តើអ្នកអបអរនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា៖ ‹ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ›»។—អេសាយ ៦៦:១
១, ២. (ក) តើមានទីសំអាងដ៏មើលឃើញអ្វីខ្លះ ដែលបញ្ជាក់ពីអង្គការរបស់ព្រះយេហូវ៉ានោះ? (ខ) តើព្រះយេហូវ៉ាមានដំណាក់នៅកន្លែងណា?
តើអ្នកជឿថា ព្រះយេហូវ៉ាមានអង្គការមួយទេ? បើមានមែន ហេតុអ្វីក៏អ្នកជឿដូច្នេះ? អ្នកប្រហែលជាឆ្លើយថា៖ ‹ពីព្រោះ យើងមានសាលព្រះរាជាណាចក្រ។ យើងមានក្រុមជំនុំដ៏មានសណ្ដាប់ធ្នាប់ ដែលមានក្រុមអ្នកចាស់ទុំ។ យើងមានអ្នកត្រួតពិនិត្យមណ្ឌលដែលបានតែងតាំងឡើងយ៉ាងត្រឹមត្រូវ ដែលធ្វើទស្សនកិច្ចយើងជារឿយៗ។ យើងទៅឯសន្និបាតនិងមហាសន្និបាតដែលបានរៀបចំដោយរៀបរយ។ យើងមានការិយាល័យសាខានៃសមាគមប៉មយាមក្នុងប្រទេសរបស់យើង។ ប្រាកដហើយ របស់ទាំងនេះនិងរបស់ជាច្រើនទៀត បង្ហាញថាព្រះយេហូវ៉ាមានអង្គការដែលកំពុងតែមានសកម្មភាព›។
២ លក្ខណៈបែបនេះជាទីសំអាងនៃអង្គការមួយ។ ប៉ុន្តែ ប្រសិនបើយើងគ្រាន់តែឃើញហើយទទួលស្គាល់អង្គការនៅលើផែនដីនេះ នោះយើងឥតបានយល់ទាំងស្រុងអំពីអង្គការរបស់ព្រះយេហូវ៉ាទេ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អេសាយថា ផែនដីជាកំណល់កល់ជើងរបស់ទ្រង់ប៉ុណ្ណោះ តែស្ថានសួគ៌ជាបល្ល័ង្ករបស់ទ្រង់។ (អេសាយ ៦៦:១) តើ«ស្ថានសួគ៌»មួយណា ដែលព្រះយេហូវ៉ាសំដៅប្រាប់នោះ? តើអំពីផ្ទៃមេឃជុំវិញផែនដីយើងនេះឬ? តើអំពីអវកាសសកលយើងនេះឬ? ឬក៏អំពីវិស័យជីវិតផ្សេងទៀតនោះ? អេសាយនិយាយអំពី«ទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់» ហើយអ្នកតែងបទទំនុកដំកើងរៀបរាប់ថា ផ្ទៃមេឃទាំងនេះជា«ស្ថានដ៏ជាលំនៅរបស់ទ្រង់»។ ដូច្នេះ «ស្ថានសួគ៌»នៅអេសាយ ៦៦:១ គឺសំដៅទៅវិស័យវិញ្ញាណដ៏មើលមិនឃើញ ដែលព្រះយេហូវ៉ាមានឋានៈដ៏មហាឧត្តម។—អេសាយ ៦៣:១៥; ទំនុកដំកើង ៣៣:១៣, ១៤
៣. តើយើងអាចមានជ័យជំនះលើការសង្ស័យយ៉ាងដូចម្ដេចបាន?
