សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
១ ពីខ្ញុំ ប៉ូល និងស៊ីលវេនុស* ព្រមទាំងធីម៉ូថេ+ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនិចដែលរួបរួមជាមួយនឹងព្រះជាបិតារបស់យើង និងលោកម្ចាស់យេស៊ូគ្រិស្ត៖*
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ បងប្អូនអើយ យើងមានភារកិច្ចអរគុណព្រះសម្រាប់អ្នករាល់គ្នាជានិច្ច។ យើងធ្វើដូច្នេះគឺត្រឹមត្រូវ ពីព្រោះអ្នករាល់គ្នាមានជំនឿកាន់តែរឹងមាំ ហើយអ្នកទាំងអស់គ្នាក៏ស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងដែរ។+ ៤ ហេតុនេះ ក្នុងចំណោមក្រុមជំនុំទាំងឡាយរបស់ព្រះ យើងមានមោទនភាពចំពោះអ្នករាល់គ្នា+ ដោយសារអ្នករាល់គ្នាបង្ហាញជំនឿនិងការស៊ូទ្រាំ ទោះជាអ្នករាល់គ្នាកំពុងជួបការបៀតបៀននិងទុក្ខលំបាក*គ្រប់បែបយ៉ាងក៏ដោយ។+ ៥ នេះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះវិនិច្ឆ័យដោយសុចរិតយុត្តិធម៌ ហើយដោយសារការនោះ អ្នករាល់គ្នាបានត្រូវចាត់ទុកថាជាអ្នកដែលសមនឹងទទួលរាជាណាចក្រព្រះ ព្រោះនោះជាមូលហេតុដែលអ្នករាល់គ្នាកំពុងរងទុក្ខ។+
៦ ដោយសារការវិនិច្ឆ័យរបស់ព្រះគឺសុចរិតយុត្តិធម៌ នោះលោកនឹងសងទុក្ខវេទនាដល់ពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នារងទុក្ខវេទនា។+ ៧ ពេលដែលលោកម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោក+ក្នុងអណ្ដាតភ្លើង នោះអ្នករាល់គ្នាដែលកំពុងរងទុក្ខវេទនា នឹងទទួលបានការធូរស្បើយជាមួយនឹងយើង។+ ៨ នៅគ្រានោះ លោកនឹងសងសឹកចំពោះពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់ដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង។+ ៩ អ្នកទាំងនោះនឹងត្រូវកាត់ទោសឲ្យទទួលសេចក្ដីហិនវិនាសជារៀងរហូត+ ឲ្យផុតបាត់ពីមុខលោកម្ចាស់និងឫទ្ធានុភាពដ៏រុងរឿងរបស់លោក ១០ នៅពេលដែលលោកមកដើម្បីទទួលសិរីរុងរឿងជាមួយនឹងពួកអ្នកបរិសុទ្ធរបស់លោក នោះអស់អ្នកដែលបានបង្ហាញជំនឿលើលោកនឹងកោតស្ញប់ស្ញែងចំពោះលោក ហើយដោយសារអ្នករាល់គ្នាបានជឿអ្វីៗដែលយើងបានប្រាប់ នោះអ្នករាល់គ្នាក៏នឹងនៅក្នុងចំណោមអ្នកទាំងនោះដែរ។
១១ ហេតុនោះ យើងតែងតែអធិដ្ឋានដើម្បីអ្នករាល់គ្នាជានិច្ច និងសូមឲ្យព្រះរបស់យើងចាត់ទុកអ្នករាល់គ្នាថាជាអ្នកដែលលោកសមនឹងហៅ+ ហើយដោយឫទ្ធានុភាពរបស់លោក សូមឲ្យលោកសម្រេចការល្អទាំងអស់ដែលលោកចង់ធ្វើចំពោះអ្នករាល់គ្នា ព្រមទាំងធ្វើឲ្យកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿបានទទួលជោគជ័យ។ ១២ នេះគឺដើម្បីឲ្យនាមរបស់លោកយេស៊ូជាម្ចាស់របស់យើងទទួលការលើកតម្កើងតាមរយៈអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាទទួលសិរីរុងរឿងដោយរួបរួមជាមួយនឹងលោក ស្របតាមគុណដ៏វិសេសលើសលប់នៃព្រះរបស់យើងនិងលោកម្ចាស់យេស៊ូគ្រិស្ត។