ការសម្គាល់ប្រភពអំពើកំណាចអាក្រក់
នៅសតវត្សរ៍ទីមួយ ប្រជាជនយូដាភាគច្រើនបានរង់ចាំពេលដែលព្រះមេស្ស៊ីលេចមកតាមសេចក្ដីសន្យាពីមុន។ (យ៉ូហាន ៦:១៤) ពេលព្រះយេស៊ូមានវត្តមានក្នុងចំណោមពួកគេ លោកបានផ្ដល់ចំណេះនិងជួយសម្រាលទុក្ខពួកគេ។ ព្រះយេស៊ូក៏បានប្រោសមនុស្សឈឺឲ្យជា បានចែកអាហារដល់អ្នកដែលឃ្លាន បានប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ ព្រមទាំងមានអំណាចលើធម្មជាតិផង។ (ម៉ាថាយ ៨:២៦; ១៤:១៤-២១; ១៥:៣០, ៣១; ម៉ាកុស ៥:៣៨-៤៣) ព្រះយេស៊ូបាននាំសារពីព្រះយេហូវ៉ា ហើយផ្ដល់ហេតុឲ្យពួកគេជឿថា ពួកគេអាចមានជីវិតគ្មានទីបញ្ចប់។ (យ៉ូហាន ៣:៣៤) អ្វីដែលព្រះយេស៊ូធ្វើនិងនិយាយនោះ បង្ហាញយ៉ាងច្បាស់ថា លោកជាព្រះមេស្ស៊ីដែលនឹងរំដោះមនុស្សឲ្យផុតពីទំនោរចិត្តមិនល្អ និងរួចពីលទ្ធផលអាក្រក់ដែលមកពីការទោរទន់ទៅរកអំពើដែលប្រាសចាកសីលធម៌។
ដោយសារពួកយូដាបានរង់ចាំព្រះមេស្ស៊ីនាសម័យនោះ គប្បីឲ្យពួកអ្នកដឹកនាំសាសនាយូដាទទួលស្វាគមន៍ព្រះយេស៊ូ ព្រមទាំងស្ដាប់តាមការណែនាំរបស់លោកដោយអំណរ។ ប៉ុន្តែ ពួកគេមិនមានទស្សនៈដូចនោះសោះ! ផ្ទុយទៅវិញ ពួកគេស្អប់និងបៀតបៀនព្រះយេស៊ូ ហើយក៏មានផែនការសម្លាប់លោកផង!—ម៉ាកុស ១៤:១; ១៥:១-៣, ១០-១៥
អាស្រ័យហេតុនោះ ព្រះយេស៊ូមានសិទ្ធិផ្ដន្ទាទោសពួកគេ។ (ម៉ាថាយ ២៣:៣៣-៣៥) ប៉ុន្តែ ព្រះយេស៊ូទទួលស្គាល់ថា មានមេកំណាចមួយរូបនៅពីក្រោយខ្នងអ្នកទាំងនោះ ដែលបណ្ដាលឲ្យគេចង់តែធ្វើអាក្រក់។ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់អ្នកដឹកនាំសាសនាយូដាថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគាប់ចិត្តដល់ឪពុករបស់អ្នក។ វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិតព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ។ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។ (យ៉ូហាន ៨:៤៤) ព្រះយេស៊ូទទួលស្គាល់ថា មនុស្សជួនកាលធ្វើអំពើកំណាចអាក្រក់មែន ប៉ុន្តែពាក្យទាំងនេះរបស់លោកក៏បកអាក្រាតនូវប្រភពនៃអំពើសាហាវយង់ឃ្នង ពោលគឺ អារក្សសាតាំង។
ពេលព្រះយេស៊ូមានប្រសាសន៍ថា «វាមិនបាននៅជាប់ក្នុងសេចក្ដីពិត» នេះបង្ហាញថាអារក្សសាតាំងជាទេវតាមួយរូបដែលធ្លាប់ស្ថិតក្នុងចំណោមពួកអ្នកដែលបម្រើព្រះយេហូវ៉ា តែវាមិនបានស្មោះត្រង់រហូតទេ។ ហេតុអ្វីក៏វាបែរជាអ្នកប្រឆាំងនឹងព្រះយេហូវ៉ា? គឺដោយសារវាឲ្យតម្លៃខ្លួនហួសហេតុពេក ដល់ម្ល៉េះបានជាវាចង់ឲ្យមនុស្សគោរពថ្វាយបង្គំវា។ ប៉ុន្តែតាមពិត មនុស្សគួរថ្វាយបង្គំព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។a—ម៉ាថាយ ៤:៨, ៩