៣ ដូច្នេះ ប្រសិនបើយើងពិតជាចង់យល់ហើយអបអរនឹងអង្គការរបស់ព្រះយេហូវ៉ា នោះយើងត្រូវតែមើលទៅស្ថានសួគ៌។ ហើយអ្នកខ្លះមានបញ្ហាក្នុងរឿងនេះ។ ដោយព្រោះអង្គការរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌ គឺមើលមិនឃើញ តើតាមរបៀបណាដែលយើងដឹងថាពិតជាមានអង្គការមែននោះ? អ្នកខ្លះព្រមទាំងឆ្លងកាត់គ្រាសង្ស័យផង ដោយឆ្ងល់ថា ‹តើយើងអាចដឹងពិតប្រាកដបានយ៉ាងដូចម្ដេច›? តើតាមរបៀបណាដែលជំនឿអាចមានជោគជ័យលើការសង្ស័យ? មានផ្លូវពីរ គឺការសិក្សាផ្ទាល់ខ្លួនដោយខំប្រឹង ហើយការទៅនិងការចូលរួមចំណែកកិច្ចប្រជុំគ្រីស្ទានជារឿយៗ។ រួចមកទើបយើងអាចបំបាត់គំនិតសង្ស័យណាមួយដោយពន្លឺនៃសេចក្ដីពិត។ គឺមានអ្នកបំរើរបស់ព្រះខ្លះៗដែរ ដែលមានការសង្ស័យនោះ។ សូមឲ្យយើងពិចារណាមើលនូវករណីនៃអ្នកបំរើអេលីសេ នៅពេលដែលស្រុកអ៊ីស្រាអែលបានត្រូវស្តេចនៃស្រុកស៊ីរីមកវាយប្រយុទ្ធនោះ។—ប្រៀបធៀប យ៉ូហាន ២០:២៤-២៩; យ៉ាកុប ១:៥-៨
បុគ្គលដែលបានឃើញកងទ័ពជាច្រើននៅស្ថានសួគ៌
៤, ៥. (ក) តើអ្នកបំរើរបស់លោកអេលីសេមានបញ្ហាអ្វី? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់អេលីសេ?
៤ ស្តេចនៃស្រុកស៊ីរីបានចាត់កងទ័ពយ៉ាងសន្ធឹកទាំងយប់ឲ្យទៅក្រុងដូថាន់ ដើម្បីចាប់លោកអេលីសេ។ នៅពេលដែលអ្នកបំរើរបស់លោកអេលីសេបានក្រោកពីព្រលឹម ហើយចេញទៅក្រៅនោះ ប្រហែលទៅលើដំបូលផ្ទះជាកន្លែងល្ហើយ ដែលនៅមជ្ឈិមបូព៌ាផ្ទះមានដំបូលរាបស្មើ នោះគាត់មានការភ័យយ៉ាងរន្ធត់មែន! កងទ័ពទាំងមូលដែលមានពលសេះនិងរទេះចម្បាំងបានព័ទ្ធជុំវិញក្រុងនោះ ដើម្បីនឹងរង់ចាំចាប់ព្យាការីរបស់ព្រះ។ អ្នកបំរើនេះក៏ស្រែកប្រាប់លោកអេលីសេថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ! តើយើងនឹងធ្វើដូចម្ដេច»? ប្រាកដហើយ ដោយមានចិត្តយ៉ាងស្ងប់ហើយជំនឿដ៏ស៊ប់ នោះលោកអេលីសេបានឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ អ្នកបំរើនោះច្បាស់ជាឆ្ងល់ហើយ ‹តើពួកគេនៅឯណាទៅ? ខ្ញុំមិនអាចឃើញពួកគេផង›! ជួនកាលនេះក៏អាចទៅជាបញ្ហារបស់យើងដែរ គឺថាយើងមិនប្រើភ្នែកចិត្តឬក៏ការយល់ដឹងដើម្បីមើលឃើញនូវកងទ័ពនៅស្ថានសួគ៌។—ពង្សាវតារក្សត្រទី២ ៦:៨-១៦; អេភេសូរ ១:១៨
៥ លោកអេលីសេបានអធិស្ឋានសូមឲ្យភ្នែករបស់អ្នកបំរើបើកឲ្យមើលឃើញ។ តើមានអ្វីកើតឡើងជាបន្ទាប់? «ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ នឹងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ»។ (ពង្សាវតារក្សត្រទី២ ៦:១៧) ត្រូវហើយ គាត់បានមើលឃើញកងទ័ពនៅស្ថានសួគ៌ ពលទេវតាដែលរង់ចាំការពារអ្នកបំរើរបស់ព្រះ។ ឥឡូវនេះ ទើបគាត់អាចយល់ដឹងអំពីការទុកចិត្តរបស់លោកអេលីសេ។
៦. តើតាមរបៀបណាដែលយើងអាចយល់អំពីអង្គការនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា?
