ជីវិតដែលមានន័យខ្លឹមសារ នៅឥឡូវនេះនិងជារៀងរហូត
លោកអ្នកអាចមានជីវិតដែលមានន័យខ្លឹមសារសូម្បីតែឥឡូវនេះក៏ដោយ។ តើតាមរបៀបណាទៅ? គឺដោយធ្វើតាមគោលការណ៍ដ៏ល្អដែលមានក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ សូមឲ្យយើងពិចារណានូវគោលការណ៍ខ្លះៗដូចតទៅនេះ:
គោលការណ៍ក្នុងគម្ពីរ: ស្តេចសាឡូម៉ូនបានសរសេរអំពីមនុស្សថា៖ «គ្មានអ្វីវិសេស . . . ជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយដោយផលនៃការដែលខ្លួនបានធ្វើ»។—សាស្ដា ២:២៤
ព្រះបានបង្កើតមនុស្សមកឲ្យចេះស្កប់ចិត្តនឹងការងារ។ សូម្បីតែមានស្ថានភាពពិបាកក៏ដោយ ក៏លោកអ្នកអាចស្កប់ចិត្តមួយកម្រិតនៅឥឡូវនេះដោយឧស្សាហ៍ធ្វើការយ៉ាងទៀងត្រង់។
គោលការណ៍ក្នុងគម្ពីរ: «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
មនុស្សជាច្រើនបានយល់ថា ការធ្វើអ្វីៗដើម្បីអ្នកដទៃបានជួយពួកគេឲ្យមានចិត្តសប្បាយ និងមានន័យក្នុងជីវិតយ៉ាងពិតប្រាកដ។ ជាឧទាហរណ៍ ពួកគេប្រហែលជាលះបង់ពេលវេលានិងកម្លាំង ដើម្បីជួយអ្នកឯទៀតដែលស្ថិតក្នុងស្ថានភាពដ៏ពិបាក។ ស្តេចសាឡូម៉ូនបានសរសេរថា៖ «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណាដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។—សុភាសិត ៣:២៧
សូមពិចារណាអំពីគំរូរបស់បងប្រុសរ៉ាហ្វ។ ក្រោយពីបានចូលនិវត្តន៍មក គាត់បានរួមចំណែកជាមួយភរិយារបស់គាត់ក្នុងការផ្សព្វផ្សាយពេញពេល។ ពួកគេបានចំណាយពេលមួយចំនួនរាល់ខែដើម្បីបង្រៀនអ្នកឯទៀតអំពីគម្ពីរ។ បងប្រុសរ៉ាហ្វបានស្រដីថា៖ «ល្ងាចឡើងពេលយើងមកដល់ផ្ទះ យើងមិនគ្រាន់តែអស់កម្លាំងដោយសារអាយុកាន់តែចាស់ប៉ុណ្ណោះទេ តែក៏អស់កម្លាំងដោយសារយើងបានខំប្រឹងអស់ពីសមត្ថភាពដើម្បីបម្រើបិតារបស់យើងនៅស្ថានសួគ៌ដែរ។ ទោះជាយ៉ាងនោះក៏ដោយ នេះធ្វើឲ្យយើងសប្បាយមែន!»។ គាត់និងភរិយារបស់គាត់មានសុភមង្គល ដោយសារពួកគាត់ផ្ចង់អារម្មណ៍ទៅលើការឲ្យអ្នកឯទៀត។
គោលការណ៍ក្នុងគម្ពីរ: «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧
ការជួយរំលែកទុក្ខគ្នាអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកក្នុងជីវិតបានងាយស្រួលជាង។ ទស្សនវិទូជនជាតិអង់គ្លេសម្នាក់ឈ្មោះហ្វ្រែនស៊ីស បេខិន បានសរសេរថា ចំពោះមនុស្សដែលគ្មានមិត្តភក្ដិជិតស្និទ្ធ នោះពួកគេប្រៀបដូចជា«ពិភពលោកមួយដែលមានតែទីរហោស្ថាន»។ ការមានមិត្តភក្ដិជិតស្និទ្ធនិងការធ្វើជាមិត្តល្អអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកក្នុងជីវិតបានងាយស្រួលជាង ហើយនេះអាចធ្វើឲ្យយើងស្កប់ចិត្តនិងមានសុភមង្គលផងដែរ។
គោលការណ៍ក្នុងគម្ពីរ: «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
