ដំណើរចាកចេញ
២២ «បើអ្នកណាម្នាក់លួចគោឬចៀមគេយកទៅសម្លាប់ឬលក់ អ្នកនោះត្រូវសងគោប្រាំជំនួសគោមួយ ហើយចៀមបួនជំនួសចៀមមួយ។+
២ («បើគេទាន់ចោរ+កំពុងគាស់ផ្ទះចូល ហើយវាយសម្លាប់ចោរនោះ អ្នកនោះនឹងគ្មានទោសចំពោះឈាមរបស់ចោរនោះទេ។ ៣ ប៉ុន្តែ បើរឿងនោះកើតឡើងក្រោយថ្ងៃរះ អ្នកនោះនឹងមានទោសចំពោះឈាមរបស់ចោរនោះវិញ)។
«ចោរនោះត្រូវសងគេ តែបើគ្មានអ្វីសងទេ គេត្រូវលក់គាត់ដើម្បីយកប្រាក់មកសងអ្វីដែលគាត់បានលួចនោះ។ ៤ បើគេរកឃើញសត្វដែលគាត់លួចយកទៅនោះនៅរស់ ទោះជាគោឬលាឬចៀមក្ដី គាត់ត្រូវសងមួយជាពីរវិញ។
៥ «បើអ្នកណាម្នាក់លែងសត្វឲ្យស៊ីផលដំណាំនៅឯស្រែឬចម្ការទំពាំងបាយជូរ ហើយបណ្ដោយឲ្យវាស៊ីនៅស្រែចម្ការរបស់អ្នកឯទៀត នោះម្ចាស់សត្វត្រូវសងផលដំណាំល្អបំផុតពីស្រែចម្ការរបស់ខ្លួនដល់គេវិញ។
៦ «បើអ្នកណាម្នាក់បង្កាត់ភ្លើង ហើយដុតគុម្ពបន្លា រួចឆេះរាលដាលទៅដល់កណ្ដាប់ស្រូវ ឬកួរស្រូវ ឬផលដំណាំរបស់គេ អ្នកដុតនោះត្រូវសងចំពោះអ្វីដែលគាត់បានធ្វើឲ្យឆេះនោះ។
៧ «បើអ្នកណាម្នាក់ផ្ញើប្រាក់ឬរបស់របរនឹងអ្នកឯទៀត ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើគេចាប់ចោរនោះបាន ចោរត្រូវសងមួយជាពីរ។+ ៨ ប៉ុន្តែ បើគេរកចោរនោះមិនឃើញទេ គេត្រូវនាំអ្នកទទួលបញ្ញើនោះទៅឈរនៅចំពោះព្រះពិត+ ដើម្បីសម្រេចថាគាត់ពិតជាមិនបានយករបស់នោះទុកជាកម្មសិទ្ធិរបស់ខ្លួនមែន។ ៩ បើអ្នកណាម្នាក់ចោទប្រកាន់បុគ្គលម្នាក់ថាបានលាក់ទុកអ្វីដែលមិនមែនជារបស់គាត់ ទោះជាគោ លា ចៀម សម្លៀកបំពាក់ ឬអ្វីណាក៏ដោយ នោះពួកគេត្រូវទៅឈរនៅចំពោះព្រះពិត ដើម្បីសម្រេចថាអ្នកណាជាម្ចាស់ពិត។+ ឯអ្នកណាដែលព្រះសម្រេចថាមានទោស អ្នកនោះត្រូវសងមួយជាពីរ។+
១០ «បើអ្នកណាម្នាក់ផ្ញើលាឬគោឬចៀមឬសត្វណាមួយទុកនឹងបុគ្គលម្នាក់ តែក្រោយមកសត្វនោះងាប់ឬរបួសធ្ងន់ឬត្រូវគេចាប់យកទៅ ១១ នោះពួកគេត្រូវទៅជួបពួកចៅក្រម ហើយអ្នកទទួលបញ្ញើនោះត្រូវស្បថនៅចំពោះព្រះយេហូវ៉ាថាគាត់មិនបានយករបស់នោះទេ។ ក្រោយមក អ្នកផ្ញើត្រូវយល់ព្រម ហើយអ្នកទទួលបញ្ញើមិនចាំបាច់សងឡើយ។+ ១២ ប៉ុន្តែ បើសត្វនោះត្រូវគេលួច អ្នកទទួលបញ្ញើត្រូវសងដល់អ្នកផ្ញើវិញ។ ១៣ បើសត្វនោះត្រូវសត្វសាហាវហែកស៊ី ហើយអ្នកទទួលបញ្ញើមានភ័ស្តុតាង នោះគាត់មិនចាំបាច់សងទេ។
១៤ «បើអ្នកណាម្នាក់ខ្ចីសត្វពីបុគ្គលម្នាក់ ហើយក្រោយមកសត្វនោះមានរបួសធ្ងន់ឬងាប់កាលដែលម្ចាស់សត្វមិននៅជាមួយ នោះអ្នកដែលខ្ចីត្រូវសងដល់ម្ចាស់វិញ។ ១៥ ប៉ុន្តែ បើម្ចាស់សត្វនៅជាមួយ អ្នកខ្ចីមិនចាំបាច់សងទេ។ ក្នុងករណីដែលសត្វនោះត្រូវគេជួល នោះប្រាក់ឈ្នួលជាតម្លៃសំណងនោះហើយ។
