សស្ដ្រាវុធទាស់នឹងយើង គ្មានប្រសិទ្ធភាពអ្វីឡើយ!
«គ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មាន[«ប្រសិទ្ធភាពអ្វី»]ឡើយ»។—អេសាយ ៥៤:១៧; ខ.ស.
១, ២. តើបទពិសោធន៍របស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាល់បានីផ្ដល់ទីសំអាងបែបណាដែលបញ្ជាក់ថាពាក្យក្នុងអេសាយ ៥៤:១៧ ជាការពិត?
ជាង៤០ឆ្នាំមុន គ្រិស្តសាសនិកមួយក្រុមនាប្រទេសមួយដែលសម្បូរភ្នំហើយស្ថិតនៅទិសអាគ្នេយ៍នាទ្វីបអឺរ៉ុប បានបង្ហាញថាពួកគេមិនខ្លាចអ្វីឡើយ។ រដ្ឋាភិបាលកុម្មុយនីស្តដែលមិនជឿថាមានព្រះសោះ បានព្យាយាមបំបាត់ចោលគ្រិស្តសាសនិកមួយក្រុមនេះ យ៉ាងអស់ពីសមត្ថភាព។ ទោះបើរដ្ឋាភិបាលធ្វើបាបពួកគេ បញ្ជូនពួកគេទៅធ្វើពលកម្មជាទម្ងន់ក្នុងជំរំឃុំឃាំងផ្សេងៗ ព្រមទាំងផ្សាយរឿងមិនពិតដ៏អាក្រក់ៗពីពួកគេក៏ដោយ ក៏ពួកគេនៅតែស្ថិតស្ថេរនៅឡើយ។ តើគ្រិស្តសាសនិកទាំងនោះជានរណា? តើពួកគេរស់នៅប្រទេសណា? ក្រុមពួកគ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះ គឺជាស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាល់បានី។ ទោះជាពួកគេស្ថិតក្រោមកាលៈទេសៈដ៏ពិបាកណាស់ក្ដី ពួកគេបានខំតស៊ូក្នុងកិច្ចការផ្សព្វផ្សាយនិងការប្រជុំគ្នាជិត៥០ឆ្នាំហើយ។ ភាពស្មោះត្រង់របស់ពួកគេបានលើកតម្កើងជំនឿរបស់ពួកគេជាគ្រិស្តសាសនិក ថាមានតម្លៃមែន ហើយក៏បានសរសើរឈ្មោះព្រះយេហូវ៉ាផងដែរ។ នៅឆ្នាំ២០០៦ ពេលមានកម្មវិធីសម្ពោធន៍ការិយាល័យសាខាថ្មីនៅប្រទេសអាល់បានី ស្មរបន្ទាល់ម្នាក់ដែលធ្លាប់បម្រើព្រះយេហូវ៉ាយ៉ាងយូរមានប្រសាសន៍ថា៖ «ទោះបើសាតាំងព្យាយាមយ៉ាងខ្លាំងក៏ដោយ វាតែងតែចាញ់ ហើយព្រះយេហូវ៉ាតែងតែឈ្នះទៅវិញ!»។
២ ប្រវត្ដិសាស្ត្ររបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាល់បានីផ្ដល់ទីសំអាងថា ព្រះយេហូវ៉ាពិតជាធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ដែលមានក្នុងសៀវភៅអេសាយ ៥៤:១៧ ដែលចែងថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ»។ ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ ខនេះបានបកប្រែថា៖ «គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើតដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើអោយគេទទួលទោសវិញ»។ ប្រវត្ដិសាស្ត្រថ្កោលទោសថា ទោះជាមនុស្សក្នុងពិភពលោករបស់សាតាំងធ្វើអ្វីក៏ដោយ ពួកគេនៅតែមិនអាចទប់ស្កាត់អ្នកបម្រើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនជាអ្នកថ្វាយបង្គំទ្រង់នៅឡើយ។
សស្ដ្រាវុធរបស់សាតាំង គ្មានប្រសិទ្ធភាព
៣, ៤. (ក) តើសស្ដ្រាវុធរបស់សាតាំងរួមមានអ្វីខ្លះ? (ខ) តើអ្វីដែលបង្ហាញថា សស្ដ្រាវុធរបស់សាតាំងគ្មានប្រសិទ្ធភាព?
