ព្រះជំនុំជំរះនិងកាត់ទោសមនុស្សទុច្ចរិត
«ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»។—អេម៉ុស ៤:១២
១, ២. ហេតុអ្វីយើងអាចជឿជាក់ថាព្រះនឹងបំបាត់ចោលអំពើទុច្ចរិត?
តើព្រះយេហូវ៉ានឹងបំបាត់អំពើទុច្ចរិតនិងការឈឺចាប់ចេញពីផែនដីឬទេ? ឥឡូវនេះជាដើមសតវត្សរ៍ទី២១ នេះធ្វើឲ្យមានហេតុច្រើនជាងមុនទៅទៀតឲ្យសួរសំនួរនេះ។ មិនថាយើងមើលកន្លែងណាក៏ដោយ ឃើញតែមនុស្សប្រព្រឹត្តយ៉ាងឃោរឃៅព្រៃផ្សៃទៅលើមនុស្សឯទៀត។ លោកីយ៍មួយដែលគ្មានអំពើឃោរឃៅ ភេរវកម្ម និងអំពើពុករលួយជាអ្វីដែលយើងចង់បានណាស់!
២ ប៉ុន្តែ មានដំណឹងល្អមួយដែលយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងបំបាត់ចោលអំពើទុច្ចរិតមែន។ គុណសម្បត្ដិរបស់ព្រះយេហូវ៉ាផ្ទាល់ជាទីសំអាងឲ្យដឹងថា ទ្រង់នឹងចាត់វិធានការដាក់ទោសលើមនុស្សអាក្រក់។ ព្រះយេហូវ៉ាជាព្រះមួយអង្គសុចរិតនិងធ្វើអ្វីទាំងអស់ដោយយុត្ដិធម៌។ នៅទំនុកដំកើង ៣៣:៥ ព្រះបន្ទូលរបស់ព្រះចែងថា៖ «ទ្រង់ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»។ ហើយទំនុកមួយទៀតក៏ចែងថា៖ «[ព្រះយេហូវ៉ា]មានព្រះហឫទ័យស្អប់ដល់ . . . ពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោត»។ (ទំនុកដំកើង ១១:៥) ព្រះយេហូវ៉ាដែលមានគ្រប់ព្រះចេស្ដាថែមទាំងស្រឡាញ់សេចក្ដីសុចរិតហើយយុត្ដិធម៌នឹងមិនត្រាប្រណីជានិច្ចនូវអ្វីដែលទ្រង់ស្អប់នោះឡើយ មែនទេ?
៣. តើការពិចារណាថែមទៀតនូវទំនាយអេម៉ុសបញ្ជាក់ឲ្យយើងដឹងអ្វីខ្លះ?
៣ ចូរពិនិត្យមើលហេតុមួយទៀតដែលយើងអាចដឹងជាក់ថា ព្រះយេហូវ៉ានឹងបំបាត់ចោលអំពើទុច្ចរិត។ អ្វីដែលទ្រង់ធ្លាប់ធ្វើនៅអតីតកាលជាទីសំអាងថា ទ្រង់នឹងបំបាត់ចោលមែន។ ក្នុងព្រះគម្ពីរនៅសៀវភៅអេម៉ុសមានឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់ ដែលបង្ហាញពីរបៀបព្រះយេហូវ៉ាតែងតែប្រព្រឹត្តទៅលើមនុស្សទុច្ចរិត។ ការពិចារណាថែមទៀតនូវទំនាយអេម៉ុសនឹងបញ្ជាក់នូវចំណុចបីយ៉ាងទាក់ទងនឹងការជំនុំជំរះរបស់ព្រះ។ ទីមួយ ការជំនុំជំរះរបស់ព្រះតែងតែសក្ដិសម។ ទីពីរ មនុស្សទុច្ចរិតពុំអាចគេចផុតពីការជំនុំជំរះរបស់ព្រះ។ ហើយទីបី ព្រះជំនុំជំរះចំពោះមនុស្សដែលសមតែទទួល គឺថាទ្រង់ជំនុំជំរះតែមនុស្សទុច្ចរិត និងបង្ហាញនូវក្ដីមេត្ដាករុណាដល់មនុស្សប្រែចិត្តនិងមនុស្សដែលសមទទួលជីវិតជារៀងរហូត។—រ៉ូម ៩:១៧-២៦
ការជំនុំជំរះរបស់ព្រះតែងតែសក្ដិសម
៤. តើព្រះយេហូវ៉ាបានចាត់អេម៉ុសឲ្យទៅទីណា? ហើយដោយមានបំណងអ្វី?
