សៀវភៅសាំយូអែលទី២
១៣ អាប់សាឡំកូនប្រុសរបស់ដាវីឌ មានប្អូនស្រីម្នាក់ឈ្មោះថេម៉ា។+ នាងមានរូបសម្រស់ស្រស់ស្អាត។ រីឯអាំណូន+ដែលជាកូនប្រុសម្នាក់ទៀតរបស់ដាវីឌ គាត់លង់ស្រឡាញ់ថេម៉ាខ្លាំងណាស់។ ២ អាំណូនស្រឡាញ់ថេម៉ា*ខ្លាំងដល់ម្ល៉េះ បានជាគាត់រសាប់រសល់ក្នុងចិត្ត។ ប៉ុន្តែ គាត់មិនដឹងថាធ្វើយ៉ាងណាឲ្យបាននាងទេ ព្រោះនាងជាស្រីក្រមុំបរិសុទ្ធ។ ៣ អាំណូនមានមិត្តភក្ដិម្នាក់ឈ្មោះយេហូណាដាប+ ដែលជាកូនប្រុសរបស់ស៊ីមមីអា។+ ស៊ីមមីអាជាបងប្រុសរបស់ដាវីឌ។ យេហូណាដាបជាមនុស្សឈ្លាសវៃខ្លាំងណាស់។ ៤ យេហូណាដាបសួរអាំណូនថា៖ «ឱកូនស្ដេចអើយ! ហេតុអ្វីរាល់ព្រឹកអ្នកក្រៀមក្រំចិត្តខ្លាំងម្ល៉េះ? សូមប្រាប់ខ្ញុំ តើមានរឿងអ្វី?»។ អាំណូនតបថា៖ «ខ្ញុំលួចស្រឡាញ់ថេម៉ា ប្អូនស្រី+អាប់សាឡំដែលជាប្អូនប្រុសរបស់ខ្ញុំ»។ ៥ យេហូណាដាបប្រាប់គាត់ថា៖ «សូមអ្នកដេកលើគ្រែ ហើយធ្វើពុតជាឈឺ។ ពេលឪពុករបស់អ្នកមកសួរសុខទុក្ខអ្នក សូមប្រាប់គាត់ថា៖ ‹សូមអនុញ្ញាតឲ្យប្អូនថេម៉ា មកធ្វើអាហារឲ្យខ្ញុំបរិភោគផង។ បើនាងធ្វើអាហារ*នៅចំពោះមុខខ្ញុំ នោះខ្ញុំនឹងបរិភោគអាហារពីដៃរបស់នាង›»។
៦ ដូច្នេះ អាំណូនដេកធ្វើពុតជាឈឺ។ ពេលស្ដេចមកសួរសុខទុក្ខ អាំណូននិយាយទៅស្ដេចថា៖ «សូមអនុញ្ញាតឲ្យប្អូនថេម៉ា មកដុតនំប៉័ង*ពីរដុំនៅចំពោះមុខខ្ញុំ ដើម្បីខ្ញុំអាចបរិភោគពីដៃរបស់នាង»។ ៧ នោះដាវីឌក៏ផ្ញើសារប្រាប់ថេម៉ានៅឯវិមានរបស់នាងថា៖ «សូមកូនទៅវិមានរបស់អាំណូនជាបងប្រុសកូន ហើយធ្វើអាហារឲ្យគាត់បរិភោគ»។ ៨ ដូច្នេះ ថេម៉ាក៏ទៅវិមានអាំណូនជាបងប្រុសរបស់នាង។ ពេលនោះ អាំណូនកំពុងដេកលើគ្រែ។ នាងក៏យកដុំម្សៅមកច្របាច់ធ្វើនំប៉័ង ហើយចម្អិននៅចំពោះមុខគាត់។ ៩ រួចមក នាងលើកអាហារយកមកឲ្យគាត់ តែអាំណូនមិនព្រមបរិភោគទេ។ គាត់និយាយទៅពួកអ្នកបម្រើថា៖ «ចូរអ្នកទាំងអស់គ្នាចេញពីបន្ទប់របស់ខ្ញុំ!»។ ពួកគេទាំងអស់គ្នាក៏ចេញពីបន្ទប់គាត់។
១០ រួចអាំណូននិយាយទៅថេម៉ាថា៖ «សូមប្អូនយកអាហារមកឲ្យបងដល់ដំណេក ដើម្បីបងអាចបរិភាគពីដៃរបស់ប្អូន»។ ថេម៉ាក៏យកនំប៉័ងដែលនាងបានធ្វើមកឲ្យអាំណូនដល់ដំណេករបស់គាត់។ ១១ ពេលនាងយកនំប៉័ងមកឲ្យគាត់បរិភោគ គាត់ចាប់នាង ហើយពោលថា៖ «ប្អូនស្រី ដេកជាមួយនឹងបងមក!»។ ១២ ប៉ុន្តែ នាងនិយាយថា៖ «ទេ បងប្រុស! សូមបងកុំធ្វើឲ្យខ្ញុំខូចកិត្តិយសឡើយ ព្រោះគ្មានអ្នកណាធ្វើដូច្នេះក្នុងស្រុកអ៊ីស្រាអែលទេ។+ សូមកុំធ្វើអំពើថោកទាបនេះឲ្យសោះ។+ ១៣ បើបងធ្វើដូច្នេះ តើឲ្យខ្ញុំរស់ជាមួយនឹងភាពអាម៉ាស់នេះយ៉ាងដូចម្ដេចបាន? ចំណែកបងវិញ គេនឹងចាត់ទុកបងជាមនុស្សថោកទាបក្នុងស្រុកអ៊ីស្រាអែល។ សូមបងជម្រាបលោកឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យបងទេ»។ ១៤ ប៉ុន្តែ អាំណូនមិនព្រមស្ដាប់នាងឡើយ គាត់បានប្រើកម្លាំងចាប់រំលោភនាង។ ១៥ ក្រោយពីអាំណូនរំលោភថេម៉ាហើយ គាត់ក៏កើតមានចិត្តស្អប់ខ្ពើមនាងខ្លាំងដល់ម្ល៉េះ បានជាចិត្តស្អប់នោះខ្លាំងជាងចិត្តស្រឡាញ់ដែលគាត់ធ្លាប់មានចំពោះនាងទៅទៀត។ អាំណូននិយាយទៅកាន់នាងថា៖ «ក្រោកឡើង ហើយចេញទៅ!»។ ១៦ នោះនាងនិយាយថា៖ «កុំឡើយបងប្រុស! ព្រោះការដែលបងបណ្ដេញខ្ញុំចេញនេះ គឺអាក្រក់ជាងការដែលបងទើបតែបានធ្វើមកលើខ្ញុំទៅទៀត!»។ ក៏ប៉ុន្តែ អាំណូនមិនព្រមស្ដាប់នាងឡើយ។
១៧ អាំណូនហៅអ្នកបម្រើវ័យក្មេងមក ហើយប្រាប់ថា៖ «ចូរនាំស្រីនេះចេញពីមុខខ្ញុំ ហើយចាក់សោផង»។ ១៨ ដូច្នេះ អ្នកបម្រើបាននាំនាងចេញទៅក្រៅ រួចបិទទ្វារចាក់សោ (ពេលនោះនាងពាក់អាវវែងពិសេស ជាអាវដែលកូនស្រីស្ដេចពាក់ពេលនៅក្រមុំបរិសុទ្ធ)។ ១៩ ថេម៉ាយកផេះដាក់លើក្បាល+ ហើយហែកអាវវែងប្រណីតដែលនាងពាក់នោះ។ រួចនាងដាក់ដៃទាំងពីរលើក្បាល ហើយចេញទៅ។ នាងដើរបណ្ដើរស្រែកយំបណ្ដើរ។
