ជូនចំពោះគ្រិស្តសាសនិកនៅក្រុងភីលីព
១ ពីខ្ញុំ ប៉ូល និងធីម៉ូថេ ជាខ្ញុំបម្រើរបស់គ្រិស្ត*យេស៊ូ ជូនចំពោះពួកអ្នកបរិសុទ្ធទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ ព្រមទាំងពួកអ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើ+នៅក្រុងភីលីព៖+
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ ពេលដែលខ្ញុំនឹកឃើញអ្នករាល់គ្នា ខ្ញុំតែងតែអធិដ្ឋានអរគុណព្រះរបស់ខ្ញុំជានិច្ច ៤ ហើយខ្ញុំតែងមានអំណរ រាល់ដងដែលខ្ញុំអធិដ្ឋានអង្វរអំពីអ្នករាល់គ្នា+ ៥ ដោយសារអ្នករាល់គ្នាបានរួមចំណែកក្នុងការជួយឲ្យដំណឹងល្អជឿនទៅមុខ ចាប់តាំងពីថ្ងៃដំបូង*រហូតមកដល់ឥឡូវនេះ។ ៦ ព្រោះខ្ញុំជឿជាក់ថា ព្រះដែលបានផ្ដើមការល្អក្នុងចំណោមអ្នករាល់គ្នា នឹងបង្ហើយការនោះ+រហូតដល់ថ្ងៃរបស់គ្រិស្តយេស៊ូ។+ ៧ ជាការត្រឹមត្រូវណាស់ដែលខ្ញុំមានគំនិតបែបនេះអំពីអ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅក្នុងចិត្តខ្ញុំ ដោយសារអ្នករាល់គ្នារួមចំណែកជាមួយនឹងខ្ញុំក្នុងគុណដ៏វិសេសលើសលប់ នៅក្នុងពេលដែលខ្ញុំជាប់ចំណង+ ព្រមទាំងក្នុងពេលដែលខ្ញុំកំពុងការពារដំណឹងល្អ និងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់។+
៨ ព្រះជាសាក្សីថា ខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចគ្រិស្តយេស៊ូ។ ៩ ខ្ញុំបន្តអធិដ្ឋានសូមឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង+ ព្រមជាមួយនឹងចំណេះត្រឹមត្រូវ+និងសមត្ថភាពវែកញែកដ៏ពេញលេញ+ ១០ ប្រយោជន៍ឲ្យអ្នករាល់គ្នាពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង+ ដើម្បីកុំឲ្យអ្នករាល់គ្នាមានកំហុស ហើយមិនធ្វើឲ្យអ្នកណាជំពប់ដួល*+រហូតដល់ថ្ងៃរបស់គ្រិស្ត។ ១១ យ៉ាងនោះ អ្នករាល់គ្នានឹងពោរពេញទៅដោយផលដ៏សុចរិត តាមរយៈលោកយេស៊ូគ្រិស្ត+ ដើម្បីឲ្យព្រះទទួលការលើកតម្កើងនិងសេចក្ដីសរសើរ។
១២ បងប្អូនអើយ ឥឡូវខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលបានកើតឡើងដល់ខ្ញុំ បានជួយធ្វើឲ្យដំណឹងល្អជឿនទៅមុខវិញ។ ១៣ ម្ល៉ោះហើយ ពួកអង្គរក្សរបស់អធិរាជនិងអ្នកឯទៀតទាំងប៉ុន្មានដឹងជាទូទៅថា+ ខ្ញុំជាប់ចំណង+ដោយសារកាន់តាមគ្រិស្ត ១៤ ហើយការដែលខ្ញុំជាប់ចំណង បានធ្វើឲ្យបងប្អូនភាគច្រើនក្នុងកិច្ចបម្រើលោកម្ចាស់មានទំនុកចិត្ត ហើយឥឡូវពួកគាត់មានចិត្តក្លាហានជាងមុន ដើម្បីប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច។
១៥ ពិតមែនតែអ្នកខ្លះកំពុងផ្សព្វផ្សាយអំពីគ្រិស្ត ដោយសារមានចិត្តច្រណែនហើយចង់ឈ្នានីស ប៉ុន្តែអ្នកខ្លះទៀតផ្សព្វផ្សាយដោយមានបំណងល្អ។ ១៦ ពួកគាត់ប្រកាសអំពីគ្រិស្តដោយសារមានសេចក្ដីស្រឡាញ់ ព្រោះពួកគាត់ដឹងថាខ្ញុំបានត្រូវតែងតាំងឲ្យការពារដំណឹងល្អ។+ ១៧ ប៉ុន្តែ ពួកអ្នកដែលមានចិត្តច្រណែនហើយចង់ឈ្នានីស ផ្សព្វផ្សាយដើម្បីធ្វើឲ្យមានទំនាស់ មិនមែនដោយចិត្តបរិសុទ្ធទេ ព្រោះពួកគេចង់បង្កបញ្ហាឲ្យខ្ញុំកាលដែលខ្ញុំជាប់ចំណង។ ១៨ តើមានលទ្ធផលយ៉ាងណា? ទោះជាការផ្សព្វផ្សាយនោះធ្វើឡើងដោយក្លែងបន្លំ ឬដោយសេចក្ដីពិតក៏ដោយ ក៏បានធ្វើឲ្យមនុស្សឮអំពីគ្រិស្តដែរ។ នេះធ្វើឲ្យខ្ញុំត្រេកអរ ហើយខ្ញុំនឹងបន្តត្រេកអរ ១៩ ព្រោះខ្ញុំដឹងថានៅទីបំផុត ខ្ញុំនឹងទទួលសេចក្ដីសង្គ្រោះតាមរយៈការអធិដ្ឋានអង្វររបស់អ្នករាល់គ្នា+ និងតាមរយៈការគាំទ្រពីឫទ្ធានុភាពរបស់លោកយេស៊ូគ្រិស្ត។+ ២០ ខ្ញុំមានទំនុកចិត្ត ហើយសង្ឃឹមថាខ្ញុំនឹងគ្មានអ្វីដែលធ្វើឲ្យខ្ញុំត្រូវអៀនខ្មាសឡើយ តែខ្ញុំនឹងនិយាយដោយក្លាហាន ដើម្បីឲ្យគ្រិស្តទទួលការលើកតម្កើងដូចដែលលោកតែងតែទទួលពីមុន តាមរយៈរូបកាយខ្ញុំ ទោះជាខ្ញុំស្លាប់ឬរស់ក៏ដោយ។+
២១ ព្រោះក្នុងករណីរបស់ខ្ញុំ បើខ្ញុំរស់ ខ្ញុំរស់ដើម្បីគ្រិស្ត+ ហើយបើខ្ញុំស្លាប់ ក៏ខ្ញុំបានទទួលប្រយោជន៍ដែរ។+ ២២ ប្រសិនបើខ្ញុំរស់នៅក្នុងរូបកាយនេះតទៅទៀត ខ្ញុំអាចបង្កើតផលកាន់តែច្រើនក្នុងកិច្ចការរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនប្រាប់ថាខ្ញុំជ្រើសរើសមួយណាទេ។ ២៣ ជម្រើសទាំងពីរនោះធ្វើឲ្យខ្ញុំពិបាកចិត្ត ព្រោះចិត្តមួយគឺខ្ញុំប្រាថ្នាចង់បានការរំដោះដើម្បីនៅជាមួយនឹងគ្រិស្ត+ នេះពិតជាល្អជាងឆ្ងាយណាស់។+ ២៤ ក៏ប៉ុន្តែ គឺជាការចាំបាច់ដែលខ្ញុំរស់ជាមនុស្សតទៅទៀត ដើម្បីអ្នករាល់គ្នា។ ២៥ ដូច្នេះ ដោយការជឿជាក់ ខ្ញុំដឹងថាខ្ញុំនឹងរស់តទៅទៀត ហើយបន្តនៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជឿនទៅមុខ ហើយមានអំណរដែលមកពីជំនឿរបស់អ្នករាល់គ្នា ២៦ ដើម្បីពេលដែលខ្ញុំមកឯអ្នករាល់គ្នាម្ដងទៀត នោះអ្នករាល់គ្នាអាចមានអំណរកាន់តែខ្លាំង ក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
២៧ ចូរអ្នករាល់គ្នាប្រព្រឹត្តឲ្យសមនឹងដំណឹងល្អអំពីគ្រិស្ត។+ យ៉ាងនេះ ទោះជាខ្ញុំទៅជួបឬមិនទៅជួបអ្នករាល់គ្នាក៏ដោយ ខ្ញុំអាចឮដំណឹងថា អ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយមានគំនិតឯកភាព ហើយរួមចិត្តតែមួយ+ និងតស៊ូជាមួយគ្នាដើម្បីជំនឿដែលមកពីដំណឹងល្អ ២៨ ហើយថាអ្នករាល់គ្នាមិនខ្លាចអ្នកដែលប្រឆាំងអ្នករាល់គ្នាឡើយ។ ការនោះឯងជាភ័ស្តុតាងថា ពួកគេនឹងត្រូវបំផ្លាញចោល+ តែអ្នករាល់គ្នានឹងទទួលសេចក្ដីសង្គ្រោះ។+ នេះជាសញ្ញាសម្គាល់ដែលមកពីព្រះ។ ២៩ ពីព្រោះអ្នករាល់គ្នាបានទទួលកិត្តិយស មិនគ្រាន់តែមានជំនឿលើគ្រិស្តប៉ុណ្ណោះទេ តែក៏រងទុក្ខដើម្បីលោកដែរ។+ ៣០ ព្រោះអ្នករាល់គ្នាកំពុងតស៊ូ ដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំតស៊ូ+ ហើយអ្នករាល់គ្នាឮថា ខ្ញុំកំពុងតស៊ូនៅឡើយ។