សៀវភៅយ៉ូហាន
៨ ១២ រួចមក លោកយេស៊ូមានប្រសាសន៍ទៅពួកគេម្ដងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក។+ អ្នកណាដែលកាន់តាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ ប៉ុន្តែគាត់នឹងមានពន្លឺ+ដែលនាំឲ្យបានជីវិត»។ ១៣ ដូច្នេះ ពួកផារិស៊ីនិយាយទៅកាន់លោកថា៖ «អ្នកកំពុងធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនអ្នក។ ការបញ្ជាក់របស់អ្នកគឺមិនពិតទេ»។ ១៤ លោកយេស៊ូតបទៅពួកគេថា៖ «ទោះជាខ្ញុំធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនខ្ញុំក៏ដោយ ការបញ្ជាក់របស់ខ្ញុំគឺពិត ពីព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយដឹងថាខ្ញុំនឹងទៅណា។+ ប៉ុន្តែ អ្នករាល់គ្នាមិនដឹងថាខ្ញុំមកពីណាឡើយ ក៏មិនដឹងថាខ្ញុំនឹងទៅណាដែរ។ ១៥ អ្នករាល់គ្នាវិនិច្ឆ័យដោយមើលសម្បកក្រៅ។*+ ខ្ញុំមិនវិនិច្ឆ័យមនុស្សណាម្នាក់ឡើយ។ ១៦ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំវិនិច្ឆ័យ ការវិនិច្ឆ័យរបស់ខ្ញុំគឺយុត្តិធម៌ ពីព្រោះខ្ញុំមិនមែនវិនិច្ឆ័យតែម្នាក់ឯងឡើយ តែបិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក ក៏វិនិច្ឆ័យជាមួយនឹងខ្ញុំដែរ។+ ១៧ ម្យ៉ាងទៀត ច្បាប់*របស់អ្នករាល់គ្នាចែងថា៖ ‹ការបញ្ជាក់របស់សាក្សីពីរនាក់គឺជាការពិត›។+ ១៨ សាក្សីម្នាក់គឺខ្ញុំ ដែលបញ្ជាក់អំពីខ្លួនខ្ញុំ ហើយសាក្សីម្នាក់ទៀតគឺបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក លោកក៏បញ្ជាក់អំពីខ្ញុំដែរ»។+ ១៩ ដូច្នេះ ពួកគេនិយាយទៅកាន់លោកថា៖ «តើបិតារបស់អ្នកនៅឯណា?»។ លោកយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់បិតារបស់ខ្ញុំដែរ។+ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំមែន នោះអ្នករាល់គ្នាក៏នឹងស្គាល់បិតារបស់ខ្ញុំដែរ»។+ ២០ លោកមានប្រសាសន៍អ្វីៗទាំងនេះ កាលដែលលោកកំពុងបង្រៀនក្នុងវិហារនៅកន្លែងឃ្លាំងប្រាក់។+ ប៉ុន្តែ គ្មានអ្នកណាបានចាប់លោកទេ ពីព្រោះវេលារបស់លោកមិនទាន់មកដល់នៅឡើយ។+
២១ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគេម្ដងទៀតថា៖ «ខ្ញុំនឹងចេញទៅ រួចអ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានភាពខុសឆ្គងនៅឡើយ។+ កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមិនអាចមកបានទេ»។+ ២២ ជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬ? ពីព្រោះគាត់និយាយថា៖ ‹កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមិនអាចមកបានទេ›»។ ២៣ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «អ្នករាល់គ្នាមកពីផែនដី តែខ្ញុំមកពីស្ថានលើ។+ អ្នករាល់គ្នាមកពីពិភពលោកនេះ តែខ្ញុំមិនមកពីពិភពលោកនេះទេ។ ២៤ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានការខុសឆ្គងនៅឡើយ។ ព្រោះប្រសិនបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាអ្នកដែលត្រូវមកទេ នោះអ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានការខុសឆ្គងនៅឡើយ»។ ២៥ ដូច្នេះ ពួកគេក៏និយាយទៅកាន់លោកថា៖ «តើអ្នកជាអ្នកណា?»