បំណងចិត្តបះបោររបស់សាតាំងបានសឲ្យឃើញច្បាស់នៅក្នុងសួនច្បារអេដែន ពេលវាបានបំភាន់នាងអេវ៉ាឲ្យបរិភោគផ្លែឈើដែលព្រះយេហូវ៉ាហាម។ ពេលសាតាំងនិយាយកុហកជាលើកទីមួយ ព្រមទាំងនិយាយបង្កាច់បង្ខូចព្រះយេហូវ៉ា ពេលនោះវាបានក្លាយជា«ឪពុក»ឬមេផ្ដើមនៃ«ពាក្យភូតភរ»។ ម្យ៉ាងទៀត ពេលសាតាំងញុះញង់អ័ដាមនិងអេវ៉ាឲ្យធ្វើខុសច្បាប់ព្រះ នោះទំនោរចិត្តអាក្រក់ដែលគម្ពីរហៅថាបាប មានអំណាចលើពួកគេ ហើយបណ្ដាលឲ្យពួកគេនិងកូនចៅជំនាន់ក្រោយស្លាប់ដែរ។ គឺតាមរបៀបនេះហើយដែលសាតាំងបានក្លាយខ្លួនជា«អ្នកសំឡាប់គេ» ដូច្នេះវាជាឃាតករសាហាវជាងគេក្នុងប្រវត្ដិសាស្ត្រពិភពលោក!—លោកុប្បត្តិ ៣:១-៦; រ៉ូម ៥:១២
សាតាំងក៏មានឥទ្ធិពលអាក្រក់ទៅលើទេវតាឯទៀតនៅស្ថានសួគ៌ដែរ ដោយបញ្ចុះបញ្ចូលពួកគេឲ្យចូលដៃក្នុងការបះបោរជាមួយនឹងវា។ (ពេត្រុសទី២ ២:៤) ជាលទ្ធផល ទេវតាទាំងនោះក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកចំពោះមនុស្សជាតិ គឺអារម្មណ៍ស្រើបស្រាលចំពោះស្រីៗ។ ចិត្តគំនិតបែបនោះគឺប្រាសចាកពីបំណងដើមរបស់ព្រះយេហូវ៉ាចំពោះពួកទេវតា ហើយទង្វើរបស់ពួកវា ក្រោយៗមកនាំឲ្យមានអំពើសាហាវកំណាចអាក្រក់នៅផែនដី។
ផែនដីពេញទៅដោយអំពើកំណាចអាក្រក់
គម្ពីរព្រះរៀបរាប់ថា៖ «កាលពួកមនុស្សចាប់តាំងមានគ្នាច្រើន . . . ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»។ (លោកុប្បត្តិ ៦:១, ២) តើ«ពួកកូនប្រុសរបស់ព្រះ»សំដៅទៅលើអ្នកណា? កូនព្រះនោះជាពួកទេវតា មិនមែនមនុស្សទេ។ (យ៉ូប ១:៦; ២:១) ហេតុអ្វីក៏យើងសន្និដ្ឋានដូច្នេះបាន? មូលហេតុមួយ មនុស្សប្រុសស្រីបានរៀបការជាមួយគ្នាអស់ប្រមាណ១.៥០០ឆ្នាំហើយ ដូច្នេះមិនជាការចម្លែកអ្វីឡើយ។ ប៉ុន្តែ ពេលគម្ពីរព្រះសំដៅទៅលើ«ពួកកូនប្រុសរបស់ព្រះ»ដែលកំពុងរួមភេទជាមួយ«កូនស្រីរបស់មនុស្ស» នេះច្បាស់ជាសំដៅទៅលើអ្វីដែលមិនធ្លាប់មានពីមុន ហើយជាអ្វីដែលខុសពីធម្មតាវិញ។
ពេលស្ត្រីទាំងនោះបានបង្កើតកូនមក កូនទាំងនោះមានរូបសម្បត្ដិដែលបង្ហាញថា ការរួមភេទរវាងទេវតានិងមនុស្សពិតជាខុសច្បាប់ធម្មជាតិមែន។ កូនទាំងនោះមានមាឌធំៗ ហើយមានលក្ខណៈកាចសាហាវផងដែរ។ តាមពិត ពាក្យភាសាដើមដែលបកប្រែថា «មនុស្សរូបធំសំបើម»នោះ មានន័យចំៗថា «អ្នកផ្ដួល» ដោយសារពួកគេ«ធ្វើឲ្យអ្នកដទៃដួល»។ មនុស្សមាឌធំដ៏សាហាវទាំងនោះ បានត្រូវពណ៌នាថា ជា«មនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ»។—លោកុប្បត្តិ ៦:៤
