ដើមកំណើត
១៩ នៅពេលល្ងាច ទេវតាពីររូបនោះបានមកដល់ក្រុងសូដុម។ ពេលនោះ ឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុង។ ពេលគាត់ឃើញទេវតាពីររូបនោះ គាត់បានក្រោកទៅជួបពួកគាត់ ហើយក្រាបមុខដល់ដី។+ ២ គាត់បាននិយាយថា៖ «លោកម្ចាស់! សូមអញ្ជើញមកផ្ទះខ្ញុំដើម្បីឲ្យខ្ញុំលាងជើងជូនលោក ហើយសូមលោកស្នាក់នៅមួយយប់ ចាំដល់ពេលព្រឹកព្រលឹម សឹមធ្វើដំណើរទៅចុះ»។ ពួកគាត់ឆ្លើយតបទៅវិញថា៖ «ទេ! យើងនឹងស្នាក់នៅទីលានសាធារណៈវិញ»។ ៣ ប៉ុន្តែ ដោយសារឡុតចេះតែទទូចអង្វរ ពួកគាត់ក៏ព្រមទៅ។ បន្ទាប់មក ឡុតបានដុតនំប៉័ងឥតដំបែ ហើយរៀបចំអាហារជាច្រើនជូនពួកគាត់ពិសា។
៤ មុនពួកគាត់ចូលសម្រាន្ត ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងទាំងចាស់ទាំងក្មេង បានមកឡោមព័ទ្ធជុំវិញផ្ទះឡុត។ ៥ ពួកគេស្រែកសួរឡុតម្ដងហើយម្ដងទៀតថា៖ «តើបុរសទាំងពីរនាក់នោះនៅឯណា? នាំពួកគេចេញមកដើម្បីឲ្យយើងរួមដំណេកជាមួយនឹងពួកគេ»។+
៦ បន្ទាប់មក ឡុតបានបើកទ្វារចេញទៅជួបពួកគេ រួចទាញទ្វារបិទពីក្រោយគាត់។ ៧ គាត់បាននិយាយទៅកាន់ពួកគេថា៖ «បងប្អូនខ្ញុំអើយ! សូមកុំប្រព្រឹត្តការអាក្រក់នេះឡើយ។ ៨ ខ្ញុំមានកូនស្រីពីរនាក់ដែលមិនទាន់រួមដំណេកជាមួយនឹងបុរសណាឡើយ។ សូមឲ្យខ្ញុំនាំនាងទាំងពីរមកប្រគល់ឲ្យអ្នករាល់គ្នា ហើយសូមប្រព្រឹត្តទៅលើពួកនាងតាមតែចិត្តអ្នករាល់គ្នាចុះ។ ប៉ុន្តែ សូមកុំធ្វើអ្វីបែបនេះចំពោះបុរសទាំងពីរនេះឡើយ ព្រោះពួកគេជាភ្ញៀវស្នាក់នៅផ្ទះរបស់ខ្ញុំ»។*+ ៩ ពេលឮដូច្នេះ ពួកបុរសទាំងនេះបាននិយាយថា៖ «ថយចេញភ្លាម!»។ រួចពួកគេបន្ថែមទៀតថា៖ «ជនបរទេសម្នាក់នេះមករស់នៅលើទឹកដីយើងហើយ ហ៊ានមកវិនិច្ឆ័យយើងទៀត! យើងនឹងប្រព្រឹត្តទៅលើអ្នកឯងឲ្យអាក្រក់ជាងទៅលើបុរសពីរនាក់នោះទៅទៀត»។ លុះនិយាយចប់ហើយ ពួកគេក៏ប្រជ្រៀតគ្នាចូល ក្នុងបំណងទម្លាយទ្វារ។ ១០ ខណៈនោះ ភ្ញៀវរបស់ឡុតបានលូកដៃចាប់ទាញគាត់ចូលក្នុងផ្ទះ រួចក៏បិទទ្វារទៅវិញ។ ១១ ភ្ញៀវនោះបានធ្វើឲ្យពួកបុរសទាំងអស់ដែលនៅមាត់ទ្វារងងឹតភ្នែក គឺទាំងក្មេងទាំងចាស់។ ពួកគេខំរកទ្វារចូលតែរកមិនឃើញ រហូតដល់ពួកគេល្វើយ។