ខគម្ពីរខាងលើនេះ លោកយេស៊ូបានបញ្ជាក់អំពីតម្រូវការដ៏សំខាន់មួយគឺថា បើលោកអ្នកចង់ទទួលប្រយោជន៍ពីការសម្រេចនៃពាក្យសន្យារបស់ព្រះ នោះលោកអ្នកត្រូវទទួលស្គាល់ថាខ្លួនត្រូវការ«ការណែនាំពីព្រះ»និងត្រូវបំពេញសេចក្ដីត្រូវការនោះ។ យើងមិនដូចសត្វទេ ពីព្រោះយើងកើតមកដោយចង់យល់អំពីខ្លឹមសារនៃជីវិតនិងគោលបំណងសម្រាប់ជីវិត។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះទេដែលអាចបំពេញសេចក្ដីត្រូវការនោះ ហើយលោកអ្នកអាចធ្វើដូច្នេះតាមរយ:គម្ពីរដែលជាបណ្ដាំរបស់លោក។ ដូចយើងបានឃើញនៅអត្ថបទមុន គម្ពីរបើកសម្ដែងឲ្យយើងស្គាល់គោលបំណងរបស់ព្រះសម្រាប់ផែនដី។ គម្ពីរក៏ប្រាប់យើងផងដែរអំពីមូលហេតុដែលយើងមានជីវិតរស់នៅ មូលហេតុដែលមានទុក្ខលំបាកច្រើនម្ល៉េះ និងអ្វីដែលព្រះចង់ឲ្យយើងធ្វើ។ ការយល់សេចក្ដីពិតនៃបទគម្ពីរទាំងនេះគឺសំខាន់ដើម្បីឲ្យជីវិតយើងមានន័យខ្លឹមសារនិងស្កប់ស្កល់ចិត្ត។ ពួកអ្នកដែលលៃទុកពេលដើម្បីសិក្សាគម្ពីរ ហើយអនុវត្តអ្វីដែលពួកគេបានរៀន នោះមានសុភមង្គល។ ហេតុអ្វីក៏ពួកគេអាចមានសុភមង្គលបាន? ពីព្រោះពួកគេពង្រឹងចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើងនិងជា«ព្រះដែលមានសេចក្ដីសប្បាយ»។—ធីម៉ូថេទី១ ១:១១
គោលការណ៍ក្នុងគម្ពីរ: «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន . . . មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិតដែលឯងនឹងថា អញអស់សប្បាយហើយ»។—សាស្ដា ១២:១
ឱវាទរបស់ស្តេចសាឡូម៉ូនខាងលើនេះគឺផ្ដល់ឲ្យដល់ប្អូនៗវ័យក្មេង ពីព្រោះពេលនៅក្មេងនៅឡើយ ពួកគេមិនចេះសម្គាល់ការពិបាកផ្សេងៗក្នុងជីវិតទេ។ ប៉ុន្តែឱវាទនេះក៏ទាក់ទងនឹងយើងទាំងអស់គ្នាដែរ។ ដូច្នេះ សូមចាត់ទុកព្រះដែលជាអ្នកបង្កើតជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់លោកអ្នក។ ការធ្វើដូច្នេះនឹងនាំឲ្យជីវិតរបស់លោកអ្នកមានគោលបំណងពិត។ សូមកុំមានទស្សនៈដូចអ្នកឯទៀតដែលថា៖ «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ (កូរិនថូសទី១ ១៥:៣២) ដូចសាស្ដា ៨:១២បានចែង បើលោកអ្នកចាត់ទុកព្រះជាបុគ្គលដែលសំខាន់បំផុត នោះលោកអ្នក«នឹងមានសេចក្ដីសុខស្រួល»។
ប្អូនស្រីម្នាក់ឈ្មោះវេនឌីបានពិសោធដឹងថាពាក្យនេះជាការពិតមែន។ ពេលគាត់នៅក្មេង គាត់និងប្អូនស្រីរបស់គាត់បានរៀនភាសាអេស្ប៉ាញដើម្បីអាចទៅរស់នៅសាធារណរដ្ឋដូមីនីកាំងជាកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយដំណឹងល្អអំពីគម្ពីរ។ គាត់បាននិយាយថា៖ «យើងបានលះបង់អ្វីៗជាច្រើនដើម្បីអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយ តែយើងរីករាយខ្លាំងណាស់។ គ្មានអ្វីអាចប្រៀបស្មើនឹងរយៈពេល៦ខែនេះបានឡើយ! ពរដែលយើងទទួលមានតម្លៃថ្លៃជាងការលះបង់របស់យើងទៅទៀត»។
