាស្ត្ររបស់គាត់។ (សូមអាន និក្ខមនំ ៦:១, ៦, ៧) តាមពិត ពួកអេស៊ីបមិនគ្រាន់តែចង់ឲ្យពួកអ៊ីស្រាអែលចាកចេញទេ តែពួកអេស៊ីបបានអង្វរពួកគេឲ្យចេញ ហើយថែមទាំងឲ្យមាស ប្រាក់ជាច្រើន រហូតដល់អាចនិយាយបានថារាស្ត្ររបស់ព្រះបាន«បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ»។ (និក្ខ. ១២:៣៣-៣៦) ពួកអ៊ីស្រាអែលក៏បានត្រេកអរយ៉ាងខ្លាំង ពេលពួកគេឃើញផារ៉ូនិងកងទ័ពរបស់គាត់ស្លាប់នៅក្នុងសមុទ្រក្រហម។ (និក្ខ. ១៤:៣០, ៣១) ដោយសារពួកអ៊ីស្រាអែលបានឃើញហេតុការណ៍ដ៏គួរឲ្យរំភើបចិត្តនេះ នោះបានពង្រឹងជំនឿរបស់ពួកគេមែន!
៩ មិនគួរឲ្យជឿសោះថា មិនយូរក្រោយពីពួកគេបានត្រូវសង្គ្រោះដោយការអស្ចារ្យនោះ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំនិងត្អូញត្អែរ។ តើពួកគេរអ៊ូរទាំអំពីអ្វី? រឿងម្ហូប។ ពួកគេបានចាប់ផ្ដើមមិនស្កប់ចិត្តនឹងអ្វីៗដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់ពួកគេ ហើយបានត្អូញត្អែរថា៖ «យើងនឹករំឭកពីត្រីដែលយើងបានបរិភោគនៅស្រុកអេស៊ីបជាឥតថ្លៃ ហើយពីត្រសក់ ឱឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ នឹងខ្ទឹមសផង តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាន៉ាដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ»។ (ជន. ១១:៥, ៦) ពួកគេចាប់ផ្ដើមមានទស្សនៈខុសពីការពិតរហូតដល់ពួកគេចង់ត្រឡប់ទៅស្រុកដែលគេបម្រើជាទាសករវិញ! (ជន. ១៤:២-៤) ពួកអ៊ីស្រាអែលបានបែរទៅមើលអ្វីនៅខាងក្រោយ ហើយព្រះយេហូវ៉ាលែងពេញចិត្តនឹងពួកគេទៀត។—ជន. ១១:១០
១០. តើយើងរៀនអ្វីពីគំរូរបស់ពួកអ៊ីស្រាអែល?
១០ នៅសព្វថ្ងៃ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? ពេលយើងឆ្លងកាត់ការពិបាកនិងមានបញ្ហា យើងមិនគួរផ្ចង់អារម្មណ៍ទៅលើអ្វីដែលយើងគិតថាល្អជាងនៅអតីតកាល ឬមុនពេលយើងស្គាល់សេចក្ដីពិត។ ពិតមែនតែមិនមែនជាការខុសដែលយើងគិតអំពីមេរៀនដែលយើងបានរៀនពីបទពិសោធន៍នៅអតីតកាល ឬគិតអំពីពេលសប្បាយដែលយើងធ្លាប់មានពីមុន ប៉ុន្តែយើងត្រូវមានតុល្យភាព ហើយចេះទទួលស្គាល់ការពិតអំពីអតីតកាល។ ពុំនោះទេ នេះនឹងធ្វើឲ្យយើងរឹតតែមិនស្កប់ចិត្តនឹងជីវិតរបស់យើងនៅពេលបច្ចុប្បន្ន ហើយធ្វើឲ្យយើងចង់មានរបៀបរស់នៅដូចពីមុន។—សូមអាន ពេត្រុសទី២ ២:២០-២២
អ្វីៗដែលយើងលះបង់នៅអតីតកាល
១១. តើបងប្អូនខ្លះមានទស្សនៈយ៉ាងណាចំពោះអ្វីៗដែលពួកគេបានលះបង់នៅអតីតកាល?