២០ អាប់សាឡំដែលជាបងប្រុសរបស់នាង+សួរថា៖ «តើអាំណូនបានបំពានលើរូបកាយប្អូនឬ? សូមប្អូននៅស្ងៀមសិន។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏ជាបងប្រុសរបស់ប្អូនដែរ។+ កុំព្រួយចិត្តអំពីរឿងនេះឡើយ»។ ចាប់ពីពេលនោះមក ថេម៉ានៅក្នុងវិមានរបស់អាប់សាឡំដោយមិនទាក់ទងជាមួយនឹងអ្នកណាឡើយ។ ២១ ពេលស្ដេចដាវីឌឮអំពីរឿងនោះ គាត់ខឹងខ្លាំងណាស់។+ ប៉ុន្តែ ដាវីឌមិនចង់ធ្វើឲ្យអាំណូនឈឺចិត្តទេ ព្រោះគាត់ជាកូនច្បង និងជាកូនដែលដាវីឌស្រឡាញ់ទៀតផង។ ២២ អាប់សាឡំមិននិយាយរកអាំណូនទាល់តែសោះ។ គាត់ស្អប់+អាំណូនខ្លាំងណាស់ ព្រោះអាំណូនបានបំពានលើរូបកាយថេម៉ាជាប្អូនស្រីគាត់។+
២៣ វេលាពីរឆ្នាំកន្លងផុតទៅ អាប់សាឡំឲ្យមនុស្សរបស់គាត់កាត់រោមចៀមនៅបាលហាសោជិតក្រុងអេប្រាអ៊ីម។+ អាប់សាឡំក៏អញ្ជើញកូនប្រុសៗទាំងអស់របស់ស្ដេចឲ្យមកជប់លៀងនៅទីនោះ។+ ២៤ អាប់សាឡំបានចូលទៅជួបស្ដេច ហើយនិយាយថា៖ «កូនកំពុងឲ្យគេកាត់រោមចៀម។ កូនសូមអញ្ជើញលោកឪពុកនិងមនុស្សរបស់លោកឪពុកចូលរួមពិធីជប់លៀងជាមួយនឹងកូន»។ ២៥ ស្ដេចនិយាយទៅអាប់សាឡំថា៖ «ទេ កូនអើយ បើយើងទៅទាំងអស់គ្នា ខ្លាចក្រែងកូនពិបាក»។ ទោះជាអាប់សាឡំព្យាយាមអញ្ជើញស្ដេចឲ្យទៅក៏ដោយ តែស្ដេចមិនព្រមទៅទេ។ ពិតមែនតែដាវីឌមិនបានទៅ តែគាត់បានជូនពរអាប់សាឡំ។ ២៦ រួចមក អាប់សាឡំនិយាយថា៖ «បើលោកឪពុកមិនអាចអញ្ជើញទៅបានទេ សូមអនុញ្ញាតឲ្យអាំណូនបងប្រុសខ្ញុំទៅជាមួយនឹងពួកយើង»។+ ស្ដេចតបថា៖ «ហេតុអ្វីចាំបាច់ឲ្យគាត់ទៅជាមួយនឹងកូន?»។ ២៧ ប៉ុន្តែ ដោយសារអាប់សាឡំនៅតែអង្វរសុំ នោះស្ដេចក៏ចាត់អាំណូននិងកូនប្រុសទាំងអស់ឲ្យទៅជាមួយនឹងអាប់សាឡំ។
២៨ បន្ទាប់មក អាប់សាឡំបញ្ជាពួកអ្នកបម្រើថា៖ «ចូរពួកអ្នកត្រៀមខ្លួន! ពេលអាំណូនផឹកស្រាសប្បាយ ស្រវឹងជោកជាំហើយ នោះខ្ញុំនឹងបង្គាប់ពួកអ្នកថា៖ ‹ចូរសម្លាប់អាំណូន!