ប្រវត្តិហេតុទី១
២០ នៅដើមឆ្នាំ* ជារដូវដែលស្ដេចនានាចេញទៅធ្វើចម្បាំង យ៉ូអាប់+បាននាំទ័ពទៅបំផ្លាញស្រុករបស់ពួកអាំម៉ូន។ គាត់ក៏បានឡោមព័ទ្ធក្រុងរ៉ាបា។+ ប៉ុន្តែពេលនោះ ដាវីឌបាននៅក្នុងក្រុងយេរូសាឡិម។+ យ៉ូអាប់បានផ្ដួលរំលំក្រុងរ៉ាបា។+ ២ បន្ទាប់មក ដាវីឌបានដោះមកុដពីក្បាលព្រះម៉ាលខាម ហើយឃើញថាមកុដនោះដាំដោយត្បូងមានតម្លៃ ហើយមានទម្ងន់មាសមួយថាលិន។* គេបានបំពាក់មកុដនោះឲ្យដាវីឌ។ ដាវីឌក៏រឹបអូសយករបស់របរដ៏ច្រើនសន្ធឹកពីក្រុងនោះដែរ។+ ៣ ដាវីឌបានចាប់បណ្ដាជនក្នុងក្រុងនោះឲ្យធ្វើការឲ្យគាត់+ គឺឲ្យពួកគេអារថ្ម និងធ្វើកិច្ចការផ្សេងទៀតដោយប្រើពូថៅនិងឧបករណ៍ដែលមានមុខមុត។ ដាវីឌបានធ្វើដូច្នោះនៅក្រុងទាំងអស់របស់ពួកអាំម៉ូន។ ក្រោយមក ដាវីឌនិងកងទ័ពទាំងអស់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
៤ ក្រោយពីនោះ ពួកអ៊ីស្រាអែលបានធ្វើចម្បាំងជាមួយនឹងពួកភីលីស្ទីននៅក្រុងគីសឺ។ ពេលនោះ ស៊ីបាកាយ+ជាអ្នកមកពីហ៊ូសា បានសម្លាប់ស៊ីបផាយជាកូនចៅពួករេផែម។+ ដូច្នេះ ពួកអ៊ីស្រាអែលបានបង្ក្រាបពួកភីលីស្ទីន។
៥ ក្រោយមកក៏មានចម្បាំងនឹងពួកភីលីស្ទីនម្ដងទៀត។ ពេលនោះ អែលហាណានជាកូនយ៉ាអៀ បានសម្លាប់ឡាម៉ាយជាប្អូនរបស់កូលីយ៉ាត+ជាអ្នកក្រុងកាថ។ ដងលំពែងរបស់ឡាម៉ាយមានទំហំប៉ុនក្ដារកីរបស់ជាងតម្បាញ។+
៦ កន្លងក្រោយមក ក៏មានសង្គ្រាមម្ដងទៀតនៅក្រុងកាថ។+ នៅទីនោះ មានបុរសម្នាក់មានមាឌធំសម្បើម+ ដៃម្ខាងៗមានម្រាម៦ និងជើងម្ខាងៗមានម្រាម៦ ម្រាមទាំងអស់របស់គាត់មាន២៤។ គាត់ក៏ជាកូនចៅពួករេផែមដែរ។+ ៧ គាត់ចេះតែនិយាយឡកឡឺយ+ដាក់ជនជាតិអ៊ីស្រាអែល។ ដូច្នេះ យ៉ូណាថានជាកូនស៊ីមមៀ+ត្រូវជាក្មួយដាវីឌ បានសម្លាប់គាត់ចោលទៅ។
៨ ពួកគេទាំងនោះសុទ្ធតែជាកូនចៅរេផែម+ដែលរស់នៅក្រុងកាថ។+ ពួកគេបានស្លាប់ក្រោមដៃដាវីឌ និងក្រោមដៃអ្នកបម្រើរបស់ដាវីឌ។