៦ តើយើងមានបញ្ហាយល់ដឹងអ្វីខ្លះ ដូចអ្នកបំរើអេលីសេនោះទេ? តើយើងឃើញតែស្ថានការណ៍ជាក់ស្តែង ដែលគំរាមកំហែងពួកយើងដែលធ្វើកិច្ចការគ្រីស្ទានក្នុងស្រុកខ្លះឬទេ? បើដូច្នេះ តើយើងអាចទន្ទឹងចាំនូវចក្ខុនិមិត្តដ៏ពិសេសមួយដើម្បីនឹងបំភ្លឺគំនិតយើងបានឬ? អត់ទេ ពីព្រោះយើងមានអ្វីមួយដែលអ្នកបំរើរបស់លោកអេលីសេឥតមាន គឺជាសៀវភៅទាំងមូល ដែលមានចក្ខុនិមិត្តជាច្រើន គឺព្រះគម្ពីរ ដែលធ្វើឲ្យយើងយល់ដឹងអំពីអង្គការទ្រង់នៅស្ថានសួគ៌។ បន្ទូលដែលបានតែងដោយព្រះនោះ គឺមានគោលការណ៍ណែនាំ ដើម្បីនឹងតម្រង់គំនិត និងការរស់នៅរបស់យើងដែរ។ ប៉ុន្តែ យើងត្រូវតែខំប្រឹងដើម្បីស្វែងរកការយល់និង បណ្ដុះឲ្យមានការអបអរចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ា។ ហើយយើងអាចធ្វើបែបនេះដោយការសិក្សាផ្ទាល់ខ្លួន ព្រមទាំងដោយការអធិស្ឋាននិងការរំពឹងគិត។—រ៉ូម ១២:១២; ភីលីព ៤:៦; ធីម៉ូថេទី២ ៣:១៥-១៧
ការសិក្សាដើម្បីឲ្យយល់
៧. (ក) រីឯការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួននោះ តើមនុស្សខ្លះអាចមានបញ្ហាអ្វី? (ខ) ហេតុអ្វីក៏ការខំប្រឹងសិក្សាផ្ទាល់ខ្លួនមានប្រយោជន៍?
៧ ការសិក្សាផ្ទាល់ខ្លួនមិនមែនជាអ្វីមួយដែលនាំឲ្យមនុស្សភាគច្រើនរីករាយនោះទេ ដូចជាពួកអ្នកដែលមិនចូលចិត្តសិក្សានៅឯសាលា ឬមិនដែលមានឱកាសរៀនសូត្រនោះ។ ប៉ុន្តែ ប្រសិនបើយើងចង់យល់ហើយអបអរនឹងអង្គការរបស់ព្រះយេហូវ៉ា យើងត្រូវតែបណ្ដុះឲ្យមានសេចក្ដីប្រាថ្នាចង់សិក្សាវិញ។ តើអ្នកអាចគាប់ចិត្តនឹងអាហារដ៏ឆ្ងាញ់ដោយឥតរៀបចំឬទេ? ចុងភៅណាមួយនឹងប្រាប់អ្នកថា ដើម្បីឲ្យបានអាហារដ៏ឆ្ងាញ់មួយមុខ នោះបានរៀបចំដោយខំប្រឹងជាមុន។ ប៉ុន្តែ អាហារនោះអាចបរិភោគបានអស់ ក្នុងតែកន្លះម៉ោងឬតិចជាងនោះផង។ ផ្ទុយទៅវិញ ផលប្រយោជន៍ពីការសិក្សាផ្ទាល់ខ្លួន អាចមានអស់មួយជីវិត។ ការសិក្សាផ្ទាល់ខ្លួនអាចក្លាយទៅជាអ្វីដែលយើងចូលចិត្តធ្វើ កាលណាយើងឃើញការរីកចំរើនរបស់យើង។ សាវ័កប៉ុលបាននិយាយយ៉ាងត្រឹមត្រូវថា យើងត្រូវប្រុងប្រយ័ត្ននឹងខ្លួនយើង នឹងការបង្រៀនរបស់យើង ហើយបន្តប្រុងស្មារតីនឹងការអានជាសាធារណៈដែរ។ ការខំប្រឹងដ៏ទៀងទាត់បានត្រូវការ ប៉ុន្តែផលប្រយោជន៍អាចទៅជាអ្វីដ៏អស់កល្បជានិច្ចវិញ។—ធីម៉ូថេទី១ ៤:១៣-១៦
៨. តើអាកប្បកិរិយាអ្វីដែលសុភាសិតដាស់តឿនឲ្យមាននោះ?