› ពេលនោះពួកអ្នកត្រូវសម្លាប់គាត់ចោលភ្លាម។ កុំភ័យខ្លាចឲ្យសោះ ព្រោះខ្ញុំជាអ្នកបញ្ជាពួកអ្នក។ ចូររឹងមាំហើយក្លាហានឡើង»។ ២៩ ដូច្នេះ ពួកអ្នកបម្រើរបស់អាប់សាឡំបានសម្លាប់អាំណូន តាមបញ្ជារបស់គាត់។ ពេលឃើញដូច្នោះ កូនប្រុសឯទៀតរបស់ស្ដេចស្ទុះក្រោកឡើង ហើយជិះលារៀងៗខ្លួនគេចចេញទៅ។ ៣០ កាលដែលពួកគេកំពុងត្រឡប់ទៅវិញ នោះមានមនុស្សមកប្រាប់ដាវីឌថា៖ «អាប់សាឡំបានសម្លាប់កូនប្រុសទាំងអស់របស់ស្ដេច គ្មានអ្នកណាម្នាក់នៅរស់ទេ»។ ៣១ ពេលស្ដេចដាវីឌឮដូច្នោះ គាត់ក្រោកឡើងហែកសម្លៀកបំពាក់របស់គាត់ ហើយដេកនៅដី។ ពួកអ្នកបម្រើទាំងប៉ុន្មានដែលនៅទីនោះ ក៏ហែកសម្លៀកបំពាក់របស់ពួកគេដែរ។
៣២ ក៏ប៉ុន្តែ យេហូណាដាប+កូនប្រុសស៊ីមមីអា+ដែលជាបងប្រុសដាវីឌ គាត់និយាយថា៖ «សូមលោកម្ចាស់កុំគិតថាកូនប្រុសទាំងអស់របស់លោកស្លាប់ឡើយ មានតែអាំណូនប៉ុណ្ណោះដែលស្លាប់+ គឺអាប់សាឡំជាអ្នកបញ្ជាឲ្យសម្លាប់គាត់។ អាប់សាឡំបានរៀបគម្រោងនេះ+ តាំងពីថ្ងៃដែលអាំណូនបានបំពានលើរូបកាយថេម៉ា+ជាប្អូនស្រីគាត់+មកម្ល៉េះ។ ៣៣ ដូច្នេះ សូមស្ដេចជាម្ចាស់កុំជឿពាក្យគេប្រាប់ថា៖ ‹កូនប្រុសទាំងអស់របស់ស្ដេចស្លាប់›នោះឡើយ។ តាមពិតមានតែអាំណូនប៉ុណ្ណោះដែលស្លាប់»។
៣៤ ចំណែកអាប់សាឡំវិញ គាត់បានរត់គេចខ្លួនបាត់ទៅ។+ ក្រោយមក អ្នកយាមក្រុងក្រឡេកភ្នែកទៅឃើញមនុស្សជាច្រើនកំពុងធ្វើដំណើរមកតាមផ្លូវក្បែរជើងភ្នំ។ ៣៥ យេហូណាដាប+បាននិយាយទៅស្ដេចថា៖ «មើល! កូនប្រុសៗរបស់ស្ដេចត្រឡប់មកវិញហើយ។ នេះដូចអ្វីដែលខ្ញុំបានជម្រាបលោក»។ ៣៦ លុះគាត់និយាយចប់ ពួកកូនស្ដេចក៏មកដល់ទាំងទ្រហោយំ ហើយស្ដេចនិងពួកអ្នកបម្រើទាំងអស់ក៏យំដោយក្ដីជូរចត់យ៉ាងខ្លាំង។ ៣៧ រីឯអាប់សាឡំវិញ គាត់រត់គេចខ្លួនទៅអាស្រ័យនៅជាមួយនឹងតាល់ម៉ាយ+ ជាកូនប្រុសអាំម៉ាយហ៊ូតដែលជាស្ដេចស្រុកកេសឺ។ ចំណែកដាវីឌ គាត់បានយំស្រណោះអាំណូនអស់ជាច្រើនថ្ងៃ។ ៣៨ អាប់សាឡំបានភៀសខ្លួនទៅជ្រកកោននៅស្រុកកេសឺ+ អស់រយៈពេលបីឆ្នាំ។
៣៩ ក្រោយពីស្ដេចដាវីឌឈប់កើតទុក្ខពីរឿងអាំណូនស្លាប់ គាត់ចាប់ផ្ដើមនឹករឭកចង់ទៅជួបអាប់សាឡំ។