សាការី
១២ សេចក្ដីប្រកាស៖
ព្រះយេហូវ៉ាជាព្រះដែលបានលាតផ្ទៃមេឃ+
ជាព្រះដែលបានដាក់គ្រឹះផែនដី+
និងជាព្រះដែលផ្ដល់កម្លាំងជីវិតឲ្យមនុស្ស
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជាព្រះយេហូវ៉ាកំពុងនិយាយអំពីអ៊ីស្រាអែល។
២ «ខ្ញុំនឹងធ្វើឲ្យយេរូសាឡិមទៅជាពែងមួយ* ដែលនាំឲ្យជនជាតិទាំងឡាយនៅជុំវិញទ្រេតទ្រោត ហើយនឹងមានការឡោមព័ទ្ធយូដានិងយេរូសាឡិមផងដែរ។+ ៣ នៅថ្ងៃនោះ ខ្ញុំនឹងធ្វើឲ្យយេរូសាឡិមទៅជាថ្មមួយដ៏ធ្ងន់សម្រាប់ជនជាតិទាំងអស់។ អស់អ្នកដែលលើកថ្មនោះ ប្រាកដជារងរបួសធ្ងន់ធ្ងរជាមិនខាន+ ហើយប្រជាជាតិនានានៅផែនដីនឹងប្រមូលគ្នាមកទាស់នឹងនាង»។+ ៤ ព្រះយេហូវ៉ាមានប្រសាសន៍ថែមទៀតថា៖ «នៅថ្ងៃនោះ ខ្ញុំនឹងធ្វើឲ្យសេះទាំងអស់ភ័យស្លុត ហើយធ្វើឲ្យពួកអ្នកជិះសេះវង្វេងស្មារតី។ ខ្ញុំនឹងបន្តចាំមើលពូជពង្សយូដា តែខ្ញុំនឹងធ្វើឲ្យសេះទាំងអស់របស់ជនជាតិនានាខ្វាក់ភ្នែក។ ៥ ពួកមេកុលសម្ព័ន្ធយូដានឹងគិតក្នុងចិត្តថា៖ ‹មនុស្សដែលរស់នៅក្នុងយេរូសាឡិម ពួកគេជាទីមាំមួនរបស់យើង ដោយសារព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ជាព្រះរបស់ពួកគេ›។+ ៦ នៅថ្ងៃនោះ ខ្ញុំនឹងធ្វើឲ្យពួកមេកុលសម្ព័ន្ធយូដាដូចជារងើកភ្លើងដែលឆេះសន្ធោសន្ធៅក្នុងព្រៃ និងដូចជាចន្លុះភ្លើងឆេះក្នុងកណ្ដាប់ស្រូវដែលទើបនឹងច្រូត+ ហើយពួកគេនឹងបំផ្លិចបំផ្លាញជនជាតិទាំងអស់ដែលនៅជុំវិញពួកគេទាំងស្ដាំទាំងឆ្វេង។+ រួចយេរូសាឡិមនឹងមានមនុស្សមកអាស្រ័យនៅម្ដងទៀត គឺមករស់នៅក្នុងយេរូសាឡិម។+
៧ «ព្រះយេហូវ៉ានឹងសង្គ្រោះត្រសាលរបស់យូដាមុនគេ ដើម្បីកុំឲ្យពូជពង្សដាវីឌនិងបណ្ដាជនក្នុងយេរូសាឡិម មានសិរីរុងរឿងអស្ចារ្យជាងយូដា។ ៨ នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារបណ្ដាជនក្នុងយេរូសាឡិម។+ នៅថ្ងៃនោះ អ្នកដែលខ្សោយក្នុងចំណោមពួកគេនឹងបានរឹងមាំដូចដាវីឌ ហើយពូជពង្សដាវីឌនឹងមានអំណាចដូចព្រះ និងដូចទេវតារបស់ព្រះយេហូវ៉ាដែលបាននាំមុខពួកគេ។+ ៩ នៅថ្ងៃនោះដែរ ខ្ញុំប្រាកដជានឹងបំផ្លិចបំផ្លាញប្រជាជាតិទាំងអស់ដែលមកប្រឆាំងយេរូសាឡិម។+
១០ «ខ្ញុំនឹងចាក់ឫទ្ធានុភាពរបស់ខ្ញុំទៅលើពូជពង្សដាវីឌ និងលើបណ្ដាជនក្នុងយេរូសាឡិម។ ពួកគេនឹងទទួលការពេញចិត្តពីខ្ញុំ ហើយពួកគេនឹងអង្វរករខ្ញុំ។ ពួកគេនឹងមើលទៅអ្នកដែលពួកគេបានចាក់ទម្លុះ+ ហើយពួកគេនឹងស្រែកយំដោយសារអ្នកនោះស្លាប់ ដូចពួកគេស្រែកយំដោយសារកូនតែមួយស្លាប់។ ម្យ៉ាងទៀត ពួកគេនឹងយំសោកសង្រេងទាំងក្ដីជូរចត់ដោយសារបាត់បង់អ្នកនោះ ដូចពួកគេយំសោកសង្រេងដោយសារបាត់បង់កូនប្រុសច្បងរបស់ពួកគេ។ ១១ នៅថ្ងៃនោះ ការទ្រហោយំក្នុងយេរូសាឡិមនឹងឮខ្លាំង ដូចការទ្រហោយំនៅហាដាតរីម៉ូនក្នុងវាលទំនាបមេគីដោ។+ ១២ ស្រុកទាំងមូលនឹងទ្រហោយំ។ ក្រុមគ្រួសារនីមួយៗនឹងយំសោករៀងៗខ្លួន។ មនុស្សទាំងអស់ក្នុងពូជពង្សដាវីឌនឹងយំសោក តែប្រុសនិងស្រីយំដោយឡែកពីគ្នា។ មនុស្សទាំងអស់ក្នុងក្រុមគ្រួសារនៃពូជពង្សណាថាន់+នឹងយំសោក តែប្រុសនិងស្រីយំដោយឡែកពីគ្នា។ ១៣ មនុស្សទាំងអស់ក្នុងក្រុមគ្រួសាររបស់លេវី+នឹងយំសោក តែប្រុសនិងស្រីយំដោយឡែកពីគ្នា។ មនុស្សទាំងអស់ក្នុងក្រុមគ្រួសាររបស់ស៊ីមម៉ាយ+នឹងយំសោក តែប្រុសនិងស្រីយំដោយឡែកពីគ្នា។ ១៤ ក្រុមគ្រួសារផ្សេងទៀតដែលនៅសល់នឹងយំសោក តែប្រុសនិងស្រីយំដោយឡែកពីគ្នា។