៣ សស្ដ្រាវុធដែលសាតាំងធ្លាប់ប្រើទាស់នឹងពួកអ្នកដែលថ្វាយបង្គំព្រះពិត គឺរួមមានបម្រាម អំពើហិង្សាពីមនុស្សដែលពួតដៃគ្នាដើម្បីធ្វើបាបពួកគេ ការចាប់ដាក់គុកនិងការ‹បង្កើតប្រទូសរ៉ាយដោយអាងមាត្រាច្បាប់›ជាដើម។ (ទំនុកដំកើង ៩៤:២០) តាមការពិត សូម្បីតែពេលឥឡូវនេះដែលស្មរបន្ទាល់ព្រះយេហូវ៉ារួមគ្នាដើម្បីសិក្សាអត្ថបទនេះ សាតាំងកំពុង«ល្បងល»គ្រិស្តសាសនិកពិតនៅប្រទេសផ្សេងៗ ដើម្បីបង្ហាញថាតើពួកគេនឹងរក្សាឲ្យមានចិត្តស្មោះចំពោះព្រះឬយ៉ាងណា?—វិវរណៈ ២:១០
៤ ជាឧទាហរណ៍ ការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាបានរាយការណ៍ថា ក្នុងអំឡុងពេលតែមួយឆ្នាំប៉ុណ្ណោះ មាន៣២លើកដែលមនុស្សដទៃបានប្រើអំពើហិង្សាទៅលើអ្នកបម្រើព្រះ ពេលពួកគេកំពុងផ្សព្វផ្សាយ។ បន្ថែមទៅទៀត អស់៥៩ដង នគរបាលបានចាប់ស្មរបន្ទាល់ ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ដែលកំពុងផ្សព្វផ្សាយជាសាធារណៈ។ នគរបាលបានថតរូបនិងបង្ខំស្មរបន្ទាល់ខ្លះឲ្យផ្ដិតដៃ ហើយក្រោយមកយកទៅដាក់គុកជាឧក្រិដ្ឋជន។ ក្នុងករណីឯទៀត អ្នកដទៃបានគំរាមកំហែងវាយស្មរបន្ទាល់ម្នាក់ៗដែរ។ នៅប្រទេសមួយទៀត ជាង១.១០០ដង ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវគេផាកពិន័យ វាយនិងឃាត់ខ្លួន។ ជាង២០០ដង នេះបានកើតឡើងក្នុងថ្ងៃដដែល គឺនៅថ្ងៃដែលស្មរបន្ទាល់បានជួបជុំគ្នាដើម្បីធ្វើពិធីរំលឹកពីមរណកាលរបស់ព្រះយេស៊ូ។ ទោះជាមើលទៅហាក់ដូចជាគ្មានលទ្ធភាពបន្ដិចសោះ សកម្មពលរបស់ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់ទ្រង់ឲ្យរួចរស់ជីវិតនៅប្រទេសទាំងនោះ និងប្រទេសឯទៀតផងដែរ។ (សាការី ៤:៦) សូម្បីតែពេលដែលពួកខ្មាំងទាំងនោះពាធាយ៉ាងខ្លាំងក្ដី ពួកគេមិនអាចបំបិទមាត់ពួកអ្នកដែលសរសើរព្រះយេហូវ៉ាបានឡើយ។ ពិតមែនហើយ យើងទុកចិត្តថា សស្ដ្រាវុធណាដែលទាស់នឹងយើង មិនអាចរារាំងគោលបំណងរបស់ព្រះយេហូវ៉ាទាល់តែសោះ!
អណ្ដាតណាដែលប្ដឹងចោទយើង ត្រូវកាត់ទោស
៥. នៅសតវត្សរ៍ទីមួយ តើអណ្ដាតណាខ្លះដែលប្ដឹងចោទអ្នកបម្រើរបស់ព្រះយេហូវ៉ា?