កូនមាឌធំៗនិងឪពុករបស់វាបានធ្វើអំពើអាក្រក់យង់ឃ្នងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនទេ។ គម្ពីរព្រះចែងថា៖ «មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង»។ (កំណើតពិភពលោក [លោកុប្បត្តិ] ៦:១១, ខ.ស.) គឺច្បាស់ហើយថា មនុស្សសម័យនោះបានយកតម្រាប់តាមគំរូកំណាចអាក្រក់របស់ទេវតាដែលចុះមកក្នុងចំណោមពួកគេ។
តើកូនមាឌធំៗនិងឪពុករបស់វាមានឥទ្ធិពលខ្លាំងទៅលើមនុស្សជាតិដោយរបៀបណា? គឺដោយញុះញង់មនុស្សឲ្យចុះញ៉មនឹងទំនោរចិត្តមិនល្អនិងក្ដីប្រាថ្នាអាក្រក់របស់ខ្លួន។ តើមានលទ្ធផលអ្វី? «គ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដី»។ នៅទីបំផុត ព្រះយេហូវ៉ាបានធ្វើឲ្យមានទឹកជន់លិចផែនដីទាំងមូល ដើម្បីបំផ្លាញមនុស្សនាសម័យនោះអស់ លើកលែងតែបុរសសុចរិតម្នាក់ឈ្មោះណូអេនិងក្រុមគ្រួសាររបស់គាត់។ (លោកុប្បត្តិ ៦:៥, ១២-២២) នៅគ្រានោះ ពួកទេវតាដែលបានរស់ជាមនុស្សនៅផែនដី ត្រូវត្រឡប់ទៅស្ថានសួគ៌ដោយអាម៉ាស់ខ្មាស។ យ៉ាងណាក៏ដោយ ពួកវានៅតែប្រឆាំងនឹងព្រះយេហូវ៉ាព្រមទាំងទេវតាស្មោះត្រង់របស់លោក ដែលប្រៀបដូចជាក្រុមគ្រួសារសុចរិតមួយ។ តាមមើលទៅ ចាប់ពីគ្រានោះមកម្ល៉េះ ដែលព្រះយេហូវ៉ាដាក់កំហិតទៅលើទេវតាអាក្រក់ទាំងឡាយ ដើម្បីកុំឲ្យពួកវាយករូបរាងដូចមនុស្សទៀត។ (យូដាស ៦) យ៉ាងណាក្ដី ទេវតាបះបោរទាំងនោះនៅតែជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅលើមនុស្សជាតិ។
មេកំណាចបានត្រូវបកអាក្រាតហើយ!
គម្ពីរព្រះជួយប្រាប់ឲ្យយើងដឹងអំពីទំហំនៃឥទ្ធិពលអាក្រក់របស់សាតាំង ដោយចែងថា៖ ‹មនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច›។ (យ៉ូហានទី១ ៥:១៩, ខ.ស.) វាកំពុងដឹកនាំមនុស្សក្នុងពិភពលោកនេះឲ្យរងទុក្ខវេទនាកាន់តែខ្លាំងទៅៗ។ តាមការពិត វាមានបំណងធ្វើទុក្ខដល់មនុស្សលោកជាងមុនៗទៅទៀត។ ហេតុអ្វី? ពីព្រោះសាតាំងជាមួយនឹងទេវតាអាក្រក់របស់វាបានត្រូវបោះចេញពីស្ថានសួគ៌នៅឆ្នាំ១៩១៤ ពេលព្រះបានស្ថាបនារាជាណាចក្ររបស់លោកនៅទីនោះ។ ទំនាយក្នុងគម្ពីរព្រះបានបញ្ជាក់ពីព្រឹត្ដិការណ៍ទាំងនោះដោយចែងថា៖ «វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នាទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:៧-១២) បើដូច្នេះ តើសាតាំងប្រើវិធីណាខ្លះដើម្បីមានអានុភាពទៅលើមនុស្សជាតិសព្វថ្ងៃនេះ?
