ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែមករា
ip-1-E ទំ. ២៧២ វ. ៥
ព្រះយេហូវ៉ាប្រើឫទ្ធានុភាពដើម្បីបំបាក់សត្រូវរបស់លោក
៥ ទោះជាសត្រូវរបស់ព្រះយេហូវ៉ាចាត់ទុកលោកជាបុគ្គលដែលគួរឲ្យខ្លាចក្ដី ប៉ុន្តែព្រះយេហូវ៉ាប្រៀបដូចជាទីជ្រកកោនចំពោះអស់អ្នកដែលមានចិត្តរាបទាបដែលចង់បម្រើលោក។ អ្នកដឹកនាំសាសនានិងពួកអ្នកនយោបាយដ៏ឃោរឃៅសាកល្បងគ្រប់មធ្យោបាយដើម្បីបង្ខូចជំនឿរបស់អ្នកគោរពប្រណិប័តន៍ពិត ប៉ុន្តែដោយសារពួកគាត់បានទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា ដូច្នេះអ្នកដឹកនាំសាសនានិងពួកអ្នកនយោបាយទាំងនោះបានបរាជ័យ។ នៅទីបំផុត លោកបានបំបិទមាត់ពួកអ្នកដែលប្រឆាំងលោកយ៉ាងងាយស្រួល នេះហាក់ដូចជាលោកបានគ្របបាំងថ្ងៃដ៏ក្ដៅខ្លាំងនៅវាលរហោឋានដោយពពក ឬទប់ខ្យល់ព្យុះដោយជញ្ជាំង។—សូមអាន អេសាយ ២៥:៤, ៥
ip-1-E ទំ. ២៧៣ វ. ៦-៧
ព្រះយេហូវ៉ាប្រើឫទ្ធានុភាពដើម្បីបំបាក់សត្រូវរបស់លោក
‹ការជប់លៀងដល់គ្រប់ទាំងសាសន៍›
៦ ព្រះយេហូវ៉ាដូចឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកមិនគ្រាន់តែផ្ដល់ការការពារប៉ុណ្ណោះទេ តែលោកក៏ទំនុកបម្រុងកូនរបស់លោកដែរ ជាពិសេសសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ ក្រោយពីរំដោះរាស្ត្ររបស់លោកនៅឆ្នាំ១៩១៩ លោករៀបចំសម្រាប់ពួកគេនូវការជប់លៀងមួយចំពោះជ័យជម្នះនោះ។ ការជប់លៀងនេះគឺជាការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដ៏បរិបូរ។ «នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសដ៏វិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ»។—អេ. ២៥:៦
៧ ការជប់លៀងនេះបានត្រូវរៀបចំឡើងនៅលើ«ភ្នំ»របស់ព្រះយេហូវ៉ា។ តើភ្នំនេះជាតំណាងអ្វី? គឺជា«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា»ដែលគ្រប់ប្រជាជាតិនឹងមក«នៅជាន់ក្រោយបង្អស់»។ គឺជា«ភ្នំបរិសុទ្ធ»របស់ព្រះយេហូវ៉ា ដែលនៅទីនោះ អ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកមិនធ្វើអំពើអាក្រក់និងមិនបំផ្លាញគ្នាឡើយ។ (អេ. ២:២; ១១:៩) នៅកន្លែងគោរពប្រណិប័តន៍នេះ ព្រះយេហូវ៉ារៀបចំការជប់លៀងដែលមានអាហារយ៉ាងបរិបូរសម្រាប់អ្នកដែលស្មោះត្រង់។ ម្យ៉ាងទៀត អ្វីល្អៗខាងការគោរពប្រណិប័តន៍ដែលព្រះបានផ្ដល់ឲ្យយ៉ាងហៀរហូរនៅសព្វថ្ងៃនេះ បង្ហាញទុកជាមុនអំពីអ្វីល្អៗដែលលោកនឹងផ្ដល់ឲ្យសម្រាប់រូបកាយពេលរាជាណាចក្រព្រះទៅជារដ្ឋាភិបាលតែមួយគត់របស់មនុស្សជាតិ។ ការស្រេកឃ្លាននឹងលែងមានទៀត។ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។—ទំនុក. ៧២:៨, ១៦
ip-1-E ទំ. ២៧៣-២៧៤ វ. ៨-៩
ព្រះយេហូវ៉ាប្រើឫទ្ធានុភាពដើម្បីបំបាក់សត្រូវរបស់លោក
៨ ពួកអ្នកដែលទទួលសេចក្ដីបង្រៀនពីព្រះដែលប្រៀបដូចជាអាហារយ៉ាងបរិបូរ មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យ។ សូមមើលឃ្លាបន្ទាប់របស់អេសាយ។ គាត់បានប្រៀបប្រដូចអំពើខុសឆ្គងនិងសេចក្ដីស្លាប់ទៅនឹង«គំរប»ឬ«ស្បៃ» ដោយនិយាយថា៖ «នៅលើភ្នំនោះ [ព្រះយេហូវ៉ា]នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង។ ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។—អេ. ២៥:៧, ៨ក
៩ មែនហើយ ភាពខុសឆ្គងនិងសេចក្ដីស្លាប់នឹងលែងមានទៀត! (បប. ២១:៣, ៤) លើសពីនេះទៅទៀត ការដៀលត្មះដែលអ្នកបម្រើរបស់ព្រះយេហូវ៉ាបានទទួលរងអស់រាប់ពាន់ឆ្នាំមកហើយ ក៏នឹងលែងមានទៀតដែរ។ «ទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ»។ (អេ. ២៥:៨ខ) តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច? ព្រះយេហូវ៉ានឹងបំផ្លាញប្រភពនៃការដៀលត្មះនោះ ពោលគឺសាថាននិងពូជរបស់វា។ (បប. ២០:១-៣) យើងមិនភ្ញាក់ផ្អើលទេដែលរាស្ត្ររបស់ព្រះនឹងត្រូវជំរុញចិត្តឲ្យប្រកាសថា៖ «មើល! នេះគឺជាព្រះនៃយើងរាល់គ្នា។ យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង។ នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់។ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់»។—អេ. ២៥:៩
ថ្ងៃទី៩-១៥ ខែមករា
ip-1-E ទំ. ៣៣២-៣៣៤ វ. ៧-៨
ស្តេចនិងពួកចៅហ្វាយរបស់លោក
៧ ក្នុងទំនាយដ៏អស្ចារ្យរបស់លោកយេស៊ូស្តីអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»ដ៏អាក្រក់នេះ លោកបានមានប្រសាសន៍ថា៖ «កុំភ័យស្លុតឡើយ»។ (ម៉ាថ. ២៤:៣-៨) ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូមិនភ័យស្លុតនឹងស្ថានភាពពិភពលោកដែលនាំឲ្យគ្រោះថ្នាក់នេះ? មូលហេតុមួយគឺដោយសារ«ពួកចៅហ្វាយ»កំពុងការពារហ្វូងចៀមយ៉ាងស្មោះត្រង់ ទោះជាពួកចៅហ្វាយនោះគឺជាអ្នកដែលព្រះបានរើសតាំងឬ«ចៀមឯទៀត»ក្ដី។ (យ៉ូន. ១០:១៦) ទោះជាស្ថិតក្នុងស្ថានភាពពិបាកខ្លាំងដូចពេលដែលមានសង្គ្រាមរវាងពូជសាសន៍ឬការប្រល័យពូជសាសន៍ក្ដី ពួកគាត់យកចិត្តទុកដាក់ចំពោះបងប្អូនរួមជំនឿដោយគ្មានការភ័យខ្លាច។ ក្នុងពិភពលោកដែលគ្មានទំនាក់ទំនងជាមួយនឹងព្រះ ពួកគាត់ចាត់វិធានការដើម្បីជួយបុគ្គលដែលធ្លាក់ទឹកចិត្តឲ្យមានកម្លាំងចិត្តឡើងវិញ ដោយបង្ហាញសេចក្ដីពិតពីបណ្ដាំរបស់ព្រះដែលលើកទឹកចិត្ត។