៤ នៅសម័យអេម៉ុស សាសន៍អ៊ីស្រាអែលបានបែកជាព្រះរាជាណាចក្រពីរហើយ។ ខាងត្បូងគឺព្រះរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរ ហើយខាងជើងគឺព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់។ ព្រះយេហូវ៉ាបានចាត់អេម៉ុសឲ្យគាត់បំរើជាព្យាការីម្នាក់ ដោយចាត់គាត់ឲ្យចេញពីស្រុកកំណើតនៅស្រុកយូដាទៅស្រុកអ៊ីស្រាអែល។ ព្រះនឹងប្រើអេម៉ុសឲ្យប្រកាសពីការជំនុំជំរះរបស់ទ្រង់នៅទីនោះ។
៥. មុនដំបូង តើអេម៉ុសប្រកាសពីការជំនុំជំរះទៅលើសាសន៍ណា? តើអ្វីជាមូលហេតុមួយដែលសាសន៍ទាំងនោះសមទទួលការជំនុំជំរះ?
៥ អេម៉ុសមិនបានចាប់ផ្ដើមប្រកាសថា ព្រះយេហូវ៉ាបានជំនុំជំរះនិងកាត់ទោសប្រជាជនមានចិត្តវៀចវេរដែលរស់នៅក្នុងព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើងនោះទេ។ ផ្ទុយទៅវិញ គាត់ចាប់ផ្ដើមដោយប្រកាសពីការជំនុំជំរះទៅលើសាសន៍ទាំងប្រាំមួយដែលនៅជុំវិញព្រះរាជាណាចក្រខាងជើង ពោលគឺសាសន៍ស៊ីរី ភីលីស្ទីន ទីរ៉ុស អេដំម អាំម៉ូន និងម៉ូអាប់។ ប៉ុន្តែ តើសាសន៍ទាំងនេះពិតជាសមទទួលការជំនុំជំរះនិងការកាត់ទោសពីព្រះឬ? ពិតជាសមនឹងទទួលការកាត់ទោសមែន! មូលហេតុមួយគឺដោយសារពួកគេបានចងចិត្តធ្វើជាសត្រូវជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។
៦. ហេតុអ្វីក៏ព្រះយេហូវ៉ាហៀបនឹងធ្វើឲ្យសាសន៍ស៊ីរី ភីលីស្ទីន និងទីរ៉ុសជួបក្ដីអន្តរាយ?
៦ ជាឧទាហរណ៍ ព្រះយេហូវ៉ាផ្ដន្ទាទោសសាសន៍ស៊ីរី«ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត»។ (អេម៉ុស ១:៣) សាសន៍ស៊ីរីបានដណ្ដើមយកទឹកដីពីស្រុកកាឡាត ដែលជាតំបន់មួយប៉ែកខាងកើតទន្លេយ័រដាន់ក្នុងស្រុកអ៊ីស្រាអែល ហើយនៅទីនោះពួកសាសន៍ស៊ីរីបានធ្វើឲ្យរាស្ត្រព្រះរងរបួសយ៉ាងដំណំ។ ចុះសាសន៍ភីលីស្ទីននិងសាសន៍ទីរ៉ុសវិញ? សាសន៍ភីលីស្ទីនមានទោសដោយសារបានចាប់សាសន៍អ៊ីស្រាអែលជាឈ្លើយ ឬនិរទេសពួកគេ ហើយលក់ពួកគេទៅឲ្យពួកសាសន៍អេដំម។ មិនតែប៉ុណ្ណោះពួកអ៊ីស្រាអែលខ្លះនៅក្នុងកណ្ដាប់ដៃពួកឈ្មួញពីក្រុងទីរ៉ុស។ (អេម៉ុស ១:៦, ៩) សូមគិតទៅមើល! ពួកគេហ៊ានលក់រាស្ត្ររបស់ព្រះយេហូវ៉ាឲ្យទៅជាខ្ញុំកញ្ជះ! គ្មានអ្វីប្លែកទេ ដែលព្រះយេហូវ៉ាហៀបនឹងធ្វើឲ្យសាសន៍ស៊ីរី ភីលីស្ទីន និងទីរ៉ុសជួបក្ដីអន្តរាយនោះ។
៧. តើសាសន៍អេដំម អាំម៉ូន និងម៉ូអាប់មានលក្ខណៈមួយដូចគ្នានឹងសាសន៍អ៊ីស្រាអែលយ៉ាងណា? ប៉ុន្តែ តើសាសន៍ទាំងនេះបានប្រព្រឹត្តយ៉ាងណាលើពួកអ៊ីស្រាអែល?
