អេសាយ
៣៧ ក្រោយពីស្ដេចហេសេគាបានឮដំណឹងនោះភ្លាម គាត់ក៏ចាប់ហែកអាវ ហើយស្លៀកបាវ រួចចូលទៅក្នុងវិហារព្រះយេហូវ៉ា។+ ២ បន្ទាប់មក គាត់បង្គាប់អេលាគីមជាអ្នកមើលការខុសត្រូវក្នុងវិមានស្ដេច សេបណាជាលេខាធិការ និងពួកបុរសចាស់ទុំពីចំណោមពួកសង្ឃ ឲ្យស្លៀកបាវ ហើយឲ្យទៅជួបអេសាយ+ជាអ្នកប្រកាសទំនាយ ដែលជាកូនអាម៉ុស។ ៣ ពួកគេបានប្រាប់អេសាយថា៖ «ស្ដេចហេសេគាបាននិយាយដូច្នេះថា៖ ‹ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃរងការអាម៉ាស់ និងត្រូវគេមើលងាយ គឺប្រៀបដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន តែគ្មានកម្លាំងនឹងសម្រាលទេ។+ ៤ ស្ដេចស្រុកអាស៊ីរីបានចាត់រ៉ាបសាកេឲ្យមកចំអកមើលងាយព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ។+ ប្រហែលជាព្រះយេហូវ៉ាឮពាក្យប្រមាថមើលងាយទាំងនោះ ហើយលោកនឹងដាក់ទោសគាត់។ ដូច្នេះ សូមជួយអធិដ្ឋាន+ឲ្យយើងទាំងអស់គ្នាដែលនៅសល់ក្នុងក្រុងនេះផង›»។+
៥ ដូច្នេះ ពួកអ្នកបម្រើរបស់ស្ដេចហេសេគាក៏បានចូលទៅជួបអេសាយ ដើម្បីជម្រាបពាក្យទាំងនោះ។+ ៦ ស្ដាប់រួច អេសាយក៏ប្រាប់ពួកគេថា៖ «សូមទៅជម្រាបម្ចាស់របស់អ្នកវិញថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «កុំខ្លាចដោយសារពាក្យដែលអ្នកបានឮឡើយ+ គឺជាពាក្យដែលពួកអ្នកបម្រើស្ដេចស្រុកអាស៊ីរី+បានប្រមាថមើលងាយខ្ញុំ។ ៧ ខ្ញុំនឹងបណ្ដាលឲ្យចិត្តគាត់ធ្វើតាមគំនិតខ្ញុំ។ គាត់នឹងឮដំណឹងមួយ ហើយត្រឡប់ទៅស្រុកគាត់វិញ។+ ខ្ញុំនឹងធ្វើឲ្យគាត់ស្លាប់ដោយដាវនៅក្នុងស្រុករបស់គាត់»›»។+
៨ ក្រោយមក រ៉ាបសាកេបានឮដំណឹងថាស្ដេចស្រុកអាស៊ីរីបានដកថយចេញពីក្រុងឡាគីស។ គាត់ក៏ត្រឡប់ទៅជួបស្ដេចរបស់គាត់វិញ ហើយឃើញស្ដេចកំពុងច្បាំងនឹងក្រុងលិបណា។+ ៩ លំដាប់នោះ មានគេនាំដំណឹងមកប្រាប់ស្ដេចស្រុកអាស៊ីរីថាទៀហាកាជាស្ដេចស្រុកអេត្យូពីបានមកច្បាំងនឹងគាត់ហើយ។ ដូច្នេះ គាត់ក៏ចាត់ពួកអ្នកនាំសារឲ្យទៅជួបហេសេគា+ម្ដងទៀត ហើយប្រាប់គាត់ថា៖ ១០ «អ្នករាល់គ្នាត្រូវប្រាប់ហេសេគាជាស្ដេចស្រុកយូដាថា៖ ‹កុំឲ្យព្រះរបស់អ្នកដែលអ្នកទុកចិត្ត បញ្ឆោតអ្នកដោយធានាថា៖ «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីឡើយ»។+ ១១ មើល! អ្នកបានដឹងថាបណ្ដាស្ដេចស្រុកអាស៊ីរីបានបំផ្លាញស្រុកទាំងប៉ុន្មានរួចទៅហើយ។+ តើអ្នកស្មានថាអ្នកនឹងរួចខ្លួនឬ? ១២ ឯប្រជាជាតិនានាដែលបុព្វបុរសខ្ញុំបានបំផ្លាញចោលនោះ តើព្រះរបស់ពួកគេអាចសង្គ្រោះពួកគេបានឬ?+ ចុះពួកកូសាន ពួកហារ៉ាន+ និងពួករេសែភ តើឥឡូវនៅឯណា? ឯពួកអេដែនដែលរស់នៅតំបន់ថេលអាសសាវិញ តើពួកគេនៅឯណា? ១៣ តើស្ដេចនៃក្រុងហាម៉ាត ក្រុងអើផាត និងក្រុងសេផាវែម+ ក្រុងហេណា និងក្រុងអ៊ីវ៉ា នៅឯណា?›»។
១៤ ហេសេគាក៏ទទួលសំបុត្រពីដៃរបស់ពួកអ្នកនាំសារ រួចយកមកអាន។ រួចមក ហេសេគាបានឡើងទៅវិហារព្រះយេហូវ៉ា ហើយលាសំបុត្រនោះនៅចំពោះព្រះយេហូវ៉ា។+ ១៥ បន្ទាប់មក ហេសេគាក៏អធិដ្ឋានទៅព្រះយេហូវ៉ា+ថា៖ ១៦ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ+ លោកជាព្រះដែលអង្គុយលើបល្ល័ង្កលើ*បណ្ដាចេរូប៊ីន គឺលោកតែមួយប៉ុណ្ណោះ ជាព្រះពិតលើរាជាណាចក្រទាំងអស់នៅផែនដី។ លោកបានបង្កើតមេឃនិងផែនដី។ ១៧ ឱព្រះយេហូវ៉ាអើយ! សូមលោកមើលផង។+ ឱព្រះយេហូវ៉ាអើយ! សូមមេត្តាស្ដាប់ផង។+ សូមស្ដាប់ពាក្យប្រមាថរបស់សានហេរីប ជាពាក្យមើលងាយដល់ព្រះដែលមានជីវិតរស់នៅ។+ ១៨ ឱព្រះយេហូវ៉ាអើយ! បណ្ដាស្ដេចស្រុកអាស៊ីរីពិតជាបានបំផ្លាញប្រជាជាតិនានានិងទឹកដីរបស់ពួកគេ+ ថែមទាំងបំផ្លាញទឹកដីរបស់ខ្លួនដែរ។ ១៩ ពួកគេក៏បានដុតបំផ្លាញព្រះរបស់ប្រជាជាតិទាំងនោះដែរ+ ព្រោះព្រះទាំងនោះ គឺធ្វើពីឈើពីថ្ម ជាស្នាដៃរបស់មនុស្ស មិនមែនជាព្រះពិតទេ។+ ហេតុនេះហើយបានជាពួកគេអាចបំផ្លាញចោលបាន។ ២០ ឱព្រះយេហូវ៉ាអើយ! សូមជួយសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់សានហេរីបផង ដើម្បីឲ្យគ្រប់ប្រជាជាតិនៅផែនដីបានដឹងថាមានតែព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ជាព្រះពិត»។+
២១ បន្ទាប់មក អេសាយជាកូនអាម៉ុសបានឲ្យគេនាំពាក្យទៅប្រាប់ហេសេគាថា៖ «ព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលបានមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកអំពីសានហេរីបជាស្ដេចស្រុកអាស៊ីរីហើយ។+ ២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទាស់នឹងសានហេរីបថា៖
«កូនក្រមុំបរិសុទ្ធនៃស៊ីយ៉ូន*ស្អប់ខ្ពើមអ្នក ហើយប្រមាថមើលងាយអ្នក។
ឯក្រុងយេរូសាឡិមក៏គ្រវីក្បាលចំអកឲ្យអ្នកដែរ។
២៣ តើអ្នកបានប្រមាថមើលងាយ+អ្នកណា?
តើអ្នកបានដំឡើងសំឡេងដាក់អ្នកណា?+
តើអ្នកកំពុងក្រអឺតដាក់អ្នកណា?
គឺប្រឆាំងនឹងព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលហើយ!+
២៤ អ្នកបានចាត់ពួកអ្នកនាំសារឲ្យមកចំអកមើលងាយព្រះយេហូវ៉ា+ ហើយក៏និយាយថា៖
‹ដោយសារមានរទេះចម្បាំងដ៏ច្រើន ខ្ញុំនឹងឡើងទៅលើកំពូលភ្នំនានា+
ខ្ញុំនឹងចូលព្រៃជ្រៅនៃតំបន់ភ្នំលីបង់។
ខ្ញុំនឹងកាប់រំលំដើមស៊ីដារខ្ពស់ៗនិងដើមយូនីពើប្រណីតៗ។
ខ្ញុំនឹងចូលជ្រៅបំផុតក្នុងព្រៃឧទ្យានដ៏ស្រស់បំព្រង។
២៥ ខ្ញុំនឹងជីកអណ្ដូង ហើយផឹកទឹកនៅទីនោះ
ខ្ញុំនឹងធ្វើឲ្យផ្លូវទឹកទាំងអស់*នៅស្រុកអេហ្ស៊ីបរីងស្ងួតទៅដោយបាតជើងរបស់ខ្ញុំ›។
២៦ តើអ្នកមិនបានឮទេឬ? តាំងពីយូរលង់មកហើយ ខ្ញុំបានកំណត់ទុក។
តាំងពីយូរមកហើយ ខ្ញុំបានត្រៀមទុក។+
ឥឡូវ ខ្ញុំនឹងធ្វើឲ្យរឿងនោះកើតឡើង។+
អ្នកនឹងបំផ្លាញបណ្ដាក្រុងដែលមានកំពែងរឹងមាំឲ្យទៅជាគំនរបាក់បែក។+
២៧ អ្នកក្រុងទាំងនោះនឹងគ្មានកម្លាំងតទល់ទេ
ពួកគេនឹងភ័យខ្លាច ហើយអាម៉ាស់មុខ។
ពួកគេនឹងប្រៀបដូចជាស្មៅនៅឯវាល ឬរុក្ខជាតិនៅតាមចម្ការ
ហើយប្រៀបដូចជាស្មៅនៅលើដំបូលដែលក្រៀមស្វិតទៅដោយខ្យល់ក្ដៅពីទិសខាងកើត។
២៨ ចំណែកអ្នកវិញ ខ្ញុំដឹងគ្រប់សកម្មភាពរបស់អ្នក ទាំងពេលអង្គុយ ទាំងពេលចេញទៅ ទាំងពេលមកវិញ។+ ខ្ញុំក៏ដឹងដែរពេលណាអ្នកខឹងនឹងខ្ញុំ។+
២៩ ខ្ញុំបានឮសម្រែកកំហឹងរបស់អ្នកហើយ+
ដូច្នេះ ខ្ញុំនឹងដាក់កន្លុះនៅច្រមុះអ្នក ព្រមទាំងដាក់បង្ហៀរ+នៅមាត់អ្នក
ហើយខ្ញុំនឹងដឹកអ្នកត្រឡប់ទៅតាមផ្លូវដែលអ្នកបានធ្វើដំណើរមក»។
៣០ «‹នេះជាសញ្ញាសម្គាល់សម្រាប់អ្នក* គឺនៅឆ្នាំនេះអ្នកនឹងបរិភោគផលដែលដុះឯកឯង ហើយនៅឆ្នាំបន្ទាប់ អ្នកក៏នឹងបរិភោគស្រូវដែលដុះឯងដែរ។ ប៉ុន្តែ នៅឆ្នាំទី៣អ្នកនឹងសាបព្រោះ ហើយប្រមូលផល ព្រមទាំងដាំដើមទំពាំងបាយជូរ ហើយបរិភោគផលនោះ។+ ៣១ ចំណែកឯពូជពង្សយូដាដែលរួចជីវិតនិងនៅសេសសល់+ ពួកគេនឹងប្រៀបដូចជាដើមឈើដែលចាក់ឫសជ្រៅ ហើយបង្កើតផល។ ៣២ ព្រោះអ្នកដែលនៅសេសសល់ ពួកគេនឹងចេញមកពីក្រុងយេរូសាឡិម ហើយអ្នកដែលរួចជីវិតនឹងចេញពីភ្នំស៊ីយ៉ូនមក។+ ដោយចិត្តខ្នះខ្នែង ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពនៅស្ថានសួគ៌ នឹងធ្វើឲ្យរឿងនេះកើតឡើងមែន។+
៣៣ «‹ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីស្ដេចស្រុកអាស៊ីរីថា៖+
«គាត់នឹងមិនចូលមកក្នុងក្រុងនេះទេ+ ហើយក៏មិនបាញ់ព្រួញចូលមកដែរ។
គាត់នឹងមិនប្រើខែល ឬលើកដីឡើងកំពែងដើម្បីចូលមកវាយលុកក្រុងនេះឡើយ»›។+
៣៤ ‹គាត់នឹងត្រឡប់ទៅវិញតាមផ្លូវដែលគាត់មក
គាត់នឹងមិនចូលមកក្នុងក្រុងនេះទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣៥ ‹ខ្ញុំនឹងការពារ ហើយសង្គ្រោះក្រុងនេះ+ដោយយល់ដល់នាមរបស់ខ្ញុំ+
និងដោយយល់ដល់ដាវីឌជាអ្នកបម្រើខ្ញុំ›»។+
៣៦ នៅយប់នោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានចេញទៅសម្លាប់ទ័ពអាស៊ីរីក្នុងជំរំអស់ចំនួន១៨៥.០០០នាក់។ លុះព្រលឹមឡើង គេឃើញមានសុទ្ធតែសាកសពទាំងអស់។+ ៣៧ ដូច្នេះ សានហេរីបជាស្ដេចស្រុកអាស៊ីរីក៏ត្រឡប់ទៅក្រុងនីនីវេវិញ។+ ៣៨ នៅថ្ងៃមួយ កាលគាត់កំពុងក្រាបគោរពព្រះនីសរ៉ូកក្នុងវិហារ កូនរបស់គាត់ឈ្មោះអាត្រាម៉ាលេកនិងសារេសឺ បាននាំគ្នាសម្លាប់គាត់ទៅ។+ រួចមក ពួកគេបានរត់គេចទៅទឹកដីអារ៉ារ៉ាត។+ ក្រោយមក អេសាហាដិន+ជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។