អ្នកទូន្មាន
២ បន្ទាប់មក ខ្ញុំបានពោលក្នុងចិត្តថា៖ «ខ្ញុំនឹងសាកល្បងអ្វីដែលសប្បាយៗ* រួចចាំមើលថានឹងទទួលបានអ្វីល្អទេ»។ ប៉ុន្តែ មើល! នោះក៏អសារឥតការដែរ។
២ ខ្ញុំបាននិយាយអំពីការសើចសប្បាយថា៖ «នេះជាការឆ្កួតលីលា!»
ហើយអំពីការត្រេកអរ*ថា៖ «តើនេះមានប្រយោជន៍អ្វី?»។
៣ ខ្ញុំខំសាកមើលថា តើការពិសាស្រាធ្វើឲ្យសប្បាយយ៉ាងណា។+ ប៉ុន្តែ ខ្ញុំចេះរក្សាប្រាជ្ញារបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងប្រព្រឹត្តអំពើល្ងីល្ងើទៀតផង ដើម្បីដឹងថា អ្វីទៅជាការល្អបំផុតដែលមនុស្សគួរធ្វើក្នុងជីវិតដ៏ខ្លីរបស់ពួកគេនៅក្រោមមេឃនេះ។ ៤ ខ្ញុំបានធ្វើកិច្ចការធំៗជាច្រើន+ ខ្ញុំសង់វិមានផ្សេងៗ+ ហើយធ្វើចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួន។+ ៥ ខ្ញុំបានធ្វើសួនតូច និងសួនធំ ព្រមទាំងដាំដើមឈើហូបផ្លែគ្រប់ប្រភេទក្នុងសួនទាំងនោះទៀតផង។ ៦ ខ្ញុំបានជីកស្រះទឹកជាច្រើនទុកស្រោចចម្ការ*ផ្សេងៗ ដើម្បីឲ្យដើមឈើដុះលូតលាស់ល្អ។ ៧ ខ្ញុំមានអ្នកបម្រើប្រុសស្រី+ និងមានអ្នកបម្រើដែលកើតនៅក្នុងផ្ទះដែរ។ ខ្ញុំមានហ្វូងសត្វយ៉ាងក្រាស់ក្រែល មានទាំងហ្វូងគោ ទាំងហ្វូងចៀម+ គឺមានច្រើនលើសអស់អ្នកដែលធ្លាប់រស់នៅក្រុងយេរូសាឡិមមុនខ្ញុំ។ ៨ ខ្ញុំបានប្រមូលមាសប្រាក់+ និងទ្រព្យមានតម្លៃ ជាទ្រព្យរបស់ពួកស្ដេចនៃបណ្ដាខេត្តផ្សេងៗ។+ ខ្ញុំក៏បានប្រមូលផ្ដុំអ្នកចម្រៀងប្រុសស្រី ថែមទាំងប្រមូលស្ត្រីជាច្រើននាក់មកកំដរខ្ញុំ នោះហើយដែលធ្វើឲ្យបុរសទាំងឡាយរីករាយក្រៃលែង។ ៩ ម្ល៉ោះហើយ ខ្ញុំបានធំខ្ពង់ខ្ពស់លើសអស់អ្នកដែលធ្លាប់រស់នៅក្រុងយេរូសាឡិមមុនខ្ញុំ។+ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានប្រាជ្ញាជានិច្ច។
១០ អ្វីក៏ដោយដែលខ្ញុំចង់ធ្វើ ខ្ញុំបានធ្វើទាំងអស់។+ ខ្ញុំតែងតែប្រឡូកការសប្បាយ*គ្រប់ប្រភេទ ព្រោះចិត្តខ្ញុំរីករាយនឹងការខំប្រឹងប្រែងរបស់ខ្លួន។ នេះជារង្វាន់*ដែលខ្ញុំបានទទួលពីកិច្ចការនឿយហត់ទាំងអស់របស់ខ្ញុំ។+ ១១ ប៉ុន្តែ ពេលខ្ញុំរំពឹងគិតអំពីអស់ទាំងស្នាដៃ និងអស់ទាំងកិច្ចការនឿយហត់ដែលខ្ញុំបានសម្រេច+ នោះខ្ញុំបានឃើញថាអ្វីៗទាំងប៉ុន្មានសុទ្ធតែអសារឥតការ ប្រៀបដូចជាការដេញចាប់ខ្យល់+ ហើយគ្មានប្រយោជន៍*ទាល់តែសោះនៅក្រោមថ្ងៃ។+
១២ រួចមក ខ្ញុំបែរទៅគិតពិចារណាអំពីប្រាជ្ញា ភាពឆ្កួតលីលា និងភាពល្ងីល្ងើវិញម្ដង+ (ព្រោះតើអ្នកដែលមកក្រោយស្ដេចនេះនឹងអាចធ្វើអ្វីបាន? គេធ្វើបានតែអ្វីដែលអ្នកឯទៀតធ្លាប់ធ្វើរួចមកហើយ)។ ១៣ ខ្ញុំបានឃើញថាប្រាជ្ញាប្រសើរជាងភាពល្ងីល្ងើ+ ដូចពន្លឺប្រសើរជាងភាពងងឹត។