៧ សាសន៍អេដំម អាំម៉ូន និងម៉ូអាប់មានលក្ខណៈមួយដូចគ្នា ហើយក៏ដូចគ្នានឹងសាសន៍អ៊ីស្រាអែលដែរ។ សាសន៍ទាំងបីជាសាច់ញាតិសាសន៍អ៊ីស្រាអែល។ សាសន៍អេដំមជាកូនចៅអ័ប្រាហាំកើតចេញពីតំណអេសាវដែលជាបងប្រុសភ្លោះរបស់យ៉ាកុប។ ដូច្នេះអាចនិយាយថា សាសន៍អេដំមជាបងប្អូនរបស់សាសន៍អ៊ីស្រាអែល។ សាសន៍អាំម៉ូននិងសាសន៍ម៉ូអាប់ជាកូនចៅរបស់ក្មួយប្រុសអ័ប្រាហាំឈ្មោះឡុត។ ប៉ុន្តែ តើពួកសាសន៍អេដំម អាំម៉ូន និងម៉ូអាប់បានរាប់អានពួកអ៊ីស្រាអែលដូចជាបងប្អូនឬទេ? មិនរាប់អានបន្ដិចសោះ! ពួកសាសន៍អេដំមបានប្រើដាវកាប់ចាក់«បងប្អូនខ្លួន»ដោយគ្មានមេត្ដា ហើយសាសន៍អាំម៉ូនចូលចិត្តប្រព្រឹត្តយ៉ាងសាហាវព្រៃផ្សៃទៅលើជនជាតិអ៊ីស្រាអែលណាដែលពួកគេចាប់បាន។ (អេម៉ុស ១:១១, ១៣) ទោះជាអេម៉ុសមិនបញ្ជាក់ចំៗអំពីរបៀបសាសន៍ម៉ូអាប់ធ្វើបាបរាស្ត្ររបស់ព្រះក៏ដោយ តែសាសន៍ម៉ូអាប់បានប្រឆាំងនឹងសាសន៍អ៊ីស្រាអែលតាំងពីយូរមកហើយ។ សាសន៍ទាំងបីនេះដែលជាប់សាច់ញាតិជាមួយសាសន៍អ៊ីស្រាអែលនឹងទទួលទោសយ៉ាងធ្ងន់។ ព្រះយេហូវ៉ាបានសន្យាថា ទ្រង់នឹងបំផ្លិចបំផ្លាញពួកគេឲ្យអស់ទៅដូចជាចាត់ប្រើភ្លើងឲ្យឆេះសុស។
មនុស្សទុច្ចរិតពុំអាចគេចផុតពីការជំនុំជំរះរបស់ព្រះ
៨. ហេតុអ្វីបានជាសាសន៍ប្រាំមួយនោះដែលនៅជិតសាសន៍អ៊ីស្រាអែល មិនអាចគេចផុតពីការជំនុំជំរះនិងការកាត់ទោសពីព្រះ?
៨ គ្មានការសង្ស័យទេ សាសន៍ទាំងប្រាំមួយនៅជុំវិញសាសន៍អ៊ីស្រាអែល សមទទួលការជំនុំជំរះពីព្រះ ដូចដែលមាននៅដើមទំនាយរបស់អេម៉ុសបានបញ្ជាក់នោះ។ ម្យ៉ាងទៀត ពួកគេពុំអាចគេចផុតពីការជំនុំជំរះនេះទេ។ ចាប់ផ្ដើមជំពូកទី១ ខ៣ រហូតដល់ជំពូកទី២ ខ១ ព្រះយេហូវ៉ាបានមានបន្ទូលប្រាំមួយដងថា៖ «អញនឹងមិនព្រមលើកទោសគេចោលឡើយ»។ ទ្រង់បានប្រព្រឹត្តតាមបន្ទូលទ្រង់និងមិនបានបង្អង់ព្រះហស្តដាក់ទោសចំពោះសាសន៍នោះទេ។ សេចក្ដីរាយការណ៍អំពីប្រវត្ដិសាស្ត្របង្ហាញភស្តុតាងថា សាសន៍និមួយៗនោះបានទទួលក្ដីអន្តរាយក្រោយមក។ ការពិត មានសាសន៍បួនក្នុងចំណោមពួកគេដែលលែងមានតទៅទៀត គឺសាសន៍ភីលីស្ទីន ម៉ូអាប់ អាំម៉ូន និងអេដំម!
៩. តើប្រជាជននៅស្រុកយូដាសមទទួលអ្វី? ហើយហេតុអ្វី?
