អេសាយ
៥៤ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឱស្ត្រីអារដែលមិនធ្លាប់បង្កើតកូនអើយ!+ ចូរស្រែកឡើងដោយអំណរ!+
ឱស្ត្រីដែលមិនធ្លាប់ឈឺពោះសម្រាលកូនអើយ!+ ចូរសប្បាយរីករាយ ហើយត្រេកអរឡើង!
ព្រោះកូនរបស់ស្ត្រីដែលបានត្រូវបោះបង់ចោល នឹងមានចំនួនច្រើន
២ «ចូរពង្រីកទីធ្លាត្រសាលឲ្យធំទូលាយ+
ហើយសន្ធឹងក្រណាត់ត្រសាលវិសេសរបស់អ្នក
កុំសំចៃទុកឡើយ! ចូរតខ្សែត្រសាលឲ្យវែងទៅ
ហើយដំស្នឹងត្រសាលឲ្យមាំចុះ។+
៣ ព្រោះអ្នកនឹងពង្រីកព្រំដែនឲ្យកាន់តែធំឡើង ទាំងខាងឆ្វេងទាំងខាងស្ដាំ។
កូនចៅរបស់អ្នកនឹងបង្ក្រាបប្រជាជាតិនានា
ហើយនឹងអាស្រ័យនៅក្នុងបណ្ដាក្រុងដែលគេទុកចោល។+
៤ កុំខ្លាចឡើយ+ ព្រោះអ្នកនឹងមិនត្រូវអាម៉ាស់ទេ+
ហើយក៏កុំមានអារម្មណ៍ខ្មាសដែរ ព្រោះអ្នកនឹងមិនខកចិត្តឡើយ។
ព្រោះអ្នកនឹងភ្លេចការអៀនខ្មាសក្នុងគ្រាយុវវ័យ
ហើយក៏មិននឹកឃើញការអាប់ឱនក្នុងគ្រានៅមេម៉ាយដែរ»។
៥ «ព្រោះព្រះដែលជាអ្នកបង្កើតដ៏ឧត្ដម+ ជាប្ដីរបស់អ្នកហើយ+
ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ គឺជានាមរបស់លោក
ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកលោះអ្នក។+
គេនឹងហៅលោកថាជាព្រះនៃផែនដីទាំងមូល។+
៦ ព្រោះព្រះយេហូវ៉ាបានហៅអ្នក អ្នកប្រៀបដូចជាប្រពន្ធដែលប្ដីបោះបង់ចោលនិងកើតទុក្ខក្រៀមក្រំ+
និងប្រៀបដូចជាស្ត្រីដែលបានរៀបការនៅវ័យក្មេង តែត្រូវប្ដីបំភ្លេចចោល»។ នេះជាប្រសាសន៍របស់ព្រះនៃអ្នក។
៧ «អស់មួយរយៈពេលខ្លី ខ្ញុំបានបោះបង់ចោលអ្នក
តែដោយសេចក្ដីមេត្តាករុណាដ៏ធំធេង ខ្ញុំនឹងប្រមូលអ្នកមកវិញ។+
៨ ដោយសារកំហឹងមួយឆាវ ខ្ញុំបានបែរមុខចេញពីអ្នកអស់មួយរយៈពេលខ្លី+
តែដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងស្ថិតស្ថេរជាដរាប ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នក»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាអ្នកលោះអ្នក។+
៩ «ចំពោះខ្ញុំ នេះគឺដូចជានៅសម័យណូអេ។+
ដូចដែលខ្ញុំបានស្បថនៅសម័យនោះថានឹងលែងមានទឹកជំនន់ពេញពាសផែនដី+
នោះខ្ញុំស្បថថាខ្ញុំលែងខឹងនឹងអ្នក ហើយក៏ឈប់ស្ដីបន្ទោសអ្នកទៀតដែរ។+
១០ ទោះជាភ្នំទាំងឡាយត្រូវរលំ ហើយទីទួលទាំងប៉ុន្មានត្រូវរលាយក្ដី
ក៏សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំចំពោះអ្នក មិនសាបសូន្យឡើយ+
ហើយកិច្ចព្រមព្រៀងនៃសេចក្ដីសុខសាន្តរបស់ខ្ញុំ ក៏មិនត្រូវលុបចោលដែរ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា ជាព្រះដែលបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នក។+
១១ «ឱស្ត្រីដែលរងទុក្ខអើយ!+ អ្នកត្រូវព្យុះបក់បោក តែគ្មានការសម្រាលទុក្ខទេ។+
មើល! ខ្ញុំនឹងយកបាយអមករៀបឥដ្ឋយ៉ាងមាំឲ្យអ្នក
ហើយខ្ញុំនឹងយកត្បូងកណ្ដៀងមកដាក់ជាគ្រឹះឲ្យអ្នក។+
១២ ខ្ញុំនឹងយកត្បូងទទឹមមកធ្វើជាកំពែង
ហើយយកត្បូងចែងចាំងមកធ្វើជាខ្លោងទ្វារ
ខ្ញុំយកត្បូងមានតម្លៃឯទៀតមកធ្វើជាព្រំប្រទល់របស់អ្នក។
១៣ កូនៗទាំងអស់របស់អ្នកនឹងទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា+
ហើយសេចក្ដីសុខសាន្តរបស់ពួកគេនឹងមានជាបរិបូរ។+
១៤ អ្នកនឹងត្រូវតាំងឡើងយ៉ាងមាំក្នុងសេចក្ដីសុចរិត។+
អ្នកនឹងមិនរងការជិះជាន់ទៀតទេ+
អ្នកនឹងមិនភ័យខ្លាចហើយក៏មិនតក់ស្លុតដែរ
ព្រោះអ្វីដែលគួរឲ្យខ្លាចនឹងមិនមកជិតអ្នកទេ។+
១៥ បើមានអ្នកណាមកវាយប្រហារអ្នក នោះមិនមែនតាមបង្គាប់ខ្ញុំទេ។
អ្នកណាក៏ដោយដែលមកច្បាំងនឹងអ្នក អ្នកនោះនឹងបរាជ័យជាមិនខាន»។+
១៦ «មើល! ខ្ញុំបានបង្កើតជាងដែក
គាត់ក៏សប់ខ្យល់បង្កើនកម្ដៅភ្លើង រួចដុតដែកធ្វើអាវុធ។
ខ្ញុំក៏បានបង្កើតបុគ្គលម្នាក់ទៀត ដើម្បីនាំឲ្យមានការបំផ្លិចបំផ្លាញ។+
១៧ ឯគ្រឿងអាវុធណាដែលគេធ្វើឡើងដើម្បីប្រឆាំងអ្នក នោះនឹងគ្មានប្រសិទ្ធភាពឡើយ+
ចំណែកសម្ដីណាដែលគេប្ដឹងចោទប្រកាន់អ្នក អ្នកនឹងផ្ដន្ទាទោសគេវិញ។
អ្វីទាំងនេះជាកេរដំណែលរបស់អ្នកបម្រើព្រះយេហូវ៉ា។
ខ្ញុំចាត់ទុកពួកគេជាមនុស្សសុចរិត»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+