យេរេមា
៣ មានគេសួរថា៖ «បើប្ដីម្នាក់លែងប្រពន្ធ រួចនាងចេញទៅរួមរស់ជាមួយនឹងបុរសផ្សេងទៀត តើប្ដីគួរត្រឡប់ទៅរកនាងវិញឬ?»។
ដោយហេតុនេះ ស្រុកទាំងមូលបានស្មោកគ្រោកហើយ មែនទេ?+
ព្រះយេហូវ៉ាប្រកាសថា៖ «អ្នកបានប្រព្រឹត្តដូចជាស្រីពេស្យាជាមួយនឹងគូស្នេហ៍ជាច្រើន។+ ដូច្នេះ តើអ្នកគួរត្រឡប់មករកខ្ញុំវិញឬ?»។
២ «ចូរងើយភ្នែកមើលទៅបណ្ដាភ្នំដែលគ្មានដើមឈើ
តើមានកន្លែងណាមួយដែលអ្នកមិនបាននាំគេទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌?
អ្នកបានអង្គុយនៅតាមផ្លូវរង់ចាំគូស្នេហ៍
ដូចពួកអារ៉ាប់អង្គុយនៅតំបន់ស្ងាត់ជ្រងំដែរ។
អ្នកបានធ្វើឲ្យស្រុកអ្នកពេញទៅដោយអំពើពេស្យាចារនិងអំពើទុច្ចរិត។+
៣ ហេតុនេះហើយបានជាលែងមានភ្លៀងទៀត សូម្បីតែភ្លៀងចុងរដូវក៏គ្មានដែរ។+
ទោះជាយ៉ាងនោះក្ដី អ្នកនៅតែមានមុខក្រាស់ដូចប្រពន្ធដែលបានផិតក្បត់
គឺមិនចេះអៀនខ្មាសទាល់តែសោះ។+
៤ ប៉ុន្តែ ឥឡូវអ្នកស្រែកហៅរកខ្ញុំថា៖
‹បិតាអើយ! លោកជាមិត្តសម្លាញ់របស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។+
៥ តើលោកគួរខឹងខ្ញុំរហូតឬ? តើលោកគួរគុំកួននឹងខ្ញុំឬ?›។
អ្នកបាននិយាយដូច្នេះមែន តែអ្នកចេះតែប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង»។+
៦ នៅគ្រាស្ដេចយ៉ូសៀស+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «‹តើអ្នកឃើញអ៊ីស្រាអែលដែលមិនស្មោះត្រង់ បានប្រព្រឹត្តអ្វីទេ? គឺនាងបានប្រព្រឹត្តដូចជាស្រីពេស្យានៅលើភ្នំខ្ពស់ៗនិងនៅក្រោមដើមឈើខៀវខ្ចីទាំងឡាយ។+ ៧ ទោះជានាងបានប្រព្រឹត្តអំពើទាំងនេះក្ដី ក៏ខ្ញុំនៅតែហៅនាងឲ្យត្រឡប់មកវិញដែរ។+ ប៉ុន្តែ នាងមិនព្រមត្រឡប់មករកខ្ញុំវិញទេ។ ឯយូដាវិញ នាងចេះតែសម្លឹងមើលការប្រព្រឹត្តមិនស្មោះត្រង់របស់អ៊ីស្រាអែលជាបងស្រីខ្លួន។+ ៨ ម្ល៉ោះហើយ ខ្ញុំក៏ឲ្យលិខិតលែងលះដល់អ៊ីស្រាអែល ហើយបណ្ដេញនាងចេញ+ ព្រោះនាងបានផិតក្បត់ខ្ញុំ។+ ចំណែកយូដាជាប្អូនស្រីវិញ ទោះជាបានឃើញបែបនោះក៏ដោយ ក៏នាងមិនបានខ្លាចរអាដែរ។ ផ្ទុយទៅវិញ នាងបែរជាប្រព្រឹត្តអំពើផិតក្បត់ដូចស្រីពេស្យាដែរ។+ ៩ នាងមិនគិតថាអំពើពេស្យាចាររបស់នាងជារឿងធ្ងន់ធ្ងរទេ ហើយនាងបន្តធ្វើឲ្យស្រុកទាំងមូលទៅជាស្មោកគ្រោក ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងដុំថ្មនិងដើមឈើ។+ ១០ ទោះជាមានរឿងទាំងនេះកើតឡើងក្ដី ក៏យូដាជាប្អូនស្រីដែលផិតក្បត់ មិនបានត្រឡប់មករកខ្ញុំដោយអស់ពីចិត្តនោះទេ គឺគ្រាន់តែធ្វើពុតប៉ុណ្ណោះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
