បណ្ដាស្ដេចទី១
១០ មហាក្សត្រីស្រុកសេបាបានឮអំពីកិត្តិនាមរបស់សាឡូម៉ូន។ កិត្តិនាមនោះបានធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាទទួលការសរសើរតម្កើង។+ នាងក៏បានមកជួបសាឡូម៉ូនដើម្បីសួរសំណួរជ្រៅៗ។+ ២ នាងបានមកដល់ក្រុងយេរូសាឡិមដោយក្បួនដង្ហែយ៉ាងអធិកអធម+ ទាំងមានសត្វអូដ្ឋដឹកប្រេងក្រអូប+ មាសជាច្រើន និងត្បូងដ៏មានតម្លៃ។ នាងក៏ចូលទៅជួបសាឡូម៉ូន ហើយសួរគាត់អំពីអ្វីៗទាំងអស់ដែលនាងចង់ដឹង។ ៣ សាឡូម៉ូនបានឆ្លើយសំណួរទាំងអស់របស់នាង ហើយគ្មានសំណួរណាមួយដែលស្ដេចឆ្លើយមិនរួចនោះទេ។
៤ មហាក្សត្រីស្រុកសេបានឹកអស្ចារ្យក្នុងចិត្ត ពេលឃើញថាសាឡូម៉ូនមានប្រាជ្ញាដ៏ឈ្លាសវៃ+ និងឃើញវិមានដែលគាត់បានសង់។+ ៥ នាងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ពេលឃើញអាហារនៅលើតុរបស់សាឡូម៉ូន+ ពួកអ្នកកាន់ពែង របៀបរៀបចំកន្លែងអង្គុយរបស់ពួកមន្ត្រីគាត់ ព្រមទាំងរបៀបបម្រើនៅតុនិងឯកសណ្ឋានរបស់ពួកអ្នកបម្រើ។ នាងក៏កោតស្ងើចដែរ ពេលឃើញគ្រឿងបូជាដុតទាំងប៉ុន្មានដែលសាឡូម៉ូនជូនជាទៀងទាត់នៅឯវិហាររបស់ព្រះយេហូវ៉ា។ ៦ ម្ល៉ោះហើយ នាងបាននិយាយទៅកាន់ស្ដេចថា៖ «ដំណឹងដែលខ្ញុំបានឮនៅឯស្រុករបស់ខ្ញុំ អំពីប្រាជ្ញានិងអ្វីៗដែលលោកបានសម្រេច គឺពិតដូចគេនិយាយមែន។ ៧ ដំបូងខ្ញុំមិនជឿអ្វីដែលគេប្រាប់នោះទេ ទាល់តែខ្ញុំបានមកឃើញដោយផ្ទាល់ភ្នែក ហើយមើល! អ្វីដែលគេបានប្រាប់គឺមិនទាំងដល់ពាក់កណ្ដាលផង។ លោកមានប្រាជ្ញាដ៏ឈ្លាសវៃនិងភាពចម្រុងចម្រើន លើសពីអ្វីដែលខ្ញុំបានឮឆ្ងាយណាស់។ ៨ រាស្ត្ររបស់លោកពិតជាមានសុភមង្គលហើយ! ចំណែកពួកអ្នកបម្រើរបស់លោក ក៏មានសុភមង្គលដែរ! ព្រោះជារៀងរាល់ថ្ងៃ ពួកគេបានស្ដាប់សម្ដីរបស់លោកដែលប្រកបដោយប្រាជ្ញា។+ ៩ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់លោកបានទទួលការសរសើរតម្កើង+ ព្រោះព្រះយេហូវ៉ាបានពេញចិត្តឲ្យលោកអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល ហើយដោយសារព្រះតែងតែស្រឡាញ់ជនជាតិអ៊ីស្រាអែល នោះព្រះបានតែងតាំងលោកឲ្យធ្វើជាស្ដេច គ្រប់គ្រងដោយសុចរិតយុត្តិធម៌»។
១០ រួចនាងបានជូនស្ដេចនូវមាសទម្ងន់១២០ថាលិន* និងប្រេងក្រអូប*យ៉ាងសន្ធឹក+ ព្រមទាំងត្បូងដ៏មានតម្លៃ។+ តាំងពីពេលនោះមក មិនដែលមានអ្នកណាយកប្រេងក្រអូបយ៉ាងសន្ធឹកមកជូនស្ដេចសាឡូម៉ូន ដូចមហាក្សត្រីស្រុកសេបាឡើយ។
១១ ក្រុមសំពៅរបស់ហ៊ីរ៉ាមដែលដឹកជញ្ជូនមាសពីអូភា+ ក៏នាំយកឈើអាល់កឹម*+យ៉ាងច្រើន រួមទាំងត្បូងដ៏មានតម្លៃមកជាមួយដែរ។+ ១២ ស្ដេចបានយកឈើអាល់កឹមមកធ្វើជាគ្រឿងរណបក្នុងវិហាររបស់ព្រះយេហូវ៉ា និងវិមានរបស់ស្ដេច ព្រមទាំងធ្វើពិណនិងឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងអមជាមួយនឹងពួកអ្នកចម្រៀង។+ រហូតដល់សព្វថ្ងៃ គេមិនដែលឃើញ ឬក៏មានអ្នកណានាំយកឈើអាល់កឹមចូលមកច្រើនដូចនោះឡើយ។