១៤ រីឯមនុស្សមានប្រាជ្ញាឃើញច្បាស់អំពីផ្លូវដែលខ្លួនដើរ+ តែមនុស្សល្ងីល្ងើចេះតែដើរទៅក្នុងភាពងងឹត។+ ខ្ញុំក៏បានយល់ដែរថា នៅទីបំផុតពួកគេមានទីបញ្ចប់ដូចគ្នា។+ ១៥ រួចខ្ញុំបានពោលក្នុងចិត្តថា៖ «អ្វីដែលកើតឡើងដល់មនុស្សល្ងីល្ងើ ក៏នឹងកើតឡើងដល់ខ្ញុំដែរ»។+ បើដូច្នេះ តើខ្ញុំមានប្រាជ្ញាច្រើនលើសលប់ដើម្បីអ្វី? ហេតុនេះ ខ្ញុំពោលក្នុងចិត្តទៀតថា៖ «នេះក៏អសារឥតការដូចគ្នា»។ ១៦ ព្រោះមនុស្សមានប្រាជ្ញាក៏ដូចមនុស្សល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំអំពីពួកគេរហូតទេ។+ កាលដែលពេលវេលាកន្លងទៅ មនុស្សគ្រប់រូបនឹងភ្លេចពួកគេជាមិនខាន។ មនុស្សមានប្រាជ្ញានិងមនុស្សល្ងីល្ងើគង់តែស្លាប់ដូចតែគ្នា។+
១៧ ហេតុនេះហើយបានជាខ្ញុំស្អប់ជីវិតនេះ+ ដោយសារខ្ញុំឃើញថា អ្វីៗទាំងប៉ុន្មានដែលធ្វើនៅក្រោមថ្ងៃសុទ្ធតែជាទុក្ខលំបាក ព្រោះអ្វីៗសព្វបែបយ៉ាងគឺអសារឥតការ+ ប្រៀបដូចជាការដេញចាប់ខ្យល់។+ ១៨ ខ្ញុំស្អប់អ្វីទាំងប៉ុន្មានដែលខ្ញុំបានខំប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ+ ដោយសារខ្ញុំត្រូវរក្សាទុកអ្វីទាំងនោះឲ្យអ្នកដែលមកក្រោយខ្ញុំ។+ ១៩ តើអ្នកណាដឹងថាគាត់នឹងមានប្រាជ្ញាឬល្ងង់ខ្លៅ?+ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងគ្រប់គ្រងលើអ្វីៗទាំងអស់ដែលខ្ញុំព្យាយាមរកបានដោយប្រាជ្ញានៅក្រោមថ្ងៃ។ នេះក៏អសារឥតការដូចគ្នា។ ២០ ដូច្នេះ ខ្ញុំចាប់ផ្ដើមអស់សង្ឃឹមចំពោះការនឿយហត់ទាំងប៉ុន្មានដែលខ្ញុំបានធ្វើនៅក្រោមថ្ងៃ។ ២១ មនុស្សម្នាក់ប្រហែលជាខិតខំធ្វើការដោយប្រើប្រាជ្ញា ចំណេះ និងជំនាញរបស់ខ្លួន តែគាត់បែរជាត្រូវប្រគល់អ្វីគ្រប់យ៉ាង*ឲ្យទៅមនុស្សម្នាក់ទៀតដែលមិនបានធ្វើអ្វីសោះ។+ នេះក៏អសារឥតការដែរ ថែមទាំងជាការបរាជ័យយ៉ាងធំ*ទៀតផង។
២២ តើមនុស្សទទួលបានអ្វីពិតប្រាកដពីការខំប្រឹងប្រែង និងគោលដៅដែលជំរុញចិត្តគាត់*ឲ្យធ្វើការយ៉ាងនឿយហត់នៅក្រោមថ្ងៃ?+ ២៣ ព្រោះការងាររបស់គាត់នាំឲ្យគាត់រងទុក្ខលំបាក និងតានតឹងចិត្តពេញមួយជីវិត+ សូម្បីតែនៅពេលយប់ក៏ចិត្តរបស់គាត់មិនបានស្ងប់ដែរ។+ នេះក៏អសារឥតការដូចគ្នា។
២៤ ចំពោះមនុស្ស គ្មានអ្វីប្រសើរជាងការផឹក ការបរិភោគ និងការសប្បាយរីករាយដែលបានមកពីការនឿយហត់របស់ខ្លួនឡើយ។+ ខ្ញុំក៏ជឿជាក់ដែរថា នេះគឺមកពីព្រះដ៏ពិត+ ២៥ ព្រោះគ្មានអ្នកណាម្នាក់ផឹកឬបរិភោគប្រសើរជាងខ្ញុំឡើយ។+
២៦ ចំពោះអ្នកដែលធ្វើឲ្យព្រះពេញចិត្ត នោះលោកផ្ដល់ប្រាជ្ញា ចំណេះ និងចិត្តរីករាយដល់អ្នកនោះ។+ ប៉ុន្តែ ចំពោះមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង លោកផ្ដល់ការងារឲ្យពួកគេ គឺឲ្យពួកគេប្រមូលទ្រព្យសម្បត្តិទុកសម្រាប់អ្នកដែលធ្វើឲ្យព្រះពិតពេញចិត្ត។+ នេះក៏អសារឥតការដែរ ប្រៀបដូចជាការដេញចាប់ខ្យល់។