៥ អេសាយបានទាយថា រាស្ត្ររបស់ព្រះយេហូវ៉ានឹងកាត់ទោសអណ្ដាតណាដែលប្ដឹងចោទពួកគេ។ នៅសតវត្សរ៍ទីមួយ មនុស្សជាច្រើនបាននិយាយដើមពួកគ្រិស្តសាសនិក ដោយមានបំណងបង្អាប់ពួកគេថាជាអ្នកដែលប្រព្រឹត្តអំពើអាក្រក់។ សៀវភៅកិច្ចការ ១៦:២០, ២១ រៀបរាប់ពីពាក្យបង្អាប់ដែលគេនិយមប្រើនៅសម័យនោះថា៖ «[អ្នក]ទាំងនេះនាំឲ្យទីក្រុងយើងកើតវឹកវរជាខ្លាំងណាស់! គេប្រកាសប្រាប់ពីទំនៀមទំលាប់ដែលយើងខ្ញុំជាសាសន៍រ៉ូមគ្មានច្បាប់ទទួលឬកាន់តាមឡើយ»។ មានកាលៈទេសៈមួយទៀត ពេលអ្នកប្រកាន់សាសនាបានខំញុះញង់ចៅហ្វាយក្រុងឲ្យចាត់វិធានការប្រឆាំងនឹងគ្រិស្តសាសនិកនៅទីនោះ ដោយនិយាយថា៖ «ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ . . . ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ»។ (កិច្ចការ ១៧:៦, ៧) ណាមួយទៀត ធ្លាប់មានគេហៅសាវ័កប៉ុលថាជា«មនុស្សចង្រៃ» ព្រមទាំងចោទថាគាត់ជាមេនិកាយដែលញុះញង់បណ្ដាជន«ទាំងអស់នៅលោកីយនេះ»ឲ្យបះបោរនឹងរដ្ឋាភិបាល។—កិច្ចការ ២៤:២-៥
៦, ៧. តើគ្រិស្តសាសនិកពិតកាត់ទោសអណ្ដាតដែលប្ដឹងចោទពួកគេយ៉ាងដូចម្ដេច?
៦ អាស្រ័យហេតុនេះ យើងមិនភ្ញាក់ផ្អើលទេ ពេលមនុស្សនិយាយដើម មួលបង្កាច់និងបង្អាប់យើងជាគ្រិស្តសាសនិកពិត។ តើយើងកាត់ទោសអណ្ដាតបែបនោះដែលប្ដឹងចោទយើងយ៉ាងដូចម្ដេច?—អេសាយ ៥៤:១៧
៧ ម្ដងហើយម្ដងទៀត កិរិយាល្អរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាបញ្ជាក់ថា ការចោទប្រកាន់របស់អ្នកប្រឆាំងដែលផ្សាយទូទៅនោះ គ្មានសច្ចភាពឡើយ។ (ពេត្រុសទី១ ២:១២) ពេលគ្រិស្តសាសនិកធ្វើតាមច្បាប់រដ្ឋ មានសីលធម៌និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ នេះបង្ហាញថា បណ្ដឹងរបស់អ្នកចោទប្រឆាំងមិនជាការពិតទេ។ អាកប្បកិរិយាល្អរបស់យើងផ្ដល់ទីសំអាងថា យើងជាមនុស្សសុចរិត។ ជួនកាល ពេលអ្នកដទៃឃើញការល្អដែលយើងធ្វើ នេះក៏ជំរុញពួកគេឲ្យសរសើរបិតារបស់យើងនៅឯស្ថានសួគ៌ ព្រមទាំងទទួលស្គាល់ថា របៀបរស់នៅរបស់រាស្ត្រទ្រង់ពិតជាប្រសើរជាងរបៀបរស់នៅរបស់មនុស្សជាច្រើនក្នុងពិភពលោកនេះ។—អេសាយ ៦០:១៤; ម៉ាថាយ ៥:១៤-១៦
៨. (ក) ជួនកាល តើយើងត្រូវធ្វើអ្វីដើម្បីបង្ហាញថាទង្វើរបស់យើងមានមូលដ្ឋានលើគម្ពីរ? (ខ) ស្របទៅតាមគំរូរបស់ព្រះយេស៊ូ តើយើងកាត់ទោសអណ្ដាតដែលប្ដឹងចោទយើងយ៉ាងដូចម្ដេច?
៨ បន្ថែមទៅលើកិរិយាល្អជាគ្រិស្តសាសនិក ជួនកាលយើងក៏ត្រូវតែមានចិត្តមោះមុតក្នុងការបង្ហាញថា ទង្វើរបស់យើងមានមូលដ្ឋានលើគម្ពីរ។ វិធីមួយដែលយើងធ្វើដូច្នេះ គឺដោយស្នើសុំជំនួយពីរដ្ឋាភិបាលនិងតុលាការនានា។ (នាងអេសធើរ ៨:៣; កិច្ចការ ២២:២៥-២៩; ២៥:១០-១២) ពេលនៅផែនដី ម្ដងម្កាលព្រះយេស៊ូក៏បាននិយាយស្តីដោយចំហ តបតនឹងការចោទប្រកាន់មិនពិតរបស់គូវិវាទ។ (ម៉ាថាយ ១២:៣៤-៣៧; ១៥:១-១១) ដូចព្រះយេស៊ូ យើងក៏សប្បាយចិត្តដែរ ពេលមានឱកាសដើម្បីពន្យល់យ៉ាងច្បាស់អំពីជំនឿស៊ប់ក្នុងចិត្តយើង។ (ពេត្រុសទី១ ៣:១៥) បើមិត្តរួមថ្នាក់ អ្នកដែលធ្វើការជាមួយនឹងយើង ហើយញាតិសន្ដានចំអកមើលងាយជំនឿរបស់យើង កុំឲ្យការទាំងនោះផ្ដល់ហេតុបន្លាចយើងឲ្យឈប់ប្រកាសសារអំពីសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះយេហូវ៉ាឡើយ។—ពេត្រុសទី២ ៣:៣, ៤
ក្រុងយេរូសាឡិមប្រៀបដូចជា«ថ្មដែលសង្កត់លើ»គេ
៩. ក្នុងសាការី ១២:៣ តើ«ថ្មដែលសង្កត់លើ»គេ សំដៅទៅលើក្រុងយេរូសាឡិមមួយណា? នៅឯផែនដី តើអ្នកណាជាអ្នកតំណាងក្រុងយេរូសាឡិមនោះ?