១៣ ស្ដេចសាឡូម៉ូនក៏បង្ហាញចិត្តទូលាយដោយជូនអំណោយដល់មហាក្សត្រីស្រុកសេបាវិញដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីណាក៏ដោយដែលនាងចង់បាន នោះគាត់ក៏ឲ្យដល់នាង។ រួចមក នាងបានត្រឡប់ទៅស្រុកនាងវិញជាមួយនឹងពួកអ្នកបម្រើរបស់នាង។+
១៤ ក្នុងមួយឆ្នាំៗ សាឡូម៉ូនទទួលបានមាសទម្ងន់៦៦៦ថាលិន។+ ១៥ ក្រៅពីនោះ គាត់ក៏បានទទួលប្រាក់ចំណូលពីពួកឈ្មួញ ពីពួកអភិបាលក្នុងស្រុក ព្រមទាំងពីសួយអាកររបស់អ្នកគ្រប់គ្រងទាំងឡាយនៃស្រុកអារ៉ាប់។
១៦ ស្ដេចសាឡូម៉ូនបានធ្វើខែលធំពីមាស ចំនួន២០០+ (ខែលធំនីមួយៗមានធាតុមាសទម្ងន់៦០០ហ្សេគិល)*+ ១៧ និងខែលតូច*ពីមាស ចំនួន៣០០ (ខែលតូចនីមួយៗមានធាតុមាសទម្ងន់បីមិណា)។* រួចមក ស្ដេចយកខែលទាំងនោះទៅដាក់ក្នុងមន្ទីរព្រៃលីបង់។+
១៨ ស្ដេចក៏ធ្វើបល្ល័ង្កដ៏ធំមួយពីភ្លុក+ ហើយស្រោបដោយមាសសុទ្ធ។+ ១៩ បល្ល័ង្កនោះមានដំបូលតូចរាងមូលនៅពីក្រោយ ហើយមានភ្នាក់ដៃសងខាង និងមានរូបតោពីរ+ឈរអមសងខាងភ្នាក់ដៃ ព្រមទាំងមានជណ្ដើរ៦កាំចុះពីបល្ល័ង្ក។ ២០ មានរូបតោ១២ឈរអមសងខាងជណ្ដើរទាំង៦កាំនោះ គឺនៅកាំនីមួយៗមានរូបតោពីរ។ គ្មានរាជាណាចក្រណាទៀតមានបល្ល័ង្កដូចនេះឡើយ។
២១ ពែងទាំងប៉ុន្មានរបស់ស្ដេចសាឡូម៉ូន សុទ្ធតែធ្វើពីមាស ហើយប្រដាប់ប្រដាក្នុងមន្ទីរព្រៃលីបង់+ ក៏ធ្វើពីមាសសុទ្ធទាំងអស់ដែរ។ គ្មានអ្វីធ្វើពីប្រាក់ឡើយ ព្រោះនៅសម័យសាឡូម៉ូនប្រាក់មិនសូវមានតម្លៃទេ។+ ២២ ស្ដេចមានក្រុមសំពៅតើស៊ីស។+ សំពៅទាំងនោះនិងក្រុមសំពៅរបស់ហ៊ីរ៉ាមធ្វើដំណើរតាមសមុទ្រជាមួយគ្នា។ រៀងរាល់បីឆ្នាំម្ដង ក្រុមសំពៅតើស៊ីសត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក+ សត្វស្វានិងក្ងោកមកជាមួយផង។
២៣ ស្ដេចសាឡូម៉ូនមានទ្រព្យសម្បត្តិនិងប្រាជ្ញាលើសអស់ទាំងស្ដេចនៅផែនដី។+ ២៤ មនុស្សទាំងឡាយនៅផែនដីចង់មកជួបសាឡូម៉ូន ដើម្បីស្ដាប់សម្ដីរបស់គាត់ដែលប្រកបដោយប្រាជ្ញាពីព្រះ។+ ២៥ រៀងរាល់ឆ្នាំ ពួកគេម្នាក់ៗក៏នាំយកអំណោយមកជូនស្ដេច។ អំណោយទាំងនោះមាន គ្រឿងមាស គ្រឿងប្រាក់ គ្រឿងចម្បាំង សម្លៀកបំពាក់ ប្រេងក្រអូប សេះ និងលា។
២៦ សាឡូម៉ូនបានប្រមូលរទេះចម្បាំងនិងសេះ*ជាច្រើន។ គាត់មានរទេះចម្បាំងចំនួន១.៤០០គ្រឿង និងសេះ*ចំនួន១២.០០០ក្បាល។+ ស្ដេចទុកមួយចំនួននៅក្រុងយេរូសាឡិម និងមួយចំនួនទៀតទុកនៅក្រុងនានាសម្រាប់ដាក់រទេះចម្បាំង។+
២៧ នៅសម័យសាឡូម៉ូន ក្រុងយេរូសាឡិមប្រាក់មានចំនួនច្រើនដូចជាដុំថ្ម ហើយមានឈើស៊ីដារ*ច្រើនសន្ធឹកដូចជាដើមល្វាព្រៃនៅតំបន់សេភីឡា។+
២៨ សេះរបស់សាឡូម៉ូនបានត្រូវនាំចូលពីស្រុកអេហ្ស៊ីប ហើយពួកឈ្មួញរបស់ស្ដេចបានទិញសេះទាំងហ្វូងៗ តាមតម្លៃកំណត់។+ ២៩ រទេះចម្បាំងនីមួយៗដែលនាំចូលពីស្រុកអេហ្ស៊ីបមានតម្លៃ៦០០កាក់ធ្វើពីប្រាក់ ហើយសេះនីមួយៗមានតម្លៃ១៥០កាក់ធ្វើពីប្រាក់។ រួចពួកឈ្មួញក៏បានយកសេះនិងរទេះចម្បាំងទៅលក់បន្តឲ្យអ្នកគ្រប់គ្រងទាំងប៉ុន្មាននៃជនជាតិហេត+ និងអ្នកគ្រប់គ្រងទាំងឡាយនៃស្រុកស៊ីរី។