សៀវភៅសាំយូអែលទី១
១ មានបុរសម្នាក់នៅក្រុងរ៉ាម៉ាថេមសូភីម*+ក្នុងតំបន់ភ្នំស្រុកអេប្រាអ៊ីម+ គាត់ឈ្មោះអេលកាណា។+ គាត់ជាកូនប្រុសរបស់យេរ៉ូហាំ យេរ៉ូហាំជាកូនប្រុសរបស់អេលីហ៊ូ អេលីហ៊ូជាកូនប្រុសរបស់ថូហ៊ូ ថូហ៊ូជាកូនប្រុសរបស់ស៊ូប ដែលជាកូនចៅអេប្រាអ៊ីម។ ២ អេលកាណាមានប្រពន្ធពីរនាក់ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះផេនីណា។ ផេនីណាមានកូន តែហាណាគ្មានកូនទេ។ ៣ ជារៀងរាល់ឆ្នាំ អេលកាណាតែងធ្វើដំណើរឡើងទៅក្រុងស៊ីឡូរ ដើម្បីគោរពប្រណិប័តន៍និងជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។+ នៅទីនោះកូនប្រុសពីរនាក់របស់អេលី ឈ្មោះហូណាយនិងភីនេហាស+ កំពុងបម្រើជាសង្ឃរបស់ព្រះយេហូវ៉ា។+
៤ នៅថ្ងៃមួយ ពេលដែលអេលកាណាជូនគ្រឿងបូជា គាត់បានចែកសាច់ខ្លះឲ្យផេនីណា និងកូនប្រុសកូនស្រីរបស់នាង។+ ៥ ប៉ុន្តែ គាត់ឲ្យសាច់ផ្នែកដែលល្អជាងដល់ហាណា ដោយសារគាត់ស្រឡាញ់នាងខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនបានឲ្យហាណាមានកូនទេ។ ៦ ម្យ៉ាងទៀត ផេនីណា*រករឿងឈ្នានីសហាណាឥតឈប់ឈរ។ នេះបានធ្វើឲ្យហាណាឈឺចិត្តខ្លាំងណាស់ ពីព្រោះព្រះយេហូវ៉ាមិនបានឲ្យនាងមានកូន។ ៧ រាល់ឆ្នាំ ពេលដែលហាណាធ្វើដំណើរឡើងទៅវិហារ*របស់ព្រះយេហូវ៉ា+ ផេនីណាតែងតែធ្វើបែបនោះ។ ផេនីណា*រុកកួនហាណាខ្លាំងដល់ម្ល៉េះបានជានាងយំ ហើយមិនព្រមបរិភោគទេ។ ៨ ឃើញដូចនោះ អេលកាណាជាប្ដីក៏សួរនាងថា៖ «ហាណា ហេតុអ្វីអូនយំ? ហេតុអ្វីមិនបរិភោគ? ហើយហេតុអ្វីពិបាកចិត្តខ្លាំងម្ល៉េះ? តើបងមិនបានយកចិត្តទុកដាក់ចំពោះអូន ប្រសើរជាងការមានកូនប្រុសដប់នាក់ទេឬ?»។
៩ បន្ទាប់ពីពួកគាត់បានបរិភោគនៅក្រុងស៊ីឡូររួចហើយ ហាណាក្រោកចេញទៅវិហារ*របស់ព្រះយេហូវ៉ា។ នៅពេលនោះ អេលីដែលជាសង្ឃកំពុងអង្គុយក្បែរទ្វារវិហារ។+ ១០ ឯហាណាជូរចត់ក្នុងចិត្តខ្លាំងណាស់ នាងក៏ចាប់ផ្ដើមអធិដ្ឋានទៅព្រះយេហូវ៉ា+ ទាំងយំអណ្ដឺតអណ្ដកឥតឈប់។ ១១ នាងបានស្បថថា៖ «ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ សូមលោកមេត្តាមើលទុក្ខវេទនារបស់ខ្ញុំជាអ្នកបម្រើលោកផង។ សូមលោកនឹកចាំខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ សូមមេត្តាឲ្យខ្ញុំមានកូនប្រុសមួយ។+ បើព្រះយេហូវ៉ាឲ្យខ្ញុំមានកូន ខ្ញុំនឹងប្រគល់កូននោះឲ្យនៅបម្រើលោកអស់មួយជីវិត ហើយសក់កូននោះនឹងមិនត្រូវកាត់ឡើយ»។+