១២ បន្ទាប់មក បុរសទាំងពីរនោះបានសួរឡុតថា៖ «តើអ្នកមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រុស កូនស្រី កូនប្រសា និងសាច់ញាតិឯទៀត ចូរនាំពួកគេចេញពីក្រុងនេះជាប្រញាប់! ១៣ ពួកខ្ញុំបម្រុងបំផ្លាញក្រុងនេះចោលហើយ ពីព្រោះសម្រែកទាស់នឹងក្រុងនេះលាន់ឮជាខ្លាំងដល់ព្រះយេហូវ៉ា។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាចាត់ពួកខ្ញុំឲ្យមកបំផ្លាញក្រុងនេះ»។ ១៤ ដូច្នេះ ឡុតក៏ចេញទៅហៅកូនប្រសាទាំងពីរដែលនឹងរៀបការជាមួយនឹងកូនស្រីទាំងពីររបស់គាត់។ គាត់ប្រាប់ពួកគេម្ដងហើយម្ដងទៀតថា៖ «ចូរចេញពីក្រុងនេះជាប្រញាប់ ព្រោះព្រះយេហូវ៉ាជិតបំផ្លាញក្រុងនេះហើយ!»។ ប៉ុន្តែ ពួកគេស្មានថាគាត់និយាយលេង។+
១៥ លុះទៀបភ្លឺ ទេវតាបានតឿនឡុតថា៖ «លឿនឡើង! ចូរនាំប្រពន្ធនិងកូនស្រីទាំងពីររបស់អ្នកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យអ្នកស្លាប់ដោយសារតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។+ ១៦ ពេលឡុតបង្អែបង្អង់ ទេវតាទាំងពីរនោះបានចាប់ដៃឡុតនិងប្រពន្ធគាត់ ព្រមទាំងកូនស្រីទាំងពីរ ហើយនាំពួកគេចេញទៅក្រៅក្រុង។+ នេះដោយសារព្រះយេហូវ៉ាមានចិត្តអាណិតមេត្តាចំពោះឡុត។+ ១៧ កាលដែលពួកគេរត់ចេញផុតពីក្រុងហើយ ទេវតាមួយរូបបានបង្គាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកក្រោយឲ្យសោះ+ ហើយក៏កុំឈប់នៅតំបន់ណាមួយដែរ!+ ចូររត់ទៅតំបន់ភ្នំចុះ ដើម្បីបានរួចជីវិត!»។
១៨ ប៉ុន្តែ ឡុតបាននិយាយទៅកាន់ពួកគាត់ថា៖ «ឱព្រះយេហូវ៉ាអើយ! សូមកុំឲ្យខ្ញុំទៅទីនោះអី! ១៩ លោកបានបង្ហាញសេចក្ដីមេត្តា និងសេចក្ដីសប្បុរសដ៏លើសលប់*ចំពោះខ្ញុំជាអ្នកបម្រើលោក ដោយទុកជីវិតឲ្យខ្ញុំ។+ ប៉ុន្តែ ខ្ញុំមិនអាចរត់ទៅតំបន់ភ្នំបានទេ ព្រោះខ្ញុំខ្លាចថាខ្ញុំនឹងជួបអន្តរាយ ហើយត្រូវស្លាប់នៅទីនោះ។+ ២០ នៅជិតនេះមានក្រុងតូចមួយដែលខ្ញុំអាចរត់ទៅបាន។ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំរត់ទៅទីនោះផង ព្រោះគ្រាន់តែជាក្រុងតូចមួយប៉ុណ្ណោះ។ បើខ្ញុំរត់ទៅទីនោះ ខ្ញុំនឹងរួចជីវិតជាមិនខាន»។ ២១ ទេវតានោះបាននិយាយទៅកាន់ឡុតថា៖ «បាន! ដូច្នេះខ្ញុំនឹងមិនបំផ្លាញក្រុងនោះទេ+ ដោយយោគយល់ដល់អ្នក។+ ២២ ចូររត់ទៅទីនោះជាប្រញាប់! ព្រោះខ្ញុំធ្វើអ្វីមិនបានទេ ទាល់តែអ្នកបានទៅដល់ក្រុងនោះសិន»។+ ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះក្រុងនោះថាសូអា។*+
២៣ លុះថ្ងៃរះឡើង ឡុតបានរត់ទៅដល់ក្រុងសូអា។ ២៤ ពេលនោះ ព្រះយេហូវ៉ាបានធ្វើឲ្យមានភ្លើងនិងស្ពាន់ធ័រធ្លាក់ពីលើមេឃ មកលើក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ ភ្លើងនិងស្ពាន់ធ័រនោះគឺមកពីព្រះយេហូវ៉ា។+ ២៥ យ៉ាងនេះ ព្រះបានបំផ្លាញក្រុងទាំងពីរនោះ និងតំបន់ជុំវិញឲ្យសាបសូន្យទៅ រួមទាំងបណ្ដាជននិងរុក្ខជាតិនៅក្នុងក្រុងនោះ។+ ២៦ ចំណែកប្រពន្ធឡុតវិញ កាលដែលនាងកំពុងរត់ពីក្រោយឡុត នាងបានងាកមើលទៅក្រោយ ហើយក៏ក្លាយទៅជាបង្គោលអំបិលទៅ។+