៩ ទំនាយរបស់លោកសាការីក៏ជួយបំភ្លឺឲ្យយើងយល់នូវមូលហេតុដែលគ្រប់ទាំងប្រជាជាតិប្រឆាំងពួកគ្រិស្តសាសនិកពិត។ សូមកត់សម្គាល់អ្វីដែលចែងទុកក្នុងសៀវភៅសាការី ១២:៣ ដែលថា៖ «អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្មដែលសង្កត់លើអស់ទាំងសាសន៍»។ តើក្រុងយេរូសាឡិមក្នុងបទទំនាយនេះសំដៅទៅលើអ្វី? ទំនាយរបស់សាការីអំពីទីក្រុងយេរូសាឡិម សំដៅទៅលើ«ក្រុងយេរូសាឡិមនៃស្ថានសួគ៌» ពោលគឺ រាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌ ដែលរួមបញ្ចូលគ្រិស្តសាសនិកមួយចំនួនដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងនៅទីនោះ។ (ហេព្រើរ ១២:២២) មួយចំនួនតូចនៃអស់អ្នកដែលនឹងគ្រប់គ្រងជាមួយព្រះមេស្ស៊ី មិនទាន់ឡើងទៅស្ថានសួគ៌ទេ។ ពួកគាត់រួមដៃជាមួយគូកនទាំងឡាយនៅផែនដី ដែលជាពួក«ចៀមឯទៀត» ក្នុងការជំរុញចិត្តមនុស្សនៅគ្រានេះដែលមានឱកាសនៅឡើយ ឲ្យក្លាយទៅជារាស្ត្ររបស់ព្រះយេហូវ៉ា។ (យ៉ូហាន ១០:១៦; វិវរណៈ ១១:១៥) តើប្រជាជាតិជាច្រើនសុខចិត្តក្លាយទៅជារាស្ត្ររបស់ព្រះយេហូវ៉ាទេ? នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាគាំទ្រអស់អ្នកដែលថ្វាយបង្គំទ្រង់យ៉ាងដូចម្ដេច? យើងអាចរកចម្លើយបាន ពេលពិនិត្យមើលខ្លឹមសារនៃសៀវភៅសាការី ជំពូក១២ ឲ្យបានដិតដល់។ នេះនឹងជួយពង្រឹងទំនុកចិត្តយើងថា ‹គ្រឿងសស្ដ្រាវុធដែលគេធ្វើ›ទាស់នឹងអស់អ្នកដែលព្រះយេហូវ៉ាបានតែងតាំងឲ្យគ្រប់គ្រងនៅស្ថានសួគ៌ ហើយទាស់នឹងគូកនរបស់ពួកគាត់ដែលបានថ្វាយខ្លួនចំពោះទ្រង់ដែរ ‹នោះគ្មានប្រសិទ្ធភាពអ្វីឡើយ›។
១០. (ក) ម្ដេចក៏ប្រជាជាតិទាំងឡាយប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា? (ខ) ចំពោះអស់អ្នកដែលខំយក«ថ្មដែលសង្កត់លើ»គេចេញ តើមានលទ្ធផលអ្វី?