៩ ទំនាយអេម៉ុសក្រោយមកផ្ដោតអារម្មណ៍លើសាសន៍ទីប្រាំពីរ គឺស្រុកយូដាដែលជាស្រុកកំណើតរបស់គាត់។ អ្នកស្ដាប់អេម៉ុសនៅព្រះរាជាណាចក្រខាងជើងប្រហែលជាភ្ញាក់ផ្អើលពេលឮអេម៉ុសប្រកាសពីការជំនុំជំរះលើព្រះរាជាណាចក្រនៃស្រុកយូដា។ ហេតុអ្វីបានជាប្រជាជននៅស្រុកយូដាសមនឹងទទួលការជំនុំជំរះនិងការកាត់ទោស? អេម៉ុស ២:៤ ចែងថា៖ «ពីព្រោះគេបានបោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ ចំពោះព្រះយេហូវ៉ា ការរំលងច្បាប់ទ្រង់ដោយចេតនាមិនមែនជារឿងស្រាលនោះទេ។ យោងទៅតាមអេម៉ុស ២:៥ អេម៉ុសទាយថា៖ «អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ»។
១០. ហេតុអ្វីក៏សាសន៍យូដាមិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះ?
១០ ប្រជាជនយូដាដែលគ្មានចិត្តស្មោះភក្ដី ពុំអាចគេចផុតពីក្ដីអន្តរាយដែលនឹងមានមកលើពួកគេបានឡើយ។ ព្រះយេហូវ៉ាមានបន្ទូលជាលើកទី៧ថា៖ «អញនឹងមិនព្រមលើកទោសគេចោលឡើយ»។ (អេម៉ុស ២:៤) សាសន៍យូដាបានទទួលទោសដូចដែលបានទាយនោះនៅឆ្នាំ៦០៧មុនស.យ. ពេលដែលសាសន៍បាប៊ីឡូនបំផ្លាញពួកគេចោល។ ម្ដងនេះទៀត យើងឃើញថា មនុស្សទុច្ចរិតមិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះបានឡើយ។
១១-១៣. តើអេម៉ុសច្រើនទាយប្រកាសពីការជំនុំជំរះទៅលើសាសន៍មួយណា? តើមានការជិះជាន់បែបណានៅក្នុងស្រុកនោះ?
១១ ព្យាការីអេម៉ុសទើបតែប្រកាសនូវការជំនុំជំរះរបស់ព្រះយេហូវ៉ាទៅលើសាសន៍ទាំងប្រាំពីរនោះ។ ប៉ុន្តែ មនុស្សខ្លះដែលគិតថាទំនាយរបស់អេម៉ុសចប់ត្រឹមនោះ គឺខុសស្រឡះហើយ ពីព្រោះអេម៉ុសមិនទាន់ចប់ទេ! អេម៉ុសត្រូវបានចាត់ឲ្យប្រកាសពីការជំនុំជំរះនិងការកាត់ទោសយ៉ាងធ្ងន់ទៅលើព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើង។ ហើយសាសន៍អ៊ីស្រាអែលសមនឹងទទួលការជំនុំជំរះពីព្រះមែន ពីព្រោះភាពសីលធម៌និងសាសនារបស់សាសន៍នោះគឺអាប់ឱនទៅៗដោយនឹកស្មានមិនដល់។
១២ ទំនាយរបស់អេម៉ុសឆ្លុះបញ្ចាំងឲ្យឃើញនូវការជិះជាន់ដែលមានទូទៅក្នុងព្រះរាជាណាចក្រអ៊ីស្រាអែល។ ស្តីអំពីរឿងនេះ អេម៉ុស ២:៦, ៧ ចែងថា៖ «ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ‹ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ! ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិតឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សំរាប់ សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប›»។
១៣ ពួកគេលក់មនុស្សសុចរិត«ឲ្យបានប្រាក់» នេះប្រហែលជាមានន័យថា ពួកចៅក្រមទទួលប្រាក់សំណូករួចកាត់ទោសមនុស្សដែលគ្មានទោស។ ម្ចាស់បំណុលបានលក់ជនក្រីក្រឲ្យទៅជាខ្ញុំកញ្ជះក្នុងតម្លៃស្មើនឹង«ស្បែកជើង១សំរាប់» គឺថាបំណុលតិចតួចស្មើនឹងតម្លៃស្បែកជើង។ ពួកបុរសដែលគ្មានមេត្ដា«ដង្ហក់»ឬខំប្រឹងជិះជាន់«មនុស្សកំសត់ទុគ៌ត»រហូតដល់ពួកគេបាចធូលីនៅលើក្បាលខ្លួន ជាកាយវិការបង្ហាញថា ខ្លួនកើតទុក្ខ មានចិត្តសោកសង្រេង ឬត្រូវគេបន្ទាបបន្ថោក។ អំពើពុករលួយមានពាសពេញ រហូតដល់«មនុស្សរាបទាប»មិនសង្ឃឹមថាខ្លួននឹងអាចរកយុត្ដិធម៌បានឡើយ។
១៤. តើមនុស្សបែបណាដែលត្រូវគេធ្វើទុក្ខក្នុងព្រះរាជាណាចក្រអ៊ីស្រាអែល ដែលមានកុលសម្ព័ន្ធដប់?