៨ បុរសដ៏ជាអ្នកប្រាជ្ញពីបុរាណម្នាក់ បានមានប្រសាសន៍ថា៖ «កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ»។—សុភាសិត ២:១-៥
៩. (ក) តើតាមរបៀបណាដែលតម្លៃមាសប្រៀបធៀបទៅនឹង‹ចំណេះនៃព្រះ›? (ខ) តើឧបករណ៍អ្វីដែលយើងត្រូវការ ដើម្បីឲ្យបានចំណេះត្រឹមត្រូវ?
៩ តើអ្នកទទួលស្គាល់ថាអ្នកណាគេមានភារកិច្ចធ្វើការខំប្រឹងនោះទេ? សូមកត់សម្គាល់នូវសព្វនាម ដែលថា‹បើឯង› ដែលមានជាញឹកញយនោះ។ ហើយសូមមើលឃ្លាដែលថា ‹បើឯងខំស្វែងរកដូចជារកកំណប់ទ្រព្យ›។ សូមគិតអំពីពួកកម្មករអណ្ដូងរ៉ែ ដែលច្រើនសតវត្សមកហើយបានខំជីក ដើម្បីរកប្រាក់និងមាសនៅប្រទេសម៉ិចស្សីកូ ប្រទេសបូលីវី ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសផ្សេងៗឯទៀត។ ពួកគេខំប្រឹងធ្វើការណាស់ ដោយប្រើចបនិងប៉ែល ដើម្បីជីកថ្មស្វែងរកប្រាក់ដ៏មានតម្លៃ។ គេគិតថាមាសមានតម្លៃដល់ម្ល៉េះ ដែលនៅអណ្ដូងរ៉ែមួយនៅរដ្ឋកាលីហ្វ័រញ៉ា ស.រ.អ. គេបានជីករូងក្នុងដីប្រវែង៥៩១គីឡូម៉ែត្រ ដែលមានជម្រៅជាងមួយគីឡូម៉ែត្រ គ្រាន់តែដើម្បីនឹងស្វែងរកមាស។ ប៉ុន្តែ តើអ្នកអាចបរិភោគមាសឬផឹកមាសបានទេ? ប្រសិនបើអ្នកជិតស្លាប់ដោយស្រេកឃ្លាននោះ តើមាសនឹងអាចទ្រទ្រង់អ្នកក្នុងវាលរហោស្ថានបានទេ? គឺឥតបានទេ តម្លៃរបស់មាសច្រើនតែមិនច្បាស់លាស់និងមិនទៀង ដែលអាចផ្លាស់ប្ដូរជានិច្ច ដូចបានបង្ហាញឲ្យឃើញដោយផ្សារហ៊ុនអន្តរជាតិ។ យ៉ាងណាក្ដី មនុស្សបានស្លាប់ដោយស្វែងរកមាសនោះ។ បើអញ្ចឹង តើយើងត្រូវខំប្រឹងប៉ុនណាទៅ ដើម្បីរកមាសខាងវិញ្ញាណរបស់ព្រះ ដែលជា‹ចំណេះរបស់ព្រះ›នោះ? សូមគិតទៅមើល ការស្គាល់ព្រះអម្ចាស់មហាក្សត្រនៃសកលលោកនេះ អង្គការរបស់ទ្រង់ និងគោលបំណងរបស់ទ្រង់ដែរ! ក្នុងរឿងនេះ យើងក៏អាចប្រើចបនិងប៉ែលខាងវិញ្ញាណនោះដែរ។ របស់ទាំងនោះជាប្រកាសនវត្ថុដែលមានមូលដ្ឋានលើព្រះគម្ពីរ ដែលអាចជួយយើងឲ្យជីករកបន្ទូលរបស់ព្រះយេហូវ៉ា ហើយបានយល់នូវអត្ថន័យនោះ។—យ៉ូប ២៨:១២-១៩
ការជីកឲ្យបានការយល់ធ្លុះជ្រៅ
១០. តើដានីយ៉ែលបានឃើញអ្វីក្នុងចក្ខុនិមិត្ត?