១០ សៀវភៅសាការី ១២:៣ រៀបរាប់ថា គ្រប់ប្រជាជាតិនៅផែនដីនឹងរង«របួសជាធ្ងន់»។ តើនេះកើតឡើងយ៉ាងដូចម្ដេច? ដោយសារព្រះយេហូវ៉ាមានគោលបំណងឲ្យមនុស្សឮដំណឹងល្អអំពីរាជាណាចក្ររបស់ទ្រង់ ស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកកិច្ចការផ្សព្វផ្សាយជាភារកិច្ចដ៏សំខាន់ចម្បង។ ប៉ុន្តែ ពេលដែលពួកគេប្រកាសសារដែលថា រាជាណាចក្ររបស់ព្រះយេហូវ៉ាជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហារបស់មនុស្សជាតិ សារនោះប្រៀបដូចជា«ថ្មដែលសង្កត់លើ»អស់ទាំងប្រជាជាតិវិញ។ ពួកគេខំទប់ស្កាត់អ្នកដែលប្រកាសសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ហាក់ដូចជាចង់យកថ្មជាបន្ទុកនោះចេញ។ ពេលដែលប្រជាជាតិទាំងឡាយខំរារាំងកិច្ចការផ្សព្វផ្សាយនោះ ពួកគេរង«របួសជាធ្ងន់»។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេក៏បាក់មុខផងដែរ ពេលគម្រោងអាក្រក់របស់ពួកគេបានបរាជ័យ។ ប្រជាជាតិទាំងឡាយមិនអាចបំបិទមាត់អស់អ្នកដែលថ្វាយបង្គំព្រះពិតទេ ពីព្រោះពួកគេចាត់ទុកកិច្ចការប្រកាសផ្សាយនេះជាឯកសិទ្ធិពិសេស ហើយពួកគេចង់ប្រាប់ឲ្យមនុស្សឮ«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច»អំពីរាជាណាចក្រនៃព្រះមេស្ស៊ី មុនអវសានកាលនៃពិភពលោកនេះ។ (វិវរណៈ ១៤:៦) ពេលអ្នកយាមគុកម្នាក់នៅប្រទេសមួយនាទ្វីបអាហ្វ្រិកបានឃើញគេធ្វើបាបអ្នកបម្រើព្រះយេហូវ៉ា គាត់មានប្រសាសន៍ថា៖ ‹ធ្វើបាបមនុស្សទាំងនេះ គ្មានប្រយោជន៍ទេ។ គេមិនឈប់បម្រើព្រះឡើយ។ គេចេះតែចម្រើនឡើងទៅវិញ›។
១១. តើព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យារបស់ទ្រង់ដែលមានក្នុងសាការី ១២:៤ យ៉ាងដូចម្ដេច?
១១ សូមអាន សាការី ១២:៤។ ព្រះយេហូវ៉ាសន្យាថា អស់អ្នកដែលប្រឆាំងនឹងរាស្ត្រដ៏ក្លាហានរបស់ទ្រង់ដែលកំពុងប្រកាសសារអំពីរាជាណាចក្រ ក្នុងន័យធៀបទ្រង់នឹងធ្វើឲ្យពួកគេទៅជាខ្វាក់ភ្នែក ព្រមទាំងមានអារម្មណ៍«ស្លុតស្លាំង»ផង។ ព្រះយេហូវ៉ាបានបំពេញតាមពាក្យសន្យានេះមែន! ជាឧទាហរណ៍ នៅប្រទេសមួយដែលមានបម្រាមលើការថ្វាយបង្គំពិត រាស្ត្ររបស់ព្រះយេហូវ៉ានៅតែអាចទទួលសៀវភៅផ្សេងៗពីអង្គការរបស់ទ្រង់ ទោះជាមានអ្នកប្រឆាំងច្រើនក៏ដោយ។ សារព័ត៌មានមួយក៏មានអត្ថបទដែលអះអាងថា ស្មរបន្ទាល់ព្រះយេហូវ៉ាចងសៀវភៅភ្ជាប់ទៅនឹងប៉េងប៉ោង ហើយបង្ហោះឲ្យចូលទៅក្នុងប្រទេសនោះ! ព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យាដែលទ្រង់ស្បថចំពោះអ្នកបម្រើស្មោះត្រង់របស់ទ្រង់មែន! ទ្រង់សន្យាថា៖ «អញនឹងបើកភ្នែកមើល . . . ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មានឲ្យខ្វាក់ភ្នែក»។ អស់អ្នកដែលប្រឆាំងនឹងរាជាណាចក្ររបស់ព្រះយេហូវ៉ាចេះតែទាល់គំនិត ហាក់ដូចជាខ្វាក់ភ្នែក ហើយដូច្នេះក៏មានចិត្តមួម៉ៅផង។ រីឯយើងវិញ យើងជឿស៊ប់ថា ព្រះយេហូវ៉ានឹងយកចិត្តទុកដាក់ចំពោះរាស្ត្រទ្រង់ ហើយបន្ថែមកម្លាំងដើម្បីជួយពួកគេឲ្យនៅស្ថិតស្ថេររហូត។—ពង្សាវតារក្សត្រទី២ ៦:១៥-១៩
១២. (ក) ពេលនៅផែនដី តើព្រះយេស៊ូបានបង្កាត់ភ្លើងយ៉ាងធំក្នុងន័យអ្វី? (ខ) តើអ្នកដែលសង្ឃឹមឡើងទៅស្ថានសួគ៌បានអុជអាលបណ្ដាលឲ្យកើតវិវាទដោយធ្វើអ្វី? តើមានលទ្ធផលយ៉ាងណា?
