ពេត្រុសទី១
១ ពីខ្ញុំ ពេត្រុស ដែលជាសាវ័ក*+របស់លោកយេស៊ូគ្រិស្ត ជូនចំពោះពួកអ្នកស្នាក់នៅបណ្ដោះអាសន្នដែលនៅបែកខ្ញែកនាតំបន់ប៉ុនតុស ខេត្តកាឡាទី តំបន់កាប៉ាដូគា+ ខេត្តអាស៊ី* និងខេត្តប៊ីធូនា។ ២ អ្នករាល់គ្នាបានត្រូវជ្រើសរើសស្របតាមអ្វីដែលព្រះជាបិតាបានជ្រាបទុកជាមុន+ ដោយបានត្រូវញែកចេញជាបរិសុទ្ធតាមរយៈឫទ្ធានុភាព+ ដើម្បីឲ្យអ្នករាល់គ្នាស្ដាប់បង្គាប់ ហើយទទួលការប្រោះដោយឈាមរបស់លោកយេស៊ូគ្រិស្ត៖+
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្តីសុខសាន្តកាន់តែបរិបូរឡើង។
៣ សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកម្ចាស់យេស៊ូគ្រិស្តរបស់យើង ព្រោះដោយសេចក្ដីមេត្តាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី+ ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ+ តាមរយៈការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ+ ៤ ព្រមទាំងទទួលមត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង និងដែលមិនសាបសូន្យ។+ មត៌កនោះបានត្រូវបម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា+ ៥ ដែលកំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ។ ៦ ការទាំងនោះធ្វើឲ្យអ្នករាល់គ្នាត្រេកអរយ៉ាងខ្លាំង ទោះជាអ្នករាល់គ្នាត្រូវព្រួយចិត្តមួយរយៈពេលខ្លី ដោយសារទុក្ខលំបាកផ្សេងៗក៏ដោយ។+ ៧ នេះដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលបានត្រូវសាកល្បងហើយ*+ អាចនាំឲ្យអ្នកទទួលសេចក្ដីសរសើរ សិរីរុងរឿង និងកិត្តិយស ពេលដែលលោកយេស៊ូគ្រិស្តលេចមក។+ ជំនឿរបស់អ្នកមានតម្លៃថ្លៃជាងមាសដែលអាចវិនាសទៅ ទោះជាវាបានត្រូវសាកល្បងដោយភ្លើងក៏ដោយ។ ៨ ទោះជាអ្នករាល់គ្នាមិនដែលឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់លោកដែរ។ ទោះជាឥឡូវនេះអ្នករាល់គ្នាមិនឃើញលោកក៏ដោយ អ្នករាល់គ្នាបង្ហាញជំនឿលើលោក ហើយត្រេកអរយ៉ាងខ្លាំងដោយមានអំណររកពណ៌នាពុំបាន ៩ ព្រោះអ្នករាល់គ្នាដឹងច្បាស់ថា ជំនឿរបស់អ្នកនឹងនាំឲ្យអ្នកទទួលសេចក្ដីសង្គ្រោះ។+
១០ ពួកអ្នកប្រកាសទំនាយដែលបានប្រកាសអំពីគុណដ៏វិសេសលើលលប់ដែលទុកសម្រាប់អ្នករាល់គ្នា ពួកគេបានព្យាយាមសួរឲ្យដឹង ហើយបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីសេចក្ដីសង្គ្រោះនោះឯង។+ ១១ ពួកគេបានខំស្វែងរកយល់ជានិច្ចថា ឫទ្ធានុភាពដែលស្ថិតក្នុងពួកគេកំពុងសំដៅទៅលើគ្រាមួយណា ឬគ្រាបែបណាស្ដីអំពីគ្រិស្ត។+ ឫទ្ធានុភាពនោះបញ្ជាក់ទុកជាមុនអំពីទុក្ខលំបាករបស់គ្រិស្ត+ និងសិរីរុងរឿងដែលនឹងមានបន្ទាប់ពីនោះ។ ១២ ព្រះបានបើកបង្ហាញឲ្យពួកអ្នកប្រកាសទំនាយដឹងថា កិច្ចបម្រើដែលពួកគេបានធ្វើនោះ មិនមែនសម្រាប់ពួកគេទេ តែសម្រាប់អ្នករាល់គ្នាវិញ។ ពេលនេះ អ្វីៗទាំងនេះបានត្រូវបើកបង្ហាញដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ដោយឫទ្ធានុភាពបរិសុទ្ធដែលបានត្រូវចាត់ពីស្ថានសួគ៌។+ សូម្បីតែបណ្ដាទេវតា ក៏ចាប់អារម្មណ៍ចង់ដឹងអំពីការទាំងនេះដែរ។
១៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបគំនិត*ដើម្បីធ្វើសកម្មភាព។+ ចូរដឹងខ្លួនក្នុងគ្រប់ការទាំងអស់+ ចូរសង្ឃឹមលើគុណដ៏វិសេសលើសលប់ដែលអ្នករាល់គ្នានឹងទទួល ពេលដែលលោកយេស៊ូគ្រិស្តនឹងលេចមក។ ១៤ ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មាន កាលដែលអ្នករាល់គ្នាមិនទាន់មានចំណេះអំពីព្រះនៅឡើយ។ ១៥ ប៉ុន្តែ ចូរទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា+ ១៦ ព្រោះបទគម្ពីរចែងថា៖ «អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះខ្ញុំបរិសុទ្ធ»។+
១៧ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាកំពុងហៅរកបិតាដែលវិនិច្ឆ័យមនុស្សសមស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងខ្លួនដោយឥតលម្អៀង+ នោះចូរប្រព្រឹត្តដោយកោតខ្លាច+ ក្នុងអំឡុងពេលដែលអ្នករាល់គ្នាជាអ្នកស្នាក់នៅបណ្ដោះអាសន្ន។ ១៨ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាបានទទួលការរំដោះ*ពីការប្រព្រឹត្តឥតប្រយោជន៍ដែលអ្នករាល់គ្នាបានមកពីពួកបុព្វបុរស។* ការរំដោះនោះមិនមែនដោយសាររបស់ដែលអាចខូចទៅ ដូចមាសឬប្រាក់នោះទេ។+ ១៩ ប៉ុន្តែ គឺដោយសារឈាមដ៏ថ្លៃវិសេស+ ដូចឈាមរបស់កូនចៀមដែលគ្មានស្នាមនិងគ្មានប្រឡាក់+ ពោលគឺឈាមរបស់គ្រិស្ត។+ ២០ ពិតមែនតែព្រះបានជ្រើសរើសលោកមុនកំណើតពិភពលោក+ ប៉ុន្តែលោកបានលេចមកនៅចុងបញ្ចប់នៃគ្រានេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។+ ២១ ដោយសារលោក អ្នករាល់គ្នាជឿព្រះ+ គឺព្រះដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ+ ហើយបានឲ្យសិរីរុងរឿងដល់លោក+ ដើម្បីឲ្យអ្នករាល់គ្នាជឿនិងសង្ឃឹមលើព្រះ។
២២ ឥឡូវនេះ អ្នករាល់គ្នាបានសម្អាតខ្លួនដោយស្ដាប់បង្គាប់សេចក្ដីពិត ហើយជាលទ្ធផលអ្នករាល់គ្នាស្រឡាញ់គ្នាជាបងប្អូនដោយគ្មានពុតត្បុត។+ ដូច្នេះ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត។+ ២៣ ព្រោះអ្នករាល់គ្នាបានត្រូវធ្វើឲ្យកើតជាថ្មី+ មិនមែនដោយពូជដែលអាចខូចទៅនោះទេ តែដោយពូជ*ដែលមិនអាចខូច+ តាមរយៈបណ្ដាំរបស់ព្រះដែលមានជីវិតរស់នៅជាដរាប។+ ២៤ ព្រោះ«មនុស្សទាំងអស់គឺដូចជាស្មៅ ហើយភាពរុងរឿងទាំងអស់របស់ពួកគេគឺដូចជាផ្កាស្មៅនៅឯវាល។ ស្មៅនោះក្រៀមស្វិត ហើយផ្កាក៏រុះរោយទៅ ២៥ ប៉ុន្តែ ប្រសាសន៍*របស់ព្រះយេហូវ៉ា*ស្ថិតស្ថេរជារៀងរហូត»។+ គឺ«ប្រសាសន៍»*នេះឯង ជាដំណឹងល្អដែលបានត្រូវប្រកាសប្រាប់ដល់អ្នករាល់គ្នា។+