បណ្ដាស្ដេចទី២
៦ នៅគ្រាមួយ កូនចៅអ្នកប្រកាសទំនាយ+បាននិយាយទៅកាន់អេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយនឹងលោកម្ចាស់ ចង្អៀតណាស់។ ២ សូមឲ្យយើងទៅតំបន់ទន្លេយ៉ូដាន់ ហើយកាប់ឈើដើម្បីសង់ទីលំនៅ នៅឯទីនោះទៅ»។ អេលីសេក៏ឆ្លើយថា៖ «ចូរទៅចុះ»។ ៣ កូនចៅអ្នកប្រកាសទំនាយម្នាក់បាននិយាយថា៖ «សូមលោកម្ចាស់ទៅជាមួយនឹងយើងខ្ញុំដែរ»។ គាត់ក៏ឆ្លើយថា៖ «ខ្ញុំនឹងទៅ»។ ៤ ដូច្នេះ អេលីសេក៏ធ្វើដំណើរទៅជាមួយនឹងពួកគេ។ ពេលទៅដល់ក្បែរទន្លេយ៉ូដាន់ ពួកគេក៏កាប់ឈើនៅទីនោះ។ ៥ ពេលពួកគេកំពុងកាប់ឈើ ផ្លែពូថៅរបស់បុរសម្នាក់ បានរបូតធ្លាក់ទៅក្នុងទឹក។ បុរសនោះក៏ស្រែកឡើងថា៖ «លោកម្ចាស់អើយ! ពូថៅនេះ ខ្ញុំខ្ចីពីគេទេ!»។ ៦ អេលីសេជាតំណាងព្រះពិតក៏សួរថា៖ «តើធ្លាក់នៅត្រង់ណា?»។ បុរសនោះក៏បង្ហាញកន្លែងធ្លាក់។ រួចអេលីសេកាត់មែកឈើមួយ បោះទៅទីនោះ ស្រាប់តែផ្លែពូថៅក៏អណ្ដែតឡើង។ ៧ អេលីសេក៏ប្រាប់ថា៖ «ចូរយកវាមក»។ ដូច្នេះ បុរសនោះក៏លូកដៃទៅចាប់យកផ្លែពូថៅនោះ។
៨ លុះក្រោយមក ស្ដេចស្រុកស៊ីរីចង់ទៅច្បាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។+ ស្ដេចស្រុកស៊ីរីក៏ប្រឹក្សាជាមួយនឹងពួកអ្នកបម្រើគាត់ ហើយប្រាប់អំពីទីតាំងដែលពួកគេត្រូវបោះជំរំ។ ៩ ឯតំណាងព្រះពិត+ក៏ចាត់គេឲ្យទៅជម្រាបស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមលោកកុំឆ្លងកាត់តំបន់មួយនោះឲ្យសោះ ព្រោះពួកស៊ីរីកំពុងចុះមកតាមនោះហើយ»។ ១០ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានចាត់គេឲ្យទៅព្រមានបណ្ដាជនដែលរស់នៅតំបន់ដែលអេលីសេបានប្រាប់។ តំបន់ណាដែលអេលីសេបានព្រមានស្ដេច ស្ដេចក៏បានជៀសវាងពីតំបន់នោះ។+
១១ ការនេះនាំឲ្យស្ដេចស្រុកស៊ីរីខឹងយ៉ាងខ្លាំង។ ដូច្នេះ គាត់បានហៅពួកអ្នកបម្រើឲ្យមក ហើយសួរថា៖ «ប្រាប់មក! តើអ្នកណាចូលដៃជាមួយនឹងស្ដេចស្រុកអ៊ីស្រាអែល?»។ ១២ រួចអ្នកបម្រើម្នាក់បាននិយាយថា៖ «គ្មានអ្នកណាក្បត់នឹងស្ដេចជាម្ចាស់ទេ! គឺអេលីសេជាអ្នកប្រកាសទំនាយនៅស្រុកអ៊ីស្រាអែលជាអ្នកប្រាប់ស្ដេចស្រុកនោះ ពីអ្វីដែលលោកបាននិយាយក្នុងបន្ទប់»។+ ១៣ ស្ដេចក៏និយាយថា៖ «ចូរទៅស៊ើបមើលឲ្យដឹងថាគាត់នៅឯណា ដើម្បីខ្ញុំចាត់ទ័ពទៅចាប់គាត់»។ ក្រោយមក មានគេមករាយការណ៍ប្រាប់ស្ដេចថា៖ «អេលីសេនៅក្រុងដូថាន់»។+ ១៤ ពេលឮដូច្នោះ ស្ដេចក៏បញ្ជាទ័ពមួយកងធំ រួមទាំងទ័ពសេះនិងទ័ពរទេះចម្បាំង ឲ្យទៅឡោមព័ទ្ធក្រុងនោះទាំងយប់។