វិធីសំខាន់ចម្បងរបស់សាតាំង គឺដោយបណ្ដុះបណ្ដាលមនុស្សឲ្យមានគំនិតនិងការប្រព្រឹត្តស្របទៅតាមទស្សនៈរបស់វា។ ហេតុនេះហើយបានជាសៀវភៅអេភេសូរ ២:២ រៀបរាប់អំពីសាតាំងថា ជា«មេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ[ឬទស្សនៈនិយម] ដែលសព្វថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ អានុភាពរបស់សាតាំងនិងទេវតាអាក្រក់ទៅលើមនុស្ស ប្រៀបដូចជាខ្យល់«អាកាស»កខ្វក់ដែលបណ្ដាលឲ្យពួកគេបះបោរនឹងព្រះ ហើយប្រឆាំងនឹងតម្រូវការរបស់លោក ជាជាងកោតខ្លាចព្រះនិងធ្វើអំពើល្អវិញ។ យ៉ាងនេះ ពួកវាញុះញង់មនុស្សឲ្យធ្វើអំពើសាហាវកំណាចកាន់តែអាក្រក់ទៅៗ។
‹ចូររក្សាការពារចិត្ត›
រូបអាសអាភាសដែលមានសម្បូរហូរហៀរសព្វថ្ងៃនេះ ប្រៀបដូចជាខ្យល់«អាកាស»កខ្វក់ម្យ៉ាង។ រូបភាពបែបនោះបណ្ដុះបណ្ដាលឲ្យមានចិត្តស្រើបស្រាលខុសសីលធម៌ ហើយក៏ផ្សាយទស្សនៈថា ការប្រព្រឹត្តដែលប្រាសចាកសីលធម៌មិនជាការអាក្រក់ណាស់ណាទេ។ (ថែស្សាឡូនីចទី១ ៤:៣-៥) រូបអាសអាភាសខ្លះក៏រួមបញ្ចូលការរួមភេទមានគ្នាច្រើនហៅថាបូក ការចាប់រំលោភ អំពើហិង្សា ការរួមសង្វាសនឹងសត្វហើយការរំលោភកូនក្មេងជាដើម។ សូម្បីតែរូបអាសអាភាសដែលមិនអាក្រក់ដល់កម្រិតនោះក្ដី ក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ដោយធ្វើឲ្យអ្នកមើលជក់ស្លុងចង់មើលរហូត ទាំងឈ្លក់ចិត្តផង។b មនុស្សដែលមើលរូបអាសអាភាសបង្ខូចចំណងមិត្តភាពរបស់ខ្លួនជាមួយនឹងព្រះ ហើយក៏មិនសូវមានទំនាក់ទំនងល្អជាមួយមនុស្សដទៃដែរ។ រូបអាសអាភាសសឲ្យឃើញច្បាស់នូវគំនិតអាប់អួរបស់ពួកទេវតាអាក្រក់ ដែលផ្សាយគំនិតថោកទាបរបស់វាស្របទៅតាមតណ្ហាក្រាស់ដែលពួកវាមានតាំងពីដើមមក គឺមុនទឹកជំនន់នៅសម័យលោកណូអេម្ល៉េះ។
យើងឃើញថាមានមូលហេតុល្អឲ្យស្តេចសាឡូម៉ូន ដែលជាអ្នកប្រាជ្ញព្រមានថា៖ «ចូររក្សា[ការពារ]ចិត្តដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមក»។ (សុភាសិត ៤:២៣) នេះបានន័យថា បើយើងចង់ការពារចិត្តរបស់ខ្លួនពីគ្រោះថ្នាក់ដែលមកពីការមើលរូបអាសអាភាស ជួនកាលយើងប្រហែលជាត្រូវដូរប៉ុស្តិ៍ទូរទស្សន៍ឬបិទកុំព្យូទ័រ បើមានរូបអាក្រក់ចេញមកដោយឯកឯងពេលយើងប្រើអ៊ីនធឺណិត។ បើមានមែន យើងត្រូវតែបិទភ្លាម កុំស្ទាក់ស្ទើរឲ្យសោះ! ដោយហេតុថាសាតាំងចង់មានអានុភាពទៅលើចិត្តរបស់យើង ដើម្បីឲ្យយើងមានបំណងចិត្តនិងក្ដីប្រាថ្នាអាក្រក់។ ដូច្នេះសូមប្រដូចកាលៈទេសៈរបស់អ្នកផ្ទាល់ទៅនឹងទាហានដែលខំការពារខ្លួនដើម្បីកុំឲ្យគេបាញ់ចំដើមទ្រូង។