៨ ក្នុងអំឡុង៥០ឆ្នាំកន្លងទៅហើយនេះ «ពួកចៅហ្វាយ»បានត្រូវគេស្គាល់ច្បាស់ថាជាអ្នកណា។ «ពួកចៅហ្វាយ»ដែលជាចៀមឯទៀតកំពុងទទួលការបង្ហាត់បង្រៀនឲ្យទៅជា«ព្រះអម្ចាស់ដ៏ឧត្តម[ឬ«មេដឹកនាំ»]» ដើម្បីក្រោយគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកដែលមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងចំណោមពួកគាត់នឹងត្រៀមខ្លួនដើម្បីទទួលភារកិច្ចចាត់ចែងកិច្ចការនៅ«ផែនដីថ្មី»។ (អេស. [អគ.] ៤៤:២, ៣; ខ.ស. ; ២ពេ. ៣:១៣) ពេលដែលពួកគាត់កំពុងដឹកនាំកិច្ចបម្រើរាជាណាចក្រព្រះ ដោយផ្ដល់កម្លាំងចិត្តឡើងវិញនិងការណែនាំខាងការគោរពប្រណិប័តន៍ នោះបង្ហាញថាពួកគាត់ប្រៀបដូចជា«ម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ» ដោយសារពួកគាត់ផ្ដល់ការសម្រាលទុក្ខដល់ហ្វូងចៀម។
ip-1-E ទំ. ៣៣៤-៣៣៥ វ. ១០-១១
ស្តេចនិងពួកចៅហ្វាយរបស់លោក
យកចិត្តទុកដាក់ចំពោះអ្វីដែលឮ មើលឃើញ ហើយកុំមានចិត្តឆាប់សន្និដ្ឋាន
១០ តើមនុស្សមួយក្រុមធំធ្វើតាមការរៀបចំរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ទំនាយបន្តចែងថា៖ «ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រិលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្ដាប់ឮនឹងប្រុងស្ដាប់»។ (អេ. ៣២:៣) អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដល់អ្នកបម្រើដ៏មានតម្លៃរបស់លោក ហើយជួយឲ្យពួកគេមានការយល់ដឹងកាន់តែច្រើន។ សាលាកិច្ចបម្រើផ្សាយនិងកិច្ចប្រជុំឯទៀតដែលបានត្រូវធ្វើឡើងក្នុងក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក មហាសន្និបាតប្រចាំតំបន់ មហាសន្និបាតប្រចាំប្រទេស និងមហាសន្និបាតអន្តរជាតិ ព្រមទាំងការបង្ហាត់បង្រៀនពិសេសដែល«ពួកចៅហ្វាយ»បានទទួលដើម្បីថែរក្សាហ្វូងចៀមដោយសេចក្ដីស្រឡាញ់ បានធ្វើឲ្យបងប្អូនរួមជំនឿរាប់លាននាក់នៅទូទាំងពិភពលោកកាន់តែមានសាមគ្គីភាព។ ទោះជាគង្វាលទាំងនោះរស់នៅកន្លែងណាក៏ដោយ ពួកគាត់ប្រុងប្រៀបស្ដាប់និងធ្វើតាមការកែប្រែផ្សេងៗក្នុងការយល់ដឹងកាន់តែច្បាស់អំពីសេចក្ដីពិត។ ដោយមានការបង្ហាត់បង្រៀនពីគម្ពីរ ពួកគាត់ត្រៀមខ្លួនជាស្រេចដើម្បីស្ដាប់បង្គាប់និងធ្វើតាម។—ទំនុក. ២៥:១០
១១ ទំនាយបន្តព្រមានថា៖ «ចិត្តរបស់ពួករួសរាន់នឹងមានដំរិះ ហើយអណ្ដាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ»។ (អេ. ៣២:៤) កុំឲ្យអ្នកណាឆាប់សន្និដ្ឋានអំពីអ្វីដែលខុសនិងអ្វីដែលត្រូវឡើយ។ គម្ពីរចែងថា៖ «ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដីឬ? មានសេចក្ដីសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត»។ (សុភ. ២៩:២០; សាស្ដ. ៥:២) មុនឆ្នាំ១៩១៩ សូម្បីតែរាស្ត្ររបស់ព្រះយេហូវ៉ាក៏បានទទួលឥទ្ធិពលអាក្រក់ពីគំនិតរបស់បាប៊ីឡូនដ៏ខ្លាំងក្លាដែរ។ ប៉ុន្តែចាប់ពីឆ្នាំ១៩១៩ព្រះយេហូវ៉ាបានធ្វើឲ្យពួកគាត់យល់កាន់តែច្បាស់អំពីគោលបំណងរបស់លោក។ ពួកគាត់បានរកឃើញសេចក្ដីពិតដែលលោកបានបើកបង្ហាញ មិនមែនដោយឆាប់សន្និដ្ឋាននោះទេតែដោយពិចារណាយ៉ាងហ្មត់ចត់ ហើយសព្វថ្ងៃនេះពួកគាត់និយាយដោយមានការជឿជាក់។
ថ្ងៃទី១៦-២២ ខែមករា
ip-1-E ទំ. ៣៨៦-៣៨៨ វ. ៧-១៤
ស្តេចម្នាក់បានបង្ហាញជំនឿ ហើយបានទទួលពរ
រ៉ាបសាកេលើកហេតុផលរបស់គាត់
៧ ស្តេចសានហេរីបចាត់រ៉ាបសាកេ (ឋានៈក្នុងជួរកងទ័ព មិនមែនជាឈ្មោះបុគ្គល) ព្រមទាំងអ្នកមានយសស័ក្ដិខ្ពង់ខ្ពស់ពីរនាក់ឲ្យទៅក្រុងយេរូសាឡិមដើម្បីបញ្ជាពួកអ្នកនៅក្រុងនោះឲ្យចុះចាញ់។ (២ព. ១៨:១៧) ពួកគេទាំងបីនាក់នោះបានជួបតំណាងបីនាក់របស់ហេសេគានៅខាងក្រៅកំពែងក្រុងនោះ គឺអេលាគីមជាឧកញ៉ាវាំង សេបណាជាស្មៀនហ្លួង និងកូនប្រុសរបស់អេសាភគឺយ៉ូអាដែលជាអ្នកកត់ត្រា។—អេ. ៣៦:២, ៣
៨ រ៉ាបសាកេមានគោលបំណងធ្វើឲ្យពួកអ្នកនៅក្រុងយេរូសាឡិមចុះចាញ់ដោយមិនចាំបាច់ច្បាំង។ ដោយនិយាយភាសាហេប្រឺ គាត់បានស្រែកប្រកាសជាលើកដំបូងថា៖ «តើទីពឹងណាដែលឯងទុកចិត្តនេះ? . . . ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ?»។ (អេ. ៣៦:៤, ៥) បន្ទាប់មករ៉ាបសាកេបាននិយាយចំអកឲ្យជនជាតិយូដាដែលកំពុងភ័យខ្លាច ដោយរំលឹកពួកគេថាពួកគេគ្មានជំនួយណាសោះ។ តើមានអ្នកណាអាចជួយឯងបាន? តើជាអេស៊ីបដែលជា«ដើមត្រែងកំបាក់»នោះឬ? (អេ. ៣៦:៦) ពេលនោះ អេស៊ីបគឺប្រៀបដូចជាដើមត្រែងកំបាក់ តាមពិតអេស៊ីបធ្លាប់ជាប្រទេសមហាអំណាច តែបានត្រូវកាន់កាប់អស់មួយរយៈពេលដោយជនជាតិអេចូពី ហើយស្តេចទារហាកាដែលជាផារ៉ូនៅស្រុកអេស៊ីបមិនមែនជាជនជាតិអេស៊ីបទេ តែជាជនជាតិអេចូពី។ ម្យ៉ាងទៀត ស្តេចទារហាកាហៀបនឹងចុះចាញ់ពួកអាសស៊ើរ។ (២ព. ១៩:៨, ៩) ដោយសារជនជាតិអេស៊ីបមិនអាចសង្គ្រោះខ្លួនឯងបានផង នោះធ្វើយ៉ាងណាអាចជួយជនជាតិយូដាបាន។
៩ រ៉ាបសាកេបានអះអាងថាព្រះយេហូវ៉ានឹងមិនប្រយុទ្ធដើម្បីរាស្ត្ររបស់លោកឡើយ ដោយសារលោកមិនពេញចិត្តនឹងពួកគេ។ រ៉ាបសាកេនិយាយថា៖ «បើឯងនិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនាទ្រង់ចេញទេឬអី?»។ (អេ. ៣៦:៧) តាមពិត ការរំលំកន្លែងគោរពប្រណិប័តន៍ព្រះមិនពិតនិងអាសនាក្នុងទឹកដីនោះមិនមែនជាការមិនទទួលស្គាល់ព្រះយេហូវ៉ាទេ តែជាការបង្ហាញថាជនជាតិយូដាបានត្រឡប់មកលោកវិញ។
