សៀវភៅសាំយូអែលទី១
១៣ ពេលសុលក្លាយទៅជាស្ដេច គាត់មានអាយុ . . .*ឆ្នាំ។+ គាត់គ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយៈពេលពីរឆ្នាំ។ ២ រួចមក សុលបានជ្រើសរើសបុរសជនជាតិអ៊ីស្រាអែលចំនួន៣.០០០នាក់។ សុលឲ្យបុរស២.០០០នាក់នៅជាមួយនឹងគាត់នៅមីកម៉ាស់និងតំបន់ភ្នំក្រុងបេតអែល ហើយគាត់ឲ្យបុរស១.០០០នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន+នៅឯក្រុងគីបៀ+ក្នុងស្រុករបស់កុលសម្ព័ន្ធបេនយ៉ាមីន។ ចំណែកបណ្ដាជនដែលនៅសល់ សុលឲ្យពួកគេត្រឡប់ទៅត្រសាលរៀងៗខ្លួនវិញ។ ៣ រួចមក យ៉ូណាថានវាយប្រហារបន្ទាយទ័ពពួកភីលីស្ទីន+នៅក្រុងកេបា។+ រឿងនេះបានឮទៅដល់ពួកភីលីស្ទីន។ ម្ល៉ោះហើយ សុលបានឲ្យគេផ្លុំស្នែង+នៅទូទាំងស្រុកអ៊ីស្រាអែល ដោយប្រកាសថា៖ «ជនរួមជាតិហេប្រឺអើយ សូមអ្នកទាំងអស់គ្នាស្ដាប់!»។ ៤ ជនជាតិអ៊ីស្រាអែលទាំងអស់បានទទួលដំណឹងថា៖ «សុលបានវាយប្រហារបន្ទាយទ័ពរបស់ពួកភីលីស្ទីន នេះធ្វើឲ្យពួកគេស្អប់ជនជាតិអ៊ីស្រាអែលខ្លាំងណាស់»។ ដូច្នេះ អ្នកនាំដំណឹងបានហៅបណ្ដាជនឲ្យមកជួបសុលនៅក្រុងគីលកាល។+
៥ ពួកភីលីស្ទីនប្រមូលគ្នាដើម្បីច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចម្បាំង៣០.០០០ ទាហានសេះ៦.០០០ និងកងទ័ពច្រើនសន្ធឹកដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។+ រួចពួកគេធ្វើដំណើរឡើងទៅបោះទ័ពនៅមីកម៉ាស់ ដែលនៅភាគខាងកើតនៃក្រុងបេតអាវេន។+ ៦ ពេលដែលជនជាតិអ៊ីស្រាអែលឃើញថាពួកគេស្ថិតក្នុងគ្រោះថ្នាក់ ពួកគេភ័យស្លន់ស្លោ ហើយទៅលាក់ខ្លួននៅក្នុងរូងភ្នំ+ រណ្ដៅ ក្រហែងថ្ម បន្ទប់ក្រោមដី* និងអណ្ដូងស្ងួត។ ៧ រីឯជនជាតិហេប្រឺខ្លះបានឆ្លងទន្លេយ៉ូដាន់ទៅស្រុកកាដនិងស្រុកគីលាត។+ ប៉ុន្តែ សុលបន្តនៅក្រុងគីលកាល ហើយអស់អ្នកដែលនៅជាមួយនឹងគាត់ភ័យញាប់ញ័រ។ ៨ សុលបន្តរង់ចាំសាំយូអែលអស់៧ថ្ងៃដូចដែលគាត់បានប្រាប់ តែមិនឃើញសាំយូអែលមកក្រុងគីលកាលទេ ហើយអស់អ្នកដែលនៅជាមួយនឹងសុល ចាប់ផ្ដើមរត់ចោលគាត់។ ៩ ដោយឃើញដូច្នេះ សុលនិយាយថា៖ «យកគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពមកឲ្យខ្ញុំ»។ រួចគាត់បានជូនគ្រឿងបូជាដុត។+
១០ កាលដែលសុលជូនគ្រឿងបូជាដុតរួចភ្លាម នោះសាំយូអែលក៏មកដល់។ សុលចេញទៅស្វាគមន៍គាត់។ ១១ រួចសាំយូអែលសួរសុលថា៖ «ហេតុអ្វីអ្នកធ្វើដូច្នេះ?»។ សុលតបថា៖ «ខ្ញុំឃើញបណ្ដាជនចាប់ផ្ដើមរត់ចោលខ្ញុំ+ ហើយអ្នកក៏មិនបានមកតាមពេលកំណត់ដែរ។ រីឯពួកភីលីស្ទីនវិញ ពួកគេកំពុងប្រជុំគ្នានៅមីកម៉ាស់។+ ១២ ដូច្នេះ ខ្ញុំគិតថា៖ ‹ពួកភីលីស្ទីននឹងមកច្បាំងនឹងខ្ញុំនៅក្រុងគីលកាល ហើយខ្ញុំមិនទាន់បានសុំព្រះយេហូវ៉ាឲ្យជួយខ្ញុំទេ›។ ម្ល៉ោះហើយបានជាខ្ញុំបង្ខំចិត្តជូនគ្រឿងបូជាដុតនេះ»។
១៣ សាំយូអែលនិយាយទៅសុលវិញថា៖ «អ្នកបានប្រព្រឹត្តដោយឥតពិចារណាហើយ។ អ្នកមិនបានធ្វើតាមបញ្ញត្តិដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឲ្យទេ។+ បើអ្នកធ្វើតាម នោះព្រះយេហូវ៉ានឹងធ្វើឲ្យរាជ្យរបស់អ្នកបានរឹងមាំស្ថិតស្ថេររហូតតទៅ។ ១៤ ប៉ុន្តែឥឡូវ រាជ្យរបស់អ្នកនឹងមិននៅស្ថិតស្ថេរឡើយ+ ដោយសារអ្នកមិនបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។+ ព្រះយេហូវ៉ានឹងរកបុរសម្នាក់ទៀតដែលលោកពេញចិត្ត+ ហើយព្រះយេហូវ៉ានឹងប្រគល់ភារកិច្ចឲ្យគាត់ដឹកនាំលើរាស្ត្ររបស់លោកវិញ»។+
១៥ ក្រោយមក សាំយូអែលចេញពីក្រុងគីលកាលឡើងទៅក្រុងគីបៀក្នុងស្រុករបស់កុលសម្ព័ន្ធបេនយ៉ាមីន។ រួចសុលបានរាប់ចំនួនមនុស្សដែលនៅជាមួយនឹងគាត់ ឃើញថាមានបុរសប្រហែល៦០០នាក់។+ ១៦ សុលនិងយ៉ូណាថានដែលជាកូន ព្រមទាំងមនុស្សទាំងប៉ុន្មាននោះ បានទៅអាស្រ័យនៅក្រុងកេបា+ក្នុងស្រុករបស់កុលសម្ព័ន្ធបេនយ៉ាមីន។ ឯពួកភីលីស្ទីនបានបោះទ័ពនៅមីកម៉ាស់។+ ១៧ ក្រុមវាយឆ្មក់បីកងរបស់ពួកភីលីស្ទីនបានចេញពីទីបោះទ័ព។ កងទី១ចេញតាមផ្លូវក្រុងអូប្រាទៅឯស្រុកស៊ូអាល។ ១៨ កងទី២ចេញតាមផ្លូវដែលទៅដល់ក្រុងបេតហូរ៉ុន+ ហើយកងទី៣ចេញតាមផ្លូវដែលទៅដល់ព្រំប្រទល់ ដែលនៅមុខជ្រលងភ្នំសេបូអ៊ីមខាងតំបន់ស្ងាត់ជ្រងំ។
១៩ នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដោយសារពួកភីលីស្ទីនមិនអនុញ្ញាតឲ្យជនជាតិហេប្រឺធ្វើដាវលំពែងឡើយ។ ២០ ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវចុះទៅឯពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបត្រសេះ ពូថៅ ឬកណ្ដៀវ។ ២១ ថ្លៃឈ្នួលសម្រាប់សម្រួចជន្លួញ សំលៀងផាលនង្គ័ល ចបត្រសេះ រនាស់ និងពូថៅ គឺថ្លៃមួយភីម។* ២២ នៅថ្ងៃចម្បាំង បុរសទាំងប៉ុន្មានដែលនៅជាមួយនឹងសុលនិងយ៉ូណាថាន មិនមានដាវឬលំពែងទេ+ លើកលែងតែសុលនិងយ៉ូណាថានប៉ុណ្ណោះដែលមាន។
២៣ នៅថ្ងៃមួយ ទាហានមួយក្រុមរបស់ពួកភីលីស្ទីនបានចេញទៅតាមផ្លូវច្រកភ្នំមីកម៉ាស់។+