១១ គួរឲ្យសោកស្ដាយមែន បងប្អូនខ្លះបានបែរទៅមើលអ្វីៗដែលពួកគេបានលះបង់នៅអតីតកាល ហើយចាត់ទុកថាខ្លួនបានបាត់បង់ឱកាសដ៏ល្អមួយ។ អ្នកប្រហែលជាមានឱកាសទទួលការអប់រំខ្ពស់ មានមុខមាត់ធំដុំ ឬប្រមូលទ្រព្យសម្បត្ដិ តែអ្នកបានសម្រេចចិត្តមិនស្វែងរកអ្វីៗទាំងនោះទេ។ បងប្អូនរបស់យើងជាច្រើនបានលះបង់ការងារដែលមានប្រាក់ខែខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម សិល្បៈ ការអប់រំ ឬកីឡា។ ឥឡូវពេលវេលាជាច្រើនបានកន្លងផុតទៅ តែទីបញ្ចប់មិនទាន់មកដល់នៅឡើយទេ។ តើអ្នកស្រមៃគិតថាជីវិតរបស់អ្នកអាចទៅជាយ៉ាងណា បើអ្នកមិនបានលះបង់អ្វីៗទាំងនោះ?
១២. តើប៉ូលមានអារម្មណ៍យ៉ាងណាចំពោះអ្វីៗដែលគាត់បានលះបង់?
១២ សាវ័កប៉ូលបានលះបង់អ្វីៗជាច្រើនដើម្បីក្លាយជាអ្នកកាន់តាមគ្រិស្ត។ (ភី. ៣:៤-៦) តើគាត់មានអារម្មណ៍យ៉ាងណាចំពោះអ្វីៗដែលគាត់បានលះបង់? គាត់រៀបរាប់ថា៖ «អ្វីៗដែលធ្លាប់មានប្រយោជន៍ចំពោះខ្ញុំ ខ្ញុំចាត់ទុកថាខាតដោយសារគ្រិស្ត»។ ហេតុអ្វីគាត់និយាយដូច្នេះ? គាត់បានបន្ថែមទៀតថា៖ «ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូជាម្ចាស់របស់ខ្ញុំ។ ដោយសារលោក ខ្ញុំបានសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយក៏ចាត់ទុកជាសំរាមដើម្បីខ្ញុំអាចបានគ្រិស្ត»។a (ភី. ៣:៧, ៨) កាលដែលមនុស្សម្នាក់ចោលសំរាមឬរបស់គ្មានប្រយោជន៍ គាត់មិនស្ដាយរបស់ដែលគាត់បោះចោលទេ។ ដូចគ្នាដែរ ប៉ូលមិនស្ដាយឱកាសក្នុងពិភពលោកនេះដែលគាត់បានបោះបង់ចោលឡើយ។ គាត់មានអារម្មណ៍ថាឱកាសទាំងនោះគ្មានតម្លៃសោះ។
១៣, ១៤. តើយើងអាចធ្វើតាមគំរូរបស់ប៉ូលយ៉ាងដូចម្ដេច?
១៣ បើយើងចាប់ផ្ដើមគិតអំពីឱកាសដែលយើងបោះបង់ចោល តើអ្វីអាចជួយយើងបាន? សូមយកតម្រាប់តាមគំរូរបស់ប៉ូល។ តើតាមរបៀបណា? សូមគិតអំពីតម្លៃនៃអ្វីៗដែលអ្នកមាននៅឥឡូវនេះ។ អ្នកមានចំណងមិត្តភាពដ៏មានតម្លៃជាមួយព្រះយេហូវ៉ា ហើយលោកចាត់ទុកអ្នកថាជាមនុស្សស្មោះត្រង់ម្នាក់។ (ហេ. ៦:១០) អ្វីៗដែលពិភពលោកនេះផ្ដល់ឲ្យយើង គឺមិនអាចប្រៀបផ្ទឹមនឹងអ្វីៗដែលព្រះយេហូវ៉ាបានឲ្យយើងនៅឥឡូវនេះ ហើយនឹងឲ្យនៅអនាគតឡើយ។—សូមអាន ម៉ាកុស ១០:២៨-៣០
១៤ ប៉ូលក៏បានបញ្ជាក់អំពីអ្វីមួយទៀតដែលនឹងជួយយើងឲ្យនៅតែស្មោះត្រង់ជានិច្ច។ គាត់ប្រាប់ថាគាត់បាន«បំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខ»។ (ភី. ៣:១៣) សូមកត់សម្គាល់ថាប៉ូលបានគូសបញ្ជាក់កត្ដាពីរដែលចាំបាច់។ កត្ដាទី១ យើងត្រូវបំភ្លេចអ្វីៗដែលយើងបានបោះបង់ចោល ដោយមិនប្រើពេលវេលានិងកម្លាំងដែលមានតម្លៃរបស់យើងដើម្បីគិតអំពីវាទៀតទេ។ កត្ដាទី២ ដូចអ្នករត់ប្រណាំងដែលរត់ដល់ទីផ្ដាច់ព្រ័ត្រ យើងត្រូវប្រឹងរត់សំដៅទៅមុខដោយផ្ចង់អារម្មណ៍ទៅលើអ្វីៗដែលនៅខាងមុខ។
១៥. តើយើងទទួលប្រយោជន៍អ្វីពេលយើងរំពឹងគិតអំពីគំរូរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ?
