ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅលោកុប្បត្តិ—ផ្នែកទី២
សៀវភៅលោកុប្បត្តិរៀបរាប់អំពីប្រវត្ដិសាស្ត្ររបស់មនុស្សដែលមានរយៈពេល២.៣៦៩ឆ្នាំ ចាប់ផ្ដើមពីការបង្កើតអ័ដាមជាបុរសទីមួយ រហូតទៅដល់មរណកាលរបស់យ៉ូសែបជាកូនយ៉ាកុប។ អត្ថបទទស្សនាវដ្ដីខែមុនបានរៀបរាប់អំពីជំពូកទី១រហូតដល់ជំពូកទី១១ ខ៩ ដែលរួមបញ្ចូលកំណត់ហេតុអំពីការបង្កើត រហូតដល់ការកសាងប៉មនៅទីក្រុងបាបិល។a អត្ថបទនេះលើកឡើងគោលសំខាន់ៗពីជំពូកដែលនៅសល់ទាំងប៉ុន្មានទៀតក្នុងសៀវភៅលោកុប្បត្តិ ដែលរៀបរាប់អំពីការប្រព្រឹត្តរបស់ព្រះចំពោះអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែប។
អ័ប្រាហាំក្លាយជាមិត្តសំឡាញ់របស់ព្រះ
ប្រហែល៣៥០ឆ្នាំក្រោយទឹកជំនន់ បុរសម្នាក់ដែលព្រះស្រឡាញ់ជាពិសេសកើតមកក្នុងត្រកូលសិមជាកូនប្រុសណូអេ។ គាត់ឈ្មោះអាប់រ៉ាម តែក្រោយមកឈ្មោះគាត់ត្រូវដូរជាអ័ប្រាហាំវិញ។ តាមបញ្ជារបស់ព្រះ អាប់រ៉ាមបានចេញពីក្រុងអ៊ើរ ជាទីក្រុងរបស់សាសន៍ខាល់ដេ ហើយរស់ក្នុងតង់នៅស្រុកមួយដែលព្រះយេហូវ៉ាសន្យាថានឹងប្រទានដល់គាត់និងកូនចៅ។ ដោយព្រោះអ័ប្រាហាំមានជំនឿនិងចេះស្ដាប់បង្គាប់ នោះគាត់ត្រូវរាប់ជា‹សំឡាញ់របស់ព្រះយេហូវ៉ា›។—យ៉ាកុប ២:២៣
ព្រះយេហូវ៉ាចាត់វិធានការបំផ្លាញមនុស្សទុច្ចរិតនៅទីក្រុងសូដុំមនិងទីក្រុងនៅជិតៗ ហើយដំណាលគ្នានោះទ្រង់សង្គ្រោះជីវិតឡុតនិងកូនស្រីពីរនាក់របស់គាត់។ ពេលដែលអ៊ីសាកកូនអ័ប្រាហាំកើតមក នោះជាការសម្រេចនៃសេចក្ដីសន្យាមួយរបស់ព្រះ។ រាប់ឆ្នាំក្រោយមក ព្រះយេហូវ៉ាសាកល្បងជំនឿរបស់អ័ប្រាហាំដោយបង្គាប់ឲ្យថ្វាយកូនប្រុសគាត់ជាដង្វាយ។ អ័ប្រាហាំហៀបនឹងធ្វើតាមបង្គាប់នោះ តែមានទេវតាមួយបានបញ្ឈប់គាត់វិញ។ គឺច្បាស់ណាស់ថា អ័ប្រាហាំមានជំនឿ ហើយគាត់ទទួលការធានាពីព្រះថា តាមរយៈពូជរបស់គាត់ គ្រប់ទាំងសាសន៍នៅផែនដីនឹងទទួលពរ។ មរណភាពរបស់សារ៉ា ប្រពន្ធជាទីស្រឡាញ់របស់អ័ប្រាហាំ បានធ្វើឲ្យអ័ប្រាហាំមានក្ដីទុក្ខសោកយ៉ាងខ្លាំង។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១២:១-៣—តើកិច្ចព្រមព្រៀងអ័ប្រាហាំចាប់មានសុពលភាពពីពេលណាមក? តើមានសុពលភាពអស់រយៈពេលប៉ុន្មាន? តាមមើលទៅ កិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយនឹងអាប់រ៉ាមដែលថា«គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារ[អាប់រ៉ាម]»បានចាប់មានសុពលភាពពេលដែលអាប់រ៉ាមឆ្លងទន្លេអ៊ើប្រាតក្នុងកំឡុងដែលធ្វើដំណើរទៅស្រុកកាណាន។ នេះជាថ្ងៃទី១៤ ខែណែសាន ឆ្នាំ១៩៤៣មុនស.យ. ៤៣០ឆ្នាំមុនប្រជាជនអ៊ីស្រាអែលត្រូវរំដោះពីស្រុកអេស៊ីប។ (និក្ខមនំ ១២:២, ៦, ៧,៤០,៤១) កិច្ចព្រមព្រៀងអ័ប្រាហាំគឺ«ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច»។ កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពទាល់តែគ្រប់ទាំងគ្រួសារនៅផែនដីទទួលពរ ហើយសត្រូវទាំងឡាយរបស់ព្រះត្រូវបានបំផ្លាញចោលអស់។—លោកុប្បត្តិ ១៧:៧; កូរិនថូសទី១ ១៥:២៣-២៦
១៥:១៣—តើនៅពេលណាដែលការសង្កត់សង្កិនអស់៤០០ឆ្នាំនៃកូនចៅរបស់អ័ប្រាហាំបានសម្រេចនោះ? ការសង្កត់សង្កិននេះបានចាប់ផ្ដើមនាឆ្នាំ១៩១៣មុនស.យ. នៅពេលដែលអ៊ីសាកជាកូនប្រុសអ័ប្រាហាំមានអាយុ៥ឆ្នាំនិងបានផ្ដាច់ដោះ ហើយអ៊ីសម៉ាអែលជាបងប្រុសបាន«សើចឡកឲ្យ»អ៊ីសាកដែលពួកគេមានឪពុកតែមួយម្ដាយខុសគ្នា។ (លោកុប្បត្តិ ២១:៨-១៤; កាឡាទី ៤:២៩) ការសង្កត់សង្កិនបានចប់ពេលដែលជនជាតិអ៊ីស្រាអែលត្រូវរំដោះពីសេវកភាពនៅស្រុកអេស៊ីបឆ្នាំ១៥១៣មុនស.យ.។
១៦:២—តើជាការត្រឹមត្រូវទេដែលសារ៉ាយប្រគល់បាវស្រីខ្លួនឲ្យអាប់រ៉ាមធ្វើជាប្រពន្ធនោះ? ទង្វើរបស់សារ៉ាយគឺស្របតាមប្រពៃណីនៅសម័យនោះ។ ប្រពន្ធដែលជាស្រីអារត្រូវប្រគល់ស្រីម្នាក់ទៀតឲ្យប្ដីធ្វើជាប្រពន្ធដើម្បីអាចមានអ្នកបន្តត្រកូល។ ការយកប្រពន្ធច្រើនមានជាលើកដំបូងក្នុងចំណោមកូនចៅកាអ៊ីន។ ក្រោយមក ការយកប្រពន្ធច្រើនបានក្លាយជាទម្លាប់មួយ ហើយអ្នកថ្វាយបង្គំព្រះយេហូវ៉ាខ្លះក៏បានចាប់ផ្ដើមធ្វើតាមទម្លាប់នេះដែរ។ (លោកុប្បត្តិ ៤:១៧-១៩; ១៦:១-៣; ២៩:២១-២៨) ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនដែលបោះបង់ចោលខ្នាតតម្រាដំបូងរបស់ទ្រង់ចំពោះការមានប្រពន្ធតែមួយនោះទេ។ (លោកុប្បត្តិ ២:២១, ២២) តាមមើលទៅ ណូអេនិងកូនប្រុសៗរបស់គាត់មានប្រពន្ធតែមួយពេលដែលព្រះបង្គាប់ម្ដងទៀតថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ!»។ (លោកុប្បត្តិ ៧:៧; ៩:១; ពេត្រុសទី២ ២:៥) ហើយព្រះយេស៊ូគ្រីស្ទក៏បានបញ្ជាក់ខ្នាតតម្រានេះដែរថា ត្រូវមានប្រពន្ធតែមួយ។—ម៉ាថាយ ១៩:៤-៨; ធីម៉ូថេទី១ ៣:២, ១២