យើងក៏ត្រូវការពារចិត្តកុំឲ្យស្រឡាញ់អំពើឃោរឃៅដែរ ពីព្រោះសាតាំងដឹងថា ព្រះយេហូវ៉ា‹ស្អប់ពួកអ្នកដែលចូលចិត្តសេចក្ដីច្រឡោត›និង«អំពើឃោរឃៅ»។ (ទំនុកដំកើង ១១:៥; ខ.ស.) សាតាំងមិនចាំបាច់ញុះញង់យើងឲ្យកាប់សម្លាប់អ្នកដទៃ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាឈប់ស្រឡាញ់យើងទេ តែបើវាគ្រាន់តែបណ្ដុះបណ្ដាលឲ្យយើងចូលចិត្តអំពើឃោរឃៅប៉ុណ្ណោះ នោះគ្រប់គ្រាន់ហើយ។ កម្មវិធីទូរទស្សន៍ ភាពយន្ត បទចម្រៀង សៀវភៅនិងទស្សនាវដ្ដីផ្សេងៗពេញទៅដោយរឿងឃោរឃៅរួមជាមួយរឿងមន្តអាគមផង។ នេះមិនមែនជារឿងចៃដន្យទេ ពីព្រោះទោះជាមនុស្សមាឌធំៗដែលជាកូនចៅរបស់ទេវតាបះបោរនោះបានស្លាប់បាត់អស់ក្ដី មនុស្សសព្វថ្ងៃនេះក៏នៅតែមានចិត្តគំនិតនិងអាកប្បកិរិយាដូចវានៅឡើយ! តើជម្រើសការកម្សាន្តរបស់លោកអ្នកបង្ហាញថាអ្នកកំពុងទប់ទល់នឹងកលល្បិចរបស់សាតាំងទេ?—កូរិនថូសទី២ ២:១១
របៀបទប់ទល់នឹងឥទ្ធិពលកំណាចអាក្រក់របស់សាតាំង
ជួនកាល មើលទៅហាក់ដូចជាយើងគ្មានលទ្ធភាពយកឈ្នះលើពួកអ្នកដែលជះឥទ្ធិពលកំណាចអាក្រក់លើពិភពលោកនេះទេ។ ប៉ុន្តែ គម្ពីរព្រះបញ្ជាក់ថា អស់អ្នកដែលចង់ធ្វើតាមបំណងចិត្តព្រះយេហូវ៉ាត្រូវតែ«តយុទ្ធ . . . ទាស់នឹងអំណាចអាក្រក់»ដែលមកពីទេវតាបះបោរទាំងនោះ ព្រមទាំងទប់ទល់នឹងទំនោរចិត្តមិនល្អរបស់ខ្លួនដែរ។ ប្រសិនបើយើងចង់យកឈ្នះឥទ្ធិពលអាក្រក់ ហើយចង់ផ្គាប់ចិត្តព្រះយេហូវ៉ាមែន យើងត្រូវតែឆ្លៀតយកប្រយោជន៍ពីជំនួយដែលព្រះផ្ដល់ឲ្យយើង។—អេភេសូរ ៦:១២; រ៉ូម ៧:២១-២៥
សកម្មពលរបស់ព្រះយេហូវ៉ាជាថាមពលខ្លាំងក្លាបំផុតក្នុងសកលលោកនេះ ដែលអាចជួយយើងបាន។ នៅសតវត្សរ៍ទីមួយ សាវ័កប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកថា៖ ‹យើងមិនបានទទួលវិញ្ញាណ[ឬចិត្តគំនិត]របស់ពិភពលោកនេះទេ តែបានទទួលវិញ្ញាណ[ឬសកម្មពល]ដែលមកពីព្រះវិញ›។ (កូរិនថូសទី១ ២:១២) ពេលមនុស្សអនុញ្ញាតឲ្យសកម្មពលរបស់ព្រះមានឥទ្ធិពលលើជីវិតខ្លួន នោះពួកគេចាប់ផ្ដើមស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់ ហើយស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។ (អេម៉ុស ៥:១៥) តើយើងអាចទទួលសកម្មពលរបស់ព្រះដោយរបៀបណា? វិធីសំខាន់ៗ គឺដោយអធិស្ឋានសូមសកម្មពលរបស់ព្រះ ព្រមទាំងសិក្សាគម្ពីរដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមនុស្សសរសេរក្រោមឥទ្ធិពលនៃសកម្មពលនោះ ហើយដោយសេពគប់ជាមួយមនុស្សល្អៗដែលពិតជាស្រឡាញ់ព្រះ។—លូកា ១១:១៣; ធីម៉ូថេទី២ ៣:១៦; ហេព្រើរ ១០:២៤, ២៥