១២ សូមអាន សាការី ១២:៥, ៦។ «ពួកចៅហ្វាយនៃសាសន៍យូដា»សំដៅទៅលើអស់អ្នកដែលមានភារកិច្ចត្រួតពិនិត្យរាស្ត្ររបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាធ្វើឲ្យអ្នកទាំងនោះមានចិត្តខ្នះខ្នែងក្នុងការបំពេញភារកិច្ចផ្សេងៗនៅផែនដី ដែលលើកតម្កើងរាជាណាចក្ររបស់ទ្រង់ ប្រៀបដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។ មានគ្រាមួយដែលព្រះយេស៊ូមានប្រសាសន៍ទៅកាន់សិស្សទ្រង់ថា៖ «ខ្ញុំបានមកដើម្បីនឹងបោះភ្លើងនៅលើផែនដី»។ (លូកា ១២:៤៩) ក្នុងន័យធៀប ព្រះយេស៊ូបានបង្កាត់ភ្លើងយ៉ាងធំមែន! ទ្រង់ធ្វើកិច្ចការផ្សព្វផ្សាយដោយខ្នះខ្នែង ហើយនេះបានជំរុញមនុស្សឲ្យគិតអំពីសារៈសំខាន់នៃរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ជាលទ្ធផល នេះបានអុជអាលបណ្ដាលឲ្យជនជាតិយូដាឈ្លោះគ្នាពីរឿងនោះ។ (ម៉ាថាយ ៤:១៧, ២៥; ១០:៥-៧, ១៧-២០) ស្រដៀងគ្នាដែរ អ្នកដែលកាន់តាមព្រះយេស៊ូនៅសព្វថ្ងៃនេះក៏ប្រៀប«ដូចជាជើងក្រានមានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ»ក្នុងន័យថា អុជអាលបណ្ដាលឲ្យកើតវិវាទ។ ជាឧទាហរណ៍ នៅឆ្នាំ១៩១៧ អង្គការរបស់ព្រះយេហូវ៉ាបានបោះពុម្ពសៀវភៅមួយដែលបកអាក្រាតអំពើពុតត្បុតរបស់ពិភពគ្រិស្តសាសនា។a ជាលទ្ធផល អ្នកធំក្នុងពិភពគ្រិស្តសាសនាមានកំហឹងយ៉ាងខ្លាំង។ ហើយពេលថ្មីៗនេះ ខិត្តប័ណ្ណដំណឹងព្រះរាជាណាចក្រ លេខ៣៧ ដែលមានចំណងជើងថា «សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!» បានជំរុញមនុស្សជាច្រើនឲ្យសម្រេចចិត្តលើកតម្កើងឬក៏ប្រឆាំងរាជាណាចក្ររបស់ព្រះ។
ព្រះយេហូវ៉ាជួយសង្គ្រោះ‹ទីលំនៅរបស់ពួកយូដា›
១៣. តើ‹ទីលំនៅរបស់ពួកយូដា›បង្កប់អត្ថន័យអ្វី? ហេតុអ្វីបានជាព្រះយេហូវ៉ាជួយសង្គ្រោះពួកគាត់ជាមុន?