១៩:៨—តើជាការខុសទេដែលឡុតបានខំប្រគល់កូនស្រីៗរបស់គាត់ឲ្យប្រុសៗនៅទីក្រុងសូដុំមនោះ? យោងទៅតាមគោលការណ៍សីលធម៌របស់បូព៌ាប្រទេស ម្ចាស់ផ្ទះត្រូវតែការពារភ្ញៀវដែលនៅក្នុងផ្ទះគាត់ រហូតដល់ហ៊ានលះបង់ជីវិតទៀតផងបើចាំបាច់។ ឡុតហ៊ានធ្វើដូច្នេះមែន។ ឡុតបានបង្ហាញចិត្តក្លាហានដោយចេញទៅនិយាយជាមួយនឹងហ្វូងមនុស្សសាហាវនោះតែម្នាក់គាត់ រួចបិទទ្វារ។ មកដល់ពេលដែលគាត់ខំប្រគល់កូនស្រីពីរនាក់នោះ ឡុតទំនងជាបានទទួលស្គាល់រួចហើយថា ភ្ញៀវរបស់គាត់ជាអ្នកនាំសារពីព្រះ ហើយក៏ប្រហែលជាបានវែកញែកថា ព្រះអាចការពារកូនស្រីរបស់គាត់ដូចទ្រង់បានការពារសារ៉ាយជាមីងគាត់នៅស្រុកអេស៊ីបដែរ។ (លោកុប្បត្តិ ១២:១៧-២០) ពិតណាស់ នៅទីបំផុតឡុតនិងកូនស្រីរបស់គាត់ត្រូវបានការពារមែន។
១៩:៣០-៣៨—តើព្រះយេហូវ៉ាបានយល់ព្រមពេលដែលឡុតផឹកស្រាស្រវឹងនិងបង្កើតកូនប្រុសដោយកូនស្រីពីរនាក់របស់គាត់ឬទេ? ព្រះយេហូវ៉ាមិនបានយល់ព្រមនឹងការរួមដំណេករវាងសាច់ញាតិជិតឬការផឹកស្រាស្រវឹងទេ។ (លេវីវិន័យ ១៨:៦, ៧, ២៩; កូរិនថូសទី១ ៦:៩, ១០) ការពិត ឡុតបានស្អប់នូវ«ការទទឹងច្បាប់»របស់ប្រជាជននៅទីក្រុងសូដុំម។ (ពេត្រុសទី២ ២:៦-៨) ហេតុតែកូនស្រីៗរបស់ឡុតត្រូវតែធ្វើឲ្យគាត់ស្រវឹងមុន នាំឲ្យយើងយល់ថាពួកគាត់ទទួលស្គាល់ថាឡុតជាឪពុកនឹងមិនព្រមរួមដំណេកជាមួយនឹងពួកគាត់បើមិនស្រវឹងនោះ។ ប៉ុន្តែ ដោយសារពួកគាត់មិនមែននៅស្រុកខ្លួន នោះកូនស្រីរបស់ឡុតមានអារម្មណ៍មួយថា នេះជាវិធីតែមួយគត់ដែលអាចការពារកុំឲ្យត្រកូលគ្រួសារឡុតសាបសូន្យទៅ។ កំណត់ហេតុនេះគឺនៅក្នុងព្រះគម្ពីរដើម្បីបង្ហាញនូវទំនាក់ទំនងរវាងសាសន៍ម៉ូអាប់(តាមរយៈម៉ូអាប់) សាសន៍អាំម៉ូន(តាមរយៈបេន-អាំមី) និងកូនចៅរបស់អ័ប្រាហាំជាសាសន៍អ៊ីស្រាអែល។
មេរៀនសំរាប់យើង:
១៣:៨, ៩: អ័ប្រាហាំជាគំរូល្អណាស់ចំពោះការដោះស្រាយនូវទំនាស់! កុំបីឲ្យយើងបោះបង់ចោលនូវមេត្រីភាពដើម្បីបានតែប្រយោជន៍ខាងលុយកាក់ បំពេញចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬដើម្បីមោទនភាពខ្លួននោះឡើយ។
១៥:៥, ៦: នៅពេលអ័ប្រាហាំចាប់ផ្ដើមចាស់ទៅហើយមិនទាន់មានកូនប្រុសម្នាក់ នោះគាត់បានទូលព្រះយេហូវ៉ាអំពីរឿងនេះ។ រួចមក ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអ័ប្រាហាំ។ តើមានលទ្ធផលយ៉ាងណា? អ័ប្រាហាំបាន«ជឿដល់ព្រះយេហូវ៉ា»។ បើយើងទូលព្រះយេហូវ៉ាអស់ពីចិត្តក្នុងសេចក្ដីអធិស្ឋាន ទទួលយកការធានាពីទ្រង់ដែលមានក្នុងព្រះគម្ពីរ និងស្ដាប់តាមបង្គាប់ទ្រង់ នោះជំនឿរបស់យើងនឹងត្រូវពង្រឹង។
១៥:១៦: ព្រះយេហូវ៉ាបានចាំអស់បួនតំណ ទើបសម្រេចតាមការជំនុំជំរះរបស់ទ្រង់ទៅលើសាសន៍អាម៉ូរី(ឬកាណាន)។ ហេតុអ្វី? ដោយសារទ្រង់ជាព្រះមួយអង្គដែលមានព្រះទ័យអត់ធ្មត់។ ទ្រង់បានរង់ចាំរហូតដល់គ្មានហេតុសង្ឃឹមថាពួកគេនឹងកែខ្លួន។ ដូចព្រះយេហូវ៉ា យើងក៏ត្រូវចេះអត់ធ្មត់ដែរ។
១៨:២៣-៣៣: ព្រះយេហូវ៉ាមិនបំផ្លាញមនុស្សដោយមិនរើសមុខទេ។ ទ្រង់ការពារមនុស្សសុចរិត។
១៩:១៦: ឡុត«នៅបង្អែបង្អង់» ហើយទេវតាត្រូវអូសគាត់និងក្រុមគ្រួសារចេញពីទីក្រុងសូដុំម។ យកល្អ យើងមិនភ្លេចថាពេលគឺកៀកណាស់ហើយ កាលដែលយើងរង់ចាំទីបញ្ចប់នៃលោកីយ៍ដ៏អាក្រក់នេះ។
១៩:២៦: ជាការចំកួតណាស់បើយើងឲ្យលោកីយ៍នេះបំបែរអារម្មណ៍យើង ឬក៏ចាប់ផ្ដើមនឹកស្ដាយនូវអ្វីដែលយើងបានលះបង់ក្នុងរបបលោកីយ៍នេះ!
យ៉ាកុបមានកូនប្រុស១២នាក់
អ័ប្រាហាំរៀបចំឲ្យអ៊ីសាករៀបការជាមួយនឹងរេបិកា ស្ត្រីម្នាក់ដែលមានជំនឿលើព្រះយេហូវ៉ា។ រេបិកាសម្រាលកូនប្រុសភ្លោះពីរនាក់ គឺអេសាវនិងយ៉ាកុប។ អេសាវស្អប់អំណាចមរតករបស់បងច្បង និងក៏លក់ឲ្យយ៉ាកុប។ ក្រោយមកយ៉ាកុបទទួលពរពីឪពុក។ យ៉ាកុបគេចទៅស្រុកប៉ាដាន់អើរ៉ាម និងនៅទីនោះគាត់រៀបការជាមួយនឹងលេអានិងរ៉ាជែល ថែមទាំងថែហ្វូងសត្វរបស់ឪពុកក្មេកអស់២០ឆ្នាំទើបចេញដំណើរទៅជាមួយនឹងក្រុមគ្រួសាររបស់គាត់។ តាមរយៈលេអា រ៉ាជែល និងបាវស្រីពីរនាក់របស់ពួកគាត់ យ៉ាកុបមានកូនប្រុស១២នាក់និងមានកូនស្រីៗទៀតផង។ យ៉ាកុបចំបាប់ជាមួយទេវតាមួយរូបនិងទទួលពរ រួចឈ្មោះរបស់គាត់ត្រូវដូរទៅជាអ៊ីស្រាអែលវិញ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២៨:១២, ១៣—ពេលដែលយ៉ាកុបយល់សប្ដិឃើញ«ជណ្ដើរ» តើនេះមានន័យយ៉ាងណា? «ជណ្ដើរ»នេះដែលប្រហែលជាមើលទៅដូចជាដុំថ្មត្រួតពីលើគ្នាជាជណ្ដើរមួយបញ្ជាក់ថាមានទំនាក់ទំនងរវាងផែនដីនិងស្ថានសួគ៌។ ដោយសារទេវតារបស់ព្រះកំពុងតែឡើងចុះតាមជណ្ដើរនេះ នោះបង្ហាញថាទេវតាបំរើតាមវិធីដ៏សំខាន់មួយដើម្បីឲ្យមានទំនាក់ទំនងរវាងព្រះយេហូវ៉ានិងមនុស្សដែលមានព្រះគុណពីទ្រង់។—យ៉ូហាន ១:៥១
៣០:១៤, ១៥—ហេតុអ្វីបានជារ៉ាជែលលះបង់ឱកាសរួមបវេណីជាមួយប្ដី ដើម្បីបានតែផ្លែឈើខ្លះៗ? នៅសម័យបុរាណ ផ្លែឈើម្យ៉ាងនេះត្រូវប្រើជាថ្នាំសន្តំ និងដើម្បីបង្ការឬក៏ព្យាបាលការកន្ដ្រាក់សាច់ដុំ។ ផ្លែវាក៏ត្រូវគេជឿថាមានសមត្ថភាពបណ្ដាលឲ្យស្រើបស្រាលថែមទាំងបង្កើនសមត្ថភាពបង្កើតកូន។ (បទចំរៀងសាឡូម៉ូន ៧:១៣) ទោះជាព្រះគម្ពីរមិនបញ្ជាក់មូលហេតុដែលរ៉ាជែលចង់បានផ្លែនេះក៏ពិតមែន ក៏ប្រហែលជារ៉ាជែលគិតថាផ្លែនោះនឹងជួយគាត់មានផ្ទៃពោះ និងបញ្ចប់ការតិះដៀលដែលមានដោយសារគាត់ជាស្រីអារ។ ក៏ប៉ុន្តែ គឺប៉ុន្មានឆ្នាំក្រោយមកទើបព្រះយេហូវ៉ា«ប្រោសឲ្យនាងបង្កើតកូនបាន»។—លោកុប្បត្តិ ៣០:២២-២៤
មេរៀនសំរាប់យើង:
២៥:២៣: ព្រះយេហូវ៉ាមានសមត្ថភាពឆ្លុះយល់នូវលក្ខណៈសេនេទិចនៃកូនមិនទាន់កើត និងដឹងទុកជាមុនហើយជ្រើសរើសអ្នកណាដែលទ្រង់ចង់ប្រើសំរាប់គោលបំណងទ្រង់។ ប៉ុន្តែ ទ្រង់មិនកំណត់ជាមុននូវវាសនារបស់អ្នកណាម្នាក់ទេ។—ហូសេ ១២:៥; រ៉ូម ៩:១០-១២
២៥:៣២, ៣៣; ៣២:២៤-២៩: ដោយសារយ៉ាកុបចង់បានអំណាចមរតកជាបងច្បងហើយក៏បានចំបាប់ពេញមួយយប់ជាមួយនឹងទេវតាមួយរូបដើម្បីបានពរ នោះបង្ហាញថាយ៉ាកុបពិតជាយល់តម្លៃនៃអ្វីដ៏ពិសិដ្ឋ។ ព្រះយេហូវ៉ាក៏បានប្រគល់អ្វីដ៏ពិសិដ្ឋមួយចំនួនដល់យើងដែរ ដូចជាចំណងមិត្តភាពដែលយើងមានជាមួយនឹងទ្រង់ហើយអង្គការរបស់ទ្រង់ ថែមទាំងតម្លៃលោះ ព្រះគម្ពីរ និងសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្ររបស់ព្រះ។ ចូរឲ្យយើងមានលក្ខណៈដូចយ៉ាកុបដែរ ដោយបង្ហាញថាយើងយល់តម្លៃនៃអ្វីៗទាំងនេះ។
៣៤:១, ៣០: បញ្ហាដែលបាន‹ធ្វើឲ្យយ៉ាកុបថប់ព្រួយណាស់›បានចាប់ផ្ដើមដោយសារឌីណាបានធ្វើជាមិត្តភក្ដិរបស់មនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ យើងត្រូវតែប្រុងប្រយ័ត្នពេលជ្រើសរើសមិត្តភក្ដិ។
ព្រះយេហូវ៉ាប្រទានពរទៅលើយ៉ូសែប នៅប្រទេសអេស៊ីប
ចិត្តច្រណែនបានជំរុញចិត្តកូនប្រុសៗរបស់យ៉ាកុបឲ្យលក់យ៉ូសែបជាប្អូនឲ្យធ្វើជាខ្ញុំបំរើ។ នៅប្រទេសអេស៊ីប យ៉ូសែបត្រូវជាប់គុកពីព្រោះគាត់កាន់តាមខ្នាតតម្រាសីលធម៌របស់ព្រះដោយចិត្តស្មោះភក្ដីនិងដោយចិត្តក្លាហាន។ ក្រោយមក គាត់ត្រូវនាំចេញមកពីគុកដើម្បីបកស្រាយសុបិនរបស់ស្តេចផារ៉ោន ដែលសុបិនទាំងនោះទាយអំពីផលបរិបូរប្រាំពីរឆ្នាំ និងទុរ្ភិក្សប្រាំពីរឆ្នាំ។ រួចមកយ៉ូសែបត្រូវតែងតាំងឲ្យធ្វើជាអ្នកចាត់ចែងអាហារនៅប្រទេសអេស៊ីប។ ពីព្រោះមានទុរ្ភិក្ស នោះបងប្រុសៗរបស់គាត់បានមកប្រទេសអេស៊ីបដើម្បីទៅរកស្បៀងអាហារ។ ក្រុមគ្រួសារនោះបានជួបជុំគ្នាម្ដងទៀតនិងរស់នៅស្រុកកូសែនជាស្រុកមានដីសំបូរជីជាតិ។ ពេលយ៉ាកុបជិតមរណៈទៅ គាត់ឲ្យពរដល់កូនប្រុសៗនិងទាយពីអ្វីមួយដែលធ្វើឲ្យមានសេចក្ដីសង្ឃឹមពិតប្រាកដគឺថា នៅអនាគតនឹងទទួលពរដ៏អស្ចារ្យ។ សពរបស់យ៉ាកុបត្រូវគេនាំទៅបញ្ចុះនៅស្រុកកាណាន។ នៅពេលយ៉ូសែបមរណៈទៅដោយមានអាយុ១១០ឆ្នាំនោះ គេអប់សពរបស់គាត់ ហើយនៅទីបំផុតនាំសពនោះទៅស្រុកសន្យា។—និក្ខមនំ ១៣:១៩
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៤៣:៣២—ហេតុអ្វីបានជាពួកអេស៊ីបស្អប់ខ្ពើមនូវការបរិភោគជាមួយនឹងសាសន៍ហេព្រើរ? នេះប្រហែលជាច្រើនតែដោយសារការអួតអាងពូជសាសន៍ឬការប្រកាន់សាសនា។ សាសន៍អេស៊ីបក៏ស្អប់អ្នកគង្វាលដែរ។ (លោកុប្បត្តិ ៤៦:៣៤) ហេតុអ្វី? ប្រហែលជាគ្រាន់តែដោយសារអ្នកគង្វាលមានវណ្ណៈទាបជាងគេនៅស្រុកអេស៊ីប។ ឬមួយក៏ដោយសារដីសំរាប់ធ្វើកសិកម្មមានតិច នោះសាសន៍អេស៊ីបប្រហែលជាស្អប់អ្នកដែលខំរកទីវាលសំរាប់ហ្វូងសត្វ។
៤៤:៥—តើយ៉ូសែបពិតជាបានប្រើពែងដើម្បីទស្សន៍ទាយឬ? តាមមើលទៅ ពែងធ្វើពីប្រាក់នោះជាផ្នែកនៃល្បិចមួយ។ យ៉ូសែបជាអ្នកថ្វាយបង្គំដ៏ស្មោះភក្ដីរបស់ព្រះយេហូវ៉ា។ តាមពិតគាត់មិនប្រើពែងនោះដើម្បីទស្សន៍ទាយទេ ដូចជាបេនយ៉ាមីនក៏មិនបានលួចពែងនោះដែរ។
៤៩:១០—តើពាក្យថា«ដំបងរាជ្យ»សំដៅទៅលើអ្វី? ដំបងរាជ្យជាអ្វីមួយដែលអ្នកគ្រប់គ្រងកាន់តំណាងរាជ្យអំណាច។ ដោយសារយ៉ាកុបបាននិយាយអំពីដំបងរាជ្យ នេះបញ្ជាក់ថាកុលសម្ព័ន្ធយូដានឹងមានអំណាចគ្រប់គ្រងជាច្រើនទាល់តែស៊ីឡូរមក។ កូនចៅក្នុងកុលសម្ព័ន្ធយូដានេះគឺព្រះយេស៊ូគ្រីស្ទ ជាអ្នកដែលព្រះយេហូវ៉ាបានប្រទានការគ្រប់គ្រងនៅស្ថានសួគ៌។ ព្រះគ្រីស្ទកាន់អំណាចគ្រប់គ្រងជាស្តេច។—ទំនុកដំកើង ២:៨, ៩; អេសាយ ៥៥:៤; ដានីយ៉ែល ៧:១៣, ១៤
មេរៀនសំរាប់យើង:
៣៨:២៦: យូដាបានប្រព្រឹត្តខុសចំពោះតាម៉ារជាកូនប្រសាស្រីនិងជាស្រីមេម៉ាយ។ ប៉ុន្តែ នៅពេលត្រូវទទួលខុសត្រូវចំពោះការមានផ្ទៃពោះរបស់នាង នោះយូដាបានសារភាពកំហុសខ្លួនយ៉ាងរាបទាប។ យើងក៏គួរឆាប់ទទួលស្គាល់កំហុសរបស់ខ្លួនដែរ។
៣៩:៩: របៀបយ៉ូសែបបានតបនឹងប្រពន្ធរបស់លោកប៉ូទីផារបង្ហាញថា គាត់មានគំនិតដូចព្រះអំពីសីលធម៌ ហើយមនសិការរបស់យ៉ូសែបត្រូវដឹកនាំដោយគោលការណ៍របស់ព្រះ។ យើងក៏គួរព្យាយាមធ្វើដូចគាត់ដែរ កាលដែលយើងរីកចំរើនផ្នែកចំណេះត្រឹមត្រូវអំពីសេចក្ដីពិត មែនទេ?
៤១:១៤-១៦, ៣៩, ៤០: ព្រះយេហូវ៉ាអាចកែប្រែកាលៈទេសៈរបស់អស់អ្នកដែលកោតខ្លាចទ្រង់។ នៅពេលយើងជួបនឹងទុក្ខលំបាក យកល្អឲ្យយើងទុកចិត្តលើព្រះយេហូវ៉ានិងរក្សាភាពស្មោះភក្ដីចំពោះទ្រង់។
ពួកគាត់មានជំនឿមុតមាំ
អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែបពិតជាបុរសដែលកោតខ្លាចព្រះនិងមានជំនឿ។ កំណត់ហេតុអំពីជីវិតរបស់ពួកគាត់ក្នុងសៀវភៅលោកុប្បត្តិ ពិតជាពង្រឹងជំនឿរបស់យើងនិងផ្ដល់ឲ្យយើងមេរៀនជាច្រើនដែលមានតម្លៃ។
អ្នកអាចទទួលប្រយោជន៍ពីកំណត់ហេតុនេះ ពេលដែលអ្នកអានអំនានសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ។ បើអ្នកពិចារណាពត៌មានខាងលើនេះ ទិដ្ឋភាពក្នុងកំណត់ហេតុនោះនឹងមានសភាពរស់រវើក។
[កំណត់សម្គាល់]
a សូមមើលអត្ថបទ«ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅលោកុប្បត្តិ—ផ្នែកទី១» ក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤។
[រូបភាពនៅទំព័រ២៩]
ព្រះយេហូវ៉ាប្រទានពរដល់យ៉ូសែប
[រូបភាពនៅទំព័រ២៩]
អ័ប្រាហាំជាបុរស ដែលមានជំនឿ
[រូបភាពនៅទំព័រ២៩]
ឡុតដែលជាបុរសសុចរិតព្រមទាំងកូនស្រី របស់គាត់ក៏បានត្រូវសង្គ្រោះដែរ
[រូបភាពនៅទំព័រ៣២]
យ៉ាកុបបានយល់តម្លៃនៃអ្វីដ៏ពិសិដ្ឋ។ ចុះអ្នកវិញ?