សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៧ ដូច្នេះ មិត្តជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្ដីសន្យាទាំងនេះ+ ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក+ ហើយចូរយើងធ្វើឲ្យសេចក្ដីបរិសុទ្ធរបស់យើងឈានទៅរកភាពល្អឥតខ្ចោះ ដោយកោតខ្លាចព្រះ។
២ ចូរឲ្យចិត្តអ្នករាល់គ្នាមានយើងផង។+ យើងមិនបានធ្វើឲ្យអ្នកណាអន្តរាយ មិនបានបង្ខូចចិត្តគំនិតរបស់អ្នកណា ក៏មិនបានកេងយកប្រយោជន៍ពីអ្នកណាដែរ។+ ៣ ខ្ញុំនិយាយដូច្នេះ មិនមែនដើម្បីផ្ដន្ទាទោសអ្នករាល់គ្នាទេ។ ព្រោះខ្ញុំបាននិយាយពីមុនថា អ្នករាល់គ្នានៅក្នុងចិត្តយើង ទោះជាយើងរស់ឬស្លាប់ក៏ដោយ។ ៤ ខ្ញុំនិយាយដោយឥតលាក់លៀមទៅកាន់អ្នករាល់គ្នា។ ខ្ញុំអួតខ្លាំងណាស់អំពីអ្នករាល់គ្នា។ ខ្ញុំបានទទួលការសម្រាលទុក្ខយ៉ាងពេញលេញ ហើយគ្រប់ពេលវេលាដែលយើងរងទុក្ខវេទនា ខ្ញុំមានអំណរដ៏ពោរពេញ។+
៥ តាមពិត ពេលដែលយើងបានទៅដល់តំបន់ម៉ាសេដូន+ យើងមិនបានធូរចិត្តសោះ យើងនៅតែរងទុក្ខគ្រប់បែបយ៉ាង ពោលគឺនៅខាងក្រៅមានការប្រឆាំងយ៉ាងខ្លាំង ហើយនៅខាងក្នុងមានការភ័យខ្លាច។ ៦ ប៉ុន្តែ ព្រះដែលសម្រាលទុក្ខអស់អ្នកដែលធ្លាក់ទឹកចិត្ត+ បានសម្រាលទុក្ខយើងតាមរយៈវត្តមានរបស់ទីតុស។ ៧ យើងមិនគ្រាន់តែទទួលការសម្រាលទុក្ខដោយសារវត្តមានរបស់គាត់ប៉ុណ្ណោះទេ តែដោយសារគាត់បានទទួលកម្លាំងចិត្តពីអ្នករាល់គ្នាដែរ ព្រោះគាត់បានត្រឡប់មកវិញប្រាប់យើងថា អ្នករាល់គ្នាចង់ជួបខ្ញុំ អ្នករាល់គ្នាព្រួយចិត្តយ៉ាងខ្លាំង ហើយក៏ឈឺឆ្អាលនឹងខ្ញុំដោយស្មោះដែរ។ ដូច្នេះ ខ្ញុំត្រេកអរខ្លាំងជាងមុន។
៨ ទោះជាសំបុត្ររបស់ខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តក៏ដោយ+ ខ្ញុំមិនស្ដាយទេ។ ពិតមែនតែខ្ញុំបានស្ដាយនៅដើមដំបូង (ខ្ញុំឃើញថាសំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែគ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ) ៩ តែឥឡូវខ្ញុំត្រេកអរវិញ មិនមែនដោយសារអ្នករាល់គ្នាបានព្រួយចិត្តទេ ប៉ុន្តែដោយសារការព្រួយចិត្តបាននាំឲ្យអ្នករាល់គ្នាប្រែចិត្ត ព្រោះអ្នករាល់គ្នាព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ។ យ៉ាងនេះ អ្នករាល់គ្នានឹងមិនខាតបង់អ្វីសោះដោយសារយើង។ ១០ ព្រោះការព្រួយចិត្តដែលស្របតាមបំណងប្រាថ្នារបស់ព្រះ នោះនាំទៅដល់ការប្រែចិត្តដើម្បីឲ្យបានសេចក្ដីសង្គ្រោះ ហើយមិនគួរឲ្យស្ដាយក្រោយឡើយ+ តែការព្រួយចិត្តរបស់ពិភពលោកនេះនាំទៅដល់សេចក្ដីស្លាប់។ ១១ ព្រោះការនោះឯង ពោលគឺការព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ បានធ្វើឲ្យអ្នករាល់គ្នាខំប្រឹងព្យាយាមខ្លាំងណាស់ ដោយស្ដារកេរ្ដិ៍ឈ្មោះ ដោយទាស់ចិត្ត ដោយកោតខ្លាច ដោយចង់ប្រែចិត្តយ៉ាងខ្លាំង ដោយខ្នះខ្នែង ដោយកែតម្រូវអ្វីដែលខុស!+ ក្នុងគ្រប់ការទាំងអស់ អ្នករាល់គ្នាបានបង្ហាញថា អ្នករាល់គ្នាស្អាតស្អំក្នុងរឿងនោះ។ ១២ ពិតមែនតែខ្ញុំបានសរសេរមកកាន់អ្នករាល់គ្នា ប៉ុន្តែនេះមិនមែនដើម្បីអ្នកដែលបានធ្វើខុសទេ+ ក៏មិនមែនដើម្បីអ្នកដែលបានរងអំពើអាក្រក់នោះដែរ តែខ្ញុំបានសរសេរដើម្បីឲ្យអ្នករាល់គ្នាបង្ហាញនៅចំពោះមុខព្រះថា អ្នករាល់គ្នាពិតជាធ្វើតាមបង្គាប់របស់យើងមែន។ ១៣ ហេតុនេះ យើងបានទទួលការសម្រាលទុក្ខ។
ប៉ុន្តែ ព្រមជាមួយនឹងការសម្រាលទុក្ខនោះ យើងក៏បានត្រេកអរខ្លាំងជាងមុន ដោយសារឃើញទីតុសមានអំណរ ពីព្រោះអ្នកទាំងអស់គ្នាបានធ្វើឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។ ១៤ ប្រសិនបើខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា នោះមិនធ្វើឲ្យខ្ញុំអៀនខ្មាសឡើយ ព្រោះអ្វីដែលយើងអួតប្រាប់ទីតុសគឺជាការពិត ដូចអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាដែរ។ ១៥ ម្យ៉ាងទៀត ទីតុសមានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅចំពោះអ្នករាល់គ្នា ពេលដែលគាត់នឹកឃើញថាអ្នកទាំងអស់គ្នាបានស្ដាប់បង្គាប់+ ហើយបានទទួលគាត់ដោយការគោរពយ៉ាងជ្រាលជ្រៅ។ ១៦ ខ្ញុំត្រេកអរដែលខ្ញុំទុកចិត្តអ្នករាល់គ្នាទាំងស្រុង។*