១០ សូមឲ្យយើងធ្វើការជីកខាងវិញ្ញាណ ដើម្បីចាប់ផ្ដើមរកចំណេះអំពីអង្គការរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌។ បើចង់បានការយល់ធ្លុះជ្រៅដ៏សំខាន់ សូមឲ្យយើងមើលចក្ខុនិមិត្តរបស់ដានីយ៉ែលអំពីព្រះដ៏មានព្រះជន្មពីបុរាណ នៅលើបល្ល័ង្ករបស់ទ្រង់។ ដានីយ៉ែលសរសេរថា៖ «ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិតទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ»។ (ដានីយ៉ែល ៧:៩, ១០) តើអ្នកណាគេដែលជាទាំងពាន់ទាំងសែនដែលធ្វើការបំរើព្រះយេហូវ៉ានោះ? ក្នុងសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី នោះមានខគម្ពីរឯទៀតដែលអាចបើកប្រៀបមើល ដែលយើងនឹងប្រើជា«ចប» និង«ប៉ែល» នាំទៅខគម្ពីរដូចនៅទំនុកដំកើង ៦៨:១៧ និងហេព្រើរ ១:១៤។ ត្រូវហើយ ពួកអ្នកបំរើទាំងនោះជាពួកទេវតានៅស្ថានសួគ៌!
១១. តើតាមរបៀបណាដែលចក្ខុនិមិត្តរបស់ដានីយ៉ែល ជួយយើងឲ្យយល់អំពីពាក្យរបស់លោកអេលីសេ?
១១ ដំណើររឿងរបស់ដានីយ៉ែល មិនបានចែងថា លោកបានឃើញពួកទេវតាដ៏ស្មោះត្រង់ទាំងអស់ ដែលនៅក្រោមការបង្គាប់របស់ព្រះនោះទេ។ គឺប្រហែលជាមានជាច្រើនលាននាក់ទៀត។ ប៉ុន្តែ យ៉ាងប្រាកដណាស់ ដែលឥឡូវនេះយើងអាចយល់នូវហេតុដែលលោកអេលីសេអាចនិយាយថា៖ «ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ កងទ័ពនៃស្តេចស៊ីរី ទោះជាមានពួកទេវតាដ៏ឥតស្មោះត្រង់ឬក៏ពួកបិសាចឲ្យបានគាំទ្រក៏ដោយ ក៏កងទ័ពរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌មានចំនួនច្រើនជាងដែរ!—ទំនុកដំកើង ៣៤:៧; ៩១:១១
១២. តើដោយដូចម្ដេចដែលអ្នកអាចយល់ដឹងឲ្យបានច្រើនទៀតអំពីពួកទេវតា?
១២ ប្រហែលជាអ្នកចង់ដឹងច្រើនទៀតអំពីពួកទេវតាទាំងនេះ ដូចជាមុខនាទីរបស់គេក្នុងការបំរើព្រះយេហូវ៉ា។ ដោយមើលពាក្យក្រិកសំរាប់ទេវតា យើងអាចឃើញថាគេជាពួកនាំសារ ពីព្រោះពាក្យក្រិកនេះក៏អាចមានន័យថា«អ្នកនាំសារ»ដែរ។ ប៉ុន្តែ ភារកិច្ចរបស់គេមានច្រើនជាងនោះទៅទៀត។ ប៉ុន្តែ ដើម្បីឲ្យបានរកឃើញអំពីរឿងនេះ អ្នកត្រូវបានជីកស្រាវជ្រាវសិន។ ប្រសិនបើអ្នកមានសៀវភៅ ការយល់ធ្លុះជ្រៅនូវបទគម្ពីរ អ្នកអាចសិក្សាអត្ថបទដែលមានចំណងជើងថា «ពួកទេវតា» ឬអ្នកអាចពិនិត្យមើលអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមពីមុនៗ អំពីពួកគេដែរ។ អ្នកនឹងមានចិត្តអស្ចារ្យថា អ្នកនឹងបានរៀនច្រើនអំពីពួកបំរើទាំងនេះរបស់ព្រះ ហើយនឹងអបអរនឹងការគាំទ្រពីពួកគេដែរ។ (វិវរណៈ ១៤:៦, ៧) ប៉ុន្តែ ក្នុងអង្គការរបស់ព្រះនៅស្ថានសួគ៌ មានសត្តនិករវិញ្ញាណខ្លះមានមុខនាទីដ៏ពិសេសសំរាប់គោលបំណងផ្សេងៗ។
អ្វីដែលអេសាយបានឃើញ
១៣, ១៤. តើអ្វីដែលអេសាយបានឃើញក្នុងចក្ខុនិមិត្ត ហើយតើនេះមានឥទ្ធិពលលើគាត់យ៉ាងដូចម្ដេច?
