សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
៣ ក្រោយបង្អស់ បងប្អូនអើយ ចូរបន្តអធិដ្ឋានឲ្យយើង+ ដើម្បីឲ្យបណ្ដាំរបស់ព្រះយេហូវ៉ា*បន្តផ្សាយចេញយ៉ាងលឿន+ ហើយឲ្យបណ្ដាំនោះទទួលការលើកតម្កើង ដូចដែលកំពុងទទួលការលើកតម្កើងពីចំណោមអ្នករាល់គ្នា។ ២ ចូរបន្តអធិដ្ឋានឲ្យយើងបានរួចពីមនុស្សអាក្រក់និងមនុស្សទុច្ចរិត+ ព្រោះមិនមែនមនុស្សទាំងអស់មានជំនឿទេ។+ ៣ ប៉ុន្តែ លោកម្ចាស់គឺស្មោះត្រង់ ហើយលោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួន ព្រមទាំងការពារអ្នករាល់គ្នាពីមេកំណាច។ ៤ បន្ថែមទៅទៀត ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់ យើងជឿជាក់ថាអ្នករាល់គ្នាកំពុងធ្វើអ្វីដែលយើងបានបង្គាប់ ហើយនឹងធ្វើការទាំងនោះតទៅទៀត។ ៥ សូមឲ្យលោកម្ចាស់បន្តដឹកនាំចិត្តរបស់អ្នករាល់គ្នាឲ្យស្រឡាញ់ព្រះជានិច្ច+ និងឲ្យស៊ូទ្រាំ+ដើម្បីបន្តកាន់តាមគ្រិស្ត។
៦ បងប្អូនអើយ ក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត យើងបង្គាប់អ្នករាល់គ្នាឲ្យដកខ្លួនចេញពីបងប្អូនណាដែលមានរបៀបរស់នៅខុសគន្លង+ និងដែលមានការប្រព្រឹត្តមិនស្របតាមបង្គាប់*ដែលអ្នករាល់គ្នា*បានទទួលពីយើង។+ ៧ ព្រោះអ្នករាល់គ្នាដឹងរបៀបដែលអ្នករាល់គ្នាត្រូវយកតម្រាប់យើង+ ពីព្រោះយើងមិនបានប្រព្រឹត្តខុសគន្លងក្នុងចំណោមអ្នករាល់គ្នាទេ។ ៨ យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាដោយទទេ*ដែរ។+ ផ្ទុយទៅវិញ យើងបានធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់ត្រូវចំណាយប្រាក់ច្រើនមកលើយើង។+ ៩ នេះមិនមែនដោយសារយើងគ្មានសិទ្ធិសុំជំនួយពីអ្នករាល់គ្នាទេ+ តែយើងចង់ទុកគំរូឲ្យអ្នករាល់គ្នាធ្វើតាម។+ ១០ តាមការពិតពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងតែងបង្គាប់ដូច្នេះថា៖ «ប្រសិនបើអ្នកណាមិនចង់ធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ»។+ ១១ ព្រោះយើងឮថា ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមានរបៀបរស់នៅខុសគន្លង+ ពួកគេមិនធ្វើការសោះ ប៉ុន្តែចេះតែជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងពួកគេទៅវិញ។+ ១២ យើងបង្គាប់និងដាស់តឿនពួកមនុស្សបែបនោះក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្តថា ពួកគេត្រូវធ្វើការដោយស្ងប់ស្ងាត់ ហើយបរិភោគអាហារដែលបានមកពីការខំប្រឹងរបស់ខ្លួន។+
១៣ ចំណែកអ្នករាល់គ្នាវិញ បងប្អូនអើយ កុំឈប់តស៊ូធ្វើអ្វីដែលត្រឹមត្រូវឡើយ។ ១៤ ប៉ុន្តែ ប្រសិនបើមានអ្នកណាមិនធ្វើតាមពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះទុក ហើយឈប់សេពគប់គាត់+ ដើម្បីឲ្យគាត់អៀនខ្មាស។ ១៥ ទោះជាយ៉ាងនោះក៏ដោយ កុំចាត់ទុកគាត់ជាសត្រូវ តែចូរបន្តដាស់តឿនគាត់+ក្នុងនាមជាបងប្អូនវិញ។
១៦ សូមឲ្យលោកម្ចាស់នៃសេចក្ដីសុខសាន្ត ផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់។+ សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នករាល់គ្នា។
១៧ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយផ្ទាល់ដៃ+ នេះជាអក្សរដែលសម្គាល់គ្រប់សំបុត្រទាំងអស់របស់ខ្ញុំ។ នេះជារបៀបដែលខ្ញុំសរសេរ។
១៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង នៅជាមួយនឹងអ្នករាល់គ្នា។