២៧ ឯអាប្រាហាំ គាត់បានក្រោកឡើងពីព្រលឹម ហើយធ្វើដំណើរទៅកន្លែងដែលគាត់បានឈរនិយាយជាមួយនឹងព្រះយេហូវ៉ា។+ ២៨ ពេលគាត់មើលទៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា និងទឹកដីទាំងមូលក្បែរនោះ គាត់បានឃើញអ្វីដែលគួរឲ្យរន្ធត់ គឺផ្សែងហុយឡើងយ៉ាងក្រាស់ ដូចជាផ្សែងដែលហុយចេញពីឡ។+ ២៩ ប៉ុន្តែ មុនព្រះបំផ្លាញក្រុងនៅតំបន់នោះ លោកបានឲ្យឡុតចាកចេញពីក្រុងនោះ ជាក្រុងដែលគាត់ស្នាក់នៅ។ លោកបានធ្វើដូច្នេះ ដោយសារលោកគិតដល់អាប្រាហាំ។+
៣០ ក្រោយមក ឡុតបាននាំកូនស្រីទាំងពីរចេញពីក្រុងសូអា ទៅរស់នៅតំបន់ភ្នំ+ ព្រោះគាត់មិនហ៊ានរស់នៅក្នុងក្រុងសូអាទេ។+ ដូច្នេះ គាត់និងកូនស្រីទាំងពីរបានចាប់ផ្ដើមរស់នៅក្នុងរអាងភ្នំ។ ៣១ ក្រោយនោះ កូនស្រីច្បងបាននិយាយទៅកាន់កូនស្រីប្អូនថា៖ «ឪពុកយើងចាស់ណាស់ហើយ ហើយក៏គ្មានបុរសណានៅក្នុងស្រុកនេះ មកយកយើងធ្វើជាប្រពន្ធ ដើម្បីឲ្យយើងអាចមានកូនដូចគេដូចឯងនោះទេ។ ៣២ ដូច្នេះ ចូរយើងចាក់ស្រាឲ្យឪពុកយើងពិសារហូតដល់គាត់ស្រវឹង ហើយចូលទៅរួមដំណេកជាមួយនឹងគាត់ ដើម្បីយើងអាចបន្តពូជឲ្យឪពុកយើង»។
៣៣ នៅយប់នោះ ពួកគេក៏ចាក់ស្រាឲ្យឪពុកខ្លួនពិសារហូតដល់គាត់ស្រវឹង។ បន្ទាប់មក កូនស្រីច្បងបានចូលទៅរួមដំណេកជាមួយនឹងឪពុកខ្លួន។ ប៉ុន្តែ ឡុតមិនបានដឹងថានាងចូលមកនៅពេលណា ហើយចេញទៅវិញពេលណាឡើយ។ ៣៤ នៅថ្ងៃបន្ទាប់ កូនស្រីច្បងបាននិយាយទៅកាន់កូនស្រីប្អូនថា៖ «យប់មិញបងបានរួមដំណេកជាមួយនឹងឪពុកយើងហើយ។ ដូច្នេះ នៅយប់នេះ ចូរយើងចាក់ស្រាឲ្យឪពុកយើងពិសារហូតដល់គាត់ស្រវឹងម្ដងទៀត រួចប្អូនចូលទៅរួមដំណេកជាមួយនឹងគាត់ ដើម្បីយើងអាចបន្តពូជឲ្យឪពុកយើង»។ ៣៥ នៅយប់នោះ ពួកគេចាក់ស្រាឲ្យឪពុកខ្លួនពិសារហូតដល់គាត់ស្រវឹង។ បន្ទាប់មក នាងប្អូនបានចូលទៅរួមដំណេកជាមួយនឹងឪពុកខ្លួន។ ប៉ុន្តែ ឡុតមិនបានដឹងថានាងចូលមកនៅពេលណា ហើយចេញទៅវិញពេលណាឡើយ។ ៣៦ យ៉ាងនេះ កូនស្រីទាំងពីរនាក់របស់ឡុតក៏មានផ្ទៃពោះជាមួយឪពុកខ្លួន។ ៣៧ ក្រោយមក កូនស្រីច្បងសម្រាលបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថាម៉ូអាប់។+ កូននោះបានក្លាយទៅជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃ។+ ៣៨ ឯកូនស្រីប្អូន នាងក៏សម្រាលបានកូនប្រុសមួយដែរ ហើយដាក់ឈ្មោះកូននោះថាបេនអាំមី។ កូននោះបានក្លាយទៅជាបុព្វបុរសរបស់ជនជាតិអាំម៉ូន+សព្វថ្ងៃ។