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនិយាយជាមួយនឹងអ្នករាល់គ្នាគឺគ្មានប្រយោជន៍អ្វីទេ។ ២៦ ខ្ញុំមានអ្វីជាច្រើនដែលខ្ញុំនឹងនិយាយអំពីអ្នករាល់គ្នា ហើយមានអ្វីជាច្រើនដែលខ្ញុំនឹងវិនិច្ឆ័យ។ ការពិត លោកដែលបានចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំបានឮពីលោក ជាអ្វីដែលខ្ញុំកំពុងនិយាយក្នុងពិភពលោក»។+ ២៧ ពួកគេមិនបានយល់ថា លោកកំពុងមានប្រសាសន៍អំពីបិតាដែលស្ថិតនៅស្ថានសួគ៌ទេ។ ២៨ រួចលោកយេស៊ូមានប្រសាសន៍ថា៖ «ក្រោយពីអ្នករាល់គ្នាបានព្យួរកូនមនុស្សឡើង+ នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំជាអ្នកនោះហើយ+ ក៏នឹងដឹងថាខ្ញុំមិនធ្វើអ្វីសោះដោយគំនិតរបស់ខ្ញុំផ្ទាល់ឡើយ+ ប៉ុន្តែខ្ញុំនិយាយអ្វីៗដែលបិតានៅស្ថានសួគ៌បានបង្រៀនខ្ញុំ។ ២៩ លោកដែលបានចាត់ខ្ញុំឲ្យមកក៏នៅជាមួយនឹងខ្ញុំដែរ។ លោកមិនបានចោលខ្ញុំឲ្យនៅតែម្នាក់ឯងទេ ពីព្រោះខ្ញុំតែងតែធ្វើអ្វីដែលលោកពេញចិត្ត»។+ ៣០ កាលដែលលោកកំពុងមានប្រសាសន៍អ្វីៗទាំងនេះ មនុស្សជាច្រើនចាប់ផ្ដើមមានជំនឿលើលោក។
៣១ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាដែលជឿលោកថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមសេចក្ដីបង្រៀនរបស់ខ្ញុំជានិច្ច នោះអ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ៣២ ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត+ ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។+ ៣៣ ពួកគេតបទៅលោកថា៖ «យើងជាកូនចៅរបស់អាប្រាហាំ យើងមិនដែលជាខ្ញុំបម្រើរបស់អ្នកណាសោះ។ ហេតុអ្វីបានជាអ្នកនិយាយថា៖ ‹អ្នករាល់គ្នានឹងមានសេរីភាព›?»។ ៣៤ លោកយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះជាខ្ញុំបម្រើនៃភាពខុសឆ្គង។+ ៣៥ ម្យ៉ាងទៀត ខ្ញុំបម្រើមិននៅជាប់ជាមួយនឹងពួកអ្នកផ្ទះជារៀងរហូតទេ តែបុត្រនៅជាប់ជារៀងរហូតវិញ។ ៣៦ ដូច្នេះ ប្រសិនបើបុត្រនោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នានឹងមានសេរីភាពពិតមែន។ ៣៧ ខ្ញុំដឹងថាអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំ ប៉ុន្តែអ្នករាល់គ្នាកំពុងរកសម្លាប់ខ្ញុំ ពីព្រោះអ្នករាល់គ្នាមិនទទួលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។ ៣៨ ខ្ញុំនិយាយអំពីអ្វីៗដែលខ្ញុំបានឃើញកាលដែលខ្ញុំនៅជាមួយនឹងបិតារបស់ខ្ញុំ+ តែអ្នករាល់គ្នាធ្វើតាមអ្វីៗដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ ៣៩ ពួកគេតបទៅលោកថា៖ «អាប្រាហាំជាឪពុករបស់យើង»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំមែន+ អ្នកច្បាស់ជាធ្វើតាមអ្វីដែលអាប្រាហាំបានធ្វើ។ ៤០ ប៉ុន្តែ ឥឡូវនេះអ្នករាល់គ្នាកំពុងរកសម្លាប់ខ្ញុំ ជាអ្នកដែលបានប្រាប់អ្នករាល់គ្នានូវសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។+ អាប្រាហាំមិនបានធ្វើដូច្នេះទេ។ ៤១ អ្នករាល់គ្នាធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាធ្វើ»។ ពួកគេជម្រាបលោកថា៖ «យើងមិនមែនជាកូនឥតស្របច្បាប់*ទេ យើងមានបិតាតែមួយ គឺព្រះ»។
