ការបើកបង្ហាញចំពោះយ៉ូហាន
១៦ រួចខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបន្ទប់បរិសុទ្ធ។+ សំឡេងនោះបន្លឺទៅកាន់ទេវតាទាំង៧នោះថា៖ «ចូរទៅចាក់កំហឹងរបស់ព្រះដែលនៅក្នុងចានគោមទាំង៧ទៅលើផែនដីចុះ»។+
២ ទេវតាទី១បានចេញទៅ ហើយចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើផែនដី។+ រួចមនុស្សដែលមានសញ្ញានៃសត្វសាហាវ+ និងដែលគោរពប្រណិប័តន៍រូបសត្វនោះ+ បានកើតដំបៅរលួយ+ដែលធ្វើទុក្ខខ្លាំងណាស់។
៣ ទេវតាទី២បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើសមុទ្រ។+ សមុទ្របានក្លាយទៅជាឈាម+ ដូចឈាមរបស់មនុស្សស្លាប់ ហើយជីវិត*ទាំងឡាយក្នុងសមុទ្រក៏ស្លាប់អស់ទៅ។+
៤ ទេវតាទី៣បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេនិងប្រភពទឹកនានា+ ហើយទឹកទាំងអស់នោះក៏ក្លាយទៅជាឈាម។+ ៥ ខ្ញុំបានឮទេវតាដែលមានអំណាចលើទឹកជម្រាបថា៖ «ឱព្រះដែលមានជីវិតរស់នៅកាលពីមុន និងរស់នៅឥឡូវនេះ+ និងជាព្រះដែលមានភក្ដីភាព+ លោកគឺសុចរិត ពីព្រោះលោកបានវិនិច្ឆ័យសេចក្ដីយ៉ាងនេះ+ ៦ ដោយសារពួកគេបានបង្ហូរឈាមរបស់ពួកអ្នកបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយ+ នោះលោកបានឲ្យឈាមពួកគេផឹក។+ ពួកគេសមនឹងទទួលមែន»។+ ៧ រួចមក ខ្ញុំបានឮទីបូជាជម្រាបថា៖ «មែនហើយ ព្រះយេហូវ៉ា*ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ ការវិនិច្ឆ័យ*របស់លោកគឺសុចរិតយុត្តិធម៌និងគួរឲ្យទុកចិត្ត»។+
៨ ទេវតាទី៤បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើដួងអាទិត្យ+ ហើយដួងអាទិត្យបានត្រូវអនុញ្ញាតឲ្យរោលមនុស្សដោយភ្លើង។ ៩ ដូច្នេះ មនុស្សទាំងនោះបានត្រូវរោលដោយកម្ដៅក្ដៅក្រៃលែង ប៉ុន្តែពួកគេនៅតែនិយាយប្រមាថនាមព្រះដែលមានអំណាចលើសេចក្ដីវេទនាទាំងនេះ។ ពួកគេមិនបានប្រែចិត្ត ហើយសរសើរតម្កើងលោកទេ។
១០ ទេវតាទី៥បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើបល្ល័ង្ករបស់សត្វសាហាវ។ រួចរាជាណាចក្ររបស់វាបានក្លាយទៅជាងងឹត+ ហើយមនុស្សចាប់ផ្ដើមខាំអណ្ដាតរបស់ខ្លួនដោយសាររងការឈឺចាប់។ ១១ ប៉ុន្តែ ពួកគេបាននិយាយប្រមាថព្រះនៃស្ថានសួគ៌ដោយសារការឈឺចាប់និងដំបៅរលួយរបស់ពួកគេ ហើយពួកគេមិនបានប្រែចិត្តពីការប្រព្រឹត្តរបស់ពួកគេឡើយ។
១២ ទេវតាទី៦បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេធំ គឺទន្លេអឺប្រាត+ ហើយទឹកទន្លេនោះបានរីងស្ងួតអស់+ ដើម្បីបើកផ្លូវឲ្យបណ្ដាស្ដេច+ដែលមកពីទិសថ្ងៃរះ។*
១៣ រួចខ្ញុំឃើញបណ្ដាំស្មោកគ្រោក*បីដែលមើលទៅដូចជាកង្កែប ចេញពីមាត់នាគ+ ពីមាត់សត្វសាហាវ និងពីមាត់អ្នកប្រកាសទំនាយមិនពិត។ ១៤ តាមការពិត នោះជាបណ្ដាំពីពួកវិញ្ញាណកំណាច ហើយបណ្ដាំទាំងនោះចេញទៅឯស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដោយធ្វើសញ្ញាសម្គាល់+ ដើម្បីប្រមូលស្ដេចទាំងនោះសម្រាប់សង្គ្រាម+ដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+
១៥ «មើល! ខ្ញុំនឹងមកដូចជាចោរ។+ អ្នកណាដែលមិនដេកលក់+ និងមិនបាត់សម្លៀកបំពាក់ក្រៅរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ។ អ្នកនោះនឹងមិនដើរដោយគ្មានសម្លៀកបំពាក់* ហើយមនុស្សនឹងមិនឃើញភាពអាម៉ាស់របស់គាត់ទេ»។+
១៦ រួចពួកគេបានប្រមូលស្ដេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាអាម៉ាគេដូន។*+
១៧ ទេវតាទី៧បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើអាកាស។ រួចខ្ញុំក៏ឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងបន្ទប់បរិសុទ្ធ+មកថា៖ «អ្វីៗបានចប់សព្វគ្រប់ហើយ!»។ ១៨ បន្ទាប់មក មានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ និងមានរញ្ជួយដីយ៉ាងខ្លាំង។ ចាប់តាំងពីកើតមានមនុស្សនៅលើផែនដី+ មិនដែលមានការរញ្ជួយដីដ៏ធំនិងខ្លាំងដូច្នេះទេ។ ១៩ ក្រុងដ៏ខ្លាំងក្លា+បានបែកជាបី ឯក្រុងរបស់ប្រជាជាតិនានាបានរលំ។ រួចព្រះបាននឹកឃើញបាប៊ីឡូនដ៏ខ្លាំងក្លា+ ហើយលោកបានឲ្យពែងដែលមានស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធរបស់លោកដល់ក្រុងនោះ។+ ២០ ម្យ៉ាងទៀត កោះទាំងអស់បានបាត់ទៅ ហើយភ្នំទាំងឡាយលែងមានទៀត។+ ២១ រួចដុំទឹកកកបានធ្លាក់យ៉ាងខ្លាំងទៅលើមនុស្សទាំងនោះ ដោយដុំទឹកកកនីមួយៗមានទម្ងន់ប្រហែលមួយថាលិន*+ ហើយពួកគេបាននិយាយប្រមាថព្រះដោយសារសេចក្ដីវេទនាពីការធ្លាក់ដុំទឹកកក+ ពីព្រោះសេចក្ដីវេទនានោះគឺខ្លាំងក្រៃលែង។