បើយើងឆ្លៀតយកប្រយោជន៍ពីជំនួយដែលមកពីព្រះ នោះគឺហាក់ដូចជាយើងចាប់ផ្ដើមពាក់អ្វីដែលគម្ពីរហៅថា «គ្រឿងសឹករបស់ព្រះ»។ មានតែគ្រឿងសឹកនោះប៉ុណ្ណោះដែលអាចការពារយើងពី«ឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។ (អេភេសូរ ៦:១១-១៨) គឺចាំបាច់ណាស់ជាងមុនៗទៅទៀតឲ្យយើងចាត់វិធានការដោយប្រើជំនួយទាំងនេះ។ ហេតុអ្វី?
ជិតដល់ទីបញ្ចប់!
អ្នកតែងបទទំនុកដំកើងបានពោលថា៖ «វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅអស់កល្បជានិច្ចប៉ុណ្ណោះ»។ (ទំនុកដំកើង ៩២:៧) ត្រូវមែន ការដុះដាលឡើងនៃអំពើកំណាចអាក្រក់នៅសព្វថ្ងៃនេះ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងព្រឹត្ដិការណ៍នៅសម័យលោកណូអេ។ នេះជាភ័ស្តុតាងដែលបញ្ជាក់ថា បន្ដិចទៀតព្រះយេហូវ៉ានឹងជំនុំជម្រះមនុស្សអាក្រក់ ព្រមទាំងឃុំទុកសាតាំងនិងទេវតាកំណាចរបស់វា មិនឲ្យពួកវាមានឥទ្ធិពលទៅលើមនុស្សអស់មួយរយៈ។ ក្រោយមក ពួកវាត្រូវបំផ្លាញចោលជារៀងរហូត។ (ធីម៉ូថេទី២ ៣:១-៥; វិវរណៈ ២០:១-៣, ៧-១០) តើព្រះយេហូវ៉ានឹងប្រគល់កិច្ចការនេះឲ្យអ្នកណា? ព្រះយេហូវ៉ានឹងចាត់ព្រះយេស៊ូគ្រិស្តឲ្យធ្វើការនោះ ពីព្រោះគម្ពីរព្រះរៀបរាប់ថា៖ ‹ហេតុនោះបានជាបុត្រព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ›។—យ៉ូហានទី១ ៣:៨
តើលោកអ្នកប្រាថ្នាចង់ឃើញទីបញ្ចប់របស់ពួកកំណាចអាក្រក់ទេ? បើចង់មែន សេចក្ដីសន្យាក្នុងគម្ពីរព្រះពិតជាអាចសម្រាលទុក្ខលោកអ្នកបាន។ គ្មានសៀវភៅណាទៀតដែលជួយសម្គាល់ប្រភពនៃអំពើកំណាចអាក្រក់ ពោលគឺ សាតាំង។ ហើយក៏គ្មានសៀវភៅណាទៀតដែលពន្យល់អំពីទីបញ្ចប់របស់វា និងទីបញ្ចប់នៃអំពើសាហាវយង់ឃ្នងរបស់វាដែរ។ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យទទួលចំណេះថែមទៀតពីគម្ពីរព្រះ ដើម្បីការពារខ្លួនពីឥទ្ធិពលអាក្រក់របស់សាតាំងនៅពេលឥឡូវនេះ។ ចំណេះនោះក៏នាំឲ្យលោកអ្នកមានសេចក្ដីសង្ឃឹមដ៏រឹងមាំចំពោះជីវិតក្នុងពិភពលោកថ្មី ដែលគ្មានអំពើកំណាចអាក្រក់ទៀតឡើយ។—ទំនុកដំកើង ៣៧:៩, ១០
[កំណត់សម្គាល់]