១៥ ពេលយើងរំពឹងគិតអំពីគំរូរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះពីសម័យមុនឬនៅសម័យនេះ យើងអាចបន្តឈានទៅមុខជាជាងបែរទៅមើលក្រោយ។ ជាឧទាហរណ៍ បើអាប្រាហាំនិងសារ៉ានៅតែនឹកនាដល់ក្រុងអ៊ើរ «ពួកគេនឹងមានឱកាសត្រឡប់ទៅវិញ»។ (ហេ. ១១:១៣-១៥) ប៉ុន្តែពួកគាត់មិនបានត្រឡប់ទៅទីក្រុងនោះវិញទេ។ ពេលម៉ូសេបានចាកចេញពីស្រុកអេស៊ីបជាលើកដំបូង គាត់បានលះបង់ចោលអ្វីៗជាច្រើន គឺច្រើនជាងជនជាតិអ៊ីស្រាអែលណាម្នាក់បានលះបង់ទៅទៀត។ ប៉ុន្តែ គម្ពីរមិនបានចែងថាម៉ូសេនឹកនាអ្វីៗដែលគាត់លះបង់ចោលនោះទេ។ ផ្ទុយទៅវិញ គម្ពីរបានចែងប្រាប់យើងថា៖ «គាត់ចាត់ទុកការរងការជេរប្រមាថក្នុងនាមជាគ្រិស្តថាជាទ្រព្យវិសេសជាងទ្រព្យទាំងអស់ក្នុងស្រុកអេស៊ីប ព្រោះគាត់សម្លឹងចំទៅរង្វាន់»។—ហេ. ១១:២៦
បទពិសោធន៍អាក្រក់នៅអតីតកាល
១៦. តើបទពិសោធន៍នៅអតីតកាលអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
១៦ មិនមែនបទពិសោធន៍ទាំងអស់នៅអតីតកាលសុទ្ធតែល្អនោះទេ។ យើងប្រហែលជាខ្វល់ខ្វាយយ៉ាងច្រើនអំពីអំពើខុសឆ្គងនិងកំហុសដែលយើងបានធ្វើកាលពីមុន។ (ទំនុក. ៥១:៣) យើងប្រហែលជានៅតែឈឺផ្សាដោយសារឱវាទចំៗដែលយើងបានទទួល។ (ហេ. ១២:១១) យើងប្រហែលជាមិនអាចឈប់គិតអំពីពេលដែលយើងរងទុក្ខដោយសារអំពើអយុត្ដិធម៌ ឬអ្វីៗដែលយើងគិតថាអយុត្ដិធម៌។ (ទំនុក. ៥៥:២) តើយើងអាចធ្វើអ្វីដើម្បីប្រាកដថាយើងមិនឲ្យបទពិសោធន៍ទាំងនេះនាំឲ្យយើងផ្ចង់អារម្មណ៍ទៅលើអ្វីៗដែលនៅអតីតកាល? សូមពិចារណាអំពីឧទាហរណ៍បីយ៉ាង។
១៧. (ក) ហេតុអ្វីប៉ូលពណ៌នាខ្លួនគាត់ជា«អ្នកតូចជាងអ្នកតូចបំផុតក្នុងចំណោមពួកអ្នកបរិសុទ្ធ»? (ខ) តើអ្វីបានជួយប៉ូលមិនឲ្យមានគំនិតដែលនាំឲ្យធ្លាក់ទឹកចិត្តមកគ្របដណ្ដប់លើគាត់?
១៧ កំហុសនៅអតីតកាល។ សាវ័កប៉ូលបានពណ៌នាអំពីខ្លួនគាត់ថាជា«អ្នកតូចជាងអ្នកតូចបំផុតក្នុងចំណោមពួកអ្នកបរិសុទ្ធ»។ (អេភ. ៣:៨) ហេតុអ្វីគាត់មានអារម្មណ៍បែបនេះ? គាត់បាននិយាយថា៖ «ពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ»។ (១កូ. ១៥:៩) តើអ្នកអាចស្រមៃគិតអំពីអារម្មណ៍របស់ប៉ូល ពេលគាត់ជួបអ្នកខ្លះដែលគាត់ធ្លាប់បៀតបៀនពីមុនឬទេ? ក៏ប៉ុន្តែ ជាជាងអនុញ្ញាតឲ្យគំនិតដែលធ្វើឲ្យធ្លាក់ទឹកចិត្តគ្របដណ្ដប់លើប៉ូលនិងរារាំងគាត់ពីការបម្រើព្រះ គាត់បានផ្ចង់អារម្មណ៍ទៅលើគុណដ៏វិសេសលើសលប់របស់ព្រះដែលគាត់បានទទួលពីលោកវិញ។ (១ធី. ១:១២-១៦) ជាលទ្ធផល ប៉ូលដឹងគុណព្រះ ហើយនេះបានជំរុញគាត់ឲ្យបន្តបំពេញកិច្ចបម្រើ។ ក្នុងចំណោមអ្វីៗដែលនៅខាងក្រោយដែលគាត់បានតាំងចិត្តបំភ្លេច ក៏មានអំពើខុសឆ្គងដែលគាត់ធ្លាប់ធ្វើកាលពីមុនដែរ។ ដូចគ្នាដែរ បើយើងផ្ចង់អារម្មណ៍ទៅលើសេចក្ដីមេត្ដាករុណាដែលព្រះបានបង្ហាញ នោះយើងនឹងមិននាំឲ្យខ្លួនអស់កម្លាំងចិត្តដោយគិតអំពីព្រឹត្ដិការណ៍នៅអតីតកាលដែលយើងមិនអាចកែប្រែបាន។ យើងអាចប្រើកម្លាំងរបស់យើងដើម្បីបម្រើព្រះយេហូវ៉ានៅឥឡូវនេះវិញ។
១៨. (ក) បើយើងមើលទៅក្រោយដោយគិតអំពីឱវាទដែលបានធ្វើឲ្យយើងឈឺចិត្ត តើអាចមានអ្វីកើតឡើង? (ខ) ស្តីអំពីការទទួលឱវាទ តើយើងអាចធ្វើតាមពាក្យរបស់សាឡូម៉ូនយ៉ាងដូចម្ដេច?
១៨ ឱវាទដែលនាំឲ្យឈឺចិត្ត។ ចុះយ៉ាងណាបើយើងបានត្រូវទាក់ទាញឲ្យមើលទៅក្រោយដោយគិតអំពីឱវាទខ្លះដែលបានធ្វើឲ្យយើងឈឺចិត្ត? នេះមិនគ្រាន់តែធ្វើឲ្យយើងឈឺចិត្តប៉ុណ្ណោះទេ តែក៏អាចធ្វើឲ្យយើងខឹងរហូតដល់«អស់កម្លាំងចិត្ត»ផងដែរ។ (ហេ. ១២:៥) ទោះជាយើង«មើលងាយ»ឱវាទនោះដោយមិនព្រមធ្វើតាម ឬ«អស់កម្លាំងចិត្ត»ដោយព្រមទទួល តែក្រោយមកឈប់ធ្វើតាមវិញ នោះយើងនឹងទទួលលទ្ធផលដូចគ្នា គឺយើងមិនទទួលប្រយោជន៍ពីឱវាទនោះទេ ហើយក៏មិនឲ្យឱវាទនោះធ្វើឲ្យយើងមានគុណសម្បត្ដិថែមទៀតដែរ។ គឺជាការល្អជាង បើយើងធ្វើតាមពាក្យរបស់សាឡូម៉ូនដែលថា៖ «ចូរតោងជាប់តាមសេចក្ដីដំបូន្មានកុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះជាជីវិតរបស់ឯង»។ (សុភ. ៤:១៣) ដូចអ្នកបើកបរដែលបើកបរតាមផ្លាកសញ្ញានៅតាមផ្លូវ នោះយើងក៏ចង់ទទួលយកឱវាទ អនុវត្តឱវាទ និងឈានទៅមុខ។—សុភ. ៤:២៦, ២៧; សូមអាន ហេប្រឺ ១២:១២, ១៣
១៩. តើយើងអាចយកតម្រាប់តាមជំនឿរបស់ហាបាគុកនិងយេរេមាយ៉ាងដូចម្ដេច?
១៩ ភាពអយុត្ដិធម៌ឬអ្វីដែលមើលទៅដូចជាអយុត្ដិធម៌។ ជួនកាល យើងអាចមានអារម្មណ៍ដូចអ្នកប្រកាសទំនាយហាបាគុកដែលសុំព្រះយេហូវ៉ារកយុត្ដិធម៌ឲ្យគាត់ ដោយសារគាត់មិនបានយល់មូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានរឿងអយុត្ដិធម៌កើតឡើង។ (ហាប. ១:២, ៣) ជាការសំខាន់ណាស់ឲ្យយើងយកតម្រាប់តាមជំនឿរបស់អ្នកប្រកាសទំនាយនេះដែលគាត់បាននិយាយថា៖ «គង់តែខ្ញុំនឹងរីករាយដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ»។ (ហាប. ៣:១៨) ដូចយេរេមានៅសម័យបុរាណ បើយើង«សង្ឃឹម»ជានិច្ចដោយមានជំនឿទាំងស្រុងទៅលើព្រះយេហូវ៉ាដែលជាព្រះនៃយុត្ដិធម៌ នោះយើងអាចមានទំនុកចិត្តថាលោកនឹងកែប្រែអ្វីៗទាំងអស់នៅពេលដែលត្រឹមត្រូវ។—បរិ. ៣:១៩-២៤
២០. តើយើងអាចបង្ហាញថាយើង«នឹកចាំពីប្រពន្ធរបស់ឡុត»យ៉ាងដូចម្ដេច?
២០ យើងរស់នៅគ្រាមួយដ៏គួរឲ្យរំភើបចិត្ត។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យជាច្រើនកំពុងកើតឡើងនៅសព្វថ្ងៃនេះ ហើយនឹងកើតឡើងច្រើនថែមទៀតនៅអនាគត។ សូមឲ្យយើងម្នាក់ៗដើរឲ្យទាន់អង្គការរបស់ព្រះយេហូវ៉ាជានិច្ច។ សូមឲ្យយើងធ្វើតាមឱវាទពីគម្ពីរដែលឲ្យយើងមើលទៅមុខ ហើយកុំឲ្យយើងបែរទៅមើលអ្វីនៅខាងក្រោយឡើយ។ បើធ្វើដូច្នេះ យើងនឹងបង្ហាញថាយើង«នឹកចាំពីប្រពន្ធរបស់ឡុត»!
[កំណត់សម្គាល់]
a តាមភាសាដើមពាក្យដែលបានត្រូវបកប្រែថា«សំរាម» មានន័យថារបស់ដែលគេ«ចោលឲ្យឆ្កែ» «លាមក» «អាចម៍»។ បណ្ឌិតខាងគម្ពីរម្នាក់បញ្ជាក់ថាពាក្យដែលប៉ូលប្រើ គឺសំដៅទៅការ«បដិសេធទាំងស្រុងចំពោះរបស់គ្មានប្រយោជន៍ និងការស្អប់ខ្ពើមរបស់ទាំងនោះដោយមិនចង់ឃើញវាម្ដងទៀត»។