១៤ សូមកត់សម្គាល់មនុស្សដែលត្រូវគេធ្វើទុក្ខ។ ពួកអ្នកស្រុកនោះជាមនុស្សសុចរិត ជាជនក្រីក្រទុគ៌តនិងមនុស្សរាបទាប។ កិច្ចព្រមព្រៀងខាងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាជាមួយនឹងសាសន៍អ៊ីស្រាអែលបានតម្រូវជាដាច់ខាតឲ្យគេបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកដែលគ្មានទីពឹងនិងអ្នកខ្វះខាត។ ចំពោះមនុស្សទាំងនេះដែលរស់នៅក្នុងព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ នោះពួកគេពិតជាវេទនាណាស់។
«ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»
១៥, ១៦. (ក) ហេតុអ្វីក៏ពួកអ៊ីស្រាអែលត្រូវទទួលការព្រមានឲ្យ«រៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួន»? (ខ) តើអេម៉ុស ៩:១, ២ បង្ហាញថាមនុស្សទុច្ចរិតមិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះយ៉ាងដូចម្ដេច? (គ) តើមានអ្វីកើតឡើងដល់ព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នៅឆ្នាំ៧៤០មុនស.យ.?
១៥ អំពើអសីលធម៌និងអំពើអាក្រក់ផ្សេងៗមានទូទាំងស្រុកអ៊ីស្រាអែល ដូច្នេះពិតជាមានហេតុល្អដែលព្យាការីអេម៉ុសព្រមានសាសន៍ដែលបះបោរទាំងនេះថា៖ «ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»។ (អេម៉ុស ៤:១២) ប្រជាជនអ៊ីស្រាអែលដែលគ្មានចិត្តស្មោះភក្ដី ពុំអាចគេចផុតពីការកាត់ទោសដែលពួកគេជិតនឹងទទួលពីព្រះបានឡើយ ពីព្រោះព្រះយេហូវ៉ាប្រកាសជាលើកទី៨ថា៖ «អញនឹងមិនព្រមលើកទោសគេចោលឡើយ»។ (អេម៉ុស ២:៦) ស្តីអំពីមនុស្សទុច្ចរិតដែលប្រហែលជាខំពួនសម្ងំមិនឲ្យព្រះយេហូវ៉ារកឃើញ នោះទ្រង់មានបន្ទូលថា៖ «ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ ទោះបើគេជីកទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ គង់តែដៃអញនឹងចាប់គេមកពីទីនោះដែរ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ គង់តែអញនឹងនាំគេចុះពីនោះមកវិញ»។—អេម៉ុស ៩:១, ២
១៦ មនុស្សទុច្ចរិតមិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះយេហូវ៉ាដោយជីក«ទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់»បានទេ បើនិយាយជាអត្ថបដិរូបនេះសំដៅទៅលើការខំពួនសម្ងំនៅក្រោមដីយ៉ាងជ្រៅ។ ពួកគេក៏មិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះដោយ«ឡើងទៅដល់ស្ថានសួគ៌»ដែរ គឺថាខំពួននៅលើភ្នំខ្ពស់ៗនោះ។ ការព្រមានរបស់ព្រះយេហូវ៉ាគឺច្បាស់ណាស់ថា គ្មានកន្លែងពួនសម្ងំណាដែលទ្រង់ចាប់គេពុំបាននោះទេ។ យុត្ដិធម៌របស់ព្រះតម្រូវឲ្យព្រះរាជាណាចក្រអ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើទុច្ចរិតរបស់ពួកគេ។ ពេលដែលពួកគេត្រូវទទួលខុសត្រូវបានមកដល់ហើយ។ នៅឆ្នាំ៧៤០មុនស.យ. ប្រមាណ៦០ឆ្នាំក្រោយអេម៉ុសកត់ទុកនូវទំនាយរបស់គាត់ ព្រះរាជាណាចក្រអ៊ីស្រាអែលត្រូវសាសន៍អាសស៊ើរវាយដណ្ដើមយក។
ព្រះជំនុំជំរះចំពោះមនុស្សដែលសមតែទទួល
១៧, ១៨. តើអេម៉ុសជំពូកទី៩បង្ហាញអ្វីអំពីសេចក្ដីមេត្ដាករុណារបស់ព្រះ?