១២ ហាណាអធិដ្ឋានយ៉ាងយូរទៅព្រះយេហូវ៉ា ពេលនោះអេលីមើលមុខនាង។ ១៣ ខណៈដែលហាណាអធិដ្ឋានក្នុងចិត្ត បបូរមាត់នាងហើបតិចៗ តែមិនចេញសំឡេងទេ។ ហេតុនេះ អេលីគិតថានាងស្រវឹងស្រា។ ១៤ អេលីក៏និយាយទៅនាងថា៖ «តើនាងនៅស្រវឹងដល់កាលណាទៀត? ឈប់ផឹកស្រាទៀតទៅ!»។ ១៥ ហាណាតបឆ្លើយថា៖ «ទេ លោកម្ចាស់! ខ្ញុំមិនបានផឹកស្រា ឬផឹកអ្វីដែលមានជាតិស្រាទេ។ ប៉ុន្តែ ខ្ញុំជាស្ត្រីដែលមានទុក្ខព្រួយខ្លាំងណាស់។ ខ្ញុំកំពុងអធិដ្ឋានយ៉ាងអស់ពីចិត្ត*ទៅព្រះយេហូវ៉ា។+ ១៦ សូមកុំចាត់ទុកខ្ញុំថាជាស្ត្រីដែលគ្មានតម្លៃឡើយ។ ខ្ញុំអធិដ្ឋានយូរយ៉ាងនេះ ដោយសារខ្ញុំកំពុងជម្រាបព្រះអំពីទុក្ខដ៏សែនធ្ងន់របស់ខ្ញុំ»។ ១៧ រួចអេលីនិយាយថា៖ «សូមឲ្យនាងបានសេចក្ដីសុខ ហើយសូមឲ្យព្រះរបស់ជនជាតិអ៊ីស្រាអែលធ្វើតាមសំណូមពររបស់នាង»។+ ១៨ នាងតបថា៖ «សូមឲ្យលោកពេញចិត្តនឹងខ្ញុំដែលជាអ្នកបម្រើរបស់លោក»។ រួចនាងក៏ចេញទៅបរិភោគអាហារ ហើយលែងមានទឹកមុខព្រួយទៀត។
១៩ លុះព្រឹកព្រលឹម អេលកាណានិងក្រុមគ្រួសារបានភ្ញាក់ឡើង ហើយទៅលំឱនកាយគោរពព្រះយេហូវ៉ា រួចពួកគាត់ត្រឡប់ទៅផ្ទះនៅក្រុងរ៉ាម៉ាវិញ។+ អេលកាណាបានរួមដំណេកជាមួយនឹងហាណា ហើយព្រះយេហូវ៉ាធ្វើតាមសេចក្ដីអធិដ្ឋានរបស់នាង។+ ២០ ប្រហែលមួយឆ្នាំក្រោយមក* ហាណាក៏ចាប់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ រួចដាក់ឈ្មោះ+ថាសាំយូអែល* ព្រោះដូចនាងបាននិយាយថា៖ «នេះជាកូនដែលខ្ញុំបានសុំពីព្រះយេហូវ៉ា»។
២១ មួយរយៈពេលក្រោយមក អេលកាណាព្រមទាំងក្រុមគ្រួសារទាំងមូលបានធ្វើដំណើរឡើងទៅជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាដូចរាល់ឆ្នាំ+ ហើយជូនជំនូនដែលគាត់បានសន្យា។ ២២ ប៉ុន្តែ ហាណាមិនបានទៅទេ។+ នាងប្រាប់ប្ដីថា៖ «ក្រោយពេលដែលអូនផ្ដាច់ដោះកូនភ្លាម អូននឹងយកកូនទៅប្រគល់ជូនព្រះយេហូវ៉ា ហើយកូននឹងនៅទីនោះបម្រើលោករហូតតទៅ»។+ ២៣ អេលកាណាតបទៅនាងថា៖ «សូមធ្វើអ្វីដែលអូនគិតថាល្អចុះ! សូមនៅផ្ទះរហូតដល់អូនផ្ដាច់ដោះកូន។ សូមឲ្យព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់អូន»។ ម្ល៉ោះហើយ ហាណានៅផ្ទះបំបៅកូនទាល់តែនាងផ្ដាច់ដោះកូននោះ។
២៤ ក្រោយពីហាណាផ្ដាច់ដោះកូនប្រុសរួចហើយ នាងបានយកកូនធ្វើដំណើរទៅវិហាររបស់ព្រះយេហូវ៉ានៅក្រុងស៊ីឡូរ+ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយអេហ្វា* និងស្រាទំពាំងបាយជូរមួយក្រឡធំផងដែរ។+ ២៥ បន្ទាប់មក ពួកគេសម្លាប់គោឈ្មោលនោះ ហើយនាំកូនប្រុសទៅជួបអេលី។ ២៦ ហាណានិយាយថា៖ «សូមអធ្យាស្រ័យលោកម្ចាស់! ខ្ញុំនេះជាស្ត្រីដែលបានឈរអធិដ្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។+ ២៧ ព្រះបានធ្វើតាមសំណូមពររបស់ខ្ញុំ។ នេះជាកូនដែលខ្ញុំបានអធិដ្ឋានសុំពីព្រះយេហូវ៉ា។+ ២៨ ឥឡូវដល់ពេលដែលខ្ញុំសូមប្រគល់កូននេះជូនព្រះយេហូវ៉ា។ កូននេះនឹងនៅបម្រើព្រះយេហូវ៉ាអស់មួយជីវិត»។
រួចគាត់*បានលំឱនកាយគោរពព្រះយេហូវ៉ានៅទីនោះ។