ភក្ដីភាពចំពោះព្រះធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារ
ការបង្កើតឲ្យមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាអាចធ្វើឲ្យជីវិតរបស់លោកអ្នកមានន័យខ្លឹមសារតាមវិធីដ៏ពិសេសមួយ។ តើតាមរបៀបណា? សាថានមិនគ្រាន់តែនាំអាដាមនិងអេវ៉ាឲ្យបះបោរប្រឆាំងនឹងច្បាប់របស់ព្រះប៉ុណ្ណោះទេ តែវាក៏បញ្ជាក់ដែរថាគ្មានមនុស្សណានឹងនៅស្មោះភក្ដីចំពោះព្រះក្រោមការល្បងលទេ។ (យ៉ូប ១:៩-១១; ២:៤) ប៉ុន្តែលោកអ្នកអាចជួយបង្ហាញថាសាថានជាអ្នកកុហកបាន! តើតាមវិធីណា? គឺដោយនៅស្មោះភក្ដីចំពោះព្រះ ធ្វើតាមគោលការណ៍របស់លោក និងដោយបង្ហាញថាលោកអ្នកទទួលស្គាល់សិទ្ធិដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាក្នុងការសម្រេចឲ្យយើងចំពោះអ្វីដែលខុសនិងអ្វីដែលត្រូវ។—ការបើកបង្ហាញ ៤:១១
ប្រសិនបើយើងចង់ស្វែងរកផ្លូវទៀងត្រង់ យើងប្រហែលជាត្រូវស៊ូទ្រាំនឹងបញ្ហាខ្លះៗ។ តើបញ្ហាទាំងនោះនឹងធ្វើឲ្យជីវិតរបស់យើងលែងមានន័យឬទេ? សូមស្រមៃថា សត្រូវដ៏សាហាវម្នាក់កំពុងមួលបង្កាច់មិត្តភក្ដិនិងសមាជិកក្រុមគ្រួសាររបស់យើង។ បើការការពារកេរ្ដិ៍ឈ្មោះរបស់ពួកគាត់ធ្វើឲ្យយើងជួបការលំបាកដោយសារស្នាដៃរបស់ពួកខ្មាំងសត្រូវ តើនោះនឹងធ្វើឲ្យជីវិតរបស់យើងលែងមានន័យឬទេ? ប្រាកដជាមិនមែនទេ! យើងនឹងសុខចិត្តស៊ូទ្រាំការលំបាកទាំងនោះដើម្បីជួយការពារកេរ្ដិ៍ឈ្មោះរបស់ពួកគាត់។ ការរក្សាភក្ដីភាពចំពោះព្រះក៏ដូចគ្នាដែរ។ តាមពិត ភក្ដីភាពរបស់យើងចំពោះព្រះក្រោមស្ថានភាពអាក្រក់នៅឥឡូវនេះធ្វើឲ្យព្រះពេញចិត្តនឹងយើង។—សុភាសិត ២៧:១១
ជីវិតដែលមានន័យខ្លឹមសារជារៀងរហូត
សូមខំប្រឹងអស់ពីសមត្ថភាពដើម្បីរៀនអំពីព្រះនិងគោលបំណងរបស់លោក។ លោកយេស៊ូគ្រិស្តមានប្រសាសន៍ថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ពេលដែលព្រះសម្រេចគោលបំណងដើមរបស់លោកសម្រាប់ផែនដី មនុស្សដែលមានចិត្តស្មោះត្រង់នឹងរីករាយចំពោះអ្វីដែលព្រះយេហូវ៉ាសន្យាដល់ពួកគេ ពោលគឺទទួល«ជីវិតដែលគ្មានទីបញ្ចប់»នៅលើផែនដី។ នៅគ្រានោះជីវិតយើងនឹងមានន័យយ៉ាងពិតប្រាកដថែមទាំងស្កប់ចិត្តទៀតផង។—ទំនុកតម្កើង ១៤៥:១៦
តើលោកអ្នកអាចទទួលចំណេះដែលលោកយេស៊ូបានមានប្រសាសន៍នោះតាមរបៀបណា? គឺតាមរយៈគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ ប្រសិនបើលោកអ្នកត្រូវការជំនួយស្តីអំពីរឿងនេះ សូមកុំស្ទាក់ស្ទើរសរសេរទៅកាន់អ្នកបោះពុម្ពទស្សនាវដ្ដីនេះឡើយ។ ពួកគាត់នឹងពេញចិត្តរៀបចំឲ្យបុគ្គលម្នាក់ទៅជួយលោកអ្នកដើម្បីរៀនអំពីអ្វីដែលគម្ពីរពិតជាបង្រៀន។