យ៉ូហានទី១
៣ ចូរគិតអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបិតានៅស្ថានសួគ៌មានចំពោះយើង+ ដោយចាត់ទុកយើងជាកូន!+ យើងជាកូនរបស់ព្រះមែន។ នេះជាមូលហេតុដែលពិភពលោកនេះមិនស្គាល់យើង+ ពីព្រោះពួកគេមិនស្គាល់ព្រះ។+ ២ បងប្អូនជាទីស្រឡាញ់អើយ! យើងជាកូនព្រះ+ តែព្រះមិនទាន់បង្ហាញឲ្យយើងដឹងថា យើងនឹងទៅជាយ៉ាងណាឡើយ។+ អ្វីដែលយើងដឹងគឺ យើងនឹងបានដូចព្រះ ពេលដែលព្រះបង្ហាញឲ្យយើងឃើញលោក ពីព្រោះព្រះគឺយ៉ាងណា យើងនឹងឃើញលោកយ៉ាងនោះ។ ៣ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមនេះលើលោក អ្នកនោះសម្អាតខ្លួនឲ្យបរិសុទ្ធ+ ដូចលោកបរិសុទ្ធដែរ។
៤ អ្នកណាដែលប្រព្រឹត្ត*អំពើខុសឆ្គង មានន័យថាប្រព្រឹត្តអំពើប្រឆាំងច្បាប់។ ដូច្នេះ អំពើខុសឆ្គងគឺជាអំពើប្រឆាំងច្បាប់។ ៥ អ្នករាល់គ្នាក៏ដឹងដែរថា លោកយេស៊ូបានមកដើម្បីដកយកការខុសឆ្គងរបស់យើង+ ហើយលោកគ្មានភាពខុសឆ្គងសោះឡើយ។ ៦ អ្នកណាដែលរួបរួមជាមួយនឹងលោក អ្នកនោះមិនប្រព្រឹត្តអំពើខុសឆ្គងទេ។+ អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះមិនធ្លាប់ឃើញលោកឡើយ ហើយក៏មិនស្គាល់លោកដែរ។ ៧ កូនៗអើយ! កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ អ្នកណាដែលប្រព្រឹត្តអំពើសុចរិត អ្នកនោះក៏សុចរិតដូចលោកយេស៊ូដែរ។ ៨ អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះមកពីមេកំណាច* ពីព្រោះមេកំណាចបានប្រព្រឹត្តអំពើខុសឆ្គងតាំងពីដើមដំបូង។+ នេះជាមូលហេតុដែលបុត្ររបស់ព្រះបានមក ពោលគឺដើម្បីបំផ្លាញស្នាដៃរបស់មេកំណាច។+
៩ អ្នកណាដែលកើតមកពីព្រះ អ្នកនោះមិនប្រព្រឹត្តអំពើខុសឆ្គងឡើយ+ ពីព្រោះពូជ*របស់ព្រះនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះមិនអាចប្រព្រឹត្តអំពើខុសឆ្គងបានឡើយ ពីព្រោះអ្នកនោះបានកើតមកពីព្រះ។+ ១០ យើងអាចសម្គាល់កូនរបស់ព្រះ និងកូនរបស់មេកំណាចបាន ដោយសេចក្ដីនេះឯង គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត ឬមិនស្រឡាញ់បងប្អូនខ្លួន អ្នកនោះមិនកើតមកពីព្រះទេ។+ ១១ ព្រោះនេះជាបណ្ដាំដែលអ្នករាល់គ្នាបានឮពីដើមដំបូងថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។+ ១២ យើងមិនត្រូវប្រព្រឹត្តដូចកាអ៊ីនដែលកើតមកពីមេកំណាច ហើយបានសម្លាប់ប្អូនខ្លួនយ៉ាងសាហាវនោះឡើយ។+ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើដែលគាត់បានធ្វើសុទ្ធតែទុច្ចរិត+ ប៉ុន្តែអំពើដែលប្អូនរបស់គាត់បានធ្វើសុទ្ធតែសុចរិត។+
១៣ បងប្អូនអើយ! សូមកុំភ្ញាក់ផ្អើលឡើយ ពេលដែលពិភពលោកនេះស្អប់អ្នករាល់គ្នា។+ ១៤ យើងដឹងថាយើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតហើយ+ ដោយសារយើងស្រឡាញ់បងប្អូន។+ អ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់នៅឡើយ។+ ១៥ អ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះជាឃាតករ+ ហើយអ្នករាល់គ្នាដឹងថាគ្មានឃាតករណានឹងបានជីវិតជារៀងរហូតឡើយ។+ ១៦ យើងស្គាល់សេចក្ដីស្រឡាញ់ ដោយសារសេចក្ដីនេះឯង គឺពីព្រោះលោកបានលះបង់ជីវិត*ដើម្បីយើង។+ ម្ល៉ោះហើយ យើងក៏មានកាតព្វកិច្ចលះបង់ជីវិតដើម្បីបងប្អូនយើងដែរ។+ ១៧ ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនបង្ហាញចិត្តអាណិតមេត្តា តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន?+ ១៨ កូនៗអើយ! យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ+ តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត+ និងដោយសេចក្ដីពិតវិញ។+
១៩ គឺសេចក្ដីនោះឯងដែលឲ្យយើងដឹងថាយើងកើតមកពីសេចក្ដីពិត ហើយយើងនឹងជឿជាក់ថាព្រះស្រឡាញ់យើង។ ២០ ទោះជាក្នុងរឿងអ្វីក៏ដោយដែលចិត្តរបស់យើងផ្ដន្ទាទោសយើង សូមចាំថាព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់។+ ២១ បងប្អូនជាទីស្រឡាញ់អើយ! បើចិត្តរបស់យើងមិនផ្ដន្ទាទោសយើងទេ នោះយើងអាចនិយាយទៅព្រះដោយចិត្តក្លាហាន+ ២២ ហើយអ្វីក៏ដោយដែលយើងសុំពីព្រះ យើងនឹងទទួល+ ពីព្រោះយើងកាន់តាមបញ្ញត្ដិរបស់លោក ថែមទាំងកំពុងធ្វើអ្វីៗដែលលោកពេញចិត្តផង។ ២៣ ឯបញ្ញត្ដិរបស់ព្រះគឺ ឲ្យយើងមានជំនឿលើនាមរបស់លោកយេស៊ូគ្រិស្ត ជាបុត្ររបស់លោក+ ព្រមទាំងឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក+ ដូចលោកបានបង្គាប់យើង។ ២៤ ម្យ៉ាងទៀត អ្នកណាដែលកាន់តាមបញ្ញត្ដិរបស់លោក អ្នកនោះរួបរួមជាមួយនឹងលោក ហើយលោកក៏រួបរួមជាមួយនឹងអ្នកនោះដែរ។+ ម្ល៉ោះហើយ យើងដឹងថាលោករួបរួមជាមួយនឹងយើងជារៀងរហូត ដោយសារឫទ្ធានុភាពដែលលោកបានផ្ដល់ឲ្យយើង។+