១៦ «ក្នុងករណីស្រីក្រមុំបរិសុទ្ធដែលមិនទាន់មានគេដណ្ដឹង បើមានបុរសណាម្នាក់លួងលោមនាងឲ្យរួមដំណេកនឹងគាត់ បុរសនោះត្រូវបង់ថ្លៃបណ្ដាការ ហើយគាត់ត្រូវយកនាងធ្វើជាប្រពន្ធ។+ ១៧ ប៉ុន្តែ បើឪពុកនាងបដិសេធដាច់ខាតមិនឲ្យនាងទៅគាត់ទេ នោះគាត់ត្រូវបង់តាមថ្លៃបណ្ដាការរបស់ស្រីក្រមុំវិញ។
១៨ «អ្នករាល់គ្នាមិនត្រូវទុកជីវិតឲ្យស្ត្រីដែលជាគ្រូធ្មប់ឡើយ។+
១៩ «បើអ្នកណាម្នាក់រួមសង្វាសនឹងសត្វ ត្រូវសម្លាប់អ្នកនោះជាមិនខាន។+
២០ «បើអ្នកណាជូនគ្រឿងបូជាដល់ព្រះផ្សេងក្រៅពីព្រះយេហូវ៉ា ត្រូវប្រហារជីវិតអ្នកនោះ។+
២១ «អ្នករាល់គ្នាមិនត្រូវធ្វើបាបជនបរទេស ឬសង្កត់សង្កិនពួកគេឡើយ+ ព្រោះអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេហ្ស៊ីបដែរ។+
២២ «អ្នករាល់គ្នាមិនត្រូវធ្វើបាបស្ត្រីមេម៉ាយឬកូនកំព្រាឡើយ។+ ២៣ បើអ្នករាល់គ្នាធ្វើបាបពួកគេ ហើយពួកគេស្រែកសុំជំនួយពីខ្ញុំ នោះខ្ញុំនឹងឮសម្រែករបស់ពួកគេមិនខាន+ ២៤ ហើយខ្ញុំនឹងខឹងអ្នករាល់គ្នាជាខ្លាំង រួចខ្ញុំនឹងប្រហារអ្នករាល់គ្នា ហើយប្រពន្ធអ្នករាល់គ្នានឹងទៅជាមេម៉ាយ កូនអ្នករាល់គ្នានឹងទៅជាកូនកំព្រាដែរ។
២៥ «បើអ្នករាល់គ្នាឲ្យជនក្រីក្រដែលជារាស្ត្រខ្ញុំខ្ចីប្រាក់ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជាម្ចាស់បំណុលទេ គឺមិនត្រូវយកការប្រាក់ពីពួកគេឡើយ។+
២៦ «បើអ្នករាល់គ្នាទទួលបញ្ចាំសម្លៀកបំពាក់+ អ្នករាល់គ្នាត្រូវប្រគល់ឲ្យម្ចាស់វិញមុនថ្ងៃលិច។ ២៧ ព្រោះគាត់មានតែសម្លៀកបំពាក់នោះប៉ុណ្ណោះ សម្រាប់ដណ្ដប់នៅពេលយប់ដើម្បីកក់ក្ដៅ។+ បើគាត់ស្រែកសុំជំនួយពីខ្ញុំ នោះខ្ញុំនឹងឮជាមិនខាន ព្រោះខ្ញុំមានចិត្តអាណិតអាសូរ។+
២៨ «អ្នករាល់គ្នាមិនត្រូវជេរប្រមាថព្រះ+ឬមេដឹកនាំនៃប្រជាជាតិរបស់អ្នករាល់គ្នាឡើយ។+
២៩ «អ្នករាល់គ្នាមិនត្រូវស្ទាក់ស្ទើរជូនគ្រឿងបូជាដល់ខ្ញុំពីផលដំណាំ ស្រាទំពាំងបាយជូរ និងប្រេងអូលីវ ជាភោគផលដែលអ្នករាល់គ្នាមានយ៉ាងបរិបូរនោះឡើយ។+ ឯកូនច្បងរបស់អ្នករាល់គ្នាវិញ ក៏ត្រូវប្រគល់ឲ្យដល់ខ្ញុំដែរ។+ ៣០ ចំណែកកូនគោឬកូនចៀម+ អ្នករាល់គ្នាត្រូវទុកឲ្យនៅជាមួយនឹងមេវាក្នុងរយៈពេល៧ថ្ងៃ តែនៅថ្ងៃទី៨ អ្នករាល់គ្នាត្រូវយកមកជូនខ្ញុំ។+
៣១ «អ្នករាល់គ្នាត្រូវធ្វើជារាស្ត្របរិសុទ្ធរបស់ខ្ញុំ+ ហើយអ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលត្រូវសត្វសាហាវហែកស៊ីនៅឯវាលនោះឡើយ+ តែអ្នករាល់គ្នាត្រូវបោះសាច់នោះឲ្យឆ្កែស៊ីវិញ។