១៧ បទទំនាយរបស់អេម៉ុសបានជួយយើងឲ្យឃើញថា ការជំនុំជំរះរបស់ព្រះតែងតែសក្ដិសម ហើយជាអ្វីដែលមិនអាចគេចផុតបានទេ។ ប៉ុន្តែ សៀវភៅអេម៉ុសក៏បញ្ជាក់ថាការជំនុំជំរះរបស់ព្រះយេហូវ៉ា គឺទ្រង់ជំនុំជំរះចំពោះមនុស្សដែលសមតែទទួល។ ព្រះអាចរកឃើញមនុស្សទុច្ចរិតនិងជំនុំជំរះពួកគេមិនថាពួកគេពួនសម្ងំនៅកន្លែងណាក៏ដោយ។ ទ្រង់ក៏បានរកឃើញអ្នកទៀងត្រង់ដែលប្រែចិត្ត គឺជាអ្នកដែលទ្រង់សម្រេចព្រះទ័យថាពួកគេសមនឹងទទួលសេចក្ដីមេត្ដាករុណា។ មេរៀននេះបានរៀបរាប់យ៉ាងល្អនៅជំពូកចុងក្រោយនៃសៀវភៅអេម៉ុស។
១៨ យោងទៅតាមអេម៉ុសជំពូកទី៩ ខ៨ ព្រះយេហូវ៉ាមានបន្ទូលថា៖ «អញនឹងមិនបំផ្លាញពួកវង្សយ៉ាកុបអស់រលីងទេ»។ យោងទៅតាមខ១៣ដល់១៥ ព្រះយេហូវ៉ាសន្យាថា នឹងនាំរាស្ត្រទ្រង់«ដែលជាប់ជាឈ្លើយឲ្យមកវិញ»។ អ្នកទាំងនេះនឹងទទួលនូវសេចក្ដីមេត្ដាករុណា ហើយមានសេចក្ដីសុខនិងមានភាពសំបូរសប្បាយ។ ព្រះយេហូវ៉ាសន្យាថា៖ «អ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់»។ សូមគិតទៅមើល! ចំរូតសំបូរផលរហូតដល់ពេលចាប់ផ្ដើមភ្ជួររាស់និងសាបព្រោះម្ដងទៀត នៅតែមិនទាន់ច្រូតអស់!
១៩. តើមានអ្វីកើតឡើងដល់សាសន៍អ៊ីស្រាអែលនិងសាសន៍យូដាដែលនៅសល់ទាំងប៉ុន្មាននោះ?
១៩ យើងអាចដឹងថា ការជំនុំជំរះរបស់ព្រះយេហូវ៉ាលើមនុស្សទុច្ចរិតនៅស្រុកយូដានិងស្រុកអ៊ីស្រាអែលបង្ហាញថា ទ្រង់ជំនុំជំរះចំពោះមនុស្សដែលសមតែទទួល។ ព្រមជាមួយគ្នានេះ អស់អ្នកណាដែលប្រែចិត្តហើយមានចិត្តគំនិតត្រឹមត្រូវនឹងទទួលសេចក្ដីមេត្ដាករុណា។ ក្នុងការសម្រេចទំនាយនៃការស្ដារឡើងវិញដែលបានកត់ទុកនៅអេម៉ុសជំពូក៩ នោះសាសន៍អ៊ីស្រាអែលនិងសាសន៍យូដាដែលនៅសល់ទាំងប៉ុន្មានបានត្រឡប់មកពីការជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូននៅឆ្នាំ៥៣៧មុនស.យ.។ ដោយបានត្រឡប់មកនៅស្រុកកំណើតជាទីស្នេហាម្ដងទៀត នោះពួកគេបានស្ថាបនាការថ្វាយបង្គំពិតឡើងវិញ។ ពួកគេក៏បានសង់ផ្ទះខ្លួន ហើយដាំទំពាំងបាយជូរនិងធ្វើសួនច្បារថែមទាំងរស់នៅយ៉ាងសុខសាន្ត។
ការជំនុំជំរះរបស់ព្រះយេហូវ៉ានឹងមកដល់!
២០. តើការពិចារណានូវការព្រមានស្តីអំពីការជំនុំជំរះរបស់ព្រះដែលអេម៉ុសបានប្រកាសនោះ គួរធ្វើឲ្យយើងមានទំនុកចិត្តអំពីអ្វី?