១១ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «អ៊ីស្រាអែលដែលមិនស្មោះត្រង់ បានបង្ហាញថាខ្លួនសុចរិតជាងយូដាដែលផិតក្បត់។+ ១២ ចូរទៅប្រកាសពាក្យទាំងនេះដល់រាជាណាចក្រខាងជើងថា៖+
«‹«ឱអ៊ីស្រាអែលដែលក្បត់ជំនឿអើយ! ចូរត្រឡប់មករកខ្ញុំវិញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។+ ‹«ខ្ញុំនឹងមិនមើលទៅអ្នកដោយកំហឹងទេ+ ព្រោះខ្ញុំមានភក្ដីភាព»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›។ ‹«ខ្ញុំនឹងមិនខឹងអ្នករហូតឡើយ។ ១៣ ចូរទទួលស្គាល់កំហុសរបស់ខ្លួនទៅ ព្រោះអ្នកបានធ្វើខុសចំពោះខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នកហើយ។ អ្នកចេះតែដេញតាមព្រះដទៃនៅក្រោមដើមឈើខៀវខ្ចី ហើយមិនព្រមស្ដាប់សម្ដីខ្ញុំទេ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›»។
១៤ ព្រះយេហូវ៉ាប្រកាសថា៖ «ឱកូនដែលក្បត់អើយ! ចូរត្រឡប់មករកខ្ញុំវិញ ព្រោះខ្ញុំបានក្លាយទៅជាម្ចាស់*ដ៏ពិតរបស់អ្នករាល់គ្នាហើយ ខ្ញុំនឹងទទួលអ្នករាល់គ្នា គឺម្នាក់ពីក្រុងមួយ និងពីរនាក់ពីក្រុមគ្រួសារមួយ ហើយខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯស៊ីយ៉ូន។+ ១៥ ខ្ញុំនឹងឲ្យពួកគង្វាលដល់អ្នក ពួកគេនឹងធ្វើតាមចិត្តខ្ញុំ+ ហើយផ្ដល់ចំណេះនិងការយល់ធ្លុះជ្រៅដល់អ្នក។ ១៦ នៅគ្រានោះ អ្នកនឹងមានគ្នាច្រើន ហើយមានកូនចៅពេញក្នុងស្រុក»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+ «ពេលនោះ លែងមានអ្នកណានិយាយថា៖ ‹នេះជាហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា!›ទៀតហើយ។ អ្នកនឹងមិនគិតអំពីហឹបនោះទៀតទេ ហើយក៏មិននឹកចាំឬនឹកនាដល់ហឹបនោះដែរ។ ហឹបនោះនឹងមិនត្រូវធ្វើម្ដងទៀតឡើយ។ ១៧ គ្រានោះ ពួកគេនឹងហៅក្រុងយេរូសាឡិមថាបល្ល័ង្ករបស់ព្រះយេហូវ៉ា+ ហើយប្រជាជាតិទាំងឡាយនឹងមូលគ្នាមកសរសើរនាមព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។+ ពួកគេនឹងលែងរឹងចចេស ហើយឈប់ធ្វើតាមចិត្តអាក្រក់របស់ខ្លួនទៀត»។
១៨ «នៅគ្រានោះ ពូជពង្សយូដានិងពូជពង្សអ៊ីស្រាអែលនឹងដើរជាមួយគ្នា+ ហើយពួកគេនឹងចេញមកពីស្រុកនៅទិសខាងជើង ធ្វើដំណើរទៅស្រុកដែលខ្ញុំបានឲ្យបុព្វបុរសរបស់ពួកគេជាមត៌ក។+ ១៩ ខ្ញុំបានគិតថា៖ ‹ដោយសារខ្ញុំបានចាត់ទុកអ្នកជាកូនប្រុសៗរបស់ខ្ញុំ ហើយខ្ញុំបានប្រគល់ឲ្យអ្នកនូវទឹកដីដ៏ល្អនិងស្រស់ស្អាត ជាមត៌កដ៏វិសេសបំផុតក្នុងចំណោមប្រជាជាតិនានា›+ នោះខ្ញុំសង្ឃឹមថាអ្នកនឹងហៅខ្ញុំថា‹បិតា!› ថែមទាំងបន្តដើរតាមខ្ញុំរហូត។ ២០ ប៉ុន្តែ ‹ឱពូជពង្សអ៊ីស្រាអែលអើយ! អ្នកបែរជាប្រព្រឹត្តដោយផិតក្បត់ចំពោះខ្ញុំ ដូចជាស្រីផិតក្បត់ចុះចោលប្ដីរបស់ខ្លួនទៅវិញ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
២១ នៅលើទីទួលទាំងប៉ុន្មាន មានឮសំឡេងរបស់ប្រជាជាតិអ៊ីស្រាអែល
កំពុងយំទួញនិងស្រែកអង្វរ ព្រោះពួកគេបានបង្ខូចផ្លូវរបស់ខ្លួនហើយ
គឺពួកគេបានបំភ្លេចព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។+
២២ «ឱកូនដែលក្បត់អើយ! ចូរត្រឡប់មករកខ្ញុំវិញមក។
ខ្ញុំនឹងជួយអ្នកឲ្យលែងមានចិត្តក្បត់ទៀត»។+
ពួកគេប្រាកដជានឹងតបថា៖ «យើងខ្ញុំនៅទីនេះ! យើងបានត្រឡប់មករកលោកវិញហើយ
ព្រោះព្រះយេហូវ៉ាអើយ! លោកជាព្រះរបស់យើងខ្ញុំ។+
២៣ ការដែលយើងបញ្ចេញសំឡេងអឺងកងនៅលើភ្នំនិងទីទួលទាំងប៉ុន្មានសុទ្ធតែឥតប្រយោជន៍ទេ។+
មានតែព្រះយេហូវ៉ាជាព្រះនៃយើងប៉ុណ្ណោះដែលជាសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែល។+
២៤ ឯព្រះដ៏គួរឲ្យអាម៉ាស់វិញ ព្រះនោះបានយកអ្វីៗទាំងអស់ដែលបុព្វបុរសរបស់យើងបានខំប្រឹងធ្វើការយ៉ាងនឿយហត់ តាំងពីយើងនៅក្មេងមកម្ល៉េះ+
គឺយកហ្វូងចៀមហ្វូងពពែ និងហ្វូងគោ
ព្រមទាំងកូនប្រុសនិងកូនស្រីរបស់ពួកគាត់ដែរ។
២៥ ចូរឲ្យយើងដេកក្នុងសេចក្ដីខ្មាសរបស់ខ្លួន
ហើយឲ្យសេចក្ដីអាម៉ាស់គ្របបាំងយើងមក
ព្រោះយើងបានប្រព្រឹត្តខុសឆ្គងនឹងព្រះយេហូវ៉ាជាព្រះរបស់យើងហើយ+
គឺទាំងយើងទាំងបុព្វបុរសរបស់យើងផង យើងបានប្រព្រឹត្តដូច្នោះតាំងពីយើងនៅក្មេងរហូតមកដល់សព្វថ្ងៃ+
ហើយយើងមិនបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ»។