១៣ ឥឡូវនេះសូមឲ្យយើងខំជីកទៀត ដើម្បីមើលចក្ខុនិមិត្តរបស់អេសាយ។ នៅពេលដែលអ្នកអានជំពូក៦ ពីខ១ទៅ៧ នោះអ្នកនឹងមានចិត្តស្ងើច។ អេសាយនិយាយថា គាត់បាន«ឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្ក» ហើយ«នៅពីលើទ្រង់មានពួកសេរភីម»។ ពួកគេកំពុងប្រកាសអំពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា ដោយលើកដំកើងភាពបរិសុទ្ធរបស់ទ្រង់។ ការអានដំណើររឿងនេះក៏មានឥទ្ធិពលលើអ្នកដែរ។ តើអេសាយបានប្រព្រឹត្តយ៉ាងណា? «នោះខ្ញុំពោលថា ‹វរហើយខ្ញុំ! ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែល មានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ› »! គាត់ក៏បានរំភើបនឹកស្ងើចក្នុងចិត្តនឹងចក្ខុនិមិត្តនោះណាស់! ចុះអ្នកវិញ តើមានចិត្តដូចនេះទេ?
១៤ ដូច្នេះ តើអេសាយអាចអត់ទ្រាំនឹងការមើលឃើញដ៏រុងរឿងនេះដោយយ៉ាងណា? គាត់បានពន្យល់ថា សេរភីមមួយបានមកជួយគាត់ ហើយបានពោលថា៖ «សេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង»។ (អេសាយ ៦:៧) អេសាយអាចទុកចិត្តនឹងសេចក្ដីមេត្ដាករុណារបស់ព្រះ ហើយយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះយេហូវ៉ា។ ឥឡូវនេះ តើអ្នកចង់ដឹងថែមទៀតអំពីសត្តនិករវិញ្ញាណដែលមានឋានៈដ៏ឧត្តមឬទេ? បើអញ្ចឹង តើអ្នកត្រូវតែធ្វើយ៉ាងណា? សូមជីកស្រាវជ្រាវរកពត៌មានទៀតទៅ។ ឧបករណ៍ជំនួយមួយដែលអាចប្រើនោះ គឺជាលិបិក្រមប្រកាសនវត្ថុប៉មយាម។ ដោយបើកមើលអត្ថបទដែលបានបញ្ជាក់ទីនោះ យើងអាចរកឃើញពត៌មានច្រើនទៀតដែលនាំឲ្យយល់ច្បាស់។
តើអ្វីដែលអេសេគាលបានឃើញ?
១៥. តើអ្វីដែលបញ្ជាក់ថាចក្ខុនិមិត្តរបស់អេសេគាល គឺអាចទុកចិត្តលើបាន?
១៥ ជាបន្ទាប់សូមឲ្យយើងមើលនូវសត្តនិករវិញ្ញាណមួយប្រភេទទៀត។ អេសេគាលមានឱកាសទទួលនូវចក្ខុនិមិត្តដែលបណ្ដាលដោយព្រះ កាលដែលលោកនៅជាប់ឃុំឃាំងក្នុងស្រុកបាប៊ីឡូននៅឡើយ។ សូមបើកព្រះគម្ពីររបស់អ្នកទៅអេសេគាល ជំពូក១ ហើយមើលខបីដំបូង។ តើដំណើររឿងនេះចាប់ផ្ដើមតាមរបៀបណា? តើរឿងនេះចែងថា ‹នៅពេលមួយ ក្នុងស្រុកដ៏ឆ្ងាយមួយ . . . ឬទេ›? អត់ទេ នេះមិនមែនជារឿងប្រឌិត ដែលមានឡើងក្នុងគ្រាដែលមិនពិតនោះទេ។ ខ១ចែងថា៖ «នៅថ្ងៃ៥ខែអាសាធ ឆ្នាំទី៣០ កាលខ្ញុំនៅជាមួយនឹងពួកឈ្លើយ នៅមាត់ទន្លេកេបារ នោះមេឃក៏របើកឡើង ហើយខ្ញុំឃើញការជាក់ស្តែងពីព្រះ»។ តើអ្នកឃើញយ៉ាងណាដែរអំពីខនេះ? ត្រូវហើយ ខនេះប្រាប់កាលបរិច្ឆេទនិងទីកន្លែងដ៏ចំៗទៀតផង។ ពត៌មានទាំងនេះចង្អុលប្រាប់ពីឆ្នាំ៦១៣ ម.ស.យ. ដែលជាឆ្នាំទីប្រាំនៃស្តេចយ៉ូយ៉ាគីនបានជាប់និរទេស។
១៦. តើអ្វីដែលអេសេគាល បានឃើញ?