១៥ លុះព្រឹកឡើង អ្នកបម្រើរបស់តំណាងព្រះពិត បានក្រោកពីដេក រួចចេញទៅក្រៅ។ ពេលនោះគាត់មើលឃើញពលទ័ព រួមទាំងទ័ពសេះនិងទ័ពរទេះចម្បាំង កំពុងឡោមព័ទ្ធក្រុង។ គាត់ក៏ស្រែកឡើងថា៖ «វរហើយលោកម្ចាស់! តើយើងត្រូវធ្វើយ៉ាងម៉េចទៅ?»។ ១៦ ប៉ុន្តែ អេលីសេប្រាប់ថា៖ «កុំខ្លាចឡើយ!+ ព្រោះខាងយើងមានគ្នាច្រើនជាងខាងគេទៅទៀត»។+ ១៧ រួចអេលីសេក៏អធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបើកភ្នែកគាត់ឲ្យមើលឃើញផង»។+ រំពេចនោះ ព្រះយេហូវ៉ាក៏បើកភ្នែកអ្នកបម្រើនោះ ហើយគាត់ក៏ឃើញនៅតំបន់ភ្នំមានពេញទៅដោយទ័ពសេះភ្លើងនិងទ័ពរទេះចម្បាំងភ្លើង+នៅជុំវិញអេលីសេ។+
១៨ ពេលនោះ ទ័ពស៊ីរីក៏ចុះសំដៅមករកអេលីសេ។ ឃើញដូច្នោះ អេលីសេអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមលោកធ្វើឲ្យពួកគេងងឹតភ្នែកទៅ»។+ ដូច្នេះ ព្រះក៏ធ្វើឲ្យពួកគេងងឹតភ្នែក។ ១៩ បន្ទាប់មក អេលីសេក៏និយាយទៅកាន់ពួកគេថា៖ «មិនមែនផ្លូវនេះទេ ក៏មិនមែនក្រុងនេះដែរ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបបុរសដែលអ្នករាល់គ្នាកំពុងរក»។ ពេលនោះ គាត់បាននាំពួកគេទៅក្រុងសាម៉ារី។+
២០ ពេលទៅដល់ អេលីសេបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបើកភ្នែកពួកគេឲ្យមើលឃើញវិញផង»។ ដូច្នេះ ព្រះយេហូវ៉ាក៏បើកភ្នែកពួកគេ ហើយពួកគេឃើញថាខ្លួនកំពុងនៅកណ្ដាលក្រុងសាម៉ារី។ ២១ ពេលស្ដេចស្រុកអ៊ីស្រាអែលបានឃើញពួកគេ គាត់ក៏សួរអេលីសេថា៖ «លោកឪពុក! តើត្រូវសម្លាប់ពួកគេទេ? តើខ្ញុំគួរតែសម្លាប់ពួកគេឬ?»។ ២២ ប៉ុន្តែ អេលីសេប្រាប់ថា៖ «អ្នកមិនត្រូវសម្លាប់ពួកគេទេ។ តើអ្នកគួរសម្លាប់ឈ្លើយសឹកឬ? សូមរៀបចំនំប៉័ងនិងទឹកឲ្យពួកគេបរិភោគទៅ+ ដើម្បីពួកគេមានកម្លាំងត្រឡប់ទៅឯម្ចាស់ពួកគេវិញ»។ ២៣ ដូច្នេះ ស្ដេចបានរៀបចំពិធីភោជនាហារឲ្យពួកគេ។ ក្រោយពីបរិភោគរួច ស្ដេចក៏ដោះលែងពួកគេឲ្យត្រឡប់ទៅម្ចាស់វិញ។ តាំងពីពេលនោះ ទ័ពស៊ីរី+ក៏លែងមកឈ្លានពានទឹកដីអ៊ីស្រាអែលទៀត។