២០ ការពិចារណានូវការព្រមានស្តីអំពីការជំនុំជំរះរបស់ព្រះដែលអេម៉ុសបានប្រកាសនោះ គួរធ្វើឲ្យយើងមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងបំបាត់ចោលអំពើទុច្ចរិតនៅសម័យយើងផងដែរ។ ហេតុអ្វីយើងអាចជឿបាន? ទីមួយ របៀបទ្រង់បានប្រព្រឹត្តនៅអតីតកាល ក៏បង្ហាញឲ្យយើងដឹងអំពីអ្វីដែលទ្រង់នឹងធ្វើនៅសម័យយើងដែរ។ ទីពីរ ការជំនុំជំរះនិងការកាត់ទោសព្រះរាជាណាចក្រអ៊ីស្រាអែលដែលក្បត់ជំនឿនោះ បញ្ជាក់ថាព្រះនឹងនាំឲ្យមានការបំផ្លាញចំពោះពិភពគ្រីស្ទសាសនាដែលជាផ្នែកធំបំផុតនៃ«បាប៊ីឡូនដ៏ធំ» ដែលជាចក្រភពសាសនាមិនពិត។—វិវរណៈ ១៨:២
២១. ហេតុអ្វីក៏ពិភពគ្រីស្ទសាសនាសមនឹងទទួលការជំនុំជំរះពីព្រះ?
២១ គ្មានការសង្ស័យទេ ពិភពគ្រីស្ទសាសនាសមនឹងទទួលការជំនុំជំរះពីព្រះ។ ភាពអាក្រក់ជួជាតិខាងសីលធម៌និងខាងសាសនារបស់ពិភពគ្រីស្ទសាសនាគឺឃើញយ៉ាងជាក់ស្តែង។ ការជំនុំជំរះនិងការកាត់ទោសពីព្រះយេហូវ៉ាទៅលើពិភពគ្រីស្ទសាសនានិងរបបលោកីយ៍របស់សាតាំង នោះសមនឹងទទួលមែន។ ការជំនុំជំរះនឹងមកពិតប្រាកដហើយគេចពុំបានឡើយ ដ្បិតនៅពេលព្រះយេហូវ៉ាសម្រេចតាមការជំនុំជំរះ នោះពាក្យរបស់អេម៉ុសនៅជំពូកទី៩ ខ១ នឹងជាការពិតដែលថា៖ «ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ»។ ពិតណាស់ មិនថាពួកមនុស្សទុច្ចរិតពួនសម្ងំនៅកន្លែងណាក្ដី ក៏ព្រះយេហូវ៉ានឹងរកពួកគេឃើញ។
២២. ចំពោះការជំនុំជំរះរបស់ព្រះ តើថែស្សាឡូនីចទី២ ១:៦-៨ បញ្ជាក់យ៉ាងច្បាស់នូវចំណុចណា?
២២ ការជំនុំជំរះរបស់ព្រះនោះតែងតែសក្ដិសម និងមនុស្សទុច្ចរិតពុំអាចគេចផុតពីការជំនុំជំរះបានទេ ហើយព្រះយេហូវ៉ាជំនុំជំរះចំពោះមនុស្សដែលសមតែទទួល។ ពាក្យរបស់សាវ័កប៉ុលក៏បញ្ជាក់ពីនេះដែលថា៖ «ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាកដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់ នៅក្នុងអណ្ដាតភ្លើងទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (ថែស្សាឡូនីចទី២ ១:៦-៨) «នេះជាសេចក្ដីសុចរិតនៅចំពោះព្រះ»ដែលព្រះនឹងជំនុំជំរះពួកអ្នកដែលធ្វើបាបពួកអ្នកចាក់ប្រេងតាំង។ ពួកគេនឹងមិនគេចផុតពីការជំនុំជំរះនោះឡើយ ពីព្រោះមនុស្សទុច្ចរិតនឹងមិនរួចរស់ជីវិតក្នុងកាលដែល‹ព្រះអម្ចាស់យេស៊ូលេចមកជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់នៅក្នុងអណ្ដាតភ្លើង›។ ព្រះយេហូវ៉ាជំនុំជំរះចំពោះមនុស្សដែលសមតែទទួលក្នុងន័យថា ព្រះយេស៊ូនឹងសងសឹក«ពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ»។ ការជំនុំជំរះរបស់ព្រះនឹងសម្រាលទុក្ខដល់មនុស្សកោតខ្លាចព្រះដែលរងទុក្ខវេទនា។
សេចក្ដីសង្ឃឹមចំពោះមនុស្សទៀងត្រង់
២៣. តើសៀវភៅអេម៉ុសមានសារអ្វីដែលសម្រាលទុក្ខនិងផ្ដល់សេចក្ដីសង្ឃឹម?