៤២ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើព្រះជាបិតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងស្រឡាញ់ខ្ញុំ+ ព្រោះខ្ញុំបានមកពីព្រះ ក៏នៅទីនេះដោយសារព្រះ។ ខ្ញុំមិនមែនមកដោយគំនិតរបស់ខ្ញុំទេ ប៉ុន្តែព្រះបានចាត់ខ្ញុំឲ្យមក។+ ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់អ្វីដែលខ្ញុំកំពុងនិយាយ? ពីព្រោះអ្នករាល់គ្នាមិនព្រមទទួលសេចក្ដីបង្រៀនរបស់ខ្ញុំ។ ៤៤ មេកំណាច*ជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ឪពុកអ្នក។+ មេកំណាចជាឃាតករតាំងពីដើមដំបូង+ ហើយមិនបាននៅជាប់នឹងសេចក្ដីពិតឡើយ ពីព្រោះសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ពេលដែលមេកំណាចភូតភរ អ្នកនោះនិយាយតាមចរិតលក្ខណៈរបស់ខ្លួន ពីព្រោះមេកំណាចជាអ្នកភូតភរ ព្រមទាំងជាឪពុកនៃការភូតភរទៀតផង។+ ៤៥ ក៏ប៉ុន្តែ ពេលខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាបែរជាមិនជឿខ្ញុំទៅវិញ។ ៤៦ ក្នុងចំណោមអ្នករាល់គ្នា តើអ្នកណាអាចបង្ហាញភ័ស្តុតាងថាខ្ញុំធ្វើអំពើខុសឆ្គង? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីអ្នករាល់គ្នាមិនជឿខ្ញុំ? ៤៧ អ្នកណាដែលមកពីព្រះ អ្នកនោះស្ដាប់ប្រសាសន៍របស់ព្រះ។+ ហេតុនោះហើយបានជាអ្នករាល់គ្នាមិនស្ដាប់ទេ ដោយសារអ្នករាល់គ្នាមិនមកពីព្រះឡើយ»។+
៤៨ ជនជាតិយូដាតបទៅលោកថា៖ «តើយើងមិនបាននិយាយត្រឹមត្រូវទេថា៖ ‹អ្នកជាជនជាតិសាម៉ារី+ ហើយក៏មានវិញ្ញាណកំណាចចូល›?»។+ ៤៩ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំមិនមានវិញ្ញាណកំណាចចូលទេ តែខ្ញុំលើកកិត្តិយសបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបង្ខូចកិត្តិយសខ្ញុំ។ ៥០ ខ្ញុំមិនរកការលើកតម្កើងសម្រាប់ខ្លួនខ្ញុំទេ+ តែមានលោកម្នាក់ដែលចង់ឲ្យខ្ញុំទទួលការលើកតម្កើង ហើយលោកជាអ្នកវិនិច្ឆ័យ។ ៥១ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។+ ៥២ ជនជាតិយូដានិយាយទៅកាន់លោកថា៖ «ឥឡូវយើងដឹងប្រាកដថា អ្នកមានវិញ្ញាណកំណាចចូលមែន។ អាប្រាហាំបានស្លាប់ ពួកអ្នកប្រកាសទំនាយក៏បានស្លាប់ដែរ ប៉ុន្តែអ្នកបែរជានិយាយថា៖ ‹ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ›។ ៥៣ អ្នកមិនមែនធំជាងអាប្រាហាំ ជាបុព្វបុរសរបស់យើងដែលបានស្លាប់ទៅហើយទេ មែនទេ? ពួកអ្នកប្រកាសទំនាយក៏បានស្លាប់ដែរ។ តើអ្នកអះអាងថាខ្លួនអ្នកជាអ្នកណា?»។ ៥៤ លោកយេស៊ូតបឆ្លើយថា៖ «ប្រសិនបើខ្ញុំលើកតម្កើងខ្លួនខ្ញុំ ការលើកតម្កើងនោះគ្មានតម្លៃទេ។ គឺបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ+ ជាលោកដែលអ្នករាល់គ្នានិយាយថាជាព្រះរបស់អ្នក។ ៥៥ ក៏ប៉ុន្តែ អ្នករាល់គ្នាមិនស្គាល់លោកទេ+ តែខ្ញុំស្គាល់លោក។+ ប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនស្គាល់លោកទេ ខ្ញុំក៏ជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែខ្ញុំស្គាល់លោក ហើយកំពុងប្រព្រឹត្តតាមបណ្ដាំរបស់លោក។ ៥៦ អាប្រាហាំដែលជាឪពុករបស់អ្នករាល់គ្នាបានត្រេកអរជាខ្លាំង ដោយសង្ឃឹមថានឹងឃើញគ្រារបស់ខ្ញុំ ហើយគាត់បានឃើញ ក៏ត្រេកអរផង»។+ ៥៧ ជនជាតិយូដាបាននិយាយទៅកាន់លោកថា៖ «អ្នកមានអាយុមិនទាន់បាន៥០ឆ្នាំផង ម្ដេចក៏ថាបានឃើញអាប្រាហាំ?»។ ៥៨ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអាប្រាហាំកើតមក មានខ្ញុំហើយ»។+ ៥៩ ឮដូច្នោះ ពួកគេក៏រើសដុំថ្មបម្រុងគប់លោកយេស៊ូ ប៉ុន្តែលោកបានលាក់ខ្លួន រួចចេញពីវិហារទៅ។