១០ ក្រោយមករ៉ាបសាកេរំលឹកជនជាតិយូដាថាពួកគេមានកងទ័ពតិចណាស់។ គាត់បានប្រកាសដោយក្អេងក្អាងថា៖ «អញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន»។ (អេ. ៣៦:៨) ប៉ុន្តែតាមពិត ទោះជាពលទ័ពសេះជនជាតិយូដាដែលបានទទួលការបង្វឹកបង្វឺនមានច្រើនឬតិចក៏ដោយ តើនេះសំខាន់ឬទេ? មិនសំខាន់ទេ ដោយសារសេចក្ដីសង្គ្រោះរបស់ជនជាតិយូដាមិនមែនពឹងលើចំនួននៃពលទ័ពឡើយ។ សុភាសិត ២១:៣១ ពន្យល់អំពីចំណុចនេះថា៖ «គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ»។ ក្រោយមកទៀត រ៉ាបសាកេអះអាងថាព្រះយេហូវ៉ាកំពុងឲ្យពរដល់ជនជាតិអាសស៊ើរ មិនមែនជនជាតិយូដាទេ។ បើមិនដូច្នេះទេ មិនមែនពួកអាសស៊ើរអាចចូលក្នុងតំបន់ជាច្រើនក្នុងស្រុកយូដាឡើយ។—អេ. ៣៦:៩, ១០
១១ ពួកអ្នកដែលជាតំណាងរបស់ហេសេគាបានបារម្ភថាពាក្យសម្ដីរបស់រ៉ាបសាកេអាចមានឥទ្ធិពលទៅលើពួកបុរសដែលនៅលើកំពែងវិហារ ដោយសារពួកគេអាចឮអ្វីដែលរ៉ាបសាកេបាននិយាយ។ តំណាងទាំងនេះបានសំណូមពរថា៖ «សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្ដាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្ដាប់ផងនោះឡើយ»។ (អេ. ៣៦:១១) ប៉ុន្តែរ៉ាបសាកេមិនមានបំណងនិយាយជាភាសាអើរ៉ាមឬភាសាស៊ីរីឡើយ។ តែគាត់ប្រើភាសាយូដា ព្រោះចង់ឲ្យជនជាតិយូដាស្ដាប់បានដើម្បីធ្វើឲ្យពួកគេសង្ស័យនិងភ័យខ្លាច យ៉ាងនេះពួកគេនឹងព្រមចុះចាញ់ ហើយប្រគល់ក្រុងយេរូសាឡិមដោយមិនចាំបាច់ច្បាំង។ (អេ. ៣៦:១២) ហេតុនេះហើយបានជាជនជាតិអាសស៊ើរនោះនិយាយម្ដងទៀតជា«ភាសាយូដា»។ គាត់ព្រមានបណ្ដាជននៅក្រុងយេរូសាឡិមថា៖ «កុំបណ្ដោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាមិនអាចនឹងជួយឲ្យឯងរាល់គ្នារួចបានទេ»។ បន្ទាប់មក រ៉ាបសាកេព្យាយាមល្បួងពួកអ្នកដែលកំពុងស្ដាប់គាត់ដោយធ្វើឲ្យពួកគេចាប់ផ្ដើមស្រមៃគិតអំពីជីវិតពេលដែលជនជាតិយូដានៅក្រោមការគ្រប់គ្រងរបស់ជនជាតិអាសស៊ើរ គាត់បាននិយាយថា៖ «ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះនឹងបានស៊ីផលចំការទំពាំងបានជូរ នឹងផលដើមល្វា ក៏នឹងផឹកទឹកអណ្ដូងរបស់ខ្លួនគ្រប់គ្នា។ ដរាបដល់អញមកនាំឯងរាល់គ្នាទៅនៅឯស្រុក១ដូចជាស្រុករបស់ឯងរាល់គ្នានេះ ជាស្រុកមានស្រូវនឹងទឹកទំពាំងបាយជូរ ជាស្រុកមាននំប៉័ង នឹងចំការទំពាំងបាយជូរផង»។—អេ. ៣៦:១៣-១៧
១២ នៅឆ្នាំនោះជនជាតិយូដាមិនមានការច្រូតកាត់ឡើយ ដោយសារជនជាតិអាសស៊ើរបានលុកលុយពួកគេ នេះជាហេតុធ្វើឲ្យពួកគេពិបាកដាំដំណាំផ្សេងៗ។ ការស្រមៃគិតអំពីការបរិភោគផ្លែទំបាយជូរដ៏ឆ្ងាញ់និងការផឹកទឹកដ៏ត្រជាក់ច្បាស់ជាធ្វើឲ្យពួកបុរសដែលកំពុងស្ដាប់ពីលើកំពែងចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែរ៉ាបសាកេមិនទាន់ឈប់ព្យាយាមបំបាក់ទឹកចិត្តជនជាតិយូដាទេ។
១៣ រ៉ាបសាកេមានហេតុផលជាច្រើន គាត់បានប្រើយុទ្ធសាស្ត្រពាក្យសម្ដីមួយហើយមួយទៀត។ គាត់ព្រមានជនជាតិយូដាថាបើហេសេគានិយាយថា «ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចជាមិនខាន» កុំជឿឲ្យសោះ។ រ៉ាបសាកេរំលឹកជនជាតិយូដាថាព្រះរបស់ជនជាតិសាម៉ារីមិនអាចការពារកុលសម្ព័ន្ធ១០ពីជនជាតិអាសស៊ើរបានឡើយ។ ម្យ៉ាងទៀត ចុះយ៉ាងណាព្រះរបស់ជនជាតិផ្សេងទៀតដែលជនជាតិអាសស៊ើរបានយកឈ្នះ? គាត់បានសួរថា៖ «តើព្រះរបស់ពួកក្រុងហាម៉ាតនឹងក្រុងអើផាឌនៅឯណា? តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា? តើព្រះទាំងនោះជួយពួកសាម៉ារីឲ្យរួចពីកណ្ដាប់ដៃអញបានឬ?»។—អេ. ៣៦:១៨-២០
១៤ រ៉ាបសាកេជាអ្នកគោរពប្រណិប័តន៍ព្រះមិនពិត ដូច្នេះគាត់មិនបានយល់ទេថាជនជាតិសាម៉ារីដែលជាពួកអ្នកក្បត់ជំនឿ និងពួកអ្នកនៅក្រុងយេរូសាឡិមដែលនៅក្រោមការគ្រប់គ្រងរបស់ហេសេគា គឺខុសគ្នាឆ្ងាយណាស់។ ព្រះមិនពិតរបស់ជនជាតិសាម៉ារីគ្មានឫទ្ធានុភាពដើម្បីសង្គ្រោះរាជាណាចក្រនៃកុលសម្ព័ន្ធ១០ទេ។ (២ព. ១៧:៧, ១៧, ១៨) មួយវិញទៀត បណ្ដាជនក្រុងយេរូសាឡិមដែលនៅក្រោមការគ្រប់គ្រងរបស់ហេសេគាបានលះចោលព្រះមិនពិត ហើយបានត្រឡប់មកបម្រើព្រះយេហូវ៉ាវិញ។ ប៉ុន្តែ តំណាងបីនាក់ដែលជាជនជាតិយូដាមិនបានព្យាយាមពន្យល់ចំណុចនេះដល់រ៉ាបសាកេទេ។ «គេនៅតែស្ងៀម ឥតឆ្លើយដល់លោក សូម្បីតែ១ម៉ាត់ផង ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ»។ (អេ. ៣៦:២១) អេលាគីម សេបណា និងយ៉ូអាបានត្រឡប់ទៅហេសេគាវិញ ហើយធ្វើរបាយការណ៍អំពីអ្វីដែលរ៉ាបសាកេបាននិយាយ។—អេ. ៣៦:២២
ip-1-E ទំ. ៣៨៩-៣៩១ វ. ១៥-១៧
ស្តេចម្នាក់បានបង្ហាញជំនឿ ហើយបានទទួលពរ
ហេសេគាបានធ្វើការសម្រេចចិត្តមួយ
១៥ ស្តេចហេសេគាកំពុងធ្វើការសម្រេចចិត្តអំពីរឿងមួយ។ តើក្រុងយេរូសាឡិមគួរតែព្រមចុះចាញ់ជនជាតិអាសស៊ើរ? រួមដៃជាមួយនឹងជនជាតិអេស៊ីប? ឬត្រូវតែច្បាំងនឹងជនជាតិអាសស៊ើរ? ហេសេគាខ្វល់ចិត្តជាខ្លាំង។ គាត់ទៅឯវិហាររបស់ព្រះយេហូវ៉ា ហើយគាត់បានចាត់អេលាគីម សេបណា និងពួកចាស់ទុំឯទៀតនៃពួកសង្ឃឲ្យទៅសុំការណែនាំពីព្រះយេហូវ៉ាតាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយ។ (អេ. ៣៧:១, ២) ក្នុងសម្លៀកបំពាក់សំពត់ធ្មៃ បេសកជនរបស់ស្តេចបានមកជួបអេសាយ ដោយនិយាយថា៖ «ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល . . . ប្រហែលជាព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់នឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាស៊ើរជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយទ្រង់នឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានឮហើយ»។ (អេ. ៣៧:៣-៥) ជនជាតិអាសស៊ើរកំពុងល្បងលព្រះដែលមានជីវិតរស់នៅ! តើព្រះយេហូវ៉ានឹងចាត់វិធានការចំពោះការដៀលត្មះរបស់ពួកគេឬទេ? តាមរយៈអេសាយ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តជនជាតិយូដាថា៖ «កុំឲ្យខ្លាចចំពោះពាក្យសំដីដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាស៊ើរបានប្រមាថដល់អញនោះឡើយ។ មើល អញនឹងបណ្ដាលគំនិតវាឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវនៅក្នុងស្រុករបស់វាទៅ»។—អេ. ៣៧:៦, ៧
១៦ ដំណាលគ្នានោះ រ៉ាបសាកេបានត្រូវហៅឲ្យមកជួយស្តេចសានហេរីបនៅពេលដែលស្តេចនោះកំពុងច្បាំងនឹងលិបណា។ ស្តេចសានហេរីបនឹងមកវាយយកក្រុងយេរូសាឡិមនៅពេលក្រោយ។ (អេ. ៣៧:៨) ប៉ុន្តែ ទោះជារ៉ាបសាកេចាកចេញក្ដី នោះនៅតែធ្វើឲ្យហេសេគាខ្វល់ចិត្តដដែល។ ស្តេចសានហេរីបបានផ្ញើសំបុត្រគំរាមកំហែងដែលរៀបរាប់អំពីអ្វីដែលបណ្ដាជននៅក្រុងយេរូសាឡិមនឹងជួប បើពួកគេមិនព្រមចុះចាញ់។ ក្នុងសំបុត្រនោះរៀបរាប់ថា៖ «ឯងបានឮនិយាយពីការដែលស្តេចអាស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ? . . . តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ? តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ នឹងស្តេចក្រុងសេផាវែម ក្រុងហេណា នឹងក្រុងអ៊ីវ៉ានៅឯណា?»។ (អេ. ៣៧:៩-១៣) តាមពិត ជនជាតិអាសស៊ើរចង់និយាយថាទោះជាជនជាតិយូដាសុំជំនួយពីណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ នោះនឹងនាំឲ្យមានតែបញ្ហាប៉ុណ្ណោះ!
១៧ ហេសេគាព្រួយបារម្ភអំពីការសម្រេចចិត្តដែលគាត់ត្រូវធ្វើ ហើយក៏បារម្ភអំពីលទ្ធផលដែលនឹងមកពីការសម្រេចចិត្តនោះដែរ គាត់បានលាសំបុត្ររបស់ស្តេចសានហេរីបនៅចំពោះមុខព្រះយេហូវ៉ាក្នុងវិហារ។ (អេ. ៣៧:១៤) គាត់បានអធិដ្ឋានយ៉ាងអស់ពីចិត្តសុំអង្វរព្រះយេហូវ៉ាឲ្យស្ដាប់ពាក្យគំរាមរបស់ជនជាតិអាសស៊ើរ គាត់បានបញ្ចប់សេចក្ដីអធិដ្ឋានរបស់គាត់ដោយពាក្យថា៖«ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថាទ្រង់ជាព្រះយេហូវ៉ាគឺទ្រង់តែ១ព្រះអង្គទេ»។ (អេ. ៣៧:១៥-២០) នេះបានបង្ហាញយ៉ាងច្បាស់ថាអ្វីដែលហេសេគាព្រួយបារម្ភខ្លាំងជាងគេនោះមិនមែនអំពីការរួចជីវិតទេ តែអំពីការដៀលត្មះមកលើនាមរបស់ព្រះយេហូវ៉ាបើជនជាតិអាសស៊ើរវាយយកក្រុងយេរូសាឡិមបាន។
ip-1-E ទំ. ៣៩១-៣៩៤ វ. ១៨-២២
ស្តេចម្នាក់បានបង្ហាញជំនឿ ហើយបានទទួលពរ
១៨ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ហេសេគាតាមរយៈអេសាយ។ ក្រុងយេរូសាឡិមនឹងមិនត្រូវចុះចាញ់ជនជាតិអាសស៊ើរទេ ក្រុងនោះត្រូវតយុទ្ធនឹងពួកគេវិញ។ ហាក់ដូចជាកំពុងប្រាប់ដល់ស្តេចសានហេរីបដែលជាជនជាតិអាសស៊ើរ អេសាយបានប្រាប់ដំណឹងដែលមកពីព្រះយេហូវ៉ាដោយចិត្តអង់អាចក្លាហានថា៖ «នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង។ កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯងហើយ»។ (អេ. ៣៧:២១, ២២) ក្រោយមកព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹តើអ្នកជាអ្នកណាបានជាហ៊ានដៀលត្មះព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល? ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក។ អ្នកមានមហិច្ឆតាខ្ពស់ ហើយមានអំណួតខ្លាំង។ អ្នកបានទុកចិត្តទៅលើចំនួនពលទ័ពរបស់អ្នក ហើយបានវាយយកទឹកដីជាច្រើន។ ប៉ុន្តែ អ្នកនឹងត្រូវផ្ដួល។ ខ្ញុំនឹងរារាំងគម្រោងរបស់អ្នក។ ខ្ញុំនឹងយកឈ្នះអ្នក។ រួចខ្ញុំនឹងធ្វើចំពោះអ្នកដូចដែលអ្នកបានធ្វើចំពោះអ្នកឯទៀតដែរ។ ខ្ញុំនឹងដាក់កន្លុះនៅច្រមុះរបស់អ្នក ហើយឲ្យអ្នកត្រឡប់ទៅស្រុកអាសស៊ើរវិញ!›។—អេ. ៣៧:២៣-២៩
«ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា»
១៩ តើមានការធានាអ្វីចំពោះហេសេគាដែលថាទំនាយរបស់អេសាយនឹងក្លាយទៅជាការពិត? ព្រះយេហូវ៉ាតបឆ្លើយថា៖ «ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរទៅ រួចបរិភោគផលទាំងនោះវិញ»។ (អេ. ៣៧:៣០) ព្រះយេហូវ៉ានឹងផ្គត់ផ្គង់អាហារដល់ជនជាតិយូដាដែលកំពុងត្រូវឡោមព័ទ្ធ។ ទោះជាពួកគេមិនអាចដាំដំណាំបាន ដោយសារការលុកលុយរបស់ជនជាតិអាសស៊ើរក្ដី ពួកគេនឹងនៅតែអាចបរិភោគពីផលដែលនៅសល់ក្រោយពីការប្រមូលផលនៅឆ្នាំមុន។ នៅឆ្នាំបន្ទាប់ដែលជាឆ្នាំឈប់សម្រាក ពួកគេត្រូវទុកវាលរបស់ពួកគេឲ្យនៅទំនេរ ទោះជាពួកគេមានស្ថានភាពដ៏សែនពិបាកក៏ដោយ។ (និក្ខ. ២៣:១១) ព្រះយេហូវ៉ាសន្យាថាបើបណ្ដាជនធ្វើតាមប្រសាសន៍របស់លោក នឹងមានស្រូវគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ពួកគេ។ នៅឆ្នាំបន្ទាប់ មនុស្សនឹងសាបព្រោះជាធម្មតា ហើយបរិភោគផលដំណាំរបស់ពួកគេ។
២០ ព្រះយេហូវ៉ាប្រៀបប្រដូចរាស្ត្ររបស់លោកទៅនឹងដើមឈើដែលមិនងាយនឹងដករំលើងឫសបាន ដោយមានប្រសាសន៍ថា៖ «សំណល់នៃពួកកូនចៅយូដា . . . នឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ»។ (អេ. ៣៧:៣១, ៣២) មែនហើយ ពួកអ្នកដែលទុកចិត្តព្រះយេហូវ៉ាគ្មានអ្វីត្រូវខ្លាចឡើយ។ ពួកគេនិងកូនចៅរបស់ពួកគេនឹងនៅក្នុងស្រុកនោះជានិច្ច។
២១ តើជនជាតិអាសស៊ើរជាអ្នកណាបានជាហ៊ានមកប្រឆាំងនឹងពួកក្រុងយេរូសាឡិម? ព្រះយេហូវ៉ាតបឆ្លើយថា៖ «គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ។ គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ»។ (អេ. ៣៧:៣៣, ៣៤) នឹងគ្មានចម្បាំងរវាងស្រុកអាសស៊ើរនិងក្រុងយេរូសាឡិមឡើយ។ ជនជាតិយូដានឹងឈ្នះជនជាតិអាសស៊ើរដោយមិនចាំបាច់ច្បាំងឡើយ។
២២ ព្រះយេហូវ៉ាបានធ្វើតាមប្រសាសន៍របស់លោក លោកបានចាត់ទេវតាឲ្យមកសម្លាប់ពលទ័ពរបស់ស្តេចសានហេរីបអស់ចំនួន១៨៥.០០០នាក់។ តាមមើលទៅនេះបានកើតឡើងនៅលិបណា ហើយពេលស្តេចសានហេរីបភ្ញាក់ពីដំណេក គាត់ឃើញថាអ្នកនាំមុខ មេទ័ព និងពួកបុរសខ្លាំងពូកែរបស់គាត់បានស្លាប់ទាំងអស់។ គាត់ត្រឡប់ទៅក្រុងនីនីវេវិញទាំងអាម៉ាស់មុខ ប៉ុន្តែទោះជាគាត់បានចាញ់ទាំងបែបនេះក្ដី គាត់នៅតែរឹងចចេសបន្តគោរពប្រណិប័តន៍ចំពោះព្រះនីសរូកដែលជាព្រះមិនពិតដដែល។ ប៉ុន្មានឆ្នាំក្រោយមក ពេលដែលស្តេចសានហេរីបកំពុងគោរពបូជាព្រះនីសរូកនៅឯវិហារ គាត់បានត្រូវកូនប្រុសពីរនាក់របស់គាត់សម្លាប់។ នេះបង្ហាញម្ដងទៀតថា ព្រះនីសរូកដែលជាព្រះមិនពិតគឺគ្មានឫទ្ធានុភាពដើម្បីជួយសង្គ្រោះទេ។—អេ. ៣៧:៣៥-៣៨
w០៨-E ១៥/៥ ទំ. ២៦ វ. ៤
«ដោយកោតខ្លាចព្រះ» ចូរស្វែងរក«សេចក្ដីបរិសុទ្ធ»
‹នៅទីនោះនឹងមានផ្លូវបរិសុទ្ធ›
ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថារាស្ត្ររបស់លោកដែលបានត្រូវនិរទេសទៅក្រុងបាប៊ីឡូននឹងត្រឡប់មកស្រុករបស់ពួកគេវិញ។ ទំនាយអំពីការត្រឡប់មកវិញនេះផ្ដល់ការធានាថា៖ «នៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា ‹ផ្លូវបរិសុទ្ធ›»។ (អេ. ៣៥:៨ក) ពាក្យទាំងនេះបង្ហាញថាព្រះយេហូវ៉ាមិនគ្រាន់តែរៀបចំផ្លូវសម្រាប់ជនជាតិយូដាដើម្បីមកស្រុករបស់ពួកគេវិញប៉ុណ្ណោះទេ តែក៏ពង្រឹងទំនុកចិត្តរបស់ពួកគេថាលោកនឹងការពារពួកគេដល់ទីបំផុត។
w០៨-E ១៥/៥ ទំ. ២៧ វ. ១
«ដោយកោតខ្លាចព្រះ» ចូរស្វែងរក«សេចក្ដីបរិសុទ្ធ»
«ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ»
នៅឆ្នាំ៥៣៧មុន គ.ស. ជនជាតិយូដាដែលបានត្រឡប់មកវិញត្រូវធ្វើតាមតម្រូវការសំខាន់ៗ។ ស្តីអំពីអ្នកដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដែលដើរនៅលើ«ផ្លូវបរិសុទ្ធ» អេសាយ ៣៥:៨ខ ចែងថា៖ «ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះនឹងទុកសំរាប់តែពួកអ្នកដែលបានប្រោសលោះប៉ុណ្ណោះ។ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ»។ គោលបំណងដែលជនជាតិយូដាត្រឡប់មកក្រុងយេរូសាឡិមវិញគឺដើម្បីរៀបចំឡើងវិញនូវការគោរពប្រណិប័តន៍ពិត ដូច្នេះគ្មានមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនសូវឲ្យតម្លៃចំពោះអ្វីដ៏ពិសិដ្ឋ ឬលាយឡំនឹងការគោរពប្រណិប័តន៍មិនពិតឡើយ។ ពួកអ្នកដែលត្រឡប់មកវិញត្រូវធ្វើតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរសព្វថ្ងៃនេះ ពួកអ្នកដែលចង់ទទួលការពេញចិត្តពីព្រះក៏ត្រូវធ្វើតាមតម្រូវការនេះដែរ។ «ដោយកោតខ្លាចព្រះ» ពួកគេត្រូវស្វែងរក«សេចក្ដីបរិសុទ្ធ»។ (២កូ. ៧:១) ដូច្នេះ តើយើងគួរជៀសវាងពីការប្រព្រឹត្តមិនស្អាតស្អំណាខ្លះ?
ថ្ងៃទី២៣-២៩ ខែមករា
ip-1-E ទំ. ៤០៩-៤១០ វ. ២៣-២៥
«ចូរកំសាន្តទុក្ខរាស្ត្រអញចុះ»
«[ចូរ]ពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ»
២៣ ជនជាតិយូដាដែលបានត្រូវនិរទេសអាចទទួលការលើកទឹកចិត្ត ដោយសារមានមូលហេតុមួយទៀត។ ដោយសារបុគ្គលដែលសន្យាផ្ដល់សេចក្ដីសង្គ្រោះគឺជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយក៏ជាប្រភពនៃគ្រប់ទាំងចេស្ដា។ ព្រះយេហូវ៉ាបញ្ជាក់អំពីសមត្ថភាពដ៏អស្ចារ្យរបស់លោកតាមរយៈអ្វីៗដែលលោកបានបង្កើត ដោយមានប្រសាសន៍ថា៖ «ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ។ ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ។ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។—អេ. ៤០:២៥, ២៦
២៤ ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលកំពុងមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់។ ដើម្បីបង្ហាញថាលោកមានចេស្ដានិងឫទ្ធានុភាពខ្លាំងក្លាបំផុតដែលគ្មានអ្វីប្រៀបផ្ទឹមនឹងលោកបាន ព្រះយេហូវ៉ាលើកបញ្ជាក់អំពីផ្កាយនៅលើមេឃ។ ដូចមេបញ្ជាការអាចនាំមុខពលទ័ពរបស់គាត់ដោយមានរបៀបរៀបរយ នោះព្រះយេហូវ៉ាក៏នាំមុខនៃផ្កាយទាំងឡាយដែរ។ បើលោកប្រមូលផ្កាយទាំងឡាយ នោះ«គ្មានណាមួយខានឡើយ»។ ទោះជាផ្កាយមានចំនួនច្រើនលើសលប់ក្ដី លោកហៅផ្កាយនីមួយៗតាមឈ្មោះ។ ដូចទាហានដែលស្ដាប់បង្គាប់ ផ្កាយទាំងនោះនៅចំទីតាំងនិងតាមលំដាប់លំដោយ នេះអាចកើតឡើងបានដោយសារអ្នកនាំមុខរបស់ពួកវាមាន«ព្រះចេស្ដាដ៏ធំ»និង«តេជានុភាពដ៏ខ្លាំងក្លា»។ ហេតុនេះ ជនជាតិយូដាដែលបានត្រូវនិរទេសមានមូលហេតុដើម្បីមានទំនុកចិត្តលើព្រះ។ ព្រះដែលជាអ្នកបង្កើត និងជាមេបញ្ជាការផ្កាយទាំងនោះមានឫទ្ធានុភាពដើម្បីជួយអ្នកបម្រើរបស់លោក។
២៥ នៅអេសាយ ៤០:២៦ ព្រះបានអញ្ជើញយើងឲ្យ‹ងើយភ្នែកមើលទៅលើ ហើយពិចារណា› ពេលឃើញពីភាពអស្ចារ្យនៃអ្វីៗទាំងនោះ យើងមិនអាចបដិសេធសេចក្ដីអញ្ជើញនេះបានឡើយ។ ការរកឃើញរបស់តារាវិទូនៅសព្វថ្ងៃនេះបានបង្ហាញថា ផ្ទៃមេឃដែលសម្បូរទៅដោយផ្កាយ គឺគួរឲ្យអស្ចារ្យជាងនៅសម័យអេសាយទៅទៀត។ តារាវិទូដែលពិនិត្យមើលអ្វីៗនៅលើមេឃតាមកែវយឹត ប៉ាន់ស្មានថាមានកាឡាក់ស៊ីមីលគីវ៉េចំនួន១២៥ពាន់លាន។ យោងទៅតាមការប៉ាន់ស្មានខ្លះ គ្រាន់តែកាឡាក់ស៊ីមីលគីវ៉េមួយមានផ្កាយជាង១សែនលាន! ការដឹងអំពីចំណុចនេះជំរុញចិត្តយើងឲ្យចង់លើកកិត្ដិយសព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយទុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យារបស់លោក។
ip-1-E ទំ. ៤១៣ វ. ២៧
«ចូរកំសាន្តទុក្ខរាស្ត្រអញចុះ»
២៧ អេសាយកត់ទុកប្រសាសន៍ព្រះយេហូវ៉ាដែលរៀបរាប់អំពីអារម្មណ៍របស់លោកពេលដែលរាស្ត្ររបស់លោកបានត្រូវគេនិរទេសទៅបាប៊ីឡូនឆ្ងាយពីស្រុករបស់ពួកគេរាប់រយគីឡូម៉ែត្រ។ មនុស្សខ្លះគិតថាព្រះមិនឃើញឬមិនដឹងអំពីស្ថានភាពជីវិតដ៏ពិបាករបស់ពួកគេទេ។ ពួកគេគិតថាព្រះយេហូវ៉ាមិនចាប់អារម្មណ៍នឹងអំពើអយុត្ដិធម៌ដែលពួកគេជួបប្រទះឡើយ។ តាមរយៈបទពិសោធន៍របស់ខ្លួន ឬក៏ព័ត៌មាននិងបទពិសោធន៍របស់រាស្ត្រព្រះនៅសម័យមុនៗ ព្រះយេហូវ៉ាបានរំលឹកពួកគេអំពីអ្វីដែលពួកគេគួរដឹង គឺថាព្រះយេហូវ៉ាអាចសង្គ្រោះរាស្ត្ររបស់លោក ហើយលោកក៏ចង់ធ្វើដូច្នេះដែរ។ លោកគឺជាព្រះដែលមានជីវិតជារៀងរហូត ហើយជាអ្នកបង្កើតផែនដីទាំងមូល។ ហេតុនេះ លោកនៅតែបង្ហាញឫទ្ធានុភាពរបស់លោកតាមរយៈអ្វីៗដែលលោកបានបង្កើត ហើយសូម្បីតែបាប៊ីឡូនដ៏ខ្លាំងក្លាក៏មិនអាចប្រៀបផ្ទឹមនឹងលោកបានដែរ។ លោកគឺជាព្រះដែលមិនចេះអស់កម្លាំង ហើយតែងតែផ្ដល់អ្វីដែលចាំបាច់ដើម្បីបំពេញសេចក្ដីត្រូវការរបស់រាស្ត្រលោក។ ដូច្នេះ ពួកគេមិនគួររំពឹងថាពួកគេអាចយល់យ៉ាងពេញលេញអំពីកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ដោយសារការយល់ដឹងឬការយល់ធ្លុះជ្រៅ និងរបៀបគិតគូររបស់លោក គឺហួសពីសមត្ថភាពរបស់ពួកគេ។
ip-1-E ទំ. ៤១៣-៤១៥ វ. ២៩-៣១
«ចូរកំសាន្តទុក្ខរាស្ត្រអញចុះ»
២៩ ពេលព្រះយេហូវ៉ាមានប្រសាសន៍អំពីការផ្ដល់កម្លាំងដល់អ្នកដែលល្វើយ លោកទំនងជានឹកចាំអំពីការធ្វើដំណើរដ៏ពិបាករបស់និរទេសជនដើម្បីត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ។ ព្រះយេហូវ៉ារំលឹករាស្ត្ររបស់លោកថាការជួយពួកអ្នកដែលល្វើយដែលស្វែងរកជំនួយពីលោក គឺជាបុគ្គលិកលក្ខណៈមួយរបស់លោក។ សូម្បីតែក្មេងប្រុសនិងបុរសដែលមានកម្លាំងខ្លាំងក្លាក៏អាចអស់កម្លាំងយ៉ាងខ្លាំងរហូតដល់គ្មានកម្លាំងក្នុងខ្លួនសោះ។ ប៉ុន្តែ ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់កម្លាំងកាយនិងកម្លាំងចិត្តដល់អស់អ្នកដែលទុកចិត្តលោក។ ជាឧទាហរណ៍ សត្វឥន្ទ្រីដែលជាបក្សីដ៏ខ្លាំងក្លាអាចហោះហើរយ៉ាងស្រួលអស់ជាច្រើនម៉ោងក្នុងពេលតែមួយដោយមិនអស់កម្លាំង។ ឧទាហរណ៍នេះបានត្រូវប្រើដើម្បីបង្ហាញថាព្រះយេហូវ៉ាអាចផ្ដល់កម្លាំងដល់អ្នកបម្រើរបស់លោកតាមរបៀបផ្សេងៗ។ ដោយមានជំនួយបែបនេះពីព្រះ ជនជាតិយូដាដែលបានត្រូវនិរទេសគ្មានហេតុអស់សង្ឃឹមឡើយ។
៣០ ផ្នែកចុងក្រោយនៃសៀវភៅអេសាយ ជំពូក៤០ មានពាក្យសម្រាលទុក្ខសម្រាប់គ្រិស្តសាសនិកពិតដែលកំពុងរស់នៅគ្រាចុងក្រោយបង្អស់ក្នុងរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ ទោះជាមានការបង្ខិតបង្ខំនិងបញ្ហាជាច្រើនដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តក្ដី យើងអាចធូរស្រាលក្នុងចិត្តបានដោយដឹងថាព្រះរបស់យើងឃើញ ហើយលោកក៏នឹងចាត់វិធានការចំពោះទុក្ខវេទនានិងអំពើអយុត្ដិធម៌ដែលយើងកំពុងជួបប្រទះ។ យើងអាចប្រាកដថាព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយដែលមាន‹ប្រាជ្ញាញាណក៏យល់គ្រប់ទាំងអស់› នឹងបំបាត់អំពើអយុត្ដិធម៌ទាំងអស់តាមវិធីរបស់លោក និងនៅពេលដែលត្រឹមត្រូវ។ (ទំនុក. ១៤៧:៥, ៦) នៅដំណាលគ្នានោះ យើងមិនមែនស៊ូទ្រាំដោយកម្លាំងរបស់ខ្លួនទេ តែគឺជាកម្លាំងដែលមកពីព្រះ។ ព្រះយេហូវ៉ាដែលមានឫទ្ធានុភាពគ្មានកម្រិត អាចផ្ដល់កម្លាំងនិង«ឫទ្ធានុភាពដែលលើសពីធម្មតា»ដល់អ្នកបម្រើរបស់លោកនៅពេលដែលមានទុក្ខលំបាក។—២កូ. ៤:៧
៣១ សូមគិតអំពីជនជាតិយូដាទាំងនោះដែលបានត្រូវចាប់ជាឈ្លើយសឹកទៅបាប៊ីឡូននៅសតវត្សរ៍ទី៦ មុនគ.ស.។ ពួកគេនៅឆ្ងាយពីក្រុងយេរូសាឡិមជាទីស្រឡាញ់របស់ពួកគេរាប់រយគីឡូម៉ែត្រដែលគ្មានអ្វីសោះនៅទីនោះ ហើយវិហារនៅទីនោះក៏បានត្រូវបំផ្លាញដែរ។ ចំពោះពួកគេ ទំនាយរបស់អេសាយមានសេចក្ដីសន្យាអំពីសេចក្ដីសង្ឃឹមដ៏សម្រាលទុក្ខពោលគឺព្រះយេហូវ៉ានឹងជួយឲ្យពួកគេត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ! នៅឆ្នាំ៥៣៧ មុនគ.ស. ព្រះយេហូវ៉ាបានដឹកនាំរាស្ត្ររបស់លោកឲ្យមកស្រុករបស់ពួកគេវិញ នេះបង្ហាញថាលោកគឺជាបុគ្គលដែលធ្វើតាមសេចក្ដីសន្យា។ យើងក៏អាចមានទំនុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ាដែរ។ សេចក្ដីសន្យាអំពីអ្វីដែលរាជាណាចក្រព្រះនឹងផ្ដល់ឲ្យដែលមាននៅក្នុងទំនាយរបស់អេសាយនឹងក្លាយទៅជាការពិត។ ដំណឹងអំពីសេចក្ដីសង្ឃឹមនេះពិតជាដំណឹងល្អមែនសម្រាប់មនុស្សជាតិទាំងអស់!
ថ្ងៃទី៣០ ខែមករា–ថ្ងៃទី៥ ខែកុម្ភៈ
ip-2-E ទំ. ៧១-៧២ វ. ២២-២៣
ព្រះពិតប្រកាសទុកជាមុនអំពីសេចក្ដីសង្គ្រោះ
២២ ធម្មតា គ្រូទាយមិនហ៊ាននិយាយចំៗពេកអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃអនាគតទេ ដោយសារគ្រូទាយទាំងនោះខ្លាចថាពួកគេនិយាយខុស។ ផ្ទុយទៅវិញ តាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានបើកបង្ហាញអំពីឈ្មោះបុរសម្នាក់ដែលលោកនឹងប្រើដើម្បីរំដោះរាស្ត្ររបស់លោកដែលជាឈ្លើយសឹកពីបាប៊ីឡូនដើម្បីពួកគេអាចទៅស្រុកកំណើតរបស់ពួកគេវិញ ហើយស្ថាបនាក្រុងយេរូសាឡិមនិងសង់វិហារឡើងវិញ។ បុរសនោះឈ្មោះស៊ីរូស ហើយគាត់បានត្រូវគេស្គាល់ថាជាស៊ីរូសដ៏ខ្លាំងក្លានៃពើស៊ី។ ព្រះយេហូវ៉ាក៏ប្រាប់យ៉ាងល្អិតល្អន់អំពីយុទ្ធសាស្ត្រដែលស៊ីរូសនឹងប្រើដើម្បីចូលទៅក្នុងក្រុងបាប៊ីឡូនដែលមានប្រព័ន្ធការពារដ៏អស្ចារ្យ។ ក្រុងបាប៊ីឡូនបានត្រូវការពារដោយកំពែងខ្ពស់ៗនិងផ្លូវទឹកដែលហូរកាត់នៅជុំវិញក្រុងនោះ។ ស៊ីរូសនឹងប្រើផ្នែកសំខាន់ពីប្រព័ន្ធការពារនោះដែលជាប្រភពមកពីទន្លេអឺប្រាតដើម្បីធ្វើជាយុទ្ធសាស្ត្ររបស់គាត់ក្នុងការចូលក្រុងបាប៊ីឡូន។ ហ៊ីរ៉ូដូថុសនិងហ្ស៊ីណូហ្វូនដែលជាអ្នកប្រវត្ដិវិទូសម័យបុរាណបានរៀបរាប់ថា ស៊ីរូសបានបំបែរខ្សែទឹកខាងជើងនៃទន្លេអឺប្រាតពីក្រុងបាប៊ីឡូន ដើម្បីឲ្យវារីងល្មមអាចឲ្យទាហានរបស់គាត់ដើរឆ្លងកាត់បាន។ ដូច្នេះទន្លេដ៏ធំនោះមិនអាចការពារក្រុងបាប៊ីឡូនទៀតទេ។
២៣ ចុះយ៉ាងណាចំពោះសេចក្ដីសន្យាដែលថាស៊ីរូសនឹងដោះលែងរាស្ត្ររបស់ព្រះ ហើយថាគាត់នឹងចាត់វិធានការដើម្បីស្ថាបនាក្រុងយេរូសាឡិមនិងសង់វិហារឡើងវិញ? ស៊ីរូសផ្ទាល់បានធ្វើសេចក្ដីប្រកាសជាផ្លូវការដែលបានកត់ទុកក្នុងគម្ពីរ ដែលប្រកាសថា៖ «ស៊ីរូសជាស្តេចពើស៊ី ទ្រង់មានបន្ទូលដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់នៅក្រុងយេរូសាឡិមក្នុងស្រុកយូដា។ ដូច្នេះ នៅក្នុងបណ្ដាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅក្រុងយេរូសាឡិម ដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ»។ (អែស. ១:២, ៣) ដូច្នេះ យើងឃើញថាប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈអេសាយបានក្លាយទៅជាការពិតទាំងស្រុង!
ip-2-E ទំ. ៧៧-៧៨ វ. ៤-៦
ព្រះយេហូវ៉ា«ជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះ»
៤ តាមរយៈអេសាយ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ស៊ីរូសហាក់ដូចជាគាត់កំពុងរស់នៅ ទោះជានៅសម័យអេសាយ ស៊ីរូសមិនទាន់កើតក៏ដោយ។ (រ៉ូម ៤:១៧) ដោយសារព្រះយេហូវ៉ាបានតែងតាំងស៊ីរូសទុកជាមុនដើម្បីសម្រេចភារកិច្ចមួយ ក្នុងន័យម្យ៉ាងស៊ីរូសអាចត្រូវហៅថាអ្នកដែលព្រះបានតែងតាំង។ ដោយមានការដឹកនាំពីព្រះ គាត់នឹងធ្វើឲ្យប្រជាជាតិនានាចុះចូល ដោយធ្វើឲ្យស្តេចឯទៀតចុះខ្សោយមិនអាចទប់ទល់នឹងគាត់បានឡើយ។ ក្រោយមក ពេលស៊ីរូសវាយប្រហារក្រុងបាប៊ីឡូន ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាទ្វារក្រុងនោះនៅបើកចំហរ ដោយធ្វើឲ្យទ្វារនោះប្រៀបដូចជាទ្វារដែលបានត្រូវបំផ្លាញ។ លោកនឹងនាំមុខស៊ីរូសដោយដកឧបសគ្គទាំងអស់ដែលរារាំងគាត់។ នៅទីបំផុត ពលទ័ពរបស់ស៊ីរូសនឹងវាយយកក្រុងនោះបាន ហើយយក«ទ្រព្យសម្បត្ដិដែលកប់ទុក»នៅក្នុងឃ្លាំងលាក់កំបាំង។ នេះជាអ្វីដែលអេសាយបានប្រកាសទុកជាមុន។ តើទំនាយនេះបានសម្រេចឬទេ?
៥ ប្រហែលជា២០០ឆ្នាំក្រោយពីអេសាយបានកត់ទុកទំនាយនេះ គឺនៅឆ្នាំ៥៣៩ មុនគ.ស. ស៊ីរូសបានមកកំពែងក្រុងបាប៊ីឡូនដើម្បីវាយប្រហារក្រុងនោះ។ (យេ. ៥១:១១, ១២) ទោះជាយ៉ាងនោះក៏ដោយ ជនជាតិបាប៊ីឡូនមិនបានព្រួយបារម្ភទេ។ ពីព្រោះពួកគេគិតថាគ្មានអ្នកណាអាចវាយយកក្រុងរបស់ពួកគេបានឡើយ។ កំពែងខ្ពស់ៗលេចឡើងនៅលើប្រឡាយទឹកដ៏ជ្រៅដែលហូរមកពីទន្លេអឺប្រាត ដែលបង្កើតជាផ្នែកមួយនៃប្រព័ន្ធការពារក្រុងនោះ។ អស់រាប់រយឆ្នាំមកហើយ គ្មានសត្រូវណាម្នាក់អាចវាយប្រហារយកក្រុងបាប៊ីឡូនបានឡើយ! តាមពិត បេលសាសារដែលជាអ្នកគ្រប់គ្រងដែលរស់នៅក្រុងនោះ បានគិតថាក្រុងរបស់គាត់មានសុវត្ថិភាពខ្លាំងដល់ម្ល៉េះបានជាគាត់រៀបចំជប់លៀងជាមួយនឹងពួកអ្នកនៅក្នុងវាំងរបស់គាត់។ (ដាន. ៥:១) នៅយប់នោះឯងដែលជាយប់នៃថ្ងៃទី៥ឈានចូលថ្ងៃទី៦ ស៊ីរូសបានអនុវត្តយុទ្ធវិធីមួយយ៉ាងឈ្លាសវៃ។
៦ នៅខ្សែទឹកខាងជើងក្រុងបាប៊ីឡូន វិស្វកររបស់ស៊ីរូសបានជីកកាត់ច្រាំងទន្លេអឺប្រាតនោះ ដោយបំបែរផ្លូវទឹកកុំឲ្យហូរទៅខាងត្បូងឆ្ពោះទៅក្រុងនោះ។ មិនយូរប៉ុន្មាន កម្ពស់ទឹកនៅក្នុងក្រុងនិងនៅជុំវិញក្រុងបានស្រកចុះរហូតដល់ពលទ័ពរបស់ស៊ីរូសអាចដើរលុយទឹកតាមបាតទន្លេ ហើយចូលទៅកណ្ដាលក្រុងនោះបាន។ (អេ. ៤៤:២៧; យេ. ៥០:៣៨) ពិតជាអស្ចារ្យណាស់ ដូចអ្វីដែលអេសាយបានប្រកាសទុកជាមុន ទ្វារក្រុងតាមមាត់ទន្លេនោះបានត្រូវបើកចំហរមែន។ ទាហានច្រើនសន្ធឹករបស់ស៊ីរូសបានចូលទៅក្នុងក្រុងបាប៊ីឡូន ដណ្ដើមយកវាំង ហើយបានសម្លាប់ស្តេចបេលសាសារ។ (ដាន. ៥:៣០) ពួកគេបានវាយយកក្រុងនោះក្នុងរយៈពេលតែមួយយប់។ ក្រុងបាប៊ីឡូនបានត្រូវបំផ្លាញ ហើយទំនាយនោះបានសម្រេចទាំងស្រុងគ្មានចន្លោះ។
ip-2-E ទំ. ៧៩-៨០ វ. ៨-១០
ព្រះយេហូវ៉ា«ជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះ»
មូលហេតុដែលព្រះយេហូវ៉ាពេញចិត្តស៊ីរូស
៨ ក្រោយពីប្រាប់អំពីអ្នកណាដែលនឹងវាយយកបាប៊ីឡូនបាន ហើយអំពីរបៀបដែលបុគ្គលនោះនឹងវាយយក ព្រះយេហូវ៉ាបន្តពន្យល់ថែមទៀតអំពីមូលហេតុមួយដែលស៊ីរូសនឹងទទួលជ័យជម្នះ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ស៊ីរូសជាទំនាយថា៖ «ដើម្បីឲ្យឯងបានដឹងថា អញនេះគឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ»។ (អេ. ៤៥:៣ខ) គឺជាការសមរម្យណាស់ដែលអ្នកគ្រប់គ្រងមហាអំណាចទី៤នៃប្រវត្ដិសាស្ត្រដែលបានចែងក្នុងគម្ពីរ ទទួលស្គាល់ថាគាត់ទទួលជ័យជម្នះយ៉ាងអស្ចារ្យនេះបានគឺដោយសារជំនួយពីព្រះយេហូវ៉ាដែលជាបុគ្គលដ៏អស្ចារ្យជាងគាត់ ដែលជាមហាក្សត្រសកលលោក។ ស៊ីរូសត្រូវទទួលស្គាល់ថាបុគ្គលដែលបានហៅគាត់ ឬផ្ដល់ភារកិច្ចឲ្យគាត់ គឺជាព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល។ កំណត់ហេតុក្នុងគម្ពីរបង្ហាញថាស៊ីរូសបានដឹងថាជ័យជម្នះដ៏អស្ចារ្យរបស់គាត់គឺមកពីព្រះយេហូវ៉ា។—អែស. ១:២, ៣
៩ ព្រះយេហូវ៉ាពន្យល់មូលហេតុមួយទៀតដែលលោកឲ្យស៊ីរូសវាយយកបាប៊ីឡូន ថា៖ «អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ នឹងអ៊ីស្រាអែលជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ»។ (អេ. ៤៥:៤) ជ័យជម្នះរបស់ស៊ីរូសទៅលើបាប៊ីឡូនមានសារៈសំខាន់ជាប្រវត្ដិសាស្ត្រ។ នោះជាពេលដែលមហាអំណាចមួយបានដួលរលំ ហើយមហាអំណាចមួយទៀតបានលេចមក។ ម្យ៉ាងទៀត នេះក៏ជាអ្វីដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយមកដែរ។ ប៉ុន្តែ ប្រជាជាតិនៅជុំវិញដែលបានឃើញព្រឹត្ដិការណ៍នោះ ទំនងជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយដឹងថាអ្វីៗទាំងអស់នេះដែលបានកើតឡើងគឺដើម្បីជាប្រយោជន៍ដល់និរទេសជនប៉ុន្មានពាន់នាក់នៅក្រុងបាប៊ីឡូន មើលទៅដូចជាមិនសូវសំខាន់ទេ ហើយពួកគេទាំងនោះជាជនជាតិយូដាដែលជាកូនចៅរបស់យ៉ាកុប។ ប៉ុន្តែ តាមទស្សនៈព្រះយេហូវ៉ា ពួកអ្នករួចជីវិតទាំងនេះដែលជាប្រជាជាតិអ៊ីស្រាអែលសម័យបុរាណដែលបានត្រូវសង្គ្រោះគឺមានតម្លៃណាស់ ដោយសារពួកគេគឺជាអ្នកបម្រើរបស់លោក។ ក្នុងចំណោមប្រជាជាតិឯទៀតដែលនៅលើផែនដី ពួកគេគឺជា‹អ្នកដែលលោកបានជ្រើសរើស›។ ទោះជាពីមុនស៊ីរូសមិនស្គាល់ព្រះយេហូវ៉ាក៏ដោយ ព្រះយេហូវ៉ាបានប្រើស៊ីរូសដូចជាអ្នកដែលលោកបានតែងតាំងដើម្បីឲ្យយកឈ្នះក្រុងបាប៊ីឡូនដែលមិនព្រមដោះលែងរាស្ត្ររបស់លោកដែលជាឈ្លើយសឹករបស់ពួកគេ។ គោលបំណងរបស់ព្រះយេហូវ៉ាមិនមែនឲ្យរាស្ត្រដែលលោកបានជ្រើសរើសជាប់នៅលើទឹកដីរបស់ជនជាតិដទៃរហូតទេ។
១០ មូលហេតុទី៣ដែលព្រះយេហូវ៉ាប្រើស៊ីរូសដើម្បីយកឈ្នះក្រុងបាប៊ីឡូន គឺរឹតតែសំខាន់។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ។ ក្រៅពីអញឥតមានព្រះណាទៀតសោះ។ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាយេហូវ៉ា ឥតមានព្រះណាទៀតសោះ។ (អេ. ៤៥:៥, ៦) ការដួលរលំនៃមហាអំណាចបាប៊ីឡូនគឺបានបង្ហាញយ៉ាងច្បាស់អំពីឋានៈរបស់ព្រះយេហូវ៉ាជាព្រះ ហើយក៏ជាភ័ស្តុតាងដល់មនុស្សទាំងអស់ថាគឺមានតែលោកប៉ុណ្ណោះដែលសមនឹងទទួលការគោរពប្រណិប័តន៍។ ដោយសាររាស្ត្ររបស់លោកបានត្រូវដោះលែង មនុស្សដែលមកពីប្រជាជាតិជាច្រើននឹងដឹងថាគឺព្រះយេហូវ៉ាប៉ុណ្ណោះជាព្រះពិត។—ម៉ាឡ. ១:១១
ip-2-E ទំ. ៦០ វ. ២៤
«ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ»!
២៤ សូមកត់សម្គាល់ថា ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាញសេចក្ដីមេត្ដាករុណាដោយសារជនជាតិអ៊ីស្រាអែលបានប្រែចិត្តប៉ុណ្ណោះទេ តែដោយសារនោះជាប់ទាក់ទងនឹងនាមរបស់លោកដែរ។ បើលោកទុកឲ្យអ៊ីស្រាអែលនៅជានិរទេសជនរហូត នោះនាមរបស់លោកនឹងត្រូវគេបង្អាប់។ (ទំនុក. ៧៩:៩; អេស. ២០:៨-១០) ដូចគ្នាដែរសព្វថ្ងៃនេះ ការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធនិងការបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រងគឺសំខាន់ជាងការសង្គ្រោះមនុស្សជាតិ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកដែលព្រមទទួលឱវាទរបស់លោកដោយមិនសង្ស័យ និងដែលគោរពប្រណិប័តន៍លោកដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត។ ទោះបីជាពួកអ្នកទាំងនោះជាអ្នកដែលលោកបានរើសតាំងឬជាចៀមឯទៀតក្ដី លោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេដោយលុបបំបាត់ការរំលងរបស់ពួកគេតាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត។—យ៉ូន. ៣:១៦; ៤:២៣, ២៤