២៣ ទំនាយរបស់អេម៉ុសក៏មានសារដែលសម្រាលទុក្ខនិងផ្ដល់សេចក្ដីសង្ឃឹមចំពោះអស់អ្នកដែលសមនឹងទទួលដែរ។ ដូចបានទាយក្នុងសៀវភៅអេម៉ុស ព្រះយេហូវ៉ាមិនបំផ្លាញរាស្ត្រទ្រង់ឲ្យអស់រលីងនៅសម័យពីបុរាណទេ។ នៅទីបំផុតទ្រង់បាននាំពួកឈ្លើយសាសន៍អ៊ីស្រាអែលនិងសាសន៍យូដាត្រឡប់មកស្រុកកំណើតវិញ ហើយប្រទានពរទៅលើពួកគេឲ្យមានសេចក្ដីសុខបរិបូរនិងមានភាពសំបូរសប្បាយ។ តើនេះមានន័យយ៉ាងណាសំរាប់សម័យយើងនេះ? យើងអាចជឿជាក់ថា ក្នុងកំឡុងពេលជំនុំជំរះរបស់ព្រះយេហូវ៉ា ទ្រង់អាចរកឃើញមនុស្សទុច្ចរិតទោះជាពួកគេពួនកន្លែងណាក៏ដោយ ហើយទ្រង់ក៏អាចរកឃើញអ្នកដែលសមនឹងទទួលសេចក្ដីមេត្ដាករុណា មិនថាពួកគេរស់នៅកន្លែងណាក៏ដោយនៅលើផែនដី។
២៤. តើរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យនេះបានទទួលពរអ្វីខ្លះ?
២៤ កាលដែលយើងរង់ចាំពេលជំនុំជំរះរបស់ព្រះយេហូវ៉ាលើពួកមនុស្សទុច្ចរិត តើយើងជាអ្នកបំរើស្មោះភក្ដីនឹងពិសោធអ្វី? ព្រះយេហូវ៉ាប្រទានពរមកលើយើង គឺជាភាពសំបូរសប្បាយលើសលប់ខាងវិញ្ញាណ។ ការថ្វាយបង្គំរបស់យើងគ្មានការបំភ្លៃសេចក្ដីពិតដោយសេចក្ដីបង្រៀនមិនពិតរបស់ពិភពគ្រីស្ទសាសនាទេ។ ព្រះយេហូវ៉ាក៏បានប្រទានពរឲ្យយើងមានអាហារខាងវិញ្ញាណបរិបូរ។ ប៉ុន្តែ សូមចងចាំថា ដោយបានទទួលពរជាច្រើនយ៉ាងនេះពីព្រះយេហូវ៉ា យើងក៏មានភារកិច្ចធំដែរ។ ព្រះយេហូវ៉ាតម្រូវឲ្យយើងព្រមានអ្នកឯទៀតអំពីការជំនុំជំរះដែលកំពុងតែមកដល់។ យើងគួរព្យាយាមអស់ពីសមត្ថភាពដើម្បីជួយស្វែងរកពួកអ្នកដែល«សមទទួលជីវិតជារៀងរហូត»។ (កិច្ចការ ១៣:៤៨, ព.ថ.) ពិតណាស់ថា យើងចង់ជួយមនុស្សច្រើនបំផុតឲ្យចូលរួមជាមួយយើងក្នុងភាពសំបូរសប្បាយខាងវិញ្ញាណ ដែលយើងមានឥឡូវនេះ។ ហើយយើងចង់ឲ្យពួកគេរួចរស់ជីវិតពេលព្រះជំនុំជំរះនិងកាត់ទោសមនុស្សទុច្ចរិតខាងមុខនេះ។ ពិតមែនថា ដើម្បីទទួលពរទាំងនេះយើងត្រូវតែមានចិត្តគំនិតត្រឹមត្រូវ។ នេះក៏ត្រូវបញ្ជាក់ក្នុងទំនាយរបស់អេម៉ុសដែរ ដែលយើងនឹងពិនិត្យមើលនៅក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើទំនាយរបស់អេម៉ុសបង្ហាញយ៉ាងណាថា ការជំនុំជំរះរបស់ព្រះយេហូវ៉ាតែងតែសក្ដិសម?
• តើអេម៉ុសបានផ្ដល់ភស្តុតាងអ្វីដើម្បីបង្ហាញថាការជំនុំជំរះរបស់ព្រះគឺមិនអាចគេចផុតបាន?
• តើសៀវភៅអេម៉ុសបង្ហាញថា ព្រះជំនុំជំរះចំពោះមនុស្សដែលសមតែទទួលយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៥]
ព្រះរាជាណាចក្រអ៊ីស្រាអែលមិនអាចគេចផុតពីការជំនុំជំរះរបស់ព្រះបានទេ