១៦ ព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតលើលោកអេសេគាល ដែលចាប់ផ្ដើមឃើញចក្ខុនិមិត្តដ៏ស្ញប់ស្ញែងអំពីព្រះយេហូវ៉ានៅលើបល្ល័ង្ក ជិះរទេះដ៏ធំដែលមានកង់ដ៏ធំសម្បើម ដែលខ្នងកង់នោះមានភ្នែកនៅពេញជុំវិញ។ ពត៌មានដែលគួរឲ្យចាប់អារម្មណ៍ដល់យើងនៅទីនេះ គឺថាមានសត្តនិករបួនរូប ហើយម្នាក់ៗក៏ឈរនៅក្បែរកង់និមួយៗ។ «៤រូបដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ . . . ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្ដាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ»។—អេសេគាល ១:៥, ៦, ១០
១៧. តើមុខបួននៃពួកចេរូប៊ីនតំណាងអ្វី?
១៧ តើអ្វីជាសត្តនិករបួនរូបនេះដែលមានជីវិត? អេសេគាលប្រាប់យើងថា គេជាពួកចេរូប៊ីន។ (អេសេគាល ១០:១-៣, ១៤) ហេតុអ្វីក៏គេមានមុខបួនដូច្នេះ? នេះគឺដើម្បីតំណាងគុណសម្បត្ដិបួនដ៏អស្ចារ្យរបស់ព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា។ មុខឥន្ទ្រីជាសញ្ញាតំណាងប្រាជ្ញាដែលជួយមើលឃើញបានឆ្ងាយ។ (យ៉ូប ៣៩:២៧-២៩) តើមុខជាគោតំណាងអ្វី? គោជុល ដែលមានកម្លាំងដ៏ខ្លាំងនៅនឹងកហើយស្មារបស់វា បានត្រូវល្បីថាអាចលើកសេះនិងអ្នកជិះសេះទៅលើបាន។ យ៉ាងប្រាកដហើយ គោជាសញ្ញាតំណាងព្រះចេស្ដាដ៏ខ្លាំងរបស់ព្រះយេហូវ៉ា។ សិង្ហបានត្រូវតំណាងយុត្ដិធម៌ដ៏ក្លាហាន។ នៅចុងក្រោយ មុខជាមនុស្សតំណាងយ៉ាងត្រឹមត្រូវនូវសេចក្ដីស្រឡាញ់របស់ព្រះ ដ្បិតមនុស្សជាសត្តនិករតែមួយគត់ ដែលអាចសម្ដែងគុណសម្បត្ដិនេះយ៉ាងប៉ិនប្រសប់នោះ។—ម៉ាថាយ ២២:៣៧, ៣៩; យ៉ូហានទី១ ៤:៨
១៨. តើតាមរបៀបណាដែលសាវ័កយ៉ូហាន ជួយឲ្យយើងយល់ថែមទៀតអំពីអង្គការនៅស្ថានសួគ៌?
១៨ គឺមានចក្ខុនិមិត្តឯទៀត ដែលអាចជួយយើងឲ្យយល់ឃើញសព្វគ្រប់។ នេះគឺរួមបញ្ចូលចក្ខុនិមិត្តរបស់យ៉ូហាន ដែលបានរៀបរាប់នៅក្នុងសៀវភៅវិវរណៈ។ ដូចអេសេគាល គាត់បានឃើញព្រះយេហូវ៉ានៅលើបល្ល័ង្កដ៏រុងរឿង ដែលមានចេរូប៊ីន ដែលម្នាក់ៗមានមុខបួន។ តើពួកចេរូប៊ីនកំពុងតែធ្វើអ្វី? គេបានបន្តប្រកាសនូវសេចក្ដីប្រកាសរបស់ពួកសេរភីមនៅអេសាយ ជំពូក៦ ដែលពោលថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត»។ (វិវរណៈ ៤:៦-៨) យ៉ូហានក៏ឃើញកូនចៀមនៅជិតបល្ល័ង្កនោះដែរ។ តើចៀមនេះប្រហែលតំណាងអ្នកណាគេ? នោះគឺជាចៀមរបស់ព្រះតែមួយ ព្រះយេស៊ូគ្រីស្ទ។—វិវរណៈ ៥:១៣, ១៤
១៩. តាមរយៈការសិក្សានេះ តើអ្នកបានយល់អ្វីខ្លះអំពីអង្គការរបស់ព្រះយេហូវ៉ា?
១៩ ដូច្នេះ តើយើងបានយល់អ្វីខ្លះតាមរយៈចក្ខុនិមិត្តទាំងនោះ? គឺថា អង្គការនៅស្ថានសួគ៌ មានព្រះយេហូវ៉ាជាបុគ្គលដ៏ខ្ពង់ខ្ពស់បំផុត ដែលគង់នៅលើបល្ល័ង្ក ហើយមានកូនចៀម ព្រះយេស៊ូគ្រីស្ទ ដែលជាព្រះបន្ទូល។ រួចមក យើងបានឃើញពួកទេវតានៅស្ថានសួគ៌ ដែលរួមបញ្ចូលពួកសេរភីមនិងពួកចេរូប៊ីន។ ពួកគេរួមចំណែកអង្គការដ៏ធំដែលមានសាមគ្គីភាព ដែលកំពុងតែបំរើដើម្បីសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ ហើយគោលបំណងមួយ គឺជាកិច្ចការផ្សាយដំណឹងល្អពាសពេញពិភពលោក ក្នុងគ្រាចុងបញ្ចប់នេះ។—ម៉ាកុស ១៣:១០; យ៉ូហាន ១:១-៣; វិវរណៈ ១៤:៦, ៧
២០. តើសំនួរអ្វីដែលនឹងត្រូវឆ្លើយក្នុងអត្ថបទជាបន្ទាប់?
២០ នៅទីបំផុត យើងមានស្មរបន្ទាល់ព្រះយេហូវ៉ានៅលើផែនដី ដែលមកជួបជុំគ្នានៅឯសាលព្រះរាជាណាចក្រ ដើម្បីរៀនធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់មហាក្សត្រ។ យ៉ាងប្រាកដណាស់ ឥឡូវនេះ យើងបានយល់ដឹងថា យើងមានគ្នាជាច្រើន គឺច្រើនជាងពួកនៅខាងសាតាំង ដែលជាពួកសត្រូវនៃសេចក្ដីពិតនោះ។ សំនួរដែលត្រូវសួរនោះគឺថា តើអង្គការនៅស្ថានសួគ៌មានទាក់ទងអ្វីនឹងការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ? អត្ថបទជាបន្ទាប់នឹងពិនិត្យមើលរឿងនោះនិងរឿងផ្សេងៗទៀតដែរ។
សំនួរដើម្បីពិនិត្យសាឡើងវិញ
◻ ដើម្បីនឹងអបអរអង្គការរបស់ព្រះយេហូវ៉ា តើយើងត្រូវតែយល់អំពីអ្វី?
◻ តើអ្នកបំរើរបស់លោកអេលីសេបានពិសោធអ្វី ហើយតើព្យាការីនេះលើកទឹកចិត្តគាត់យ៉ាងដូចម្ដេច?
◻ តើយើងត្រូវមានទស្សនៈយ៉ាងណាអំពីការសិក្សាផ្ទាល់ខ្លួន?
◻ តើដានីយ៉ែល អេសាយ និងអេសេគាល បានផ្ដល់ពត៌មានយ៉ាងណាអំពីអង្គការនៅស្ថានសួគ៌?
[រូបភាពនៅទំព័រ២១]
ផលប្រយោជន៍ពីការសិក្សាផ្ទាល់ខ្លួនមានច្រើនជាងនឹងអាហារដែលបានគេខំរៀបចំ
[រូបភាពនៅទំព័រ២៣]
ចក្ខុនិមិត្តអំពីពួកទ័ពនៅស្ថានសួគ៌ ជារបៀបដែលព្រះយេហូវ៉ាបានឆ្លើយនឹងការអធិស្ឋានរបស់លោកអេលីសេ