a រីឯទេវតាអាក្រក់ឈ្មោះសាតាំងនោះ យើងមិនដឹងថាពីដើមវាមានឈ្មោះអ្វីទេ។ ប៉ុន្តែ ឈ្មោះ«សាតាំង» ភាសាដើមមានន័យថា «អ្នកប្រឆាំង» ហើយឈ្មោះ«អារក្ស» ភាសាដើមមានន័យថា «អ្នកនិយាយបង្កាច់បង្ខូច»។ ការប្រព្រឹត្តរបស់សាតាំងមានលក្ខណៈប្រហាក់ប្រហែលនឹងទង្វើរបស់ស្តេចពីបុរាណនៅទីក្រុងទីរ៉ុស។ (អេសេគាល ២៨:១២-១៩) ដំបូង ស្តេចនោះមានលក្ខណៈល្អ តែក្រោយមកក៏បានចុះចាញ់នឹងអំណួតរបស់ខ្លួនដូចសាតាំងដែរ។
b មានព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់ដែលមកពីការមើលរូបអាសអាភាស ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ជាភាសាអង់គ្លេស ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ មានចំណងជើងថា “Pornography—Harmless or Harmful?” បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[ប្រអប់/រូបភាពនៅទំព័រ៦]
ការពិតក្នុងរឿងនិទាន
សាសន៍នានាទូទាំងពិភពលោកមានរឿងព្រេងពីបុរាណ ដែលនិទានអំពីមនុស្សដែលមានឥទ្ធិឫទ្ធិដូចទេវតា យក្សមាឌធំនិងទឹកជំនន់ដែលជន់លិចផែនដីអស់រលីង។ ជាឧទាហរណ៍ រឿងនិទានរបស់សាសន៍អាកាឌអំពីស្តេចគាលកាមែសក៏រៀបរាប់អំពីទឹកជំនន់និងអ្នកដែលបានរួចខ្លួនដោយជិះទូកធំ។ រឿងនោះពិពណ៌នាអំពីស្តេចគាលកាមែសជាមនុស្សមានឥទ្ធិឫទ្ធិដូចទេវតា ដែលសាហាវឃោរឃៅហើយមានតណ្ហាក្រាស់។ រឿងព្រេងរបស់សាសន៍អាស្ទិច (នៅទ្វីបអាម៉េរិក) រៀបរាប់ពីពិភពលោកសម័យបុរាណដែលសុទ្ធតែជាមនុស្សយក្ស ហើយក៏សំដៅទៅលើទឹកជំនន់ធំដែរ។ រឿងនិទានរបស់ពួកអឺរ៉ុបប៉ែកខាងជើងក៏រៀបរាប់ពីមនុស្សសាសន៍មួយដែលជាពួកយក្ស។ រឿងនោះក៏ប្រាប់អំពីមនុស្សប្រាជ្ញម្នាក់ឈ្មោះបឺហ្គិលមា ដែលបានសង់ទូកធំមួយដើម្បីសង្គ្រោះខ្លួនគាត់និងភរិយារបស់គាត់ផង។ ពេលពិនិត្យមើលរឿងនិទានទាំងនោះ យើងឃើញថាមានចំណុចប្រហាក់ប្រហែលគ្នា ហើយនេះគាំទ្រអ្វីដែលបានកត់ទុកក្នុងគម្ពីរព្រះ។ គម្ពីរនោះពណ៌នាថា មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែជាកូនចៅរបស់មនុស្សមួយចំនួន ដែលបានរួចរស់ជីវិតពីទឹកជំនន់ធំដែលជន់លិចផែនដីទាំងមូល ហើយបំផ្លាញមនុស្សអាក្រក់នាសម័យនោះ។
រូបភាព]
សិលាចារឹកដែលមានរឿងនិទានអំពីស្តេចគាលកាមែស
[អ្នកផ្ដល់សិទ្ធិ]
The University Museum, University of Pennsylvania (neg. # 22065)
[រូបភាពនៅទំព័រ៥]
មនុស្សសព្វថ្ងៃនេះនៅតែមានអាកប្បកិរិយាដូចកូនចៅរបស់ទេវតាបះបោរពីបុរាណ
[រូបភាពនៅទំព័រ៧]
ចំណេះពីគម្ពីរព្រះជួយយើងឲ្យទប់ទល់នឹងឥទ្ធិពលកំណាចអាក្រក់