២៤ កន្លងក្រោយមក បេនហាដាតជាស្ដេចស្រុកស៊ីរីបានប្រមូលទ័ពរបស់គាត់ទាំងអស់ ហើយឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។+ ២៥ ដោយព្រោះការនោះ ក្រុងសាម៉ារីមានការអត់ឃ្លានជាខ្លាំង+ រហូតដល់ក្បាលលាមួយ+ថ្លៃ៨០កាក់ធ្វើពីប្រាក់ និងអាចម៍ព្រាបពីរក្ដាប់*ថ្លៃ៥កាក់ធ្វើពីប្រាក់។ ២៦ គ្រានោះ កាលដែលស្ដេចស្រុកអ៊ីស្រាអែលដើរលើកំពែងក្រុង មានស្ត្រីម្នាក់ស្រែកអង្វរគាត់ថា៖ «ឱស្ដេចជាម្ចាស់អើយ! សូមជួយយើងផង»។ ២៧ ស្ដេចក៏តបទៅវិញថា៖ «បើព្រះយេហូវ៉ាមិនជួយអ្នកផង ធ្វើដូចម្ដេចឲ្យខ្ញុំជួយអ្នកបានទៅ? ស្រូវក៏ខ្ញុំគ្មាន ស្រាទំពាំងបាយជូរ និងប្រេងក៏ខ្ញុំគ្មានដែរ»។ ២៨ ស្ដេចក៏សួរនាងថា៖ «តើនាងមានរឿងអ្វី?»។ នាងឆ្លើយថា៖ «ស្ត្រីនេះបាននិយាយមកកាន់ខ្ញុំថា៖ ‹ថ្ងៃនេះយើងនឹងបរិភោគកូនអ្នក ហើយថ្ងៃស្អែកយើងនឹងបរិភោគកូនខ្ញុំវិញ›។+ ២៩ ដូច្នេះ ខ្ញុំក៏ស្ងោរកូនខ្ញុំ ហើយបរិភោគជាមួយគ្នាទៅ។+ នៅថ្ងៃបន្ទាប់ ខ្ញុំនិយាយទៅនាងថា៖ ‹ចូរយកកូនអ្នកមក ដើម្បីយើងចែកគ្នាបរិភោគ›។ ប៉ុន្តែ នាងបានយកកូននោះទៅលាក់ទុក»។
៣០ ក្រោយពីស្ដាប់រួច ស្ដេចក៏ចាប់ហែកអាវរបស់ខ្លួន។+ ខណៈពេលស្ដេចកំពុងដើរលើកំពែង បណ្ដាជនបានឃើញថាគាត់ស្លៀកបាវ ទោះជាគាត់ពាក់សម្លៀកបំពាក់ស្ដេចពីលើក៏ដោយ។ ៣១ បន្ទាប់មក ស្ដេចក៏និយាយថា៖ «នៅថ្ងៃនេះ បើខ្ញុំមិនបានកាត់ក្បាលអេលីសេជាកូនសាផាតទេ នោះសូមឲ្យព្រះដាក់ទោសខ្ញុំយ៉ាងធ្ងន់ទៅចុះ!»។+
៣២ ពេលនោះ អេលីសេកំពុងអង្គុយជាមួយនឹងពួកបុរសចាស់ទុំនៅក្នុងផ្ទះរបស់គាត់។ ស្ដេចបានចាត់អ្នកនាំសារឲ្យរត់ទៅមុនគាត់។ ប៉ុន្តែ មុនអ្នកនាំសារទៅដល់ អេលីសេបានប្រាប់ពួកបុរសចាស់ទុំថា៖ «កូនឃាតករ+បានចាត់គេឲ្យមកកាត់ក្បាលខ្ញុំហើយ។ សូមចាំមើល បើអ្នកនាំសារមកដល់ សូមបិទទ្វារឲ្យជិត កុំឲ្យគាត់ចូលឲ្យសោះ។ ម្ចាស់របស់គាត់ក៏កំពុងមកតាមក្រោយដែរ»។ ៣៣ កាលអេលីសេកំពុងនិយាយជាមួយនឹងពួកបុរសចាស់ទុំនៅឡើយ អ្នកនាំសារនិងស្ដេចក៏បានមកដល់។ ពេលនោះ ស្ដេចបាននិយាយថា៖ «សេចក្ដីវេទនានេះគឺមកពីព្រះយេហូវ៉ា។ ហេតុអ្វីខ្ញុំគួររង់ចាំជំនួយពីព្រះយេហូវ៉ាទៀត?»។