១៣ សូមអាន សាការី ១២:៧, ៨។ ពាក្យភាសាដើមដែលបកប្រែថា «ទីលំនៅ»ក្នុងខទាំងនេះ សំដៅទៅលើ‹ត្រសាល›។ ត្រសាលជា«ទីលំនៅ»ធម្មតានៅប្រទេសអ៊ីស្រាអែលសម័យបុរាណ ពីព្រោះអ្នកឃ្វាលសត្វនិងពួកកសិករមានទម្លាប់ដំឡើងត្រសាលនៅឯវាល។ ក្នុងករណីដែលជនជាតិដទៃចង់ដណ្ដើមយកទីក្រុងយេរូសាឡិម អ្នកដែលមានទីលំនៅនាកណ្ដាលវាលនឹងឃើញកងទ័ពរបស់ពួកខ្មាំងមុនគេ ហើយក៏ត្រូវការជំនួយមុនគេផងដែរ។ ដូច្នេះ ពាក្យ«ទីលំនៅទាំងប៉ុន្មានរបស់ពួកយូដា»បង្កប់អត្ថន័យថា គ្រិស្តសាសនិកនៅផែនដីសព្វថ្ងៃនេះដែលមិនទាន់ឡើងទៅស្ថានសួគ៌នៅឡើយ មើលទៅដូចជាងាយរងគ្រោះ ហាក់ដូចជាគ្មាននរណាការពារពួកគាត់។ យ៉ាងណាក៏ដោយ ពួកគាត់កាន់ជំហររឹងមាំទាំងក្លាហានផង ក្នុងការលើកតម្កើងរាជាណាចក្រនៃព្រះមេស្ស៊ី។ ព្រះយេហូវ៉ានៃពួកពលបរិវារនឹងជួយសង្គ្រោះ«ទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន» ពីព្រោះសាតាំងពាធាពួកគេជាមុនផង។
១៤. ចំពោះពួកអ្នកដែលប្រៀបដូចជាស្នាក់នៅក្នុង‹ទីលំនៅរបស់ពួកយូដា› តើព្រះយេហូវ៉ាការពារពួកគាត់ដើម្បីមិនឲ្យចុះ«ខ្សោយ»យ៉ាងដូចម្ដេច?
១៤ ប្រាកដហើយ ប្រវត្ដិសាស្ត្របង្ហាញថា ព្រះយេហូវ៉ាបានការពារគ្រិស្តសាសនិកនៅផែនដីដែលនឹងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ទ្រង់។ ទ្រង់ធ្វើដូច្នេះនៅពេលឥឡូវនេះ ដោយព្រោះពួកគាត់ស្ថិតក្នុងកាលៈទេសៈដែលមើលទៅហាក់ដូចជាពួកគាត់ស្នាក់នៅក្នុង«ទីលំនៅ»នាកណ្ដាលវាល។b ព្រះយេហូវ៉ាជួយការពារកុំឲ្យពួកគាត់ចុះ«ខ្សោយ»ក្នុងន័យថា ទ្រង់បន្ថែមកម្លាំងឲ្យពួកគាត់មានចិត្តក្លាហានដូចស្តេចដាវីឌពីបុរាណដែលពូកែធ្វើសឹកសង្គ្រាម។
១៥. ហេតុអ្វីបានជាព្រះយេហូវ៉ាមានបំណង«បំផ្លាញអស់ទាំងសាសន៍»? តើព្រះយេហូវ៉ានឹង«បំផ្លាញអស់ទាំងសាសន៍»នៅពេលណា?
១៥ សូមអាន សាការី ១២:៩។ ហេតុអ្វីបានជាព្រះយេហូវ៉ាមានបំណង«បំផ្លាញអស់ទាំងសាសន៍»? នេះគឺដោយសារពួកគេចេះតែប្រឆាំងនឹងរាជាណាចក្រនៃព្រះមេស្ស៊ី។ ដោយសារប្រជាជាតិទាំងឡាយបានបៀតបៀននិងធ្វើបាបរាស្ត្ររបស់ព្រះយេហូវ៉ា ទ្រង់នឹងកាត់ទោសពួកគេ។ មិនយូរប៉ុន្មានទៀត មនុស្សដែលជាដៃជើងរបស់សាតាំងនឹងពាធាអ្នកថ្វាយបង្គំព្រះពិតជាលើកចុងក្រោយបង្អស់។ ការពាធានោះនឹងនាំឲ្យមានអ្វីដែលគម្ពីរហៅថា អើម៉ាគេដូន។ (វិវរណៈ ១៦:១៣-១៦) ព្រះយេហូវ៉ាដែលជាចៅក្រមដ៏ខ្ពស់បំផុតនឹងតបតនឹងគេ ព្រមទាំងការពារអ្នកបម្រើទ្រង់ ហើយលើកតម្កើងឈ្មោះទ្រង់នៅមុខប្រជាជាតិទាំងឡាយ ថាជាឈ្មោះបរិសុទ្ធ។—អេសេគាល ៣៨:១៤-១៨, ២២, ២៣
១៦, ១៧. (ក) តើ«ពួកអ្នកបំរើរបស់ព្រះយេហូវ៉ា»ទទួល«មរដក»អ្វីពីទ្រង់? (ខ) ពេលយើងស៊ូទ្រាំការពាធារបស់សាតាំង តើនេះជាភ័ស្តុតាងដែលបង្ហាញអំពីអ្វី?
១៦ សស្ដ្រាវុធទាំងឡាយដែលសាតាំងប្រើទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោក មិនអាចធ្វើឲ្យជំនឿនិងចិត្តខ្នះខ្នែងរបស់ពួកគេរសាយបាត់ទៅឡើយ។ អារម្មណ៍សុខស្រួលដែលយើងមានដោយព្រោះដឹងថាព្រះយេហូវ៉ាមានអំណាចសង្គ្រោះយើង នោះហើយជា«មរដក»ដែល«ពួកអ្នកបំរើរបស់ព្រះយេហូវ៉ា»ទទួលពីទ្រង់។ (អេសាយ ៥៤:១៧) ដោយសារព្រះយេហូវ៉ាប្រទានពរឲ្យយើង ហេតុនេះគ្មាននរណាអាចដកចិត្តស្ងប់ចេញពីយើងបានឡើយ។ (ទំនុកដំកើង ១១៨:៦) សាតាំងនឹងអុជអាលបណ្ដាលឲ្យមានការប្រឆាំងតទៅទៀត ថែមទាំងនាំឲ្យយើងមានទុក្ខមែន។ ប៉ុន្តែ ដោយសារយើងមានចិត្តស្មោះនិងចេះស៊ូទ្រាំពេលដែលគេតិះដៀលយើង នេះជាភ័ស្តុតាងដែលបង្ហាញថា សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើយើងមែន! (ពេត្រុសទី១ ៤:១៤) ទូទាំងពិភពលោក រាស្ត្ររបស់ព្រះយេហូវ៉ាកំពុងប្រកាសផ្សាយដំណឹងល្អអំពីរាជាណាចក្រដែលទ្រង់បានបង្កើតឡើងរួចទៅហើយ។ ទោះបើមានការប្រឆាំងជាច្រើន ដែលប្រៀបដូចជា«គ្រាប់ក្រួសដែលបាញ់មក»ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ាក៏ដោយ ទ្រង់បានបន្ថែមកម្លាំងឲ្យអ្នកបម្រើទ្រង់ ដើម្បីជួយពួកគេឲ្យឈ្នះលើឧបសគ្គទាំងនោះ។ (សាការី ៩:១៥) គ្មាននរណាអាចទប់ស្កាត់ទាំងស្រុងនូវសកម្មភាពរបស់គ្រិស្តសាសនិកមួយចំនួនតូចដែលមិនទាន់ឡើងទៅស្ថានសួគ៌ និងគូកនដ៏ស្មោះត្រង់របស់ពួកគាត់ឡើយ!
១៧ យើងចេះតែទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានឹងសង្គ្រោះយើងឲ្យរួចពីការពាធារបស់សាតាំង។ ទំរាំដល់ពេលនោះ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាជួយសម្រាលទុក្ខយើង ពីព្រោះទ្រង់ធានាថា៖ ‹គ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានប្រសិទ្ធភាពអ្វីឡើយ! ហើយអស់ទាំងអណ្ដាតដែលប្ដឹងចោទប្រកាន់យើង នោះយើងនឹងកាត់ទោសទៅវិញ!›។
[កំណត់សម្គាល់]
a សៀវភៅThe Finished Mysteryធ្លាប់បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា តែឥឡូវលែងបោះពុម្ពទៀត។
b បើចង់ដឹងអំពីរបៀបដែលព្រះយេហូវ៉ាបានការពាររាស្ត្រទ្រង់ សូមអានអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០០ នៅទំព័រ១៣-១៨។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីដែលបង្ហាញថា សស្ដ្រាវុធរបស់សាតាំងគ្មានប្រសិទ្ធភាពសោះ?
• តើក្រុងយេរូសាឡិមនៃស្ថានសួគ៌ប្រៀបដូចជា«ថ្មដែលសង្កត់លើ»គេយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាសង្គ្រោះ‹ទីលំនៅរបស់ពួកយូដា›ដោយរបៀបណា?
• ពេលឥឡូវនេះដែលអើម៉ាគេដូនកៀកណាស់ហើយ តើអ្នកមានទំនុកចិត្តយ៉ាងណា?
[រូបភាពនៅទំព័រ២៤]
ទោះបើសាតាំងបានពាធារាស្ត្ររបស់ព្រះយេហូវ៉ា នៅប្រទេសអាល់បានីក៏ដោយ ពួកគេនៅតែស្មោះត្រង់ចំពោះទ្រង់នៅឡើយ
[រូបភាពនៅទំព័រ២៥]
ព្រះយេស៊ូបានតបតនឹងការចោទប្រកាន់មិនពិត
[រូបភាពនៅទំព័រ២៦]
សស្ដ្រាវុធទាស់នឹងអស់អ្នកដែលប្រកាសដំណឹងល្អ គ្មានប្រសិទ្ធភាពអ្វីឡើយ!