ដើមកំណើត
៤០ ក្រោយនោះមក មានមន្ត្រីពីរនាក់របស់ផារ៉ូស្ដេចស្រុកអេហ្ស៊ីប បានប្រព្រឹត្តខុសនឹងផារ៉ូ ម្នាក់ជាមេលើពួកអ្នកកាន់ពែង+ ហើយម្នាក់ទៀតជាមេលើពួកអ្នកដុតនំ។ ២ ផារ៉ូបានខឹងនឹងអ្នកបម្រើទាំងពីរនោះជាខ្លាំង។+ ៣ ដូច្នេះ គាត់បានឲ្យគេយកអ្នកបម្រើទាំងពីរនាក់នោះទៅឃុំនៅផ្ទះរបស់មេអង្គរក្ស+ ជាកន្លែងដែលគេឃុំឃាំងយ៉ូសែប។+ ៤ បន្ទាប់មក មេអង្គរក្សបានឲ្យយ៉ូសែបមើលការខុសត្រូវលើពួកគេ។+ ពួកគេទាំងពីរបានជាប់ឃុំឃាំងនៅទីនោះអស់មួយរយៈ។
៥ នៅយប់មួយ មេលើពួកអ្នកកាន់ពែង និងមេលើពួកអ្នកដុតនំ បានយល់សប្ដិ។ ប៉ុន្តែ សុបិនរបស់ពួកគេមានអត្ថន័យផ្សេងពីគ្នា។ ៦ លុះព្រឹកឡើង យ៉ូសែបបានចូលមក ហើយឃើញពួកគេមានទឹកមុខស្រងូតស្រងាត់។ ៧ ដូច្នេះ យ៉ូសែបបានសួរមន្ត្រីទាំងនោះដែលកំពុងជាប់ឃុំជាមួយនឹងគាត់ក្នុងផ្ទះម្ចាស់គាត់ថា៖ «ហេតុអ្វីអ្នកទាំងពីរមានទឹកមុខស្រងូតស្រងាត់ម្ល៉េះ?»។ ៨ ពួកគេឆ្លើយថា៖ «យើងទាំងពីរនាក់បានយល់សប្ដិ តែគ្មានអ្នកណាអាចកាត់ស្រាយសុបិនឲ្យយើងបានទេ»។ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «មានតែព្រះប៉ុណ្ណោះដែលអាចកាត់ស្រាយសុបិនបាន។+ សូមប្រាប់សុបិនរបស់អ្នកទាំងពីរដល់ខ្ញុំមក»។
៩ ដូច្នេះ មេលើពួកអ្នកកាន់ពែងបានប្រាប់យ៉ូសែបថា៖ «ខ្ញុំបានយល់សប្ដិឃើញដើមទំពាំងបាយជូរមួយ។ ១០ ដើមនោះមានខ្នែងបី ហើយខ្នែងទាំងនោះបានចេញពន្លក កើតបានជាផ្កា រួចចេញជាចង្កោមផ្លែទុំ។ ១១ ពេលនោះ ខ្ញុំកំពុងកាន់ពែងរបស់ផារ៉ូ ហើយខ្ញុំបានបេះចង្កោមទំពាំងបាយជូរទាំងនោះ មកច្របាច់យកទឹកដាក់ក្នុងពែង រួចលើកជូនផារ៉ូពិសា»។ ១២ បន្ទាប់មក យ៉ូសែបបានប្រាប់គាត់ថា៖ «នេះជាអត្ថន័យសុបិនរបស់អ្នក។ ខ្នែងបីគឺសំដៅលើបីថ្ងៃ។ ១៣ នៅបីថ្ងៃទៀត ផារ៉ូនឹងដោះលែងអ្នក ហើយនឹងតែងតាំងអ្នកឲ្យមានតំណែងឡើងវិញ។+ អ្នកនឹងលើកពែងជូនលោកដូចកាលពីមុន។+ ១៤ ពេលអ្នកបានសុខស្រួលហើយ សូមមេត្តាកុំភ្លេចខ្ញុំ។ សូមបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ ហើយសូមប្រាប់ផារ៉ូអំពីខ្ញុំផង ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះ ១៥ ព្រោះខ្ញុំបានត្រូវគេចាប់ពីទឹកដីរបស់ជនជាតិហេប្រឺមក+ ហើយខ្ញុំមិនបានធ្វើអ្វីខុសដែលគួរនឹងជាប់គុកទេ»។+
១៦ ពេលមេលើពួកអ្នកដុតនំឃើញថាយ៉ូសែបបានកាត់ស្រាយរឿងល្អអំពីសុបិននោះ គាត់បានប្រាប់យ៉ូសែបថា៖ «ខ្ញុំក៏មានសុបិនមួយដែរ។ ខ្ញុំយល់សប្ដិថា ខ្ញុំទូលនំបីកញ្ច្រែង។ ១៧ កញ្ច្រែងលើបង្អស់មានពេញទៅដោយនំគ្រប់ប្រភេទសម្រាប់ជូនផារ៉ូពិសា តែពេលនោះមានសត្វស្លាបមកចឹកស៊ីនំពីកញ្ច្រែងនោះទៅ»។ ១៨ បន្ទាប់មក យ៉ូសែបបានប្រាប់គាត់ថា៖ «នេះជាអត្ថន័យសុបិនរបស់អ្នក។ កញ្ច្រែងបីគឺសំដៅលើបីថ្ងៃ។ ១៩ នៅបីថ្ងៃទៀត ផារ៉ូនឹងឲ្យគេកាត់ក្បាលអ្នក សពអ្នកនឹងត្រូវព្យួរលើបង្គោលឈើ ហើយសត្វស្លាបនឹងមកចឹកស៊ីសាច់អ្នក»។+
២០ លុះបីថ្ងៃក្រោយមក ជាថ្ងៃខួបកំណើតរបស់ផារ៉ូ។+ គាត់បានឲ្យគេរៀបចំពិធីភោជនាហារសម្រាប់ពួកអ្នកបម្រើទាំងអស់របស់គាត់។ ពេលនោះ គាត់បានចាត់គេឲ្យនាំមេលើពួកអ្នកកាន់ពែង និងមេលើពួកអ្នកដុតនំចេញមក។ ២១ ផារ៉ូបានតែងតាំងមេលើពួកអ្នកកាន់ពែងឲ្យមានតំណែងដូចដើមវិញ។ ម្ល៉ោះហើយ អ្នកនោះក៏លើកពែងជូនផារ៉ូតទៅទៀត។ ២២ ចំណែកឯមេលើពួកអ្នកដុតនំវិញ ផារ៉ូបានឲ្យគេព្យួរគាត់ ដូចដែលយ៉ូសែបបានកាត់ស្រាយសុបិនប្រាប់គាត់មែន។+ ២៣ ប៉ុន្តែ មេលើពួកអ្នកកាន់ពែងមិនបាននឹកឃើញយ៉ូសែបទេ។ គាត់បានភ្លេចឈឹងអំពីយ៉ូសែប។+