ជំពូកទី៤៣
តើអ្នកណាជាបងប្អូនរបស់យើង?
នៅពេលមួយគ្រូដ៏ល្អប្រសើរបានសួរសំណួរដ៏ចម្លែកមួយ។ សំណួរនោះគឺ «តើអ្នកណាជាម្ដាយខ្ញុំ? ហើយតើអ្នកណាជាប្អូនប្រុសៗរបស់ខ្ញុំ?»។ (ម៉ាថាយ ១២:៤៨) តើកូនអាចឆ្លើយសំណួរនេះបានទេ?— កូនប្រហែលជាដឹងថាម្ដាយរបស់លោកយេស៊ូឈ្មោះម៉ារៀ។ ប៉ុន្តែ តើកូនស្គាល់ឈ្មោះប្អូនប្រុសៗរបស់លោកទេ?— តើលោកមានប្អូនស្រីដែរទេ?—
គម្ពីរប្រាប់ថា ប្អូនប្រុសរបស់លោកយេស៊ូមានឈ្មោះ«យ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស»។ លោកយេស៊ូក៏មានប្អូនស្រីខ្លះនៅរស់នៅឡើយពេលដែលលោកផ្សព្វផ្សាយ។ ដូច្នេះ ដោយសារលោកយេស៊ូជាកូនច្បង លោកមានអាយុច្រើនជាងពួកគាត់។—ម៉ាថាយ ១៣:៥៥, ៥៦; លូកា ១:៣៤, ៣៥
តើប្អូនប្រុសៗរបស់លោកយេស៊ូជាអ្នកកាន់តាមលោកដែរទេ?— គម្ពីរប្រាប់ថា មុនដំបូងពួកគាត់«មិនជឿលើលោកឡើយ»។ (យ៉ូហាន ៧:៥) ប៉ុន្តែ ក្រោយមកយ៉ាកុបនិងយូដាសបានទៅជាអ្នកកាន់តាមលោក ហើយពួកគាត់ថែមទាំងបានសរសេរសៀវភៅខ្លះក្នុងគម្ពីរផង។ តើកូនដឹងថាសៀវភៅដែលពួកគាត់បានសរសេរហៅថាអ្វីទេ?— មែនហើយ គឺហៅថាសៀវភៅយ៉ាកុប និងសៀវភៅយូដាស។
ទោះជាគម្ពីរមិនបានប្រាប់ឈ្មោះប្អូនស្រីៗរបស់លោកយេស៊ូក៏ដោយ យើងដឹងថាយ៉ាងហោចណាស់ លោកមានប្អូនស្រីពីរនាក់។ ប៉ុន្តែ អាចមានច្រើនជាងនេះ។ តើប្អូនស្រីៗរបស់លោកបានទៅជាអ្នកកាន់តាមលោកទេ?— ដោយសារគម្ពីរមិនបានចែងប្រាប់ ដូច្នេះយើងមិនដឹងទេ។ ក៏ប៉ុន្តែ ហេតុអ្វីលោកយេស៊ូបានសួរថា៖ «តើអ្នកណាជាម្ដាយខ្ញុំ? ហើយតើអ្នកណាជាប្អូនប្រុសៗរបស់ខ្ញុំ?»។ តើកូនដឹងទេ?— សូមឲ្យយើងរកចម្លើយ។
នៅថ្ងៃមួយ លោកយេស៊ូកំពុងបង្រៀនពួកអ្នកកាន់តាមលោក ស្រាប់តែមានមនុស្សម្នាក់និយាយកាត់លោកថា៖ «ម្ដាយនិងប្អូនប្រុសៗរបស់លោកកំពុងឈរចាំខាងក្រៅ ហើយចង់និយាយជាមួយនឹងលោក»។ ដូច្នេះ លោកយេស៊ូបានប្រើឱកាសនោះបង្រៀនពួកគាត់នូវមេរៀនដ៏សំខាន់មួយ ដោយសួរសំណួរដ៏ចម្លែកនោះថា៖ «តើអ្នកណាជាម្ដាយខ្ញុំ? ហើយតើអ្នកណាជាប្អូនប្រុសៗរបស់ខ្ញុំ?»។ ក្រោយមក លោកបានលាតដៃសំដៅទៅអ្នកកាន់តាមលោក ហើយឆ្លើយនឹងសំណួរនោះដោយបន្លឺថា៖ «នុ៎ះន៏! ម្ដាយរបស់ខ្ញុំ និងប្អូនប្រុសៗរបស់ខ្ញុំ!»។
រួចមក លោកយេស៊ូបានពន្យល់អត្ថន័យដោយនិយាយថា៖ «អ្នកណាដែលធ្វើតាមបំណងប្រាថ្នាបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។ (ម៉ាថាយ ១២:៤៧-៥០) នេះបង្ហាញថាលោកយេស៊ូស្រឡាញ់អ្នកកាន់តាមលោកខ្លាំងណាស់។ ដូច្នេះ លោកយេស៊ូចង់បង្រៀនយើងថា អ្នកកាន់តាមលោកប្រៀបដូចជាបងប្អូនប្រុសស្រី និងម្ដាយបង្កើតរបស់លោក។
នៅពេលនោះ ប្អូនប្រុសៗរបស់លោកយេស៊ូ គឺយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស មិនជឿថាលោកយេស៊ូជាបុត្ររបស់ព្រះទេ។ ពួកគាត់ច្បាស់ជាមិនជឿពាក្យសម្ដីដែលទេវតាកាព្រីយ៉ែលបានប្រាប់ម្ដាយរបស់ពួកគាត់ឡើយ។ (លូកា ១:៣០-៣៣) ដូច្នេះ ពួកគាត់ប្រហែលជាធ្លាប់ធ្វើអាក្រក់ទៅលើលោកយេស៊ូ។ អ្នកណាម្នាក់ដែលធ្វើដូចនោះគឺមិនមែនជាបងប្អូនពិតទេ។ តើកូនស្គាល់នរណាម្នាក់ដែលធ្លាប់ធ្វើអាក្រក់ទៅលើបងប្អូនរបស់ខ្លួនទេ?—
គម្ពីរប្រាប់អំពីបងប្អូនពីរនាក់ឈ្មោះអេសាវនិងយ៉ាកុប ហើយក៏ប្រាប់ថាអេសាវបានខឹងយ៉ាកុបដល់ម្ល៉េះរហូតដល់និយាយថា៖ «អញនឹងសំឡាប់យ៉ាកុបជាប្អូនចោល»។ រេបិកាជាម្ដាយរបស់ពួកគាត់ភ័យខ្លាចណាស់ ដូច្នេះគាត់ឲ្យយ៉ាកុបធ្វើដំណើរទៅឆ្ងាយ ដើម្បីកុំឲ្យអេសាវអាចសម្លាប់យ៉ាកុបបាន។ (លោកុប្បត្តិ ២៧:៤១-៤៦) ប៉ុន្តែ ច្រើនឆ្នាំក្រោយមក អេសាវបានកែប្រែចិត្តគំនិត ហើយពេលគាត់ជួបយ៉ាកុប គាត់បានឱបយ៉ាកុបថែមទាំងថើបដែរ។—លោកុប្បត្តិ ៣៣:៤
ក្រោយមក យ៉ាកុបមានកូនប្រុស១២នាក់។ ប៉ុន្តែ កូនប្រុសៗរបស់យ៉ាកុបមិនស្រឡាញ់យ៉ូសែបជាប្អូនរបស់ពួកគេទេ។ ពួកគេច្រណែនយ៉ូសែប ពីព្រោះគាត់ជាកូនសំឡាញ់របស់ឪពុក។ ដូច្នេះ ពួកគេបានលក់យ៉ូសែបឲ្យដល់ពួកឈ្មួញដែលកំពុងធ្វើដំណើរទៅស្រុកអេស៊ីប។ រួចមក ពួកគេបានប្រាប់ឪពុកថា យ៉ូសែបបានត្រូវសត្វព្រៃស៊ីហើយ។ (លោកុប្បត្តិ ៣៧:២៣-៣៦) អ្វីដែលពួកគេបានធ្វើនោះ ពិតជាអាក្រក់ណាស់ មែនទេ?—
ក្រោយមក បងប្រុសៗរបស់យ៉ូសែបបានសោកស្ដាយចំពោះអំពើដែលខ្លួនបានធ្វើ។ ដូច្នេះ យ៉ូសែបបានអភ័យទោសឲ្យពួកគេ។ តើយ៉ូសែបបានប្រព្រឹត្តដូចលោកយេស៊ូយ៉ាងដូចម្ដេច? តើកូនដឹងទេ?— ពេលលោកយេស៊ូមានបញ្ហា ពួកសាវ័កបានរត់ចោលលោក ហើយពេត្រុសរហូតដល់បដិសេធមិនទទួលស្គាល់លោកផង។ ប៉ុន្តែ ដូចយ៉ូសែប លោកយេស៊ូបានអភ័យទោសឲ្យពួកសាវ័កទាំងអស់។
មានឧទាហរណ៍មួយទៀត អំពីរឿងបងប្អូនប្រុសពីរនាក់ បងឈ្មោះកាអ៊ីន និងប្អូនឈ្មោះអេបិល។ យើងក៏អាចទាញមេរៀនពីពួកគាត់ដែរ។ ព្រះបានឃើញថាក្នុងចិត្តរបស់កាអ៊ីនមិនសូវស្រឡាញ់ប្អូនរបស់គាត់ទេ។ ដូច្នេះ ព្រះបានប្រាប់កាអ៊ីនថា គាត់គួរកែប្រែការប្រព្រឹត្តរបស់គាត់។ បើកាអ៊ីនស្រឡាញ់ព្រះមែន គាត់ប្រាកដជាយកចិត្តទុកដាក់ស្ដាប់តាមព្រះមិនខាន។ ប៉ុន្តែ គាត់មិនស្រឡាញ់ព្រះទេ។ ថ្ងៃមួយ កាអ៊ីនបាននិយាយទៅអេបិលថា៖ ‹ចូរយើងទៅឯវាល›។ រួចមក អេបិលបានចេញទៅជាមួយកាអ៊ីន។ កាលដែលពួកគាត់នៅឯវាលតែពីរនាក់ កាអ៊ីនបានវាយប្អូនប្រុសរបស់គាត់យ៉ាងខ្លាំងដល់ស្លាប់។—លោកុប្បត្តិ ៤:២-៨
គម្ពីរប្រាប់យើងថា រឿងអំពីកាអ៊ីននិងអេបិលមានមេរៀនដ៏សំខាន់មួយ។ តើកូនដឹងថាមេរៀនអ្វីទេ?— ‹នេះជាបណ្ដាំដែលអ្នករាល់គ្នាបានឮពីដើមដំបូងថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវប្រព្រឹត្តដូចកាអ៊ីនដែលមកពីមេកំណាច›ទេ។ ដូច្នេះ បងប្អូនត្រូវស្រឡាញ់គ្នា មិនត្រូវប្រព្រឹត្តដូចកាអ៊ីនឡើយ។—យ៉ូហានទី១ ៣:១១, ១២
ហេតុអ្វីយើងមិនចង់ប្រព្រឹត្តអាក្រក់ដូចកាអ៊ីន?— ពីព្រោះ គម្ពីរប្រាប់ថាគាត់បាន«មកពីមេកំណាច»។ មេកំណាចនោះជាសាថាន។ ដោយសារកាអ៊ីនបានប្រព្រឹត្តដូចមេកំណាច នេះប្រៀបដូចជាមេកំណាចជាឪពុករបស់គាត់។
ឥឡូវ តើកូនយល់អំពីមូលហេតុសំខាន់ដែលកូនត្រូវស្រឡាញ់បងប្អូនរបស់កូនទេ?— បើកូនមិនស្រឡាញ់ពួកគាត់ទេ តើកូនកំពុងធ្វើតាមគំរូកូនរបស់អ្នកណា?— គឺកូនរបស់មេកំណាច។ កូនមិនចង់ធ្វើដូចនោះទេ មែនទេ?— ដូច្នេះ តើកូនអាចបង្ហាញយ៉ាងណាថាកូនចង់ធ្វើជាកូនរបស់ព្រះ?— គឺកូនត្រូវស្រឡាញ់បងប្អូនរបស់កូនយ៉ាងស្មោះ។
ប៉ុន្តែ តើសេចក្ដីស្រឡាញ់ជាអ្វី?— សេចក្ដីស្រឡាញ់គឺជាអារម្មណ៍ដ៏ជ្រាលជ្រៅដែលមាននៅក្នុងចិត្តយើង ហើយអារម្មណ៍នោះជំរុញចិត្តយើងឲ្យចង់ធ្វើអំពើល្អដល់មនុស្សឯទៀត។ ពេលយើងចូលចិត្តអ្នកណាម្នាក់ និងពេលយើងធ្វើអំពើល្អដល់ពួកគេ នោះមានន័យថាយើងស្រឡាញ់ពួកគេ។ តើយើងត្រូវស្រឡាញ់អ្នកណា? តើអ្នកណាជាបងប្អូនរបស់យើង?— កូននៅចាំទេ លោកយេស៊ូបានបង្រៀនថា អ្នកដែលជាបងប្អូនរបស់យើងនោះ គឺជាគ្រិស្តសាសនិករួមជំនឿ។
តើការស្រឡាញ់បងប្អូនគ្រិស្តសាសនិករួមជំនឿគឺសំខាន់យ៉ាងណា?— គម្ពីរចែងថា៖ «អ្នកណាដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ»។ (យ៉ូហានទី១ ៤:២០) ដូច្នេះ យើងមិនគ្រាន់តែស្រឡាញ់បងប្អូនរួមជំនឿមួយចំនួនតូចប៉ុណ្ណោះទេ តែយើងត្រូវស្រឡាញ់បងប្អូនរួមជំនឿទាំងអស់។ លោកយេស៊ូបានប្រាប់ថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៥) តើកូនស្រឡាញ់បងប្អូនរួមជំនឿទាំងអស់ទេ?— សូមចាំថា បើកូនមិនស្រឡាញ់ពួកគាត់ទេ កូនមិនអាចស្រឡាញ់ព្រះបានឡើយ។
តើយើងអាចបង្ហាញថាយើងពិតជាស្រឡាញ់បងប្អូនរួមជំនឿរបស់យើងយ៉ាងដូចម្ដេច?— បើយើងស្រឡាញ់ពួកគាត់ យើងនឹងមិនគេចមុខពីពួកគាត់ ដោយសារយើងមិនចង់និយាយរកពួកគាត់នោះទេ។ យើងរាក់ទាក់ជាមួយពួកគាត់ទាំងអស់។ យើងនឹងធ្វើអំពើល្អដល់ពួកគាត់ ហើយសុខចិត្តចែករំលែកជាមួយពួកគាត់ជានិច្ច។ ណាមួយទៀត បើពួកគាត់មានបញ្ហា យើងនឹងជួយពួកគាត់ ព្រោះយើងជាសមាជិកក្នុងក្រុមគ្រួសារដ៏ធំមួយ។
ពេលយើងស្រឡាញ់បងប្អូនទាំងអស់យ៉ាងស្មោះ តើនេះបង្ហាញយ៉ាងណា?— នេះបង្ហាញថា យើងជាអ្នកកាន់តាមលោកយេស៊ូដែលជាគ្រូដ៏ល្អប្រសើរ។ នោះជាអ្វីដែលយើងចង់ធ្វើ មែនទេ?—
ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនក៏បញ្ជាក់នៅ កាឡាទី ៦:១០ និងយ៉ូហានទី១ ៤:៨, ២១ដែរ។ សូមកូនបើកគម